តើ​​ជប៉ុន​​បាន​​បាត់​បង់​​អ្វី​ខ្លះ​​បន្ទាប់​​ពី​​បរាជ័យ​​ក្នុង​​សង្គ្រាម?

តើ​​ជប៉ុន​​បាន​​បាត់​បង់​​អ្វី​ខ្លះ​​បន្ទាប់​​ពី​​បរាជ័យ​​ក្នុង​​សង្គ្រាម?

នៅពេលដែលរំលឹកអំពីបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ មនុស្សជាច្រើននឹងគិតភ្លាម​ដល់​ការ​បាត់​បង់​ទឹក​ដី។

ប៉ុន្តែតាមពិតទៅ អ្វីដែលជប៉ុនបានបាត់បង់សំខាន់ជាងនេះទៅទៀត។

នោះគឺជាមោទនភាពរបស់ប្រជាជាតិទាំងមូល។

បន្ទាប់ពីជប៉ុនចុះចាញ់ ក្រុមសម្ព័ន្ធមិត្តបានបង្កើតអគ្គសេនាធិការ (GHQ) ហើយបានបញ្ជូនលោក Douglas MacArthur ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​នាម​ជា​អគ្គមេបញ្ជា​ការ​​ជាន់​ខ្ពស់។

ពួកគេមិនត្រឹមតែកាន់កាប់ប្រទេសនោះទេ ថែមទាំងធ្វើការស្រាវជ្រាវដើម្បី​ស្វែង​យល់​ពី​មូល​ហេតុដែលប្រទេសតូចមួយដូចជាប្រទេសជប៉ុនអាចធ្វើសង្គ្រាមទ្រង់ទ្រាយធំបែបនេះ។ ហើយតាំងពីពេល​នោះ​មក បង្កើតគោលនយោបាយ​ដើម្បី​ធានា​ថា​ប្រទេស​ជប៉ុន​នឹង​មិន​អាច​ងើប​ឡើង​ម្តងទៀត​ឡើយ។

ក្រោយមក ប្រៀបបីដូចជាគោលនយោបាយលាងសម្អាតខួរក្បាល និងកែប្រែ​ផ្នត់គំនិត​របស់ជន​ជាតិ​ជប៉ុន ពួក​គេបានបង្កើតកម្មវិធី​ព័ត៌មាន​ទាក់​ទង​នឹង​កំហុស​នៃ​សង្គ្រាម (War Guilt Information Program – ដែល​សរសេរ​កាត់​ថា WGIP) ។

គោលបំណងនៃកម្មវិធីនេះមានភាពច្បាស់លាស់ណាស់៖

  • ធ្វើឲ្យប្រជាជនជប៉ុនទាំង​មូល​ជឿ​ថា​មូល​ហេតុ​នៃ​សង្គ្រាម​គឺ​បណ្តាល​មក​ពី​ជប៉ុន
  • លុបបំបាត់ការគោរពបូជាស៊ីនតូ
  • ការបដិសេធស្មារតី Bushido
  • ហាមឃាត់ការសរសើរអង្គភាពធ្វើអត្តឃាត

មិនត្រឹមតែប៉ុណ្ណឹង ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដូចជាកាសែត ទូរទស្សន៍ វិទ្យុសុទ្ធតែត្រូវបានត្រួតពិនិត្យ និងកែសម្រួលខ្លឹមសារយ៉ាងតឹងរ៉ឹង។ រាល់មតិ និងការពិភាក្សាដែលមិនយល់ស្របសុទ្ធតែត្រូវ​ហាម​ឃាត់។

រហូតដល់ថ្នាក់ ប្រជាជនក៏មិនមានសិទ្ធិដឹងថាពួកគេកំពុងត្រូវបានត្រួតពិនិត្យនោះដែរ។

នៅសាលារៀន កុមារត្រូវបានណែនាំឲ្យលុបខ្មៅចំណុចខ្លឹមសារដែលត្រូវបានគេចាត់ទុកថា “មិន​សមរម្យ” ក្នុង​សៀវ​ភៅ​ពុម្ព។

អ្វីៗដែលទាក់ទងនឹងមោទនភាពជាតិត្រូវបានលុបចោលបន្តិចម្តងៗ។

សូម្បីតែគោលបំណងដែលជប៉ុនចូលរួមសង្គ្រាមដើម្បីរួចផុតពីការត្រួតត្រារបស់លោកខាងលិចនៅ​អាស៊ី ក៏​ត្រូវ​បាន​ដក​ចេញ​ពី​ការ​បង្រៀន​ប្រវត្តិ​សាស្ត្រ​ផង​ដែរ។

យ៉ាងណាមិញ ក្រោយមក លោក MacArthur បែរជាទទួលស្គាល់នៅចំពោះមុខសភាសហរដ្ឋ​អាមេរិក​ថា៖

  • “ជប៉ុនចូលរួមសង្គ្រាមព្រោះតែសន្តិសុខ​ជាតិ” ។

ប្រវត្តិសាស្ត្រជាក់ស្តែងបង្ហាញយ៉ាងច្បាស់ពីចំណុចនេះ ជប៉ុនត្រូវបង្ខំឲ្យស្ថិតក្នុងស្ថានភាពលំបាកដោយ​សារ​តែ​បញ្ជា​បិទ​ខ្ទប់​សេដ្ឋកិច្ច ដែលបណ្តាលឲ្យប្រទេសធ្លាក់ក្នុងស្ថានភាពមិនអាចទ្រទ្រង់បាន។

ដូច្នេះហើយ សង្គ្រាមគឺជាលទ្ធផលនៃបញ្ជាបិទខ្ទប់នេះ។

ទោះជាយ៉ាងណា ព័ត៌មានទាំងនេះមិនត្រូវបានអនុញ្ញាតឲ្យបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយជប៉ុន​នា​សម័យ​នោះ​ឡើយ។

សៀវភៅសំខាន់ៗចំនួន ៧៧៦៩ ក្បាលត្រូវរឹបអូស ដែលបណ្តាលឲ្យប្រវត្តិសាស្ត្រត្រូវបិទបាំងបន្តិចម្តងៗ។

លទ្ធផលគឺប្រព័ន្ធអប់រំប្រវត្តិសាស្ត្ររបស់ជប៉ុនត្រូវបានផ្លាស់ប្តូរទាំងស្រុង៖

  • ជប៉ុនបានបង្កសង្គ្រាមឈ្លានពាន និងផលប៉ះពាល់ដល់ពិភពលោក
  • សង្គ្រាម​ផ្តើម​ចេញ​ពី​ភាព​អាត្មានិយម​របស់​ជប៉ុន
  • Bushido គ្មានន័យ និងមិនចាំបាច់
  • ជនជាតិជប៉ុនមិនមានជំនឿសាសនា
  • គ្រប់យ៉ាងជាកំហុសរបស់ជប៉ុន ហើយជប៉ុនចាញ់លោកខាងលិច

ដូច្នេះហើយ យុទ្ធសាស្ត្រក្រោយសង្គ្រាមរបស់អគ្គសេនាធិការបានដកហូតគ្រប់យ៉ាងដែលបង្កើតបាន​ជាអត្តសញ្ញាណរបស់ជនជាតិជប៉ុន ចំណុចខ្លាំង និងមោទនភាពរបស់ប្រទេសទាំងមូល។

បុគ្គលដែលធំដឹងក្តីក្នុងមូលដ្ឋានអប់រំបែបនោះបន្តទៅឲ្យមនុស្សជំនាន់ក្រោយ។ យូរៗទៅ សង្គមមួយ​ដែល​ខ្វះ​ទំនុក​ចិត្ត​ត្រូវ​បាន​បង្កើត​ឡើង។

ជំនាន់នេះបង្រៀនដល់ជំនាន់ក្រោយ បង្កើតបានជាដំណើរការវិលជុំបន្តរហូតមកដល់សព្វថ្ងៃនេះ។

ទោះជាយ៉ាងណា ទស្សនៈផ្សេងទៀតទាក់ទងនឹងប្រវត្តិសាស្ត្រកំពុងត្រូវបានបង្ហាញបន្តិចម្តងៗ។

គ្មាននរណាម្នាក់បដិសេធថាសង្គ្រាមគឺជាសោកនាដកម្មនោះទេ។

មនុស្សស្លូតត្រង់ជាច្រើនទទួលរងទុក្ខវេទនា ប្រទេសជាច្រើនជាប់ក្នុងជម្លោះដែលបង្កគ្រោះថ្នាក់ជា​ច្រើន​ដល់​មនុស្ស​ជាតិ

ប៉ុន្តែតើសង្គ្រាមជាអ្វីដែលអាចបង្កឡើងដោយភាគីម្ខាងមែនទេ? ទាំងដែលប្រទេសនោះក៏ត្រូវលះ​បង់​យ៉ាង​ធ្ងន់​ធ្ងរ​ដើម្បី​ចូល​រួម​សង្គ្រាម។

ប្រសិនបើគ្រាន់តែដើម្បីបំណងរបស់ថ្នាក់ដឹកនាំ តើប្រជាជាតិទាំងមូលសុខចិត្តលះបង់ដែរទេ?

ក្រឡេកមកមើលស្ថានភាពបច្ចុប្បន្ន សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត។

គេ​និយាយ​ថារុស្ស៊ី​មាន​កំហុសដោយចេតនា​ឈ្លានពាន​អ៊ុយក្រែន។ ប៉ុន្តែ​សំណួរ​សំខាន់​ជាង​នេះ​ទៅ​ទៀត​​គឺ​​ថា ហេតុ​អ្វី​​បាន​​ជា​​រុស្ស៊ី​​ធ្វើ​​ដូច្នេះ?

វៀតណាមក៏ធ្លាប់ឆ្លងកាត់សង្គ្រាមយ៉ាងសាហាវឃោរឃៅអូសបន្លាយរយៈពេលប្រហែល ២០ ឆ្នាំ។

ហេតុអ្វីបានជាប្រទេសមួយបែរជាត្រូវបែងចែកជាពីរ ហើយ​មនុស្ស​ដែល​មាន​ជាតិ​សាសន៍​តែមួយបែរជាប្រឈមមុខដាក់គ្នា។

តើនេះអាចបណ្តាលមកពីល្បិចកលនយោបាយខាងក្រៅដែរទេ?

នៅពីក្រោយសង្គ្រាមនីមួយៗ តែងតែមានហេតុផល។ ហើយក៏អាចនឹងមានប្រទេសដទៃទៀតបានបង្កើតហេតុផលទាំងនោះ។

ប្រទេសទាំងអស់ ប្រជាជនគ្រប់រូបសុទ្ធតែមានសិទ្ធិស្រឡាញ់ប្រទេសជាតិ និងរស់នៅក្នុងសន្តិភាព។

ជាការពិតណាស់ ពួកគេក៏មានសិទ្ធិជំទាស់ផងដែរ។

ប៉ុន្តែគ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងវាសនារបស់ប្រទេសមួយផ្សេងទៀតឡើយ។

ក្នុងបរិបទបច្ចុប្បន្ន ខណៈពេលដែលអឺរ៉ុបកំពុងជាប់គាំង ហើយសហរដ្ឋអាមេរិកប្រឈមមុខនឹងការលំបាក មជ្ឈមណ្ឌលសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរឆ្ពោះទៅរកអាស៊ីបន្តិចម្តងៗ។

នេះអាចជាពេលវេលាសម្រាប់បណ្តាប្រទេសអាស៊ី ប្រទេសដែលធ្លាប់រងការគាបសង្កត់ច្រើនកាល​ពី​អតីតកាល ក្រោកឈរឡើងដោយទំនុកចិត្ត និងអភិវឌ្ឍយ៉ាងខ្លាំងដោយមិនស្ថិតក្រោមការគ្រប់​គ្រង​របស់​ប្រទេស​ដទៃ​ទៀត។

គេ​និយាយ​ថា ជប៉ុនកំពុងឈានចូលយុគសម័យថ្មី ដោយមាន​រដ្ឋាភិបាលដ៏រឹងមាំ​បំផុតបន្ទាប់​ពី​សង្គ្រាម។

ដំណាក់កាលច្របូកច្របល់ដើម្បីផ្លាស់ប្តូរកំពុងចាប់ផ្តើម។

សម័យកាលដែលប្រើប្រាស់សង្គ្រាម ឬឧបាយកលដើម្បីដណ្តើមយកទឹកដី និងផលប្រយោជន៍របស់​ប្រទេស​ដទៃ​ទៀត​បាន​បញ្ចប់​ហើយ។

នេះ​ជា​សម័យកាលដែល​ប្រវត្តិសាស្ត្រ​ត្រូវបិទបាំងនឹងលាតត្រដាង។ ហើយប្រទេស និងប្រជាជាតិនីមួយៗ​នឹង​រក​ឃើញ​​អត្តសញ្ញាណ និង​​មោទនភាព​​ជាតិ​​របស់​​ខ្លួន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: