Ryomen Sukuna – ជាបិសាចក្នុងសៀវភៅប្រវត្តិសាស្ត្រ ឬជាវីរបុរសក្នុងចិត្តប្រជាជន?
Ryomen Sukuna – ជាបិសាចក្នុងសៀវភៅប្រវត្តិសាស្ត្រ ឬជាវីរបុរសក្នុងចិត្តប្រជាជន?
នៅពេលដែលរំលឹកដល់ Ryomen Sukuna – ដែលជាតួអង្គអាក្រក់ក្នុងរឿង Jujutsu Kaisen – យើងនឹងគិតភ្លាមដល់ភាពឃោរឃៅ កម្លាំងមហាសាល និងអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។ ប៉ុន្តែ… ប្រសិនបើអ្វីដែលយើងបានដឹងគ្រាន់តែជាការពិតមួយផ្នែកយ៉ាងម៉េចវិញ?
ឈ្មោះ Ryomen Sukuna មិនត្រឹមតែមានក្នុង anime ប៉ុណ្ណោះទេ។ គឺមានវត្តមានកាលពីជាង ១៣០០ ឆ្នាំមុនក្នុង Nihon Shoki (សៀវភៅពង្សាវតារជប៉ុន) ដែលជាផ្នែកមួយនៃប្រវត្តិសាស្រ្តជប៉ុន។
នេះជាប្រវត្តិសាស្ត្របុរាណដែលត្រូវបានចងក្រងដោយរាជការជប៉ុន ដែលបានបញ្ចប់នៅឆ្នាំ ៧២០ ក្រោយ គ.ស មាន ៣០ ក្បាល។
ក្នុងនោះ Sukuna ត្រូវបានពណ៌នាដូចជាសត្វចម្លែកមានមុខពីរ ដៃបួន ឃោរឃៅ និងប្លន់ប្រជាជនស្លូតត្រង់ ហើយនៅទីបំផុតប្រាកដជាត្រូវកម្ចាត់ចោលដោយកងទ័ពរាជការ។
រូបរាងខាងក្រៅ និងអាកប្បកិរិយាសុទ្ធតែត្រូវបានពណ៌នាថាមិនដូចជាមនុស្ស។
ប៉ុន្តែតើប្រវត្តិសាស្ត្រ… តែងតែពិតដែរទេ?
មនុស្សជាច្រើនសង្ស័យថា នេះប្រហែលជា “ប្រវត្តិសាស្រ្តដែលត្រូវបានបង្កើតឡើង” ។
គេតែងតែនិយាយថា “អ្នកឈ្នះជាអ្នកដែលសរសេរប្រវត្តិសាស្ត្រ” ។ ហើយគ្មាននរណាដឹងទេថា Sukuna ក្នុង Nihon Shoki តាមពិតទៅមិនមែនជាបិសាចនោះទេ ប៉ុន្តែគ្រាន់តែជាមនុស្សម្នាក់ដែលប្រែក្លាយជាបិសាចកំណាចនៅលើទំព័រក្រដាសប៉ុណ្ណោះ។
នៅតំបន់ Hida (សព្វថ្ងៃស្ថិតនៅខេត្ត Gifu) ជាកន្លែងដែលត្រូវបានគេចាត់ទុកថាជាស្រុកកំណើតរបស់ Sukuna រីឯរឿងព្រេងនិទានបែរជាផ្ទុយស្រឡះទៅវិញ។
មិនមានមុខពីរ ហើយក៏មិនមានដៃបួននោះដែរ នៅទីនេះ Sukuna ត្រូវបានពណ៌នាថាជាមនុស្សធម្មតាម្នាក់មានមុខមួយ និងដៃពីរ គ្រាន់តែមានមាឌធំខ្ពស់ជាងអ្នកដទៃ។ ជាពិសេសគាត់ជាមនុស្សដែលមានចិត្តមេត្តាម្នាក់។
ក្នុងការចងចាំរបស់ប្រជាជននៅទីនេះ Sukuna មិនមែនជាមនុស្សអាក្រក់នោះទេ ប៉ុន្តែជាមនុស្សម្នាក់ដែលបានក្រោកឈរឡើងដើម្បីការពារពួកគេ។ លោកបានប្រឆាំងនឹងរដ្ឋាភិបាលនាសម័យនោះ មិនមែនដោយសារមហិច្ឆតានោះទេ ប៉ុន្តែព្រោះតែចង់រក្សាសន្តិភាពសម្រាប់ប្រជាជន។
ខណៈពេលដែលសៀវភៅប្រវត្តិសាស្ត្ររបស់រាជការបែរជាពណ៌នាថា លោកមានរូបរាងដូចជាបិសាច អ្នកស្រុកបែរជាគោរពបូជាលោកប្រៀបបីដូចជាអាទិទេពមួយអង្គ។
នៅ Hida មានវត្តមួយឈ្មោះថា Senkoji ។ វត្តនេះត្រូវបានគេចាត់ទុកថា Sukuna ជាអ្នកសាងសង់ឡើង ដោយមានបំណងបួងសួងសុំពរជ័យដល់ប្រជាជន។
ហើយនៅតំបន់នេះ រូបសំណាករបស់ Sukuna នៅតែមានរហូតមកដល់សព្វថ្ងៃនេះ។ រូបសំណាកទាំងនេះបង្ហាញថាលោកមានមុខពីរ តែមិនមែនចង់បង្ហាញថាចម្លែកនោះទេ ប៉ុន្តែជានិមិត្តរូប៖ នៃទឹកមុខម៉ឺងម៉ាត់ឆ្ពោះទៅរកសត្រូវ និងទឹកមុខម្ខាងទៀតមានចិត្តសប្បុរសធម៌ឆ្ពោះទៅរកប្រជាជន។
នៅវត្ត Zenkyuji មានថ្មមួយឈ្មោះថា “Ozen-ishi” ។ រឿងព្រេងតំណាលថានេះជាកន្លែងដែល Sukuna អង្គុយបរិភោគនៅពេលដែលត្រូវបានប្រជាជនអញ្ជើញឲ្យទទួលទានមុនពេលប្រយុទ្ធជាមួយរាជការ។
គេនិយាយថា នៅពេលដែលត្រូវបានអញ្ជើញទៅផ្ទះប្រជាជន Sukuna មិនបានចូលនោះទេ។ មិនមែនព្រោះតែក្រអឺតក្រទមនោះទេ… ប៉ុន្តែដោយសារតែគាត់ខ្លាចរាងកាយដ៏ធំរបស់ខ្លួនធ្វើឲ្យខូចដំបូលផ្ទះរបស់ពួកគេ។
ដូច្នេះហើយ លោកបានសម្រេចចិត្តអង្គុយនៅមុខទីធ្លា បរិភោគអាហារលើផ្ទាំងថ្មមួយ ហើយនោះគឺជាផ្ទាំងថ្ម Ozen-ishi ដែលត្រូវបានរក្សាទុកនៅវត្ត Zenkyuji ។
ទស្សនៈមានពីរ រឿងរ៉ាវមានពីរ ហើយមានតួអង្គ “Sukuna” ពីរខុសគ្នាទាំងស្រុង។
ម្ខាងជាបិសាចដែលត្រូវកម្ចាត់ចោលក្នុងប្រវត្តិសាស្ត្រ។
ម្ខាងទៀតជាវីរបុរសដែលត្រូវបានប្រជាជនគោរពដូចជាអាទិទេព។
ដូច្នេះហើយ… តើមួយណាទើបជាមនុស្សពិតរបស់ Sukuna ?
ប្រហែលជាចម្លើយមិនមានក្នុងសៀវភៅនោះទេ។
ប៉ុន្តែអាស្រ័យលើ… យើងសម្រេចថាជឿលើអ្វី។
Abe Kengo

