Tokyo – ឋានសួគ៌​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​អាហារ​ម្នាក់​ឯង

Tokyo – ឋានសួគ៌​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​អាហារ​ម្នាក់​ឯង។

ជាទូទៅ តើប្រិយមិត្តទាំងអស់គ្នាតែងតែទៅបរិភោគអាហារខាងក្រៅនៅកន្លែងបែបណា?

ប្រសិនបើចូលហាងលក់អាហាររហ័ស ទៅម្នាក់ឯងគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែចូលភោជនីយដ្ឋាន​ម្នាក់​​ឯង​​ពេល​​ខ្លះ​បែរ​​ជា​​ធ្វើ​​ឲ្យ​យើង​មាន​អារម្មណ៍​​ថា​​ឆ្គង​បន្តិច។

ខ្ញុំផ្ទាល់ក៏រស់នៅម្នាក់ឯងដែរ ដូច្នេះ​មិន​​ងាយ​​សម្រាប់​​ខ្ញុំ​​នោះ​​ទេ​​ដែល​​ចេញ​​ទៅ​​បរិភោគ​​អាហារ​​នៅភោជនីយដ្ឋាន។

ប្រហែលជាប្រសិនបើមិនចាប់អារម្មណ៍ គ្រប់យ៉ាងក៏មិនមានអ្វីនោះដែរ ប៉ុន្តែហាងនៅជប៉ុនបែរជាយកចិត្តទុកដាក់ចំពោះអ្នកដែលទៅបរិភោគអាហារ​ម្នាក់​ឯង។ នៅទីនេះមានភោជនីយដ្ឋាន​ជា​ច្រើន​ដែលត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឲ្យ​អ្នក​ឯកា​អាច​រីករាយ​នឹង​អាហារ​របស់ខ្លួន។ ចូរ​យើង​​​ស្វែង​​​យល់​​​ពី​​​កន្លែង​​​ទាំង​​​នោះ​​​តាម​​​រយៈ​​​អត្ថបទ​​​ខាង​​ក្រោម​នេះ​ទាំង​អស់​គ្នា។

ជាដំបូងគឺហាង gyudon និង ramen

សព្វថ្ងៃនេះ មុខម្ហូបទាំងនេះពេញនិយមនៅប្រទេសជាច្រើន ដូច្នេះមនុស្សជាច្រើនប្រហែលជាធ្លាប់ស្គាល់មុខម្ហូបទាំងនេះ។ Gyudon ជា​មុខ​ម្ហូប​ដែល​មាន​បាយ​ក្តៅ និង​សាច់​គោ​ស្ងោរ​ដាក់ពី​លើ។ ដំបូង​ហាង​មាន​លក់​តែ​មុខម្ហូប gyudon ប៉ុណ្ណោះ យូរៗ​ទៅ ហាង​​ចាប់​​ផ្តើម​​បន្ថែម​​ម៉ឺនុយមុខ​ម្ហូប​មាន​ច្រើន​ប្រភេទ។ ទន្ទឹម​នឹង​​ហាង ramen នេះ​ជា​កន្លែងដែលមិនថាអ្នកទៅម្នាក់ឯងក៏​អាច​ចូរបានយ៉ាងងាយផងដែរ។

ប៉ុន្តែនៅប្រទេសជប៉ុន ជម្រើសសម្រាប់អ្នកដែលបរិភោគម្នាក់ឯងមិនត្រឹមតែប៉ុណ្ណឹងប៉ុណ្ណោះទេ។

បន្ទាប់មកគឺហាងសាច់អាំង

ជាទូទៅ នៅពេលដែលរំលឹកដល់សាច់អាំង យើងតែងតែស្រមៃគិតដល់ទិដ្ឋភាពមិត្តភក្តិជួបជុំគ្នា អាំងសាច់ និងផឹកស្រា ដោយមានចង្ក្រានអាំងមួយដាក់នៅចំកណ្តាលតុសម្រាប់មនុស្សបួននាក់ជជែកគ្នា។ ទោះជាយ៉ាងណា សព្វថ្ងៃនេះ មានហាងមួយចំនួនត្រូវបានរចនាឡើងជាពិសេសសម្រាប់ភ្ញៀវដែលទៅម្នាក់ឯង ដូច​ជា​ហាង Yakiniku LIKE ជា​កន្លែង​ដែល​យើង​ម្នាក់ៗ​មានចង្ក្រាន​អាំង​តូច​មួយ។

មិនត្រឹមតែប៉ុណ្ណឹង សូម្បីតែស៊ុបឆ្នាំងដីក៏អាចបរិភោគម្នាក់ឯងដែរ

ពីមុនរហូតមកដល់ពេលនេះ ស៊ុបឆ្នាំងដីគឺជាមុខម្ហូបសម្រាប់មនុស្សជាក្រុម ដូច្នេះនៅភោជនីយដ្ឋានជាច្រើនត្រូវហៅចាប់ពីពីរចំណែកឡើងទៅ។ យ៉ាង​ណា​មិញ ថ្មីៗ​នេះ មាន​ហាង​ជា​ច្រើន​ចាប់ផ្តើមរៀបចំឆ្នាំងស៊ុបតូចៗសម្រាប់មនុស្សម្នាក់។ ក្នុងឆ្នាំងស៊ុបតូចដ៏គួរឲ្យស្រលាញ់ទាំងនោះ មានគ្រឿង​ផ្សំ​ជា​ច្រើន​ប្រភេទ​ដែល​រៀប​ចំ​យ៉ាង​ទាក់​ទាញ​ភ្នែក មើល​ទៅ​ដូច​ជា​គំរូ​ឆ្នាំង​ស៊ុប​តូច។

បន្ទាប់មកគឺស៊ូស៊ី

កាលពីមុន នៅពេលដែលហូបស៊ូស៊ីច្រើនតែអង្គុយនៅកន្លែងបញ្ជរ ហើយទិញដោយផ្ទាល់ពីចុង​ភៅ។ ប៉ុន្តែជាមួយនឹងខ្សែក្រវាត់បញ្ជូនស៊ូស៊ី ភ្ញៀវគ្រាន់តែជ្រើសយកចានស៊ូស៊ីដែលរត់​កាត់​ពី​​មុខ​ប៉ុណ្ណោះ។

សព្វថ្ងៃនេះ ដើម្បីធានាបាននូវភាពស្រស់ ភោជនីយដ្ឋានជាច្រើនបានប្តូរទៅប្រើប្រព័ន្ធបញ្ជាទិញតាម​ថេប្លេត។ បន្ទាប់​ពី​បញ្ជា​ទិញ​រួច ស៊ូស៊ីត្រូវបានបញ្ជូនតាមខ្សែក្រវាត់ ហើយឈប់នៅមុខកន្លែង​របស់​អ្នក។

ប្រព័ន្ធស្វ័យប្រវត្តិបែបនេះប្រៀបបីដូចជាការសម្តែងដ៏គួរឲ្យចាប់អារម្មណ៍ ដែលធ្វើឲ្យអ្នកមើលឃើញ​​ដំបូង​​មាន​​ការ​ភ្ញាក់​ផ្អើល។ ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន សូមកុំភ្លេចទៅកាន់​ហាង​ទាំង​នោះ ហើយ​​​ភ្លក់​​​មុខ​​​ម្ហូប​​​ឆ្ងាញ់ៗ។

នៅទីក្រុង Tokyo មានភោជនីយដ្ឋានជាច្រើនបានរៀបចំឈុតអាហារសម្រាប់អ្នកដែលទៅម្នាក់​ឯង​អាច​រីក​រាយ​នឹង​ម្ហូប​អាហារ​ដែល​មក​ពី​ប្រទេស​ជា​ច្រើន។ សម្រាប់​អ្នក​ដែលគ្រាន់តែចង់បរិភោគអាហារមួយពេលដែលឆ្ងាញ់ ដោយមិនចាំបាច់និយាយជាមួយនរណាម្នាក់ Tokyo គឺជា​គោល​ដៅដ៏ល្អ​ឥត​ខ្ចោះ។

ទោះជាយ៉ាងណា នៅពេលខ្លះបរិភោគម្នាក់ឯងបែរជាមានអារម្មណ៍ឯកាបន្តិច។

សរុបទៅ អាហារមួយពេលដេលឆ្ងាញ់បំផុតគឺជាពេលដែលអាចចែករំលែកជាមួយក្រុមគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធ។ ប្រហែលជាទីក្រុង Tokyo ខណៈពេលដែលកំពុងខំប្រឹងបន្ថែមជម្រើសសម្រាប់អ្នកដែលទៅ​ទទួល​ទាន​ម្នាក់​ឯង ក៏​កំពុង​បាត់​បង់​ភាព​រីក​រាយ​ដ៏​សាមញ្ញ​បំផុត​នៃ​អាហារ​មួយពេល​​ផង​ដែរ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: