ចំណុច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃរថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ជប៉ុន

ចំណុចដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​នៃ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ជប៉ុន។

នៅបណ្តាប្រទេសភាគច្រើន រថយន្តសង្គ្រោះបន្ទាន់ជាមធ្យោបាយដឹកជញ្ជូនដែលមានអាទិភាព​ដឹក​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ ជាពិសេសក្នុងស្ថានភាពអាសន្ន។ ប៉ុន្តែនៅប្រទេសជប៉ុន នេះមិនត្រឹមតែជាប្រព័ន្ធ “បញ្ជូន​​អ្នក​​ជំងឺ​​ទៅ​​កាន់​​មន្ទីរ​ពេទ្យ” ប៉ុណ្ណោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​គេ​សរសើរចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​វិជ្ជាជីវៈ​ផង​ដែរ។

នៅប្រទេសជប៉ុន គ្រាន់តែទូរស័ព្ទហៅលេខ ១១៩ នឹងភ្ជាប់ទៅកាន់នាយកដ្ឋានពន្លត់អគ្គីភ័យភ្លាមៗ – ជាកន្លែងដែលគ្រប់គ្រងទាំងរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់។ ដោយគ្រាន់តែនិយាយច្បាស់ពីតម្រូវការ ពួកគេនឹងកំណត់ស្ថានភាព ហើយបញ្ជូនរថយន្តទៅដល់ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

នៅពេលដែលហៅរថយន្តសង្គ្រោះបន្ទាន់ ចំណុចដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើលបំផុតគឺពេលវេលា​ដែល​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​ដល់​កន្លែង។

ចាប់ពីពេលដែលទូរស័ព្ទហៅរហូតដល់ពេលដែលរថយន្តមកដល់ ជាទូទៅចំណាយពេលត្រឹមតែ ៧ ទៅ ៩ នាទី​ប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណឹង សេវាកម្មនេះច្រើនតែឥតគិតថ្លៃ ហើយ​ដំណើរ​ការ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ ៣៦៥ ថ្ងៃ​ក្នុង​មួយ​ឆ្នាំ។

នៅពេលដែលទៅដល់កន្លែង ក្រុមជួយសង្គ្រោះនឹងត្រួតពិនិត្យស្ថានភាពអ្នកជំងឺភ្លាមៗ ហើយទាក់​ទង​ទៅ​កាន់​មន្ទីរ​ពេទ្យដែលសមស្របបំផុត។ គ្រប់យ៉ាងដំណើរការប្រកបដោយវិជ្ជាជីវៈ និងបន្ទាន់។

ចំណុចដ៏គួរឲ្យចាប់អារម្មណ៍​បន្ទាប់​គឺ​ឧបករណ៍​នៅ​លើ​ឡាន។

ឡានមានបំពាក់ម៉ាស៊ីនពិនិត្យចង្វាក់បេះដូង ម៉ាស៊ីនឆក់បេះដូង ម៉ាស៊ីនជំនួយដង្ហើម… មិនខុស​អ្វី​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​ខ្នាត​តូច​នោះ​ទេ។

ម្យ៉ាងវិញទៀត តែងតែមានបុគ្គលិកជួយសង្គ្រោះដែលមានសមត្ថភាពខ្ពស់ទៅជាមួយ ដែលនាំ​មក​នូវ​អារម្មណ៍​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត។

ទោះជាយ៉ាងណា សូម្បីតែប្រព័ន្ធដ៏ពិសេសបែបនេះក៏ជៀសមិនផុតពីបញ្ហានោះដែរ។ 

ដោយសារតែឥតគិតថ្លៃ ដូច្នេះមនុស្សជាច្រើនបានប្រើប្រាស់តាមអំពើចិត្ត។

មនុស្សមួយចំនួនព្រោះតែមិនចង់ចំណាយប្រាក់ជិះតាក់ស៊ីទៅមន្ទីរពេទ្យ បែរជាទូរស័ព្ទហៅរថយន្ត​សង្គ្រោះ​បន្ទាន់ ទាំង​ដែល​ជាក់​ស្តែង​មិន​បន្ទាន់​ក៏​ដោយ។

ដូច្នេះហើយ នៅតំបន់មួយចំនួនក្នុងប្រទេសជប៉ុនចាប់ផ្តើមពិចារណាទៅលើបញ្ហាប្រមូលថ្លៃសេវា​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់។

ជាក់ស្តែងបង្ហាញថា ពាក់កណ្តាលករណីហៅរថយន្តសង្គ្រោះបន្ទាន់នៅក្នុងប្រទេសជប៉ុនមិនមែនជា​ស្ថាន​ភាព​បន្ទាន់​នោះ​ទេ។

និយាយពីបញ្ហានេះ ខ្ញុំផ្ទាល់ក៏ធ្លាប់ទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ម្តងផងដែរ។

នៅពេលនោះ កាលកូនស្រីរបស់ខ្ញុំមានអាយុទើបតែ ៦ ខែ នាងស្រាប់តែយំយ៉ាងខ្លាំង យំមិន​ឈប់​រយៈ​ពេល​មួយ​ម៉ោង។

នៅពេលដែលមើលឃើញកូនយំឡើងក្រហមមុខ ខ្ញុំភ័យស្លន់ស្លោព្រោះមិនដឹងថាមានរឿងអ្វីកើតឡើង ដោយគិតថាកូនប្រហែលជាកំពុងឈឺចាប់ខ្លាំងនៅកន្លែងណាមួយ ដូច្នេះខ្ញុំបានហៅរថយន្តសង្គ្រោះ​បន្ទាន់។

នៅពេលដែលសំឡេងស៊ីរ៉ែន​កាន់តែ​កៀក​មក​ដល់ ខ្ញុំបីកូនរត់ចេញទៅក្រៅ។

ស្រាប់តែនៅពេលនោះ កូនក៏ស្ងាត់ឈឹង។ ប្រៀបបីដូចជាគ្មានរឿងអ្វីកើតឡើង។

ខ្ញុំស្រឡាំងកាំង ងាកទៅមើលរថយន្ត​សង្គ្រោះ​បន្ទាន់។

បុគ្គលិកចុះពីឡាន… ចំណែកឯកូនស្រីរបស់ខ្ញុំបែរជាញញឹម​យ៉ាង​ស្រស់ ថែមទាំងគ្រវី​ដៃ​ដាក់​ពួក​គេ។

ចំណែកឯខ្ញុំ ដឹងតែពីឱនក្បាលសុំទោសប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះគឺអាកប្បកិរិយារបស់ពួកគេ។

មិនស្តីបន្ទោសសូម្បីតែមួយម៉ាត់ មិនសម្លឹងមើលដោយក្រសែភ្នែកថ្នាំងថ្នាក់នោះទេ។ ពួកគេនៅ​តែពិនិត្យឲ្យកូនរបស់ខ្ញុំដោយថ្នមៗ ហើយថែមទាំងប្រាប់ថា ប្រសិនបើមានសញ្ញាមិនធម្មតាណា​មួយ សូម​ទូរស័ព្ទ​ហៅ​ពួក​គេ។

គេតែងតែនិយាយថាជនជាតិជប៉ុនសោះអង្កើយ។ ត្រូវហើយ ពេលខ្លះពិតជាបែបនេះមែន។

ប៉ុន្តែក្នុងស្ថានភាពស្លាប់រស់ នៅតែមានមនុស្សយកចិត្តទុកដាក់អស់ពីចិត្ត សុខចិត្តប្រណាំងនឹងពេល​វេលា ដើម្បី​ការ​ពារ​ជីវិត​មនុស្ស។

ហើយប្រហែលជា… អារម្មណ៍សុវត្ថិភាពនោះទើបជាចំណុចមួយក្នុងចំណោមចំណុចដ៏មានតម្លៃបំផុត​ដែល​ប្រទេស​ជប៉ុន​នាំ​មក។

នៅ​ក្នុង​ប្រទេស​របស់​ខ្លួន នៅពេលដែលត្រូវការរថយន្តសង្គ្រោះបន្ទាន់… តើលោកអ្នកមាន​អារម្មណ៍​សុវត្ថិភាព​ដូច្នេះ​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: