ពិតទេដែលថាសន្តិភាពពិភពលោកត្រូវបានផ្សារភ្ជាប់ដោយកីឡាបេស្បល និងតួអង្គ “Minions” នៅជប៉ុន
ពិតទេដែលថាសន្តិភាពពិភពលោកត្រូវបានផ្សារភ្ជាប់ដោយកីឡាបេស្បល និងតួអង្គ “Minions” នៅជប៉ុន។
ស្រដៀងនឹង World Cup ខាងបាល់ទាត់ដែរ ការប្រកួតកីឡាបេស្បលពិភពលោក World Baseball Classic (WBC) មិនត្រឹមតែស្វែងរកប្រទេសដែលខ្លាំងបំផុតខាងកីឡាបេស្បលប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ចែករំលែករឿងរ៉ាវដ៏រំភើបចិត្តដែលលើសពីកីឡានេះទៅទៀត។
នៅទីនេះ គេមិនត្រឹមតែនិយាយពីជ័យជម្នះ ឬបរាជ័យប៉ុណ្ណោះទេ ថែមទាំងរំលឹកដល់ទឹកចិត្តដ៏ល្អ ការគោរពគ្នារវាងប្រទេស និងប្រទេស ហើយលើកនេះថែមទាំងមាន “Minions” ក្នុងជីវិតពិតផងដែរ។
នៅពេលដែលទង់ជាតិមិនអាចបង្ហាញ… ប៉ុន្តែនៅតែទទួលបានការគោរព
តៃវ៉ាន់តែងតែស្ថិតក្រោមស្ថានភាពតានតឹង មិនត្រូវបានទទួលស្គាល់ថាជាប្រទេសមួយពេញលេញនោះទេ ប៉ុន្តែក៏មិនអាចចាត់ទុកជាផ្នែកមួយនៃប្រទេសចិននោះដែរ។
ដូច្នេះហើយ ពួកគេត្រូវបង្ខំចិត្តប្រកួតដោយប្រើឈ្មោះថា “Chinese Taipei” មិនអាចកាន់ទង់ជាតិពេលចេញទៅទីលាននោះទេ។ សម្រាប់អត្តពលិកដែលបំពាក់លើខ្លួនមោទនភាពជាតិ នោះជាការសោកស្ដាយដែលមិនអាចនិយាយចេញបាន។
ទោះជាយ៉ាងណា នៅពេលដែលប្រកួតជាមួយនឹងក្រុមតៃវ៉ាន់ ក្រុមឆែកបានធ្វើរឿងមួយដែលធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើល។ ពួកគេបាននាំយកទង់ជាតិតៃវ៉ាន់ចេញទៅកាន់ទីលាន។
ត្រឹមសកម្មភាពតូចមួយ ប៉ុន្តែបង្ហាញពីការគោរពយ៉ាងខ្លាំងចំពោះគូប្រកួត។ ហើយភ្លាមៗនោះ សកម្មភាពនេះទទួលបានការសរសើរយ៉ាងច្រើន។
ផ្ទុយទៅវិញ រដ្ឋាភិបាលចិន ដែលតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិនបានបង្ហាញការប្រឆាំងយ៉ាងខ្លាំង។
ការដែលអ្នកតំណាងម្នាក់មកពីតៃវ៉ាន់ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីទស្សនាការប្រកួត ទោះបីជាទៅមើលលក្ខណៈបុគ្គលក៏ដោយ ក៏អាចនឹងទទួលការរិះគន់ផងដែរ។
រដ្ឋាភិបាលជប៉ុនរក្សាគោលជំហរស្មើភាពដោយបញ្ជាក់ថា នេះគ្រាន់តែជាការធ្វើដំណើរលក្ខណៈបុគ្គល ដូច្នេះមិនទទួលបានការអន្តរាគមន៍ ឬជំនួយអ្វីពីរដ្ឋនោះឡើយ។
រវាងសកម្មភាពរបស់កីឡាករឆែក និងប្រតិកម្មយ៉ាងតឹងរ៉ឹងពីនយោបាយ។ តើនរណាទើបជាអ្នកដែលយល់ពីអារម្មណ៍របស់ប្រជាជនតៃវ៉ាន់?
មនុស្សធម្មតាបង្កើតបានជាអព្ភូតហេតុ
នៅប្រទេសជប៉ុន ជាកន្លែងដែលប្រព្រឹត្តការប្រកួត WBC ស្តង់តែងតែពេញទៅដោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។
ប៉ុន្តែចំណុចដ៏គួរឲ្យភ្ញាក់ផ្អើលគឺចំនួនអ្នកគាំទ្រក្រុមឆែកក៏ច្រើនមិនស្ទើរនោះដេរ។
មុននោះ ប្រជាជនជប៉ុនជាច្រើនថែមទាំងមិនដឹងថាសាធារណរដ្ឋឆែកស្ថិតនៅកន្លែងណាលើផែនទីនោះទេ ដូច្នេះតើចំណុចអ្វីដែលធ្វើឲ្យពួកគេចូលចិត្តក្រុមជម្រើសជាតិឆែកបែបនេះ?
តាមពិតទៅ ក្រុមជម្រើសជាតិឆែកមានលក្ខណៈពិសេសមួយដែលក្រុមដទៃទៀតមិនមាន។
មិនដូចជាក្រុមដទៃទៀតដែលប្រមូលផ្តុំទៅដោយតារាអាជីពនោះទេ កីឡាករឆែកទាំងអស់សុទ្ធតែមានមុខរបររៀងៗខ្លួន។ ពួកគេគ្រាន់តែលេងកីឡាបេស្បលនៅពេលយប់ ឬថ្ងៃឈប់សម្រាកប៉ុណ្ណោះ។
គ្មានភាពទាក់ទាញ គ្មានកេរ្តិ៍ឈ្មោះ មានតែការតស៊ូ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ។
ហើយដោយសារតែស្មារតីនោះបានធ្វើឲ្យប្រជាជនជប៉ុនរំភើបចិត្តយ៉ាងខ្លាំង។
អ្នកបោះបាល់ (pitcher) ជនជាតិឆែកម្នាក់ ជាអ្នកដែលបានប្រកាសថានឹងចូលនិវត្តន៍ក្រោយការប្រកួត WBC លើកនេះ មិនមែនជាអ្នកបោះដ៏ខ្លាំងម្នាក់ដូចជា Shohei Ohtani នោះទេ ហើយក៏មិនមែនជាអ្នកវាយដ៏ឆ្នើមម្នាក់នោះដែរ។
យ៉ាងណាមិញ នៅពេលដែលគាត់ចេញពីទីលាន អ្នកទស្សនាស្ទើរតែទាំងអស់ក្នុងចំណោមមនុស្ស ៤ ម៉ឺននាក់បានក្រោកឈរ ដោយទះដៃ និងលើកទឹកចិត្តគាត់យ៉ាងខ្លាំង។
កីឡាករដែលមិនមាននរណាម្នាក់ស្គាល់ ប្រកួតឆ្ងាយពីស្រុកកំណើត ប៉ុន្តែបែរជាទទួលបានការលើកទឹកចិត្តយ៉ាងកក់ក្តៅដូច្នេះ។
ប្រហែលនោះជាពេលវេលាដែលអត្តពលិកគ្រប់រូបស្រមៃចង់បានក្នុងជីវិតរបស់ខ្លួន។
ហើយបន្ទាប់មក… “Minions” បានបង្ហាញខ្លួន។
ក្នុងអំឡុងពេលអត្ថាធិប្បាយការប្រកួត WBC អ្នកអត្ថាធិប្បាយជនជាតិអាមេរិកម្នាក់ស្រាប់តែស្រែកឡើងយ៉ាងរំភើបថា៖
“នៅប្រទេសជប៉ុន… មាន Minions ពិតមែន!!”
នៅពេលនោះ នៅលើអេក្រង់គឺជារូបភាពប្អូនៗថ្នាក់មត្តេយ្យជប៉ុន ពាក់មួកពណ៌លឿងដូចគ្នា អង្គុយយ៉ាងមានរបៀបនៅលើកៅអី។
មិនរត់លេង មិនបង្កសំឡេងរំខាន ប្អូនៗទស្សនាការប្រកួតយ៉ាងយកចិត្តទុកដាក់ និងគាំទ្រក្រុមឆែកដោយភាពម៉ឺងម៉ាត់។
រូបភាពនោះធ្វើឲ្យយើងគ្រប់គ្នាស្រមៃគិតភ្លាមដល់ Minions ដ៏គួរឲ្យស្រលាញ់។
ការប្រៀបធៀបដ៏គួរឲ្យចាប់អារម្មណ៍នេះត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ហើយថែមទាំងក្លាយជាប្រធានបទដែលត្រូវបានគេលើកមកនិយាយច្រើនជាងការប្រកួតរវាងអូស្ត្រាលី និងឆែកទៅទៀត។
ត្រឹមទិដ្ឋភាពតូចមួយ… ប៉ុន្តែបានធ្វើឲ្យពិភពលោកទាំងមូលសើចញញឹម។
ការប្រកួត WBC មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ យើងមើលឃើញពីការគោរពរវាងប្រទេស និងប្រទេស ការយោគយល់គ្នា ការលើកទឹកចិត្តសម្រាប់បុគ្គលដែលខិតខំប្រឹងប្រែង មិនថាពួកគេជានរណា និងពេលវេលាដ៏កក់ក្តៅដែលធ្វើឲ្យពិភពលោកកាន់តែស្និទ្ធស្នាលគ្នា។
ប្រហែលជាសន្តិភាពមិនមែនជាអ្វីដែលឆ្ងាយពេកនោះទេ។
នៅពេលខ្លះ វាផ្តើមចេញពីសកម្មភាពដែលតូចបំផុត ដូចជាសកម្មភាពដែលមនុស្សធ្វើដាក់គ្នាទៅវិញទៅមកនៅលើទីលានបាល់ទាត់ជាដើម។
Abe Kengo

