ក្រុមតន្រ្តី Aerosmith ស្ទើរតែរំសាយក្រុមព្រោះតែនំត្រី taiyaki
ក្រុមតន្រ្តី Aerosmith ស្ទើរតែរំសាយក្រុមព្រោះតែនំត្រី taiyaki ។
ក្រុមតន្រ្តីរ៉ុកដ៏ល្បីល្បាញលើពិភពលោក Aerosmith ធ្លាប់ត្រូវបានមនុស្សជាច្រើនស្គាល់ដោយសារបទចម្រៀងក្នុងខ្សែភាពយន្តដ៏ល្បីឈ្មោះ Armageddon ។ ប៉ុន្តែនរណាទៅដឹងថា ក្រុមតន្រ្តីនេះស្ទើរតែបែកបាក់ក្រុមព្រោះតែ… នំ taiyaki របស់ជប៉ុន។
Steven Tyler – ដែលជាអ្នកចម្រៀងនាំមុខក្រុមតន្រ្តីនេះ – ជាមនុស្សម្នាក់ដែលចូលចិត្តជប៉ុនយ៉ាងខ្លាំង។
ក្នុងចំណោមដំណើរកម្សាន្តទៅសម្តែងនៅជុំវិញពិភពលោក លោកតែងតែដាក់បញ្ចូលជប៉ុនក្នុងកាលវិភាគ ហើយថែមទាំងទៅលេងកម្សាន្តជាលក្ខណៈបុគ្គលទៀតផង។
លោកពិតជាចូលចិត្តម្ហូបជប៉ុនដូចជា sushi, tempura, ramen… និងជាពិសេសគឺនំត្រី taiyaki ។
Taiyaki ជាប្រភេទនំដែលមានសំបកធ្វើពីម្សៅស្រូវសាលី ស្នូលខាងក្នុងមានសណ្តែកក្រហមត្រូវបានចម្អិនផ្អែម។ នំមានរូបរាងដូចជាត្រី មើលទៅពិតជាឆ្ងាញ់ខ្លាំងណាស់។
រឿងហេតុបានកើតឡើងក្នុងបន្ទប់រង់ចាំមុនពេលដែលការសម្តែងនៅប្រទេសជប៉ុនចាប់ផ្តើម។
មុនពេលឡើងឆាក Steven Tyler បានរៀបចំនំ taiyaki មួយសម្រាប់ខ្លួនឯងដាក់ក្នុងបន្ទប់ ដោយគ្រោងថានឹងហូបដើម្បីយកស្មារតីមុនពេលសម្តែង។
ប៉ុន្តែ… នំបែរជាបាត់ទៅវិញ។ មាននរណាម្នាក់បានលួចហូបនំ។
Steven Tyler ខឹងយ៉ាងខ្លាំង ហើយស្រែកថា៖
- “តើនរណាជាអ្នកហូបនំរបស់ខ្ញុំ?”
ដំណើរការស្វែងរក “អ្នកដែលហូប” បានចាប់ផ្តើម។ មិនត្រឹមតែសមាជិកក្រុមតន្រ្តីប៉ុណ្ណោះទេ សូម្បីតែបុគ្គលិកទាំងអស់ដែលមានទាក់ទងសុទ្ធតែត្រូវសង្ស័យ។
បរិយាកាសក្នុងបន្ទប់ហាក់បីដូចជាស្ងប់ស្ងាត់ អ្នកដែលបានហូបក៏មិនហ៊ានចេញមុខទទួលនោះដែរ ដោយសារតែស្ថានភាពតានតឹងពេកហើយ។
រហូតដល់ថ្នាក់នៅពេលនោះ បរិយាកាសហាក់បីដូចជាក្រុមតន្រ្តីនេះហៀបនឹងបែកបាក់ទៅហើយ។ ដោយមិនអាចចាប់ផ្តើមការសម្តែងក្នុងស្ថានភាពដូច្នេះនោះទេ។
ក្នុងអំឡុងពេលដែលគ្រប់យ៉ាងហាក់បីដូចជាបាត់បង់ បុគ្គលិកម្នាក់ដែលមានគំនិតរហ័សរហួនបានទាក់ទងជាបន្ទាន់ទៅកាន់ក្រុមហ៊ុនផលិត taiyaki នៅប្រទេសជប៉ុនដើម្បីសុំជំនួយ។
នៅពេលដែលបានដឹងពីស្ថានភាព ភ្លាមៗនោះភាគីក្រុមហ៊ុនផលិតនំ taiyaki បានយល់ព្រមផ្ញើនំមួយចំនួនធំជាអំណោយ។
Steven Tyler ដែលកំពុងខឹងយ៉ាងខ្លាំង បានយកចំណុចនោះជាកម្លាំងចិត្ត ញញឹម ហើយបញ្ចប់ការសម្តែងយ៉ាងអស្ចារ្យបំផុត។
ហើយបន្ទាប់ពីការសម្តែងបញ្ចប់ អ្វីដែលកំពុងរង់ចាំលោកនៅក្នុងបន្ទប់គឺនំ taiyaki ក្តៅទើបតែចម្អិនហើយថ្មីៗ។
ដូច្នេះហើយ… នៅទីបំផុតស្ថានភាពដែលស្ទើរតែរំសាយក្រុមត្រូវបានដោះស្រាយ។
អ្នកដែលបានហូបនំរបស់អ្នកដទៃដោយមិនបានសុំការអនុញ្ញាតពិតជាមិនត្រឹមត្រូវនោះទេ។ ប៉ុន្តែទន្ទឹមនឹងនោះយើងក៏មើលឃើញថា ប្រសិនបើមិនមានម្នាក់នោះ យើងមិនដឹងទេថា Steven Tyler បែរជាចូលចិត្តនំ taiyaki ដូច្នេះនោះទេ។
ប្រសិនបើមានឳកាសទៅលេងប្រទេសជប៉ុន សង្ឃឹមថាប្រិយមិត្តទាំងអស់អាចភ្លក់នំដែលលោក Steven Tyler ចូលចិត្ត។
Abe Kengo
