ឆ្លងកាត់​បទ​ពិសោធ​នៃ​រញ្ជួយដី​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១១

ឆ្លងកាត់​បទ​ពិសោធ​នៃ​រញ្ជួយដី​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១១ ។

នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ – ជាថ្ងៃដែលខ្ញុំមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ។

នោះជាថ្ងៃដែលកើតមានរញ្ជួយដីយ៉ាងខ្លាំងវាយប្រហារតំបន់ Tohoku នៃប្រទេសជប៉ុន បន្ទាប់​មក​គឺ​រលក​យក្សស៊ូណាមិ និង​គ្រោះ​មហន្តរាយនុយ​ក្លេអ៊ែរ។

នៅពេលនោះ ខ្ញុំកំពុងរស់នៅខេត្ត Chiba ដែលនៅជាប់នឹង Tokyo ចំណែកឯឪពុករបស់ខ្ញុំជាអ្នក​ស្រុកនៅ Tohoku ជាកន្លែងដែលកើតមានគ្រោះមហន្តរាយ។ ដូច្នេះហើយ ចាប់ពីពេលនោះ​មក ការ​ឈឺចាប់នៃគ្រោះមហន្តរាយមិនត្រឹមតែជាព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះទេ ប៉ុន្តែ​​បាន​​ក្លាយជា​ការ​ចង​ចាំ​​ដ៏​គួរ​ឲ្យ​ខ្លាច​ក្នុងចិត្តរបស់​ខ្ញុំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

នៅវេលាម៉ោង ១៤ៈ៤៦ នាទីរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅតំបន់ Tohoku ។

រញ្ជួយដីបានរាលដាលទៅកាន់កន្លែងជាច្រើន រួមទាំងកន្លែងដែលខ្ញុំកំពុងរស់នៅផងដែរ។

នៅពេលនោះ ខ្ញុំកំពុងអង្គុយហូបអាហារថ្ងៃត្រង់ក្នុងហាងហាំប៊ឺហ្គឺ​មួយ ស្រាប់តែផ្ទៃដីចាប់ផ្តើម​រញ្ជួយ។ ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ស្ថាន​ភាព​ហាង​ទាំង​មូល​ច្របូក​ច្របល់។

បុគ្គលិក និងភ្ញៀវសុទ្ធតែប្រញាប់ចូលទៅក្រោមតុយ៉ាងលឿន។

នៅលើក្បាលរបស់ពួកខ្ញុំ អំពូលភ្លើងដែលប្រើសម្រាប់តុបតែងយោលទៅមកយ៉ាងខ្លាំង។ ខ្ញុំខ្លាច​ថា​អំពូលភ្លើងទាំងនោះប៉ះទង្គិចគ្នា ហើយបែកខ្ទេចខ្ទី អំបែងនឹងខ្ចាត់ខ្ចាយគ្រប់ទីកន្លែង ដូច្នេះទើប​ខ្ញុំ​ក្រោក​ឈរ​ដើម្បី​ទប់។ ប៉ុន្តែរញ្ជួយដីខ្លាំងរហូតដល់ថ្នាក់ខ្ញុំមិនអាចឈរបានឡើយ។

ប្រជាជនជប៉ុនទម្លាប់នឹងរញ្ជួយដីទៅហើយ ដូច្នេះដំបូងឡើយគ្មាននរណាម្នាក់ភ័យស្លន់ស្លោពេកទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​ផ្ទៃដី​បន្ត​រញ្ជួយ​ឥត​ឈប់​ឈរ ភាព​ភ័យ​ខ្លាច​កាន់​តែ​ច្រើន​ឡើង។

ទោះបីជាមានរយៈពេលត្រឹមតែ ៣ នាទីក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលរញ្ជួយដីនោះ គ្រប់គ្នាមានអារម្មណ៍ថាពេលវេលាដូចជាយូរខ្លាំងណាស់។

ក្រោយរញ្ជួយដី ខ្ញុំបានប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញ។ នៅពេលនោះកូនស្រីរបស់ខ្ញុំដែលរៀនថ្នាក់ទី ៤ ក៏ទើបតែរត់ទៅផ្ទះដែរ។ នាង​ញ័រ​ព្រោះ​តែ​ភ័យ​ខ្លាច ប៉ុន្តែ​នៅ​ពេល​ដែល​មើលឃើញខ្ញុំ ក្រសែ​ភ្នែក​របស់​កូន​ធូរ​ស្រាល​ឡើង​វិញ។

បន្ទាប់មក គ្រោះមហន្តរាយកើតឡើងជាបន្តបន្ទាប់។

ឪពុកម្តាយមិត្តភក្តិរបស់កូនស្រីខ្ញុំសុទ្ធតែកំពុងទៅធ្វើការ ទូរស័ព្ទសុទ្ធតែមិនអាចទំនាក់ទំនងបាន​។ ចំណេកឯរថភ្លើងប្រាកដជាលែងដំណើរការ គិតដល់ទិដ្ឋភាពក្មេងៗត្រូវរង់ចាំតែម្នាក់ឯងក្នុង​ភាពភ័យខ្លាច ខ្ញុំទ្រាំមិនបាននោះទេ។ ដូច្នេះហើយ ឪពុកកូនរបស់ខ្ញុំបានទៅដល់ផ្ទះនីមួយៗ យើង​ទទួល​ប្អូនៗ​ទៅ​ផ្ទះ​របស់​ខ្លួន ហើយបន្សល់ទុកសារផ្តាំផ្ញើនៅមុខផ្ទះឪពុកម្តាយរបស់ពួកគេ។

មិនយូរប៉ុន្មាន ផ្ទះរបស់ខ្ញុំបានក្លាយជាជម្រកបណ្ដោះអាសន្នសម្រាប់ក្មេងៗ។

រំញ័របន្ទាប់ពីរញ្ជួយដីជាបន្តបន្ទាប់អូសបន្លាយរយៈពេលជិតមួយខែ ប៉ុន្តែនៅពេលដែលនៅជិតគ្នា ភាព​ភ័យ​ខ្លាច​ក្នុងចិត្តរបស់ពួកយើងក៏កាត់បន្ថយបានខ្លះដែរ។

នៅពេលដែលរថភ្លើងឈប់ដំណើរការ មនុស្សជាច្រើនត្រូវដើររាប់សិបគីឡូម៉ែត្រដើម្បីត្រឡប់ទៅផ្ទះវិញ រួមទាំងឪពុកម្តាយរបស់ប្អូនៗផងដែរ។ នៅពេលដែលទៅដល់ផ្ទះ ពួកគេមើលឃើញសារផ្តាំផ្ញើ ហើយទៅយកកូនម្តងម្នាក់ៗទាំងទឹកភ្នែក និងអារម្មណ៍ធូរចិត្ត។

ក្នុងអំឡុងពេលនោះ ពួកយើងតាមដានព័ត៌មានលើកញ្ចក់ទូរទស្សន៍ដើម្បីទទួលបានដំណឹងដែលថ្មីបំផុត។ រូបភាពនៃរលកយក្សស៊ូណាមិបានបោកបក់ទីក្រុងទាំងមូលក្នុងតំបន់ Tohoku ត្រូវបាន​ចាក់​ផ្សាយឡើងវិញម្តងហើយម្តងទៀត។ នោះជាកន្លែងដែលខ្ញុំធ្លាប់ទៅលេងជារៀងរាល់ឆ្នាំកាល​ពី​នៅ​តូច។ នៅពេលដែលមើលឃើញដងផ្លូវត្រូវទឹកដែលមានពណ៌ខ្មៅបោកបក់ ខ្ញុំមានការភ្ញាក់​​ផ្អើល​​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​​លែង​​ហ៊ាន​​មើល​​អេក្រង់​​តទៅ​ទៀត។

នៅយប់នោះ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បាត់បង់ការគ្រប់គ្រង ដែលបណ្តាលឲ្យកើតមានករណីផ្ទុះនៅថ្ងៃបន្ទាប់ វេលាម៉ោង ១៥ៈ៣៦ នាទីរសៀល នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១១ ។

ខ្ញុំនៅចាំបានយ៉ាងច្បាស់ពេលដែលមើលឃើញវីដេអូបង្ហាញពីករណីផ្ទុះលើកញ្ចក់ទូរទស្សន៍ គំនិតដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​បាន​លេច​ឡើង​ក្នុង​ក្បាល​របស់​ខ្ញុំ៖

“ប្រហែលជា… ជប៉ុនចប់ហើយ។”

ទោះបីជារថភ្លើងនៅទីក្រុង Tokyo បានដំណើរការឡើងវិញយ៉ាងឆាប់រហ័ស ប៉ុន្តែ​កង្វះ​ខាតអគ្គិសនី​​បែរ​​ជា​ធ្ងន់​​ធ្ងរ។

ភ្លើង​តាម​ដង​ផ្លូវ​ត្រូវ​បាន​បិទខ្លះ ស្ថានីយ​រថភ្លើង​ងងឹត​ពាក់​កណ្ដាល។ ទីក្រុងដែលធ្លាប់តែ​ភ្លឺ​ស្រាប់​តែ​​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រពេចស្រពិល។

នៅពេលដែលមើលឃើញទីក្រុង Tokyo ងងឹតបែបនេះ ខ្ញុំបែរជាមានអារម្មណ៍ដូចជាកំពុងមើលឃើញ​ការ​ដួលរលំ​នៃ​ប្រជាជាតិ​ទាំង​មូល។

បន្ទាប់មកដល់ថ្ងៃដែលដាច់​អគ្គិសនីជា​បន្តបន្ទាប់។

នៅពេលដែលដល់ម៉ោងកំណត់ តំបន់ទាំងមូលស្ថិតក្នុងស្ថានភាពងងឹតសូន្យឈឹង។ ភ្លើង​ស្តុប​លែង​​មាន នៅ​​លើ​​ដង​ផ្លូវ​មាន​តែ​ភ្លើង​ពី​មុខ​រថយន្តប៉ុណ្ណោះ។

ដើម្បីបំបាត់ភាពភ័យខ្លាច ខ្ញុំបានកាន់ដៃរបស់កូនស្រីដើរលេង ហើយនិយាយទៅកាន់កូនថា៖

“ឪពុកកូនយើងទៅមើលផ្កាយណាកូន!”

ពួកខ្ញុំដើរក្នុងស្ថានភាពងងឹតសូន្យឈឹង។

គួរឲ្យស្តាយផ្ទៃមេឃពេញទៅដោយពពក មើលមិនឃើញផ្កាយមួយទាល់តែសោះ។

នៅពេលនោះ ខ្ញុំបានសម្រេចចិត្តទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី ២៣ ខែមីនា ដូច្នេះភាគច្រើនរបស់របរក្នុងផ្ទះត្រូវបានចាត់ចែងរួចហើយ។ ឡាន ម៉ាស៊ីន​បោក​គក់ មីក្រូវ៉េវ គ្រប់​យ៉ាង​សុទ្ធ​តែ​មិន​មាន។ នៅ​សល់​តែ​ទូរទស្សន៍​មួយ កំរាល​ព្រំកម្តៅ ភួយ​ខ្នើយ​ពីរ​បី​ឈុត និងម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ។

ដំបូងឡើយ ពួកខ្ញុំមានគម្រោងទៅកាន់ទីក្រុងអូសាកានៅថ្ងៃទី ១២ ខែមីនា ដើម្បីទៅលាសាច់ញាតិ ហើយ​​ត្រឡប់​​ទៅ​​វិញ​​ចេញ​​ដំណើរ​​ពី Narita ។

ប៉ុន្តែក្នុងស្ថានភាពនេះ ប្រសិនបើចាកចេញ ប្រហែលជាមិនអាចត្រឡប់មកវិញបានទេ។ ដូច្នេះខ្ញុំសម្រេចចិត្តនៅបន្ត។

ខ្ញុំគិតថានៅមានហាងលក់ទំនិញ ផ្សារទំនើប និងហាងបោកគក់ ប៉ុន្តែគ្រប់យ៉ាងហាក់បីដូចជាទទេស្អាត។ សូម្បីតែហាងលក់ទំនិញ និង​ផ្សារ​ទំនើប​ក៏​ស្ទើរ​តែ​អស់​ទំនិញ​ដែរ ហាង​បោក​គក់​បិទ​ទ្វារព្រោះ​តែ​ដាច់​ភ្លើង។

ក្នុងស្ថានភាពដ៏លំបាកនោះ អ្នកជិតខាងជាអ្នកដែលបានជួយដល់ពួកខ្ញុំឲ្យនៅស់រានមានជីវិត។

ចំណាយពេលប្រហែលមួយសប្តាហ៍បន្ទាប់ពីរញ្ជួយដី ទើបខ្ញុំអាចទាក់ទងទៅកាន់មិត្តភក្តិ និងសាច់ញាតិដែលកំពុងនៅ Tohoku បាន។ ភាគច្រើនគ្រប់គ្នាសុទ្ធតែមានសុវត្ថិភាព ប៉ុន្តែក្នុងចំណោមសាច់ញាតិរបស់ខ្ញុំ មានពូមីងចំនួន ៣ នាក់បាត់ខ្លួន។

ក្នុងស្ថានភាពបែបនោះ នៅលើកញ្ចក់ទូរទស្សន៍ បែរជាមានអ្នកអត្ថាធិប្បាយម្នាក់បាននិយាយ​ថា អ្នកស្រុកតំបន់ឆ្នេរសមុទ្រគួរតែផ្លាស់ទៅរស់នៅលើភ្នំទាំងអស់គ្នាទៅ ព្រោះរស់នៅទីនោះគ្រោះថ្នាក់​ពេក​ហើយ។ ខ្ញុំ​ឮ​​ដូច្នេះ​ខឹង​​យ៉ាង​​ខ្លាំង។

អ្នកនេសាទនៅជិតតំបន់ឆ្នេរសមុទ្ររស់នៅពឹងទៅលើការនេសាទត្រី។

ពួកគេមិនខ្វល់ពីអាកាសធាតុ មិនខ្លាចរលកសមុទ្រធំៗ ចេញទូកទៅចាប់ត្រី និងបង្គា ជាត្រីសមុទ្រ បង្កង មឹក​ស្រស់ៗ និង​ឆ្ងាញ់​ដែល​ពួក​យើង​បរិភោគ​ជា​រៀង​រាល់​ថ្ងៃ។

គ្រប់យ៉ាងគ្រាន់តែដើម្បីរកប្រាក់ចិញ្ចឹមជីវិត សំណួរសួរថា ប្រសិនបើចាកចេញពីសមុទ្រ តើពួកគេនឹងរស់នៅបែបណា?

ពាក្យសម្ដីដែលមិនចេះគិត និងគ្មានទំនួលខុសត្រូវទាំងនោះធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង។

នៅពេលដែលចាកចេញពីប្រទេសជប៉ុន ជា​ប្រទេស​ដែល​នា​ពេល​នោះ​ដូច​ជា​ស្រពេច​ស្រពិល ខ្ញុំឡើង​​យន្ត​​ហោះ​​ដោយ​​អារម្មណ៍​មាន​កំហុស ដូច​ជា​ខ្ញុំ​កំពុង​តែរត់​គេច​ខ្លួន​ម្នាក់​ឯង។

ប្រហែលបីខែក្រោយមក ក្រុមគ្រួសាររបស់ខ្ញុំទទួលបានដំណឹងអាក្រក់។

ជើងពូរបស់ខ្ញុំខ្សោយ មិនអាចរត់បានលឿន។ ពូ និងមីងម្នាក់ទៀតបានព្យាយាមការពារគាត់សុទ្ធតែត្រូវរលកបោកបក់ទៅ។ ចំណែកឯមីងម្នាក់ទៀតត្រូវបានរកឃើញនៅគំនរបាក់បែកក្នុងផ្ទះ។

ពីមុនមក ជប៉ុនជាប្រទេសដែលតែងតែកើតមានរញ្ជួដី ហើយនោះជារឿងដែលមិនអាចផ្លាស់ប្តូរបាន។ គ្រោះមហន្តរាយធំៗនឹងកើតឡើងនាពេលអនាគត។ មនុស្ស​ត្រូវ​តែ​រស់​នៅ​ក្រោម​​ភាព​ភ័យខ្លាច​របស់​ធម្មជាតិ ជា​អ្វី​ដែល​យើង​មិន​អាច​តតាំង​វិញ​បាន។

ប៉ុន្តែនៅក្នុងគ្រាដ៏លំបាកបំផុតនោះ អ្វីដែលជួយសង្គ្រោះមនុស្សមិនមែនជាបច្ចេកវិទ្យា ឬ​អំណោច​នោះ​ទេ ប៉ុន្តែ​ជា​បេះ​ដូងដែល​ចេះជួយគ្នាទៅវិញទៅមក។

ហើយនោះក៏ជាមូលហេតុដែលខ្ញុំបន្តដើរលើផ្លូវរបស់ខ្លួនផង​ដែរ។ នៅក្នុង JAPO យើងសង្ឃឹមថាស្មារតី​មនុស្សធម៌នេះនឹងត្រូវបានរក្សា ហើយផ្សព្វផ្សាយដល់មនុស្ស​ជំនាន់​ក្រោយ​តាម​រយៈ​ពាក្យពេចន៍​នីមួយៗ។

មិនចាំបាច់គ្រប់គ្នាសុទ្ធតែយល់នោះទេ។

គ្រាន់តែ​មាន​មនុស្ស​ម្នាក់​បន្ថែម​ទៀត​យល់​អំពី​តម្លៃ​ក្នុង​ចិត្ត​របស់​មនុស្ស ទាំងនេះគ្រប់គ្រាន់ហើយ​សម្រាប់​​យើង​​ខ្ញុំ​​អាច​​បន្ត​ទៅ​មុខ​ទៀត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: