“ពិធីបុណ្យឆបោកនៅនិទាឃរដូវ” – ធាតុពិតនៃផ្កាសាគូរ៉ាដែលមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្ត
“ពិធីបុណ្យឆបោកនៅនិទាឃរដូវ” – ធាតុពិតនៃផ្កាសាគូរ៉ាដែលមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្ត។
ជារៀងរាល់រដូវផ្ការីក ប្រទេសជប៉ុនឈានចូល “រដូវផ្កាសាគូរ៉ា” មិនត្រឹមតែមើលឃើញនៅលើដើមឈើប៉ុណ្ណោះទេ ថែមទាំងធ្លាក់មកលើធ្នើរដាក់ទំនិញផងដែរ។ ដូច្នេះហើយ ផលិតផលជាច្រើនប្រភេទដូចជាភេសជ្ជៈ នំបង្អែម និងគ្រឿងសម្អាងដែលប្រើឈ្មោះថា “ក្លិនផ្កាសាគូរ៉ា” ឬ “រសជាតិផ្កាសាគូរ៉ា” ចាប់ផ្តើមត្រូវបានផលិតក្នុងបរិមាណមានកំណត់។
សូម្បីតែម៉ាកល្បីៗដូចជា Starbucks ឬ KitKat ក៏មិននៅស្ងៀមនោះដែរ ដែលបង្ហាញពីផលិតផលពណ៌ផ្កាឈូកដ៏ទាក់ទាញរបស់ខ្លួន ស្អាតរហូតដល់ថ្នាក់គ្រាន់តែឃើញក៏ចង់ទិញដែរ។
យ៉ាងណាមិញ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថា៖
- “តើរសជាតិរបស់សាគូរ៉ាជាអ្វីឲ្យប្រាកដ?”
មានរសជាតិប្រៃបន្តិច លាយជាមួយរសជាតិផ្អែម និងល្វីងដូចជាវ៉ានីឡា ជារសជាតិដែលប្លែកដូចរដូវផ្ការីក។ ប៉ុន្តែមានចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយត្រង់ថា ភាគច្រើនយើងមិនធ្លាប់ភ្លក់រសជាតិផ្កាសាគូរ៉ាពិតប្រាកដនោះទេ។
ដូច្នេះតើរសជាតិដែលគេហៅថា “រសជាតិសាគូរ៉ា” នោះគឺជារសជាតិពិតរបស់ផ្កាមែនទេ?
ចម្លើយគឺថា៖
ត្រូវ… ហើយក៏មិនត្រូវទាំងស្រុងនោះដែរ។
ពណ៌ផ្កាឈូកស្រាលស្រទន់នោះធ្វើឲ្យយើងគិតទៅដល់ផ្កាសាគូរ៉ា ហើយជឿថាវាត្រូវបានផលិតឡើងពីត្របកផ្កា។ ប៉ុន្តែតាមពិតទៅ វាគ្រាន់តែជាពណ៌ប៉ុណ្ណោះ។
រសជាតិពិសេសដែលយើងទទួលបានបែរជាមិនមែនមកពីផ្កានោះទេ ប៉ុន្តែមកពីស្លឹក។
អ្វីដែលបង្កើតបានជា “រសជាតិសាគូរ៉ា” គឺជាសារធាតុដែលគេហៅថា Coumarin ដែលមានក្នុងស្លឹកផ្កាសាគូរ៉ា។ មិនត្រឹមតែអាហារប៉ុណ្ណោះទេ សូម្បីតែទឹកអប់ដែលមានក្លិនសាគូរ៉ាក៏ត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំនេះផងដែរ។
តាមពិតទៅ ផ្កាសាគូរ៉ាពិត ទោះបីជានៅពេលដែលកំពុងរីកក៏ដោយ ក៏ស្ទើរតែមិនមានក្លិនច្បាស់លាស់នោះទេ។
ស្លឹកស្រស់ក៏ដូច្នេះដែរ។
លុះត្រាតែស្លឹកត្រូវបានត្រាំក្នុងអំបិល ទើបសារធាតុ Coumarin ត្រូវបានបញ្ចេញ ដែលបង្កើតបានជាក្លិនក្រអូបដែលយើងតែងតែហៅថា “ក្លិនសាគូរ៉ា”។
នេះជាមូលហេតុដែលផលិតផលទាំងនេះច្រើនតែមានរសជាតិប្រៃបន្តិច។
ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹងនោះទេ។
ជាទូទៅផលិតផលដែលមានផ្កាសាគូរ៉ាលក់ច្រើនចាប់ពីខែមីនាដល់ខែមេសា ជារដូវផ្កាសាគូរ៉ារីក។ ទន្ទឹមនឹងនោះ ស្លឹកផ្កាសាគូរ៉ាដែលប្រើជាគ្រឿងផ្សំសំខាន់បែរជាត្រូវបានប្រមូលផលបន្ទាប់ពីផ្កាស្រពោន ពោលគឺខែឧសភា។
ជាក់ស្តែងណាស់ នេះជាចំណុចដែលមិនស៊ីសង្វាក់គ្នាទាក់ទងនឹងពេលវេលា។
យ៉ាងណាមិញ យើងបែរជារីករាយនឹងរសជាតិដែលមិនមានក្នុងត្របក និងស្លឹកផ្កាសាគូរ៉ាស្រស់ ហើយងក់ក្បាលនិយាយថា៖
“អូ! ក្លិនផ្កាសាគូរ៉ាពិតជាក្រអូបណាស់ ជាក្លិននៃនិទាឃរដូវ…”
តាមពិតទៅ… យើងកំពុងតែត្រូវបោកបញ្ឆោតដោយពណ៌ផ្កាឈូកដែលស្រដៀងនឹងផ្កាសាគូរ៉ាមែនដែរទេ?
ចំណុចដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតត្រង់ថា។
មិនដូចជាអ្វីដែលយើងស្រមៃនោះទេ ផ្កាសាគូរ៉ាដ៏ស្រស់ស្អាតដែលយើងតែងតែឃើញ ឬគិតដល់គឺជាសាគូរ៉ាដែលមានឈ្មោះថា Somei Yoshino ។ ការចម្រាញ់យកសារធាតុ Coumarin ចេញពីស្លឹកដើមសាគូរ៉ានេះពិតជាពិបាកខ្លាំងណាស់។ ដូច្នេះគេយកពូជដើមសាគូរ៉ាព្រៃមួយប្រភេទដែលមានឈ្មោះថា Oshima Zakura សម្រាប់ជំនួស។
សរុបទៅ នេះជា “ការបោកបញ្ឆោត” ដែលមិននឹកស្មាន។
គេបង្កើតរសជាតិ និងក្លិនដែលអ្នកមិនធ្លាប់ដឹងពីមុនមក ប៉ុន្តែបែរជាធ្វើឲ្យអ្នកគិតដល់ទិដ្ឋភាពផ្កាសាគូរ៉ាកំពុងរីក។ ទាំងដែលក្លិននោះមិនមែនមកពីផ្កាដែលកំពុងរីកនោះទេ។
បើហៅថា “ជាការបោកប្រាស់” ហាក់បីដូចជាបំផ្លើសពេក ប៉ុន្តែច្បាស់ណាស់វាធ្វើឲ្យយើងគិតស្រមើស្រមៃដោយខ្លួនឯង ថែមទាំងត្រូវបានលក់ក្រោមទម្រង់ “ផលិតផលមានកំណត់តាមរដូវ” ទៀតផង។
ខណៈពេលដែលជាក់ស្តែង ស្លឹកសាគូរ៉ាប្រៃអាចប្រើបានពេញមួយឆ្នាំ។
ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ យុទ្ធសាស្ត្រនេះមិនមែនជាយុទ្ធសាស្រ្តថ្មីនោះទេ។
ចាប់តាំងពីឆ្នាំ ១៦៨៣ មក Sakura mochi – ដែលជាប្រភេទនំ mochi ពណ៌ផ្កាឈូករុំដោយស្លឹកផ្កាសាគូរ៉ាប្រៃ – ក៏ធ្លាប់ជាអាហារដ៏ពេញនិយមផងដែរ។
ជាង ៣០០ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែវិធីសាស្រ្តលក់បែបនេះនៅតែទាក់ទាញ និងមានប្រសិទ្ធភាពរហូតមកដល់សព្វថ្ងៃនេះ។
អ្នកដែលរកឃើញវិធីសាស្រ្តនេះពិតជាអ្នកជំនាញផ្នែកទីផ្សារម្នាក់មែន។
Abe Kengo
