“សង្គ្រាម​ទម្រង់​ថ្មី” ដែល​កំពុង​គ្រប​ដណ្តប់​នយោបាយ​ដោយ​ស្ងៀម​ស្ងាត់

“សង្គ្រាម​ទម្រង់​ថ្មី” ដែល​កំពុង​គ្រប​ដណ្តប់​នយោបាយ​ដោយ​ស្ងៀម​ស្ងាត់។

បច្ចុប្បន្ននាយករដ្ឋមន្ត្រី Sanae Takaichi ជាមនុស្សម្នាក់ក្នុងចំណោមអ្នកនយោបាយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន។

ជ័យជម្នះរបស់លោកស្រីតាមរយៈការបោះឆ្នោតក្នុងខែកុម្ភៈបានបង្ហាញយ៉ាងច្បាស់ពីចំណុចនេះ។

ទោះជាយ៉ាងណា នៅលើបណ្តាញសង្គម បែរជាមានការបង្ហោះជាបន្តបន្ទាប់ក្នុងគោលបំណងវាយប្រហារ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកស្រី។

ប៉ុន្តែប្រហែលជាមិនមែនគ្រប់គ្នាសុទ្ធតែដឹងទេថា នេះជាយុទ្ធសាស្ត្រគ្រប់គ្រងរបស់បរទេស ដែលមានគោលបំណងជះឥទ្ធិពលដល់មតិសាធារណៈ។

នៅលើកម្មវិធី X (ដែលពីមុនមានឈ្មោះថា Twitter) មានមតិយោបល់ជាភាសាជប៉ុនជាច្រើនបាន​រិះ​គន់​នាយក​រដ្ឋ​មន្ត្រី Takaichi ។

ខ្លឹមសារទាំងនេះត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ប៉ុន្តែភាគច្រើនជាព័ត៌មានមិនពិត ឬដកស្រង់ចំណុចមួយចំនួនក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី ហើយកែសម្រួលអត្តន័យ។ 

ដោយកត់សម្គាល់ឃើញចំណុចគួរឲ្យសង្ស័យជាច្រើន ក្រុមហ៊ុនជប៉ុនមួយបានបើកការស៊ើបអង្កេត ហើយ​បាន​រក​ឃើញ​គណនី​​ដែល​​គួរ​ឲ្យ​​សង្ស័យ​ជាង ៣០០០ គណនី។ ភាគច្រើនត្រូវបានបង្កើត​ឡើង​ត្រឹម​​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​​បោះ​​ឆ្នោត ហើយ​សញ្ញា​បង្ហាញ​ថា​មាន​ប្រភព​មក​ពី​ប្រទេស​ចិន។ 

មិនត្រឹមតែប៉ុណ្ណឹង ថែមទាំងប្រើរូបភាព និងវីដេអូក្លែងក្លាយមួយចំនួនដែលបង្កើតឡើងដោយ AI ទៀតផង។

គណនីទាំងនេះរួមគ្នាផ្សព្វផ្សាយព័ត៌មានអវិជ្ជមានដូចជា៖

  • “នាយករដ្ឋមន្ត្រី Takaichi ចង់បង្កសង្គ្រាម”
  • “នាយករដ្ឋមន្ត្រី Takaichi កំពុងត្រៀមដំឡើងពន្ធ”
  • “លោកស្រី Takaichi កំពុងព្យាយាមបំផ្លាញប្រទេសជប៉ុន”

ស្តាប់ទៅពិតជាធ្ងន់ធ្ងរណាស់ ប៉ុន្តែតាមពិតទៅ មិនធ្លាប់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយដូច្នេះ​នោះ​ទេ។

ខ្ញុំផ្ទាល់យល់ឃើញថា ការបង្កើនថវិកាការពារជាតិ ប្រសិនបើមាន គ្រាន់តែសម្រាប់ការពារខ្លួនប៉ុណ្ណោះ មិន​មែន​ដើម្បី​ធ្វើ​សង្គ្រាម​ជា​មួយ​ចិន​នោះ​ទេ។

បញ្ហាស្ថិតលើនរណាក៏អាចបង្ហោះនៅលើបណ្តាញសង្គមបានដែរ ក្នុងនោះបែរជាមានព័ត៌មានមិន​ពិត​ជា​ច្រើន។ ហើយនៅពេលដែលមានការបង្ហោះមួយចំនួនធំ មនុស្សមួយចំនួនចាប់ផ្តើម​ជឿថា​នោះ​ជា​ការ​ពិត។

នាយករដ្ឋមន្ត្រី Takaichi មានគោលជំហររឹងមាំចំពោះប្រទេសចិន។

ដូច្នេះហើយ ឃើញថាចេតនារបស់ភាគីចិនគឺចង់ផ្តួលលោស្រីចុះមិនថាប្រើមធ្យោបាយអ្វីក៏ដោយ។ 

ក្រៅពីនេះ ស្ថានីយ៍ទូរទស្សន៍ជប៉ុនជាច្រើនដែលត្រូវបានគេជឿថាមានទំនាក់ទំនងសុីជម្រៅជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ដូច្នេះត្រូវបានគេចាត់ទុកថាជាការរាយការណ៍លម្អៀង ដែល​ធ្វើ​ឲ្យ​គេ​មិន​អាច​ទុក​ចិត្ត​បាន។

មិនដឹងថា ដោយសារតែជឿលើព័ត៌មានមិនពិតនៅលើអុីនធឺណេត ឬតាមទិសដៅផ្ទាល់ខ្លួននោះទេ ប៉ុន្តែអ្នកអត្ថាធិប្បាយតាមទូរទស្សន៍ក៏កំពុងលាយឡំរវាងការពិត និងពាក្យកុហកក្នុងការ​រិះ​គន់​របស់​ពួក​គេ​ផង​ដែរ។

ក្នុងស្ថានភាពនោះ គណបក្សកាន់អំណាចដឹកនាំដោយនាយករដ្ឋមន្ត្រី Takaichi នៅតែទទួលបាន​សំឡេងឆ្នោតយ៉ាងច្រើនដែលមិនធ្លាប់មាន។ ចំណុចនេះបង្ហាញថាប្រជាជនជប៉ុនមិនត្រូវ​បោក​​បញ្ឆោត​ដោយ​សារ​ព័ត៌មាន​មិន​ពិត​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​គិត​មើល​ឡើង​វិញ តើ​នេះ​ជាសម័យ​​កាល​ដ៏​គួរ​ឲ្យ​ខ្លាច​​ណាស់​​មែន​​ទេ?

ជាសម័យកាលដែលមានភាពច្របូកច្របល់ មិនថាតាមរយៈមធ្យោបាយអ្វីនោះទេ សុទ្ធតែមានព័ត៌មានមិនពិត យើងត្រូវប្រុងប្រយ័ត្នបន្ថែមទៀត។ យើងគួរតែ​សង្កេត​មើលបញ្ហាដោយ​ផ្តោត​លើ​ទស្សនៈ​ជា​ច្រើន មិនមែនគ្រាន់តែស្តាប់ភាគីម្ខាងនោះទេ។

មិនមែនជម្លោះរវាងបណ្តាប្រទេសសុទ្ធតែប្រើអាវុធនោះទេ។ ពីព្រោះការផ្តួចផ្តើមសង្គ្រាមនឹងទទួល​ការរិះគន់ពីអន្តរជាតិ ហើយបើទោះបីជាឈ្នះក៏ត្រូវតែលះបង់តម្លៃ មិនអាចមិនបាត់បង់អ្វីទាំង​អស់​នោះ​ទេ។

ដូច្នេះហើយ យុទ្ធសាស្ត្រថ្មីមួយត្រូវបានដាក់ចេញគឺប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានដើម្បី “បំភាន់” ប្រជាជនប្រទេសភាគី ធ្វើឲ្យពួកគេតតាំងនឹងគ្នា ហើយបំផ្លាញប្រទេសជាតិរបស់ខ្លួន។

នេះក៏ជាទម្រង់នៃសង្គ្រាមមួយដែរ គ្រាន់តែខុសពីសង្គ្រាមយោធាប៉ុណ្ណោះ។

សូមកុំធ្វើជាបុគ្គលដែលត្រូវគេបំភាន់ភ្នែក ចូរអានប្រភពព័ត៌មានជាច្រើន និងស្តាប់ភាគីខុសៗគ្នា។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​គិត​ដោយ​ខ្លួន​ឯង ដើម្បីកុំឲ្យត្រូវគេបំភាន់ ឬបោកបញ្ឆោតដោយ​សារ​ព័ត៌មាន​មិន​ពិត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: