ជនជាតិជប៉ុនតែម្នាក់គត់ដែលទទួលបានការគោរពដូចជាអាទិទេពនៅតៃវ៉ាន់
ជនជាតិជប៉ុនតែម្នាក់គត់ដែលទទួលបានការគោរពដូចជាអាទិទេពនៅតៃវ៉ាន់។
គ្រប់គ្នាប្រហែលជាដឹងថា តៃវ៉ាន់ធ្លាប់ត្រូវបានគ្រប់គ្រងដោយជប៉ុនប្រមាណជា ៥០ ឆ្នាំ។
ប៉ុន្តែចំណុចដែលគួរឲ្យភ្ញាក់ផ្អើលគឺ ក្នុងចំណោមជនជាតិជប៉ុនដែលគ្រប់គ្រងតំបន់ទឹកដីរបស់តៃវ៉ាន់នាសម័យនោះ មានបុរសម្នាក់ត្រូវបានប្រជាជនតៃវ៉ាន់គោរពបូជាប្រៀបដូចជាអាទិទេពមួយអង្គ។
នៅឆ្នាំ ១៨៩៥ បន្ទាប់ពីយកឈ្នះរាជវង្សឈិង ជប៉ុនបានកាន់កាប់តៃវ៉ាន់។
ទោះបីជាសម័យកាលនេះជៀសមិនផុតពីចំណុចអវិជ្ជមាន ប៉ុន្តែផ្អែកលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ទំនប់ទឹក និងការអប់រំ បានជួយឲ្យទំនាក់ទំនងភាគីទាំងពីរមានស្ថេរភាព។
នៅឆ្នាំ ១៨៩៧ មន្ត្រីប៉ូលីសជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះថា Morikawa Seijiro ត្រូវបានចាត់តាំងឲ្យទៅកាន់ភូមិនេសាទក្រីក្រមួយនៅតៃវ៉ាន់។
ទីកន្លែងនេះក្រីក្ររហូតដល់ថ្នាក់ប្រជាជនមិនចេះអក្សរ អាហារបរិភោគ និងសម្លៀកបំពាក់មិនគ្រប់គ្រាន់។
នៅពេលដែលទៅដល់តំបន់នេះដំបូង Morikawa ត្រូវបានប្រជាជនទទួលស្វាគមន៍ដោយក្រសែភ្នែកមិនអើពើ និងពាក្យសម្ដីគំរោះគំរើយជាច្រើន។
ប៉ុន្តែផ្ទុយទៅវិញ គាត់មិនបានខឹង ឬមានប្រតិកម្មអ្វីឡើយ។ លោកជ្រើសយកការរស់នៅជាមួយពួកគេ។
ជាមួយនឹងប្រពន្ធ លោកយកតាមឧបករណ៍ដែលមានលក្ខណៈសាមញ្ញៗ ទៅកាន់វាលស្រែធ្វើការជាមួយអ្នកភូមិ។
លោកបរិភោគអាហារជាមួយពួកគេ ធ្វើការជាមួយពួកគេ និងរស់នៅដូចជាមនុស្សធម្មតាម្នាក់នៅក្នុងភូមិ។
ដោយឃើញថាកុមារមិនទទួលបានការអប់រំ លោក Morikawa បានយកប្រាក់ខែរបស់ខ្លួនដើម្បីទិញសៀវភៅ ជួលគ្រូបង្រៀន និងបើកសាលារៀន។
នៅពេលខ្លះ លោកថែមទាំងឈរបង្រៀនក្មេងៗទៀតផង។
ដោយបារម្ភពីសុខភាពរបស់ប្រជាជន លោកបានជីកប្រព័ន្ធបង្ហូរទឹកដោយផ្ទាល់ ហើយបានរំលឹកពួកគេជាប្រចាំថាកុំផឹកទឹកដែលមិនទាន់ដាំពុះ។
ពីមនុស្សម្នាក់ដែលមិនមាននរណាចង់នៅជិត យូរៗទៅប្រជាជនចាប់ផ្តើមទទួលយក និងជឿទុកចិត្តលោកបន្តិចម្តងៗ។
បន្ទាប់មក នៅឆ្នាំ ១៩០២ លោក Morikawa ទទួលបានបញ្ជាពីរដ្ឋាភិបាល ដោយបង្ខំឲ្យប្រមូលពន្ធនេសាទពីអ្នកនេសាទ។
ទូកនេសាទនីមួយៗរបស់អ្នកនេសាទត្រូវបង់ពន្ធ។
សម្រាប់តំបន់ដែលមាន ការបង់ពន្ធនេះមិនប៉ុន្មាននោះទេ។ ប៉ុន្តែសម្រាប់អ្នកភូមិដែលក្រីក្រនៅទីនេះ កាន់តែលំបាកយ៉ាងខ្លាំង។
ដោយមានអារម្មណ៍អាណិតចំពោះប្រជាជនក្រីក្រ ប៉ុន្តែក៏មិនអាចប្រឆាំងនឹងបញ្ជាបានដែរ លោក Morikawa បានរាយការណ៍ពីស្ថានភាពជាក់ស្តែងជាច្រើនដង ដោយស្នើសុំឲ្យលុបចោលបទបញ្ជាប្រមូលពន្ធ ប៉ុន្តែសំណើត្រូវបដិសេធ។
លើកឡើងកាន់តែច្រើន តំណែងរបស់លោកកាន់តែមិនស្ថិតស្ថេរ។
ដោយដឹងថា ប្រសិនបើត្រូវបញ្ជូនទៅកន្លែងផ្សេង លោកនឹងមិនអាចបន្តការពារអ្នកភូមិបានទៀតឡើយ។
ហើយបន្ទាប់មក លោកបានធ្វើការសម្រេចចិត្តដែលគ្មាននរណាម្នាក់នឹកស្មានដល់។ លោកបានយកប្រាក់ផ្ទាល់ខ្លួនដើម្បីបង់ពន្ធទាំងអស់ឲ្យប្រជាជន។
ប៉ុន្តែប្រាក់មានកំណត់ ត្រឹមរយៈពេលបីខែ ទ្រព្យសម្បត្តិរបស់លោកអស់គ្មានសល់។ ឥឡូវនេះ លោក Morikawa គ្មានលទ្ធភាពទៀតឡើយ។
នៅថ្ងៃមួយ សំឡេងកាំភ្លើងបានបន្លឺឡើងនៅក្នុងភូមិ។
នៅពេលដែលគ្រប់គ្នារត់ទៅដល់ លោក Morikawa បានដេកនៅទីនោះ… នៅក្បែរពាក្យប៉ុន្មានម៉ាត់ចុងក្រោយ៖
“នយោបាយឃោរឃៅនឹងបណ្តាលឲ្យប្រជាជនរងទុក្ខវេទនា” ។
បន្ទាប់ពីសរសេរពាក្យបណ្តាំរួច លោកបានបាញ់កាំភ្លើងបញ្ចប់ជីវិតរបស់ខ្លួន។
នៅឆ្នាំនោះលោកបានទទួលមរណភាពនៅអាយុ ៤២ ឆ្នាំ។
ក្រោយពេលលោកបានទទួលមរណភាព នៅទីបំផុតដំណឹងនៃការស្លាប់ដ៏សោកសៅនោះបានទៅដល់ត្រចៀកថ្នាក់ដឹកនាំជាន់ខ្ពស់។
នៅពេលដែលការពិតត្រូវបានលាតត្រដាង ភ្លាមៗនោះរដ្ឋាភិបាលបានលុបចោលគោលនយោបាយពន្ធដារទាំងអស់ដែលមិនសមហេតុផលនៅទូទាំងតៃវ៉ាន់។
នៅទីបំផុតបំណងរបស់លោកក៏អាចសម្រេចបាន មនុស្សក្រីក្រជាច្រើនត្រូវបានសង្គ្រោះ។
ប៉ុន្តែលោក… បានចាកចេញជារៀងរហូត ហើយមិនអាចត្រឡប់មកនៅជាមួយប្រជាជនទៀតឡើយ។
ដោយនឹកឃើញពីពាក្យសម្ដីអាក្រក់ដែលខ្លួនធ្លាប់និយាយ អ្នកដែលធ្លាប់ស្អប់ និងគេចវេសពីលោក Morikawa ឥឡូវនេះមានការសោកស្ដាយយ៉ាងខ្លាំង ដឹងតែពីយំយ៉ាងខ្លាំងប៉ុណ្ណោះ។
ក្នុងពិធីបុណ្យសព មនុស្សម្នាយំសោក ហើយលាគាត់។
ពេលវេលាបានកន្លងផុតទៅយ៉ាងស្ងប់ស្ងាត់ ក្រោយរយៈពេល ២១ ឆ្នាំបន្ទាប់ពីលោក Morikawa ទទួលមរណភាព ជំងឺរាតត្បាតដ៏ធំមួយបានផ្ទុះឡើង រីករាលដាលនៅទូទាំងតៃវ៉ាន់។
នៅយប់មួយ មេភូមិនៅកន្លែងដែលលោក Morikawa ធ្លាប់រស់នៅបានសុបិនឃើញលោក។
ក្នុងសុបិនលោកបានប្រាប់មេភូមិថា៖
- “សូមប្រុងប្រយ័ត្នចំពោះទឹកដែលមិនទាន់ដាំពុះ និងអាហារឆៅ” ។
នៅពេលដែលភ្ញាក់ពីសុបិនដ៏ចម្លែកនោះ នៅថ្ងៃបន្ទាប់ មេភូមិបានណែនាំឲ្យអ្នកនៅក្នុងភូមិធ្វើតាម។
លទ្ធផលភូមិនោះគឺជាកន្លែងតែមួយគត់ដែលគ្មានមនុស្សស្លាប់ដោយសារជំងឺរាតត្បាត។
តាមរយៈសុបិនរបស់មេភូមិ និងអព្ភូតហេតុដែលបានកើតឡើង អ្នកភូមិជឿថា ទោះបីជាលោក Morikawa លែងមានជីវិតក៏ដោយ ប៉ុន្តែវិញ្ញាណរបស់លោកនៅតែស័ក្តិសិទ្ធិ និងការពារប្រជាជនរហូតមកដល់សព្វថ្ងៃនេះ។
សព្វថ្ងៃនេះ លោកនៅតែទទួលបានការគោរពបូជានៅកន្លែងជាច្រើននៅតៃវ៉ាន់ ដែលប្រៀបដូចជាអាទិទេពនៃសេចក្តីមេត្តាករុណា និងយុត្តិធម៌។
មនុស្សម្នាក់ដែលបានលះបង់ខ្លួនឯងព្រោះតែអ្នកដទៃ ទាំងដែលត្រូវលះបង់ជីវិតរបស់ខ្លួន ហើយទោះបីជាក្រោយពេលស្លាប់ក៏ដោយ នៅតែបន្តការពារពួកគេ។ ជាអ្វីដែលមិនមែននរណាក៏អាចធ្វើបាននោះទេ។
ពេលវេលាបានកន្លងផុតទៅ សម័យកាលបានផ្លាស់ប្តូរ។ ឥឡូវនេះតៃវ៉ាន់បានអភិវឌ្ឍ ប្រជាជនក៏លែងក្រីក្រដូចពីមុនទៀតដែរ។ ប៉ុន្តែប្រហែលជានៅកន្លែងដ៏ឆ្ងាយណាមួយ លោក Morikawa នៅតែឈរនៅទីនោះ សម្លឹងមើលតៃវ៉ាន់ដែលកំពុងរីកចម្រើនកាន់តែខ្លាំងឡើង។
Abe Kengo
