“ព្រះ​នាង​ដែលសាមញ្ញបំផុត” នៃ​រាជវង្សានុវង្ស​ជប៉ុន

“ព្រះ​នាង​​ដែល​សាមញ្ញ​បំផុត” នៃ​រាជវង្សានុវង្ស​ជប៉ុន។

រាជវង្សជប៉ុនគឺជារាជវង្សានុវង្សរបស់អធិរាជ។

ហើយក្នុងចំណោមសមាជិករាជវង្សានុវង្សជប៉ុន ព្រះនាង Akiko ត្រូវបានគេស្គាល់ថា ជាមនុស្សដែល​មាន​របៀប​រស់​នៅ​សាមញ្ញ និង​រួស​រាយ​រាក់​ទាក់។ នេះ​ក៏​ជា​មូល​ហេតុ​ដែលព្រះនាងទទួលបានការ​ស្រលាញ់​ចូល​ចិត្ត​ជា​ច្រើន​ពី​ប្រជាជន​ជប៉ុន។

ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងនឹងស្វែងយល់អំពីរឿងរ៉ាវប្រចាំថ្ងៃរបស់ព្រះនាង ទ្រង់ថែមទាំងត្រូវ​បាន​ដាក់​រហស្សនាម​ថា “ព្រះ​នាង​ដែល​ប្លែក​ពី​គេ” ។

មានម្តង ព្រះនាង Akiko បានយាងទៅហាងកាហ្វេ manga មួយកន្លែង – ជាកន្លែងដែលភ្ញៀវអាចមកអានសៀវភៅរឿង និងផឹកភេសជ្ជៈជាច្រើនប្រភេទ ជាប្រភេទហាងដែលមានច្រើននៅជប៉ុន។

ប៉ុន្តែដើម្បីចូលហាងបែបនេះ ភ្ញៀវត្រូវចុះឈ្មោះសម្រាប់កាតសមាជិក។

ដោយសារតែព្រះនាង Akiko ​មិនមែនជាសមាជិកសំខាន់ក្នុងរាជវង្សានុវង្ស ដូច្នេះប្រជាជនជប៉ុន​ជា​ច្រើនមើលមិនស្គាល់ព្រះនាង រួមទាំងបុគ្គលិក​ក្នុង​ហាង​ផង​ដែរ។ ដូច្នេះហើយ ពួកគេបាន​បន្តដំណើរការចុះឈ្មោះដូចជាភ្ញៀវដទៃទៀតដែរ។ ប៉ុន្តែនៅពេលដែលបញ្ចូលព័ត៌មានក្នុងប្រព័ន្ធ​បែរ​ជា​មិន​អាច​ចុះ​ឈ្មោះ​បាន។

មូល​ហេតុ​ដោយ​សារ​តែ​នៅ​ប្រទេស​ជប៉ុន នៅ​ពេល​ដែល​ចុះ​ឈ្មោះ ព័ត៌មាន​ចាំ​បាច់​ត្រូវ​មាន​នាមត្រកូល និង​​នាម​​ខ្លួន។ ទន្ទឹម​នឹង​នោះ រាជវង្សានុវង្ស​ជប៉ុន​មិន​មាន​នាម​ត្រកូល​នោះ​ទេ។

ព្រះនាងបានពន្យល់ថាឈ្មោះរបស់ខ្លួនមានតែ “Akiko” ប៉ុណ្ណោះ។

នៅពេលនោះ ដោយមើលឃើញពីបញ្ហា បុគ្គលិកមានការភ័យស្លន់ស្លោ ហើយសម្លឹងមើលគ្នាទៅវិញទៅមក។ នៅទីបំផុត ពួកគេបានធ្វើកាតសមាជិកមួយសន្លឹកឲ្យព្រះនាង ដែលមានឈ្មោះដ៏គួរឲ្យថ្លៃថ្នូរថា “Akiko Joo – (ម្ចាស់ក្សត្រី Akiko)” ។

រឿងមួយផ្សេងទៀតក៏ល្បីណាស់ដែរ។

ជាធម្មតា ដើម្បីជៀសវាងការខ្ជះខ្ជាយប្រាក់ ព្រះនាង Akiko តែងតែធ្វើដំណើរទៅក្រៅប្រទេសដោយ​យន្ត​ហោះ​ដែល​មាន​តម្លៃ​ថោក។

ទោះជាយ៉ាងណា នៅពេលដែលបំពេញឯកសារចូលប្រទេស ព្រះនាងបានបង្ហាញពីលិខិតឆ្លងដែនការទូត ជាប្រភេទលិខិតឆ្លងដែនពិសេសសម្រាប់សមាជិករាជវង្ស និងអ្នកការទូត ដែលមាន​ពណ៌​ខុស​ពី​លិខិត​ឆ្លង​ដែន​ធម្មតា។

សមាជិកគ្រួសាររាជវង្សមិនចុះឈ្មោះដូចជា​ពលរដ្ឋ​ធម្មតា​នោះទេ ហើយគ្រួសាររាជវង្ស​មាន​តែ​លិខិត​​ឆ្លង​ដែន​​នេះ​​ប៉ុណ្ណោះ។

ដោយមើលឃើញលិខិតឆ្លងដែនការទូត ប៉ុន្តែបែរជាធ្វើដំណើរដោយយន្តហោះដែលមានតម្លៃថោក មន្ត្រីអន្តោប្រវេសន៍ចាប់ផ្តើមមានការសង្ស័យ ដោយគិតថា ព្រះនាងនឹងមិនយាងជិះយន្ត​ហោះ​ដែល​មាន​តម្លៃ​ថោក​នោះ​ទេ។

ដូច្នេះហើយ ពួកគេថែមទាំងសង្ស័យថា នេះជាលិខិតឆ្លងដែនក្លែងក្លាយ ហើយថែមទាំងចង់នាំព្រះ​នាង​ចូល​បន្ទប់​ត្រួត​ពិនិត្យ​ទៀត​ផង។

នៅទីបំផុត ព្រះនាង Akiko បានពន្យល់ថា ខ្លួនជាព្រះនាងនៃប្រទេសជប៉ុន។

ក្រោយពេលផ្ទៀងផ្ទាត់រួច ទើបព្រះនាងអាចចូលប្រទេសបាន។

តាមពិតទៅ ងារ​ផ្លូវការ​របស់ព្រះនាង Akiko គឺ “Joo” ដូច្នេះងារដែលត្រឹមត្រូវគួរតែហៅថា ម្ចាស់​ក្សត្រី មិន​មែន​ព្រះ​នាង​នោះ​ទេ។

រាល់ពេលដែលចេញទៅក្រៅ ទោះបីមិនមែនជាកំហុសរបស់ខ្លួនក៏ដោយ ប៉ុន្តែហេតុការណ៍ដែលកម្រ​មានបែរជាកើតឡើងញឹកញាប់។ ដូច្នេះហើយ មនុស្សជាច្រើននិយាយលេងសើចថា ជីវិតរបស់​ព្រះ​នាង​ដូចទៅនឹង​រឿង​អ្នក​ស៊ើប​អង្កេត Conan ណាស់ – ទៅ​ដល់​ទីណា​តែង​តែ​មាន​រឿងកើត​​ឡើង។

ទោះបីជាសមាជិកគ្រួសាររាជវង្សក៏ដោយ ព្រះនាង Akiko នៅតែចូលចិត្តជីវិតបែបសាមញ្ញដូចជាមនុស្ស​ធម្មតា។ គេនិយាយថា ព្រះនាងថែមទាំងយាងទៅកាន់ហាងដែលមានបញ្ចុះតម្លៃដើម្បី​រកទិញទំនិញដូចជាប្រជាពលរដ្ឋដទៃទៀតដែរ។

ក្នុងចំណោមព្រះនាងជាច្រើននៅលើពិភពលោក ប្រហែលជាកម្រមាននរណាមានភាពរួសរាយរាក់​ទាក់ និង​ពិសេស​បែប​នេះ​ណាស់។

ប្រហែលជានៅពេលដែលអ្នកទៅលេងជប៉ុន ទ្រង់​កំពុង​ឈរ​តម្រង់​ជួរ​ពី​មុខ​អ្នក​នៅ​កន្លែង​បញ្ជរទូទាត់​ប្រាក់​ក៏​ថា​បាន។

តាមពិតទៅ ទ្រង់ជាព្រះនាងនៃប្រទេសជប៉ុនសោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: