ពាក្យសម្តីដ៏រំជួលចិត្តរបស់លោកនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សាត្រឹមបឋមសិក្សា
ពាក្យសម្តីដ៏រំជួលចិត្តរបស់លោកនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សាត្រឹមបឋមសិក្សា។
នៅពេលដែលរំលឹកដល់រឿងនយោបាយ មនុស្សជាច្រើនប្រាកដជាគិតភ្លាមដល់បុគ្គលដែលឆ្នើមមានការអប់រំខ្ពស់ សញ្ញាបត្រមានកេរ្តិ៍ឈ្មោះ។
ទោះជាយ៉ាងណានៅប្រទេសជប៉ុន ធ្លាប់មានបុគ្គលម្នាក់រៀនត្រឹមបឋមសិក្សាប៉ុណ្ណោះ – ប៉ុន្តែបែរជាអាចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
នោះគឺជាលោក Tanaka Kakuei – 田中角栄 ។
លោកមិននិយាយពាក្យពេចន៍ដ៏អស្ចារ្យនោះទេ ប៉ុន្តែអ្វីដែលលោកបន្សល់ទុកគ្រាន់តែជាពាក្យពេចន៍សាមញ្ញៗប៉ុណ្ណោះ… ប៉ុន្តែអានកាន់តែច្រើន កាន់តែជ្រុលជ្រាបក្នុងចិត្ត។
លោក Tanaka Kakuei កើត និងធំដឹងក្តីនៅ Niigata – ដែលជាតំបន់ជនបទក្រីក្រ ត្រជាក់ និងគ្របដណ្តប់ដោយព្រិល។
គ្រួសារប្រកបរបរចិញ្ចឹមត្រីគល់រាំង គោ ប៉ុន្តែជីវភាពនៅតែលំបាក។
ឪពុកម្តាយរបស់លោកត្រូវធ្វើការយ៉ាងនឿយហត់ទាំងថ្ងៃទាំងយប់ ដូច្នេះលោកធំដឹងក្តីតាមរយៈការមើលថែទាំរបស់ជីដូន។
ទោះបីជាគាត់រៀនពូកែ ហើយចូលចិត្តរៀនសូត្រក៏ដោយ ប៉ុន្តែដោយសារជីវភាព លោកត្រូវឈប់រៀនតាំងពីក្មេង។
បន្ទាប់ពីបញ្ចប់បឋមសិក្សា លោកបានទៅកាន់ទីក្រុង Tokyo ហើយចាប់ផ្តើមជីវិតការងារដោយប្រើកម្លាំងយ៉ាងលំបាក។
ទោះជាយ៉ាងណា ពេលវេលាដ៏លំបាកទាំងនោះបានផ្តល់មេរៀនសម្រាប់លោក។
ដោយចាប់ផ្តើមពីកម្មករម្នាក់ លោកបានបង្កើតក្រុមហ៊ុនសំណង់ផ្ទាល់ខ្លួន ហើយងើបឈរឡើងបន្តិចម្តងៗ។
លោកថែមទាំងបានពង្រីកអាជីវកម្មទៅកាន់ប្រទេសកូរ៉េ (ដែលពេលនោះជាផ្នែកមួយនៃប្រទេសជប៉ុន) ប៉ុន្តែមុនពេលដែលសង្គ្រាមបានបញ្ចប់ លោកបានសម្រេចចិត្តនាំយកទ្រព្យសម្បត្តិទាំងអស់ត្រឡប់ទៅប្រទេសវិញ។
ក្រោយសង្គ្រាម ឳកាសមួយបានមកដល់ នៅពេលដែលលោកត្រូវបានអ្នកស្គាល់គ្នាដែលជាទីប្រឹក្សាក្នុងក្រុមហ៊ុនណែនាំឲ្យដើរផ្លូវនយោបាយ។
ហើយនៅទីបំផុត លោកបានឡើងកាន់តំណែងដែលខ្ពស់បំផុតក្នុងពិភពនយោបាយ – ក្លាយជានាយករដ្ឋមន្ត្រីជប៉ុន។
លោកធ្លាប់បន្សល់ទុកនូវសម្រង់ពាក្យសម្ដីល្បីៗជាច្រើន។ ពាក្យសម្ដីដែលលោកបន្សល់ទុកមិនមែនជាទ្រឹស្ដីដ៏ជ្រាវជ្រៅនោះទេ ប៉ុន្តែជាមេរៀនជីវិតរបស់ខ្លួន។ ក្នុងចំណោមសម្រង់ពាក្យសម្តីទាំងនោះមានដូចជា៖
- “បើអ្នកចង់ឲ្យអ្នកដទៃធ្វើសកម្មភាព ជាដំបូងយើងត្រូវធ្វើសកម្មភាពមុន” ។
- “និយាយថា ‘មិន’ ត្រូវការភាពក្លាហាន។ ប៉ុន្តែចំណុចនោះពេលខ្លះបែរជាធ្វើឲ្យអ្នកដទៃទុកចិត្តអ្នកកាន់តែខ្លាំង។ ការបង្ហាញច្បាស់ឆន្ទៈរបស់ខ្លួន មិនយូរមិនឆាប់នឹងជួយឲ្យអ្នកទទួលបានភាពជឿទុកចិត្ត” ។
- “មិនចាំបាច់ប្រញាប់ប្រញាល់នោះទេ។ ប្រសិនបើមានសមត្ថភាព សំណាងល្អប្រាកដជាមកដល់” ។
- “រឿងដែលមិនសប្បាយ ចូរបំភ្លេចភ្លាមក្នុងថ្ងៃនេះ។ ព្រួយបារម្ភអំពីរឿងដែលខ្លួនមិនអាចផ្លាស់ប្តូរបានគឺគ្មានន័យនោះទេ” ។
- “ប្រសិនបើសន្យាត្រូវតែរក្សាពាក្យសម្តី! ធ្វើមិនបានកុំសន្យា។
ប្រាក់ដែលបានជំពាក់កុំភ្លេចសង ចំណែកឯប្រាក់ដែលឲ្យខ្ចីចូរបំភ្លេចទៅចុះ” ។
ក្រៅពីនេះ លោកថែមទាំងមានគោលការណ៍ជីវិតដ៏ពិសេសមួយផងដែរ។
ទោះបីជាភាគីជានរណា លោកនៅតែព្យាយាមជួបពួកគេយ៉ាងហោចណាស់ម្តង។
ដោយមិនគិតពីឋានៈរបស់មនុស្សម្នាក់ខ្ពស់ប៉ុណ្ណា លោកតែងតែរក្សាអាកប្បកិរិយាដូចគ្នា។
មិនត្រឹមតែប៉ុណ្ណឹង សម្រាប់មនុស្សដែលខ្លួនមិនចូលចិត្ត លោកបែរជាចូលទៅជិតដើម្បីរាប់អានធ្វើជាមិត្ត… ហើយធ្វើឲ្យពួកគេក្លាយជាសម្ព័ន្ធមិត្ត។
អ្វីដែលលោកបានធ្វើស្តាប់ទៅហាក់បីដូចជាសាមញ្ញណាស់។ ប៉ុន្តែ “ភាពសាមញ្ញនោះ” បែរជាពិបាកអនុវត្តទៅវិញ។
មិនមានប្រាក់។
មិនមានការអប់រំខ្ពស់។
មិនចាប់ផ្តើមពីចំណុចដែលល្អបំផុត
យ៉ាងណាមិញ លោកនៅតែឈានដល់ចំណុចកំពូល។
ប្រហែលជាអ្វីដែលលោកចង់បានច្បាស់ណាស់គឺ៖
មិនសំខាន់ថាយើងចាប់ផ្តើមពីណានោះទេ ប៉ុន្តែសំខាន់ត្រង់ថាយើងធ្វើសកម្មភាពយ៉ាងណា។
សង្ឃឹមថា បន្ទាប់ពីស្តាប់សម្រង់ពាក្យសម្ដីល្បីៗរបស់លោក យើងម្នាក់ៗអាចគិតពិចារណាឡើងវិញ ហើយចាត់ទុកវាដូចជាមេរៀន ដើម្បីជួយឲ្យយើងដើរបានកាន់តែមានទំនុកចិត្តលើដំណើរជីវិត។
Abe Kengo
