មុខម្ហូបក្នុងរឿងគំនូរជីវចល anime ដែលត្រូវបានបង្ហាញឡើងវិញក្នុងជីវិតពិត
មុខម្ហូបក្នុងរឿងគំនូរជីវចល anime ដែលត្រូវបានបង្ហាញឡើងវិញក្នុងជីវិតពិត។
ប្រសិនបើអ្នកចូលចិត្តមើលរឿង anime ជប៉ុន ប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់បានមើលរឿង anime ដែលផលិតដោយ Studio Ghibli ។
ក្នុងរឿងគំនូរជីវចលរបស់ពួកគេច្រើនតែមានឈុតឆាកបរិភោគអាហារ ហើយមុខម្ហូបនីមួយៗត្រូវបានគូរយ៉ាងឆ្ងាញ់ពិសារដូចជាកំពុងធុំក្លិនឈ្ងុយតាមរយៈអេក្រង់។ ជនជាតិជប៉ុនហៅថា Ghibli飯(じぶりめし)- ដែលមានន័យថា ‘អាហារ Ghibli’ ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ… ក្នុងនោះមានមុខម្ហូបមួយចំនួនយើងអាចធ្វើដោយខ្លួនឯងបាន។
ចាប់ផ្តើមពីកម្រិតដែលងាយបំផុត (Howl’s Moving Castle)
ឈុតឆាកស៊ុតចៀន និងសាច់ជ្រូកបេខិន – យ៉ាងសាមញ្ញប៉ុណ្ណោះ ប៉ុន្តែបែរជាធ្វើឲ្យយើងចងចាំមិនភ្លេច។
ដោយគ្រាន់តែប្រើគ្រឿងផ្សំងាយៗ យើងអាចចម្អិនមុខម្ហូប “ក្នុងរឿងគំនូវជីវចល” នេះនៅផ្ទះបាន។
មើលទៅដូចជាងាយពេកហើយ… ប៉ុន្តែចំណុចដ៏សាមញ្ញនោះបែរជាធ្វើឲ្យមុខម្ហូបកាន់តែពិសេស។
បន្ទាប់មក ដំឡើងកម្រិតពិបាកបន្តិចជាមួយនឹងរឿង Spirited Away ។
ក្នុងរឿងនេះ ឪពុកម្តាយរបស់ Chihiro (តួអង្គឯកក្នុងរឿង) នៅពេលដែលវង្វេងក្នុងទីក្រុងដែលគេបោះបង់ចោល ពួកគេធុំក្លិនអាហារដ៏ឈ្ងុយឆ្ងាញ់ភាយចេញពីហាងមួយ។ ទោះបីជាមិនឃើញម្ចាស់ហាងក៏ដោយ ឪពុកម្តាយរបស់ Chihiro នៅតែសម្រេចចិត្តអង្គុយចុះបរិភោគអាហារនោះ ហើយបន្ទាប់មកបានប្រែក្លាយទៅជាជ្រូក។
ក្នុងជីវិតពិត មុខម្ហូបនេះត្រូវបានគេចាត់ទុកថាមានពិតក្នុងម្ហូបអាហាររបស់តៃវ៉ាន់។
រសជាតិនេះត្រូវបានពណ៌នាថាស្រដៀងនឹងគាវបង្គាដែលរុំក្នុងស្រទាប់ gelatin ទន់ឆ្ងាញ់។
ស្តាប់ទៅពិតជាគួរឲ្យចង់បរិភោគរហូតដល់ថ្នាក់ ទោះបីក្លាយជាជ្រូកក៏ចង់ហូបដែរ។
បន្ទាប់មក គឺកម្រិតដែលចម្លែកជាងនេះបន្តិចរឿង Nausicaä of the Valley of the Wind ។
សត្វល្អិតយក្សដ៏គួរឲ្យខ្លាចក្នុងរឿង – ដែលស្មានតែមិនអាចបរិភោគបានបែរជាអាច “ធ្វើឡើងវិញ” តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។
មីឆាដាក់នៅខាងក្រោម ផ្នែកខាងលើគឺស៊ុតចៀនដែលមានដាក់ពណ៌ និងត្រូវបានកាត់យ៉ាងច្នៃប្រឌិត ភ្នែកធ្វើពីប៉េងប៉ោះឆឺរី។
អ្នកដែលខ្លាចសត្វល្អិតមើលឃើញមុខម្ហូបនេះប្រហែលជាមានអារម្មណ៍វិលមុខ ចង់ក្អួត ប៉ុន្តែពិតជាត្រូវទទួលស្គាល់ថាកម្រិតច្នៃប្រឌិតគ្មានអ្វីប្រៀបបាននោះទេ។
មិនត្រឹមតែប៉ុណ្ណឹង…
មុខម្ហូបប្រពៃណីជប៉ុន – oden – ថែមទាំងត្រូវបានធ្វើឲ្យទៅជារូបរាង Totoro ដ៏គួរឲ្យស្រលាញ់។
ឥឡូវនេះអាហារមិនត្រឹមតែសម្រាប់បរិភោគប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដើម្បីចូលទៅកាន់ពិភពរបស់ anime ផងដែរ។
ជាចុងក្រោយ ខ្ញុំសូមណែនាំរឿងដែលនាំមកនូវអារម្មណ៍ភ័យរន្ធត់ ដែលត្រូវបានបំផុសគំនិតដោយរឿង anime ដ៏ល្បី Tokyo Ghoul ។
ក្នុងរឿងនេះ Ghoul គឺជាសត្វដែលមានរូបរាងស្រដៀងនឹងមនុស្ស ប៉ុន្តែដើម្បីរក្សាជីវិតលុះត្រាតែស៊ីសាច់មនុស្ស។
ដោយផ្អែកលើគំនិតនោះ ភោជនីយដ្ឋានលំដាប់ខ្ពស់មួយកន្លែងបានធ្វើឡើងវិញ “ម៉ឺនុយមុខម្ហូបរបស់ Ghoul” បានបើកដំណើរការក្នុងរយៈពេលកំណត់។ នៅទីនោះ ភ្ញៀវអាចរីករាយនឹងបរិយាកាសក្នុង ‘ភោជនីយដ្ឋានសាច់មនុស្ស’ នៅខាងក្រៅពិភព anime ។
ដែលសំណួរត្រូវបានលើកឡើងថា… តើអាហារទាំងនោះពិតជាសាច់មនុស្សមែនទេ?
ជាការពិតណាស់ គ្រឿងផ្សំទាំងនោះមិនមែនជាសាច់មនុស្សពិតនោះទេ ប៉ុន្តែគ្រាន់តែត្រូវបានចម្អិនឲ្យមើលទៅដូចប៉ុណ្ណោះ។
ទោះបីជាមើលទៅមុខម្ហូបទាំងនេះគួរឲ្យខ្លាចបន្តិចក៏ដោយ ប៉ុន្តែអារម្មណ៍ “ចូលតួ” ក្លាយជា “ខ្មោចស្រែកឃ្លាន” ក្នុងពេលបរិភោគអាហារបែរជាធ្វើឲ្យមនុស្សជាច្រើនចង់សាកល្បង។
មនុស្សគ្រប់រូបរីករាយនឹងរឿង anime តាមបែបដោយឡែករបស់ខ្លួន។
ក្នុងចំណោមនោះហាក់បីដូចជាការសាកល្បងចម្អិនមុខម្ហូបក្នុងរឿង និងបង្ហាញលម្អិតមុខម្ហូបទាំងនោះក៏ជាមធ្យោបាយពិសេសមួយដែរ។
Abe Kengo








