ស្រ្តី​ម្នាក់​ដែល​បាន​ផ្តួចផ្តើម​ផ្លូវ​សម្រាប់​គ្រូពេទ្យ​ស្រី​នៅ​ក្នុង​ប្រទេស​ជប៉ុន

ស្រ្តីម្នាក់​ដែល​បាន​​ផ្តួចផ្តើម​ផ្លូវ​សម្រាប់​គ្រូ​ពេទ្យ​ស្រី​នៅ​ក្នុង​ប្រទេស​ជប៉ុន។

  • “ឋាននរកមួយនេះ… នឹងបញ្ចប់ត្រឹមខ្ញុំ” ។

ជាប្រយោគដែលធ្វើឲ្យអ្នកស្តាប់គិតស្រមៃទៅដល់ជីវិតដែលពោរពេញដោយសោកនាដកម្ម ហើយ​ក៏​ជា​ការ​ចាប់​ផ្តើម​នៃ​បដិវត្តន៍​ដែល​នឹង​ផ្លាស់​ប្ដូរ​​ប្រវត្តិ​សាស្ត្រ​​ជប៉ុន​ផង​ដែរ។

តើស្រ្តីដែលនិយាយប្រយោគនេះជានរណា? ហើយតើដំណើរជីវិតរបស់ស្រ្តីម្នាក់នេះយ៉ាងណាបែរជាធ្វើឲ្យគាត់សម្រេចចិត្តដូច្នេះ?

តួអង្គសំខាន់ក្នុងរឿងនេះមានឈ្មោះថា Ogino Ginko ។

លោកស្រីកើតនៅឆ្នាំ ១៨៥១ ក្នុងអំឡុងពេលចុងក្រោយនៃយុគសម័យសាមូរ៉ៃ ដែលជាខេត្ត Saitama សព្វ​ថ្ងៃ​នេះ។

ដូចជាក្មេងដទៃទៀតដែរ កុមារភាពរបស់ Ginko គ្មានអ្វីពិសេសនោះទេ។ លោកស្រីមិនមានបំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​គ្រូពេទ្យ​នោះ​ទេ គ្រាន់តែជានារីម្នាក់ដែលធំដឹងក្តីក្នុងគ្រួសារធូរធារប៉ុណ្ណោះ។

រហូតដល់ឆ្នាំ ១៨៦៨ លោកស្រីបានរៀបការជាមួយបុរសម្នាក់ដែលមកពីគ្រួសារអ្នកមាន។

ហើយចាប់តាំងពីពេលនោះ ឋាននរកបានចាប់ផ្តើម។

ដោយមានអារម្មណ៍ថាសុខភាពកាន់តែចុះខ្សោយ នៅថ្ងៃមួយ Ginko បានទៅពិនិត្យសុខភាព ហើយពិនិត្យឃើញថាខ្លួនមានជំងឺប្រមេះ (ជាជំងឺឆ្លងតាមការរួមភេទ)។ 

នេះជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ប៉ុន្តែមនុស្សម្នាក់​គត់ដែលលោក​ស្រី​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​មានតែប្តីរបស់ខ្លួនប៉ុណ្ណោះ។ ចំណុចនេះមានន័យថាស្វាមី​របស់​លោក​ស្រីមានទំនាក់ទំនងស្នេហា​ជា​មួយ​ស្ត្រី​ផ្សេង​ទៀត។

ជំងឺនេះមិនត្រឹមតែបំផ្លាញរាងកាយប៉ុណ្ណោះទេ ថែមទាំងបានដណ្តើមយកសមត្ថភាពធ្វើជាម្តាយរបស់​លោក​ស្រី​ទៀត​ផង។

ក្រោយមកមិនយូរប៉ុន្មាន អាពាហ៍ពិពាហ៍បានបែកបាក់។ ព្រោះក្នុងក្រសែភ្នែករបស់ស្វាមី និងក្រុមគ្រួសាររបស់ប្តីលោកស្រី ស្រ្តីម្នាក់ដែលមិនអាចបង្កើតកូនប្រៀបដូចជាមេមាន់ដែលមិនអាច​ពង គ្មាន​តម្លៃ​នោះ​ទេ។

ភ្លាមៗនោះ កិត្តិយស អនាគត អ្វីៗទាំងអស់ហាក់បីដូចជាត្រូវបានកំទេចចោល។

ប៉ុន្តែសោកនាដកម្មមិនត្រឹមតែប៉ុណ្ណឹងនោះទេ។

លោកស្រីបន្តការព្យាបាលដើម្បីប្រយុទ្ធនឹងជំងឺនេះ។ គួរឲ្យស្តាយ នៅសម័យនោះមានតែគ្រូពេទ្យប្រុស​ប៉ុណ្ណោះ ហើយលោកស្រីត្រូវបង្ខំចិត្តឲ្យពួក​គេ​ពិនិត្យ​តំបន់​ស្រ្តី​របស់​ខ្លួន ដែលជាការអាម៉ាស់សម្រាប់​ស្ត្រីនាសម័យនោះ។ ប៉ុន្តែអ្វីដែលឈឺចាប់ជាងនេះទៅទៀតនោះគឺថា… ទោះបីជាបានស៊ូទ្រាំ​នឹង​រឿង​ទាំង​អស់​នេះ ជំងឺនៅតែមិនជា។

ក្នុងសម័យកាលនោះ នៅ​ពេល​ដែល​កើត​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ ស្ត្រី​ជា​ច្រើន​សុខ​ចិត្ត​ស្លាប់ជា​​ជាង​ទុក​ឲ្យគ្រូពេទ្យប្រុសពិនិត្យមើល ប៉ុន្តែបែរជាមិនអាចព្យាបាលបាន។ សុខចិត្តស្លាប់ជាជាង​រស់​ក្នុង​ភាព​អាម៉ាស់​គ្មាន​សង្ឃឹម។

ប៉ុន្តែ Ginko មិនដូច្នេះនោះទេ។

លោកស្រីបានក្រោកឈរឡើង មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ស្ត្រីទាំងអស់ដែល​កំពុង​អស់​សង្ឃឹម​ដូច​ជា​លោក​ស្រី។

សម័យកាលសាមូរ៉ៃបានបញ្ចប់ សង្គមបានឈានចូលសម័យកាលទំនើបកម្មយ៉ាងឆាប់រហ័ស។

យ៉ាងណាមិញ ស្រ្តីនៅតែមិនមានសេរីភាពក្នុងការជ្រើសរើសអាជីពរបស់ពួកគេ ហើយផ្លូវដែលអាច​ធ្វើ​ជា​គ្រូពេទ្យ​នៅ​តែ​ត្រូវ​បិទ​ទាំង​ស្រុង។

លោកស្រីបានទៅជួបអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដើម្បីសុំចូលរៀន ប៉ុន្តែត្រូវបដិសេធដោយហេតុ​ផល​ថា “មិនធ្លាប់មានពីមុនមក” ។

ថែមទាំងត្រូវគេនិយាយថា៖ “ខួរក្បាលរបស់ស្ត្រីមិនស័ក្តិសមនឹងផ្នែកវេជ្ជសាស្ត្រនោះទេ” ។

ប៉ុន្តែលោកស្រីមិនបានបោះបង់ចោលដោយសារតែរឿងនេះឡើយ។ 

ដោយបានឆ្លងកាត់ឧបសគ្គជាច្រើន ពីមនុស្សស្រីម្នាក់ដែលធ្លាក់ខ្លួនឈឺទាំងវ័យក្មេង លោកស្រីបាន​ចំណាយ​ពេល​ជាងមួយទសវត្សរ៍ដើម្បីដើរតាមក្តីស្រមៃដែលហាក់បីដូចជាមិនអាចទៅរួច។

រហូតដល់អាយុ ៣៤ ឆ្នាំ នៅទីបំផុតលោកស្រីបានក្លាយជា​គ្រូ​ពេទ្យ​ស្រី​ដំបូង​គេ​ដែល​ត្រូវ​បាន​ទទួលស្គាល់​នៅ​ប្រទេស​ជប៉ុន – ជាសមិទ្ធផលដែលមិនធ្លាប់មានពីមុនមក។

ទោះជាយ៉ាងណា ជាក់ស្តែងពិតជាលំបាកយ៉ាងខ្លាំង។ សង្គមនៅតែមិនទាន់សម័យ ប្រជាជនមិន​ជឿ​ទុក​ចិត្ត​ទៅ​លើ​គ្រូពេទ្យ​ស្រី​នោះ​ទេ។

មិនមានកន្លែងបញ្ចេញសមត្ថភាព នៅអាយុ ៣៩ ឆ្នាំ លោកស្រីបានបោះបង់ចោលគ្រប់យ៉ាង ហើយ​​ទៅ​​កាន់ Hokkaido ដែល​ជា​តំបន់​ស្ងាត់​ជ្រងំ និង​ត្រជាក់​ខ្លាំង​នា​ពេល​នោះ។

នៅទីនោះ លោកស្រីបានព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្ររដែលកំពុងតស៊ូនឹងជំងឺ ជា​មនុស្ស​ដែល​ត្រូវ​គេ​បោះ​បង់​ចោល​ដូច​លោក​ស្រី​ពី​មុន។

ក្រោយមក លោកស្រីបានរៀបការម្តងទៀត ហើយរួមដំណើរជាមួយនឹងស្វាមីថ្មីរបស់ខ្លួន បន្តប្រឈម​មុខនឹងសង្គមដែលពោរពេញដោយការរើសអើង។ ប៉ុន្តែជាអកុសល ស្វាមីរបស់លោកស្រីបាន​ទទួល​មរណភាព​មុន។

ទោះបីជាមានទុក្ខសោកក៏ដោយ លោកស្រីនៅតែបន្តតស៊ូម្នាក់ឯងយកឈ្នះនឹងជំងឺរបស់ខ្លួន និង​ជំងឺ​របស់​ប្រជាជន​ក្រីក្រ រហូត​ដល់​គាត់​​ទទួល​មរណភាព​នៅ​​អាយុ ៦២ ឆ្នាំ។

លោកស្រីបានទទួលមរណភាព ប៉ុន្តែអ្វីដែលលោកស្រីបានបន្សល់ទុក​មិន​មែន​ជា​រឿង​កើតទុក្ខនោះទេ ប៉ុន្តែជាច្រកមួយ។ ជាច្រកមួយបើកផ្លូវដែលមិនធ្លាប់មានពីមុនមក ដើម្បីឲ្យស្រ្តីទាំងអស់​អាច​ដើរ​បាន។

ពេលវេលាកន្លងផុតទៅបន្តិចម្តងៗ…

សព្វថ្ងៃនេះ នៅប្រទេសជប៉ុន ការដែលស្រ្តីអាចជ្រើសរើសអាជីពដូចជាបុរស​បានក្លាយជារឿងធម្មតា​ទៅ​ហើយ។

ប៉ុន្តែប្រហែលជា ការចាប់ផ្តើមនៃសេរីភាព និងសិទ្ធិស្រ្តីគឺជាច្រកទ្វារដែល Ginko បានបើក។

សង្ឃឹមថាតាមរយៈរឿងនេះ នឹងមាននរណាម្នាក់ចងចាំដល់ការចូលរួមចំណែករបស់លោកស្រី ដែល​បាន​ជួយ​កសាង​សង្គម​ដូច​សព្វ​ថ្ងៃ​នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: