ការពិតនៅពីក្រោយពាក្យ “ស្នេហាអមតៈ” ដែល​គេ​ហៅ​ថា​ពេជ្រ

ការ​ពិត​នៅ​ពី​ក្រោយ​ពាក្យ​ “ស្នេហា​អមតៈ” ដែល​​គេ​​ហៅ​​ថា​​ពេជ្រ។

ប្រសិនបើអ្នកស្រលាញ់​ចូល​ចិត្ត​ពេជ្រ ឬកំពុងតែស្ទាក់ស្ទើរមិនដឹង​ថា​គួរ​ទិញ​គ្រឿង​​អលង្ការ​​ពេជ្រដែរ​ឬ​ទេ ដូច្នេះ​​មាន​រឿង​​មួយ​​ដែល​​អ្នក​​គួរ​​តែ​​ដឹង។ ពេជ្រមិនត្រឹម​តែ​ជា​តំណាង​នៃ​​សេចក្តី​​ស្រឡាញ់ប៉ុណ្ណោះ​​ទេ ថែម​​​ទាំង​ជា​​ការ “បោក​ប្រាស់​ទីផ្សារ” ដ៏អស្ចារ្យ​បំផុតក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។

នៅពីក្រោយយុទ្ធសាស្ត្រទីផ្សារនេះគឺជា De Beers – ជាសាជីវកម្មពេជ្រពហុប្រទេសឈានមុខគេនៅ​​លើ​​ពិភព​​លោក។

De Beers ធ្លាប់កាន់កាប់ទីផ្សារពេជ្រដែលមិនទាន់កែច្នៃទូទាំងពិភពលោកចំនួន ៨០-៩០% រហូត​​ដល់​​ថ្នាក់​​ពេល​​ខ្លះស្ទើរ​តែ​ផ្តាច់​មុខ​ទាំង​ស្រុង។

សម្រាប់ពួកគេ ធ្វើយ៉ាងណាអាចលក់ពេជ្រក្នុងតម្លៃខ្ពស់បំផុតគឺជាគន្លឹះនៃការរីកចម្រើនរបស់សាជីវកម្ម។

ជាក់ស្តែង យុទ្ធសាស្ត្ររបស់ពួកគេគឺធ្វើយ៉ាងណាឲ្យពិភពលោកទាំងមូលជឿថា ពេជ្រជាអ្វីដែលមិនអាច​ខ្វះ​បាន​ក្នុង​ស្នេហា។

គ្រាន់តែជាប្រយោគជ្រុលនិយម ប៉ុន្តែបែរជាទទួលបានប្រសិទ្ធភាពដ៏មិនគួរឲ្យជឿ៖

“ស្នេហាដែលមិនមានពេជ្រ គឺជាស្នេហាក្លែងក្លាយ។” 

ដូច្នេះមិនខុសអ្វីពីនិយាយថា៖ “ស្នេហាអាចយកប្រាក់ទៅទិញនោះទេ” ។

ខ្លឹមសារនេះត្រូវបានជម្រុញតាមរយៈខ្សែភាពយន្ត តារាល្បីៗ និងការផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយ។

ជាពិសេសគឺនៅក្នុងរោងកុន – ជាកន្លែងដែលគូស្នេហ៍កំពុងណាត់ជួបគ្នា ហើយអារម្មណ៍កំពុង​កើនឡើងយ៉ាងខ្លាំង… គ្រាន់តែការផ្សាយពាណិជ្ជកម្មរបស់ De Beers ចាក់ផ្សាយរយៈពេល ១៥ វិនាទី​ប៉ុណ្ណោះ ក៏អាចធ្វើឲ្យបុរសចំនួនរាប់លាននាក់ចាប់ផ្តើមមានអារម្មណ៍… មានសម្ពាធ។

លទ្ធផលចិញ្ចៀនអាពាហ៍ពិពាហ៍ដែលមានពេជ្របានក្លាយជាស្តង់ដារ។

លើសពីនេះ នៅសម័យនោះជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងខ្លាំង ដូច្នេះបាន​ក្លាយ​ជា​គោល​ដៅ​ចម្បង។

ហើយគំនិតដែលថាចិញ្ចៀនអាពាហ៍ពិពាហ៍គួរតែមានតម្លៃស្មើប្រាក់ខែបីខែត្រូវបានបញ្ចូលក្នុងគំនិត​របស់​មនុស្ស​គ្រប់​គ្នា។

“ចិញ្ចៀន​រៀបការ​មួយស្មើនឹងប្រាក់ខែបី​ខែ” ។

ជាពាក្យស្លោកដ៏អស្ចារ្យមួយ!

នៅពេលដែលឮប្រយោគនេះ បុរសនឹងគិតគូរក្នុងចិត្តដោយផ្អែកលើប្រាក់ខែរបស់ពួកគេ។

មនុស្សធម្មតានឹងគិតដល់ចំនួនដែលសមល្មម ចំណែកឯអ្នកមាននឹងគិតដល់ចំនួនដែលច្រើន។

អតិថិជនកំណត់តម្លៃដោយផ្ទាល់ ហើយបង្កើនការចំណាយរបស់ខ្លួន។

នេះជាចំណុចកំពូលនៃចិត្តវិទ្យាក្នុងទីផ្សារ។

តាមពិតទៅ ធម្មតាពេជ្រមិនកម្ររហូតដល់ថ្នាក់ដូចជាការគិតនោះទេ។

គ្រាន់តែជីកយករ៉ែនៅប្រទេសរុស្ស៊ី ឬអាហ្វ្រិកអាចរកឃើញយ៉ាងច្រើន។

ប៉ុន្តែដើម្បីបង្កើនតម្លៃ ពួកគេមានចេតនារឹតត្បិតប្រភពផ្គត់ផ្គង់។

ដើម្បីធ្វើបានដូច្នេះ De Beers បានគ្រប់គ្រងទីផ្សារពេជ្រឆៅ។ នៅពេលដែលរកឃើញអណ្តូងរ៉ែថ្មី ពួក​គេ​ហ៊ាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​ទិញ​យក។

លទ្ធផលស្ទើរតែមិនមាន​ពេជ្រ​មួយ​គ្រាប់​ណា​អាច​ចេញ​លក់​នៅ​លើទីផ្សារ​ដោយ​មិន​ឆ្លង​កាត់ De Beers នោះ​​ឡើយ។

ប្រហែលជា ៥០ ឆ្នាំបានកន្លងផុតទៅចាប់តាំងពីពេលដែលមានយុទ្ធសាស្រ្តទីផ្សារនេះ។ ឥឡូវនេះ គ្រប់​យ៉ាង​ចាប់​ផ្តើម​ផ្លាស់​ប្តូរ។ បច្ចុប្បន្នពេជ្រសិប្បនិម្មិតបានឈានដល់កម្រិតគុណភាពខ្ពស់យ៉ាងខ្លាំង។

ជាមូលដ្ឋាន ពេជ្រគ្រាន់តែជាកាបូន មិនមែនជាធាតុដ៏កម្រនោះទេ។

ដើមឡើយ ពេជ្រសិប្បនិម្មិតមានជាយូរមកហើយ ប៉ុន្តែដោយសារតែពណ៌មិនស្អាត ដូច្នេះភាគច្រើន​ត្រូវបានប្រើសម្រាប់គោលបំណងឧស្សាហកម្ម។ ហើយឥឡូវនេះ គុណភាពបានឈានដល់កម្រិត​ដែល​សូម្បី​តែ​អ្នក​ជំនាញ​ក៏​ពិបាក​បែង​ចែក​នឹង​ពេជ្រ​ធម្មជាតិ​ដែរ។

ទន្ទឹមនឹងគុណភាពខ្ពស់បែរជាមានតម្លៃថោក សូម្បីតែប្រភេទដែលមានលំដាប់ខ្ពស់ក៏មានតម្លៃប្រហែល​មួយ​ភាគ​ដប់​ប៉ុណ្ណោះបើប្រៀបនឹងតម្លៃពេជ្រធម្មជាតិ។

តាមរបៀបនេះ “និមិត្តរូបនៃសេចក្តីស្រឡាញ់” ឥឡូវនេះបានក្លាយជារបស់ដែលអាចផលិតយ៉ាងច្រើន​ក្នុង​រោង​ចក្រ។

ស្តាប់ទៅដូចជាលែងមានអារម្មណ៍រ៉ូមែនទិកទៅហើយ មែនទេប្រិយមិត្តទាំងអស់គ្នា?

ប្រឈមនឹងចំណុចនេះ De Beers បង្ខំចិត្តត្រូវសម្របខ្លួន។ ពួកគេបានបង្កើតម៉ាក Lightbox – ពេជ្រ​​សិប្បនិម្មិត​​លំដាប់​​ខ្ពស់។

អ្វីដែលហួសចិត្តនោះគឺ ពីមុនពួកគេតែងតែបដិសេធពេជ្រសិប្បនិម្មិតព្រោះខ្លាចប៉ះពាល់ដល់ការលក់​​ពេជ្រ​​ធម្មជាតិ។ ប៉ុន្តែ​ឥឡូវ​នេះ ពួក​គេ​បែរ​ជា​ឈាន​ជើង​ចូល​ទីផ្សារ​នេះ។

ផលិតផលមិនត្រឹមតែមានពណ៌សប៉ុណ្ណោះទេ ថែមទាំងមានពណ៌ផ្កាឈូក និងពណ៌ខៀវទៀត​ផង។ ពណ៌ទាំងនេះកម្រមានណាស់នៅក្នុងធម្មជាតិ ប៉ុន្តែបែរជាអាចផលិតបានច្រើននៅក្នុងបន្ទប់​​ពិសោធន៍។

តើ De Beers អាចនឹងមានគោលបំណងគ្របដណ្ដប់ទីផ្សារពេជ្រសិប្បនិម្មិតដែរទេ?

តាមពិតទៅ កាបូន – សមាសធាតុដែលបង្កើតពេជ្រ – គឺជាធាតុទូទៅទាំងនៅលើផែនដី និងក្នុង​​លំហ​​អាកាស។

គេថែមទាំងនិយាយថា នៅ​លើ​ភព​ដូចជា​ភព​អ៊ុយរ៉ានុស ឬ​ភព​ណិបទូន គ្រីស្តាល់ពេជ្រធ្លាក់ចុះដូច​​ជា​​ភ្លៀង​ទឹក​​​កក។

នៅទីនោះ ពេជ្រប្រៀបបីដូចជាគ្រួសធម្មតាប៉ុណ្ណោះ។

ប៉ុន្តែចម្ងាយពីផែនដីទៅកាន់ភពណិបទូនគឺប្រហែល ៤,៥ ពាន់លានគីឡូម៉ែត្រ។

នរណាទៅដឹងនៅថ្ងៃណាមួយ យើងប្រហែលជាឮការផ្សាយពាណិជ្ជកម្មដូចជា៖

“គ្រីស្តាល់នៃសេចក្ដីស្រឡាញ់ឆ្លងកាត់ចម្ងាយ ៤,៥ ពាន់លានគីឡូម៉ែត្រ”

ហើយទន្ទឹមនឹងនោះ ពេជ្រ​ត្រូវបានលក់ក្នុងតម្លៃខ្ពស់យ៉ាងខ្លាំងក៏ថាបាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: