ប្រភេទ​ម៉ាសុីន​លេង​ហ្គេម​ដែល​ធ្លាប់​ត្រូវ​បាន​រឹត​ត្បិត​មិន​ឲ្យ​នាំ​ចេញ​ដោយ​សារ​តែ​​បច្ចេកវិទ្យា​ដ៏អស្ចារ្យ

ប្រភេទ​ម៉ាសុីន​លេង​ហ្គេម​ដែល​ធ្លាប់​ត្រូវ​បាន​រឹត​ត្បិត​មិន​ឲ្យ​នាំ​ចេញ​ដោយ​សារ​តែ​​បច្ចេកវិទ្យា​ដ៏អស្ចារ្យ។

ក្នុងសម័យកាលដែលបច្ចេកវិទ្យាជឿនលឿនដូច​សព្វ​ថ្ងៃ​នេះ ដោយគ្រាន់តែមានស្មាតហ្វូនមួយគ្រឿង យើង​ទាំង​អស់​គ្នា​អាច​លេង​ហ្គេម​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​រាប់​មិន​អស់។

ទោះជាយ៉ាងណា ខ្ញុំផ្ទាល់បែរជាចូលចិត្តលេងនៅលើម៉ាស៊ីនហ្គេមជាជាងលើទូរស័ព្ទដៃ។ ដូច្នេះខ្ញុំបាន​ទិញ​ម៉ាសុីន​លេង​ហ្គេម PlayStation 5 និង Nintendo Switch 2 ដើម្បី​លេង​ហ្គេម​នៅ​ផ្ទះ។

ដោយសារតែម៉ាសុីនលេងហ្គេមជា​ឧបករណ៍​កម្សាន្ត ដូច្នេះជាទូទៅមិនអនុវត្តបទប្បញ្ញត្តិរឹតបន្តឹងការនាំចេញនោះទេ។ ទោះជាយ៉ាងណា នៅប្រទេសជប៉ុន ធ្លាប់មានម៉ាសុីនលេងហ្គេមដែលរដ្ឋាភិបាល​ជប៉ុន​ត្រូវ​គ្រប់​គ្រង​ទីតាំង​នាំ​ចេញ។

ទោះបីជាវាគ្រាន់តែជាម៉ាស៊ីនហ្គេមក៏ដោយ ប៉ុន្តែបែរជាទទួលបានការវាយតម្លៃថាអាចប្រើសម្រាប់​គោល​បំណង​យោធា​ដោយ​សារ​តែ​ការ​រួម​បញ្ចូល​​បច្ចេក​វិទ្យា​​ដ៏​អស្ចារ្យ​​ជា​ច្រើន។

នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០០០ ក្រុមហ៊ុន Sony បានចេញលក់ម៉ាស៊ីនលេងហ្គេមដែលមានឈ្មោះ​ថា PlayStation 2 ។

មុននោះ ជាមួយនឹងម៉ាស៊ីនលេងហ្គេម PlayStation ក្រុមហ៊ុន Sony បានចូលទីផ្សារម៉ាស៊ីនលេងហ្គេមលើកដំបូង។ ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា​ពី​គូប្រជែង​ពីរ​គឺ Nintendo និង Sega ។

ក្នុងការប្រកួតប្រជែងនេះ ក្រុមហ៊ុន Sony ផ្តោតសំខាន់លើប្រសិទ្ធភាព។

ម៉ាសុីន PlayStation 2 មានតម្លៃ ៣៩.៨០០ យ៉េនក្នុងមួយគ្រឿង។ បើប្រៀបនឹងម៉ាសុីនលេងហ្គេម​អាច​ចាត់ទុកថាថ្លៃបន្តិច ប៉ុន្តែបើប្រៀបធៀបទៅនឹងកុំព្យូទ័រផ្ទាល់ខ្លួនបែរជាថោកជាង។

ទោះជាយ៉ាងណា ដោយផ្អែកលើបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះ ជាមួយនឹងការប្តេជ្ញាចិត្តចង់នាំមុខដៃគូប្រកួតប្រជែងមួយជំហាន Sony បានផលិតម៉ាសុីនលេងហ្គេមមួយដែលត្រូវបានប្រៀបប្រដូចទៅនឹង “សត្វចម្លែក” ខាងវិស័យឧស្សាហកម្មម៉ាសុីនលេងហ្គេម។

ចំនួនដែលលក់ចេញនៅលើពិភពលោកជាង ១៤០ លានម៉ាសុីន។

ចាប់តាំងពីពេលនោះមក វិស័យឧស្សាហកម្មហ្គេមបានបង្កើតតុល្យភាពរវាងក្រុមហ៊ុនធំទាំងពីរ។ Nintendo ផ្តោតសំខាន់លើគំនិត និងការលេងហ្គេម ចំណែកឯ Sony ផ្តោតសំខាន់ទៅលើកម្លាំងរបស់ផ្នែករឹង។

តាមពិតទៅ ម៉ាសុីន PlayStation 2 មានមុខងារគណនាលើសពីកុំព្យូទ័រផ្ទាល់ខ្លួនដែលពេញនិយមនាពេលនោះ។

គោលដៅដំបូងគ្រាន់តែបង្កើតក្រាហ្វិកដែលស្អាតជាងម៉ាស៊ីនហ្គេមផ្សេងទៀតប៉ុណ្ណោះ ប៉ុន្តែដំណើរ​ការបែរជាមានកម្រិតខ្ពស់រហូតដល់ថ្នាក់រដ្ឋាភិបាលជប៉ុនបានវាយតម្លៃថាអាចប្រើសម្រាប់​គោលបំណង​យោធា​បាន។ ឧទាហរណ៍​​ដូច​​ជា​​អាច​ប្រើ​​សម្រាប់​​គណនា​​គន្លង​​មីស៊ីល ឬត្រាប់​​​តាម​​ដំណើរ​​ការ​​អភិវឌ្ឍ​​អាវុធ។

ហើយហាក់បីដូចជាចំណុចនេះមិនមែនជាការបំផ្លើសនោះទេ។

Sony បានបង្កើត CELL – ដែលជាប្រព័ន្ធដំណើរការថ្មីសម្រាប់ PlayStation 2 ។

តម្លៃវិនិយោគលើឧបករណ៍សម្រាប់អភិវឌ្ឍបន្ទះឈីបនេះរហូតដល់ទៅ ២០០ ពាន់លានយ៉េន។

នៅ​ត្រឹម​ឆ្នាំ ២០២៥ កុំព្យូទ័រ​ផ្ទាល់​ខ្លួនប្រើប្រាស់ CPU 64 bit ចំណែកឯបន្ទះ​ឈីប​នេះ​មានទំហំ 128 bit ទៅហើយ។

ទោះបីនេះជារឿងកាលពីជាង ២០ ឆ្នាំមុន ប៉ុន្តែបើគ្រាន់តែក្រឡេកទៅមើលចំនួននេះ ក៏ដឹងដែល​ថា​វា​អស្ចារ្យ​ប៉ុណ្ណា​ដែរ។

វិស្វករ និងអ្នកចូលចិត្តម៉ាស៊ីនហ្គេមនេះយល់ឃើញថា បើគ្រាន់តែប្រើសម្រាប់លេងហ្គេមពិតជាខ្ជះខ្ជាយណាស់។ ដូច្នេះហើយ ពួក​គេ​បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ PS2 Linux ដែល​អនុញ្ញាត​ឲ្យប្រើ PlayStation 2 ប្រៀប​ដូច​ជា​កុំព្យូទ័រ។

សូម្បីតែអង្គការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក National Center for Supercomputing Applications (NCSA) ក៏បានបង្កើតប្រព័ន្ធមួយដែលភ្ជាប់ម៉ាសុីន PlayStation 2 ចំនួន ៧០ គ្រឿង​ដើម្បី​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ស្រប​គ្នា។

នៅពេលនោះម៉ាស៊ីន​ហ្គេម​ប្រភេទ​នេះ​ធ្លាប់ត្រូវបានគេវាយតម្លៃថា​ស្ទើរ​តែ​ប្រៀប​ស្មើ​នឹង​កុំព្យូទ័រទំនើប។

រហូតដល់ឆ្នាំ ២០០៦ ម៉ាសុីនជំនាន់បន្ទាប់ PlayStation 3 ត្រូវបានផលិត។

មិនយូរប៉ុន្មាន កងទ័ពអាកាសសហរដ្ឋអាមេរិក  (United States Air Force) បានទិញចំនួន ៣០០ ម៉ាសុីនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ​ប្រព័ន្ធ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​បរ។ ហើយក្រោយ​មក ចំនួន​នេះ​កើន​ឡើង​ដល់ ២២០០ ម៉ាសុីន។

ចំណុចនេះបង្ហាញថាការប្រើប្រាស់សម្រាប់គោលបំណងយោធាពិតជាបានកើតឡើងមែន។

ក្រោយមក កុំព្យូទ័រផ្ទាល់ខ្លួនក៏ត្រូវបានកែលម្អធ្វើឲ្យម៉ាសុីនខ្លាំងជាងមុន។

ចាប់ពីជំនាន់ PlayStation 4 ទៅ ផ្នែករឹងរបស់ម៉ាសុីនហ្គេមភាគច្រើនគ្រាន់តែជាគ្រឿងបន្លាស់ PC ដែលប្តូរបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះការរឹតបន្តឹងនាំចេញត្រូវបានលុបចោល។

យ៉ាងណាមិញ គ្រាន់តែជាម៉ាសុីនលេងហ្គេមមួយគ្រឿងបែរជាត្រូវរឹតបន្តឹងបែបនេះនៅតែធ្វើឲ្យមនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល។

វិស្វកររបស់ Sony គ្រាន់តែចង់ផ្តល់ជូននូវបទពិសោធន៍លេងហ្គេមដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះ ប៉ុន្តែនៅទីបំផុត លទ្ធផលបែរជាលើសពីការរំពឹងទុក។ ចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា​របស់​ពួក​គេ​បាន​បង្កើត​ផលិតផល​ដ៏អស្ចារ្យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ប្រសិន​បើ​អ្នក​ជា​អ្នក​ដែល​ចូល​ចិត្ត​លេង​វីដេអូហ្គេម ឬ​ចាប់​អារម្មណ៍​ចំពោះ​បច្ចេក​វិទ្យា អ្នកទាំងអស់​គ្នា​អាច​ស្វែង​យល់​បន្ថែម​ទាក់​ទង​នឹង​ម៉ាស៊ីន​លេង​ហ្គេម​ប្រភេទ​នេះ ដើម្បីទទួលបានចំណេះដឹងដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត!

បច្ចុប្បន្ននេះ សេដ្ឋកិច្ចជប៉ុនកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ហើយទន្ទឹមនឹងស្ថាន​ភាព​នោះ ផលិត​ផល​ថ្មីៗ និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​កាន់​តែ​តិច​ទៅៗ។

នេះ​ជា​ស្ថានភាព​ដ៏​គួរ​ឲ្យ​សោកស្ដាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​និយាយ​ពី​វិស័យ​ឧស្សាហកម្ម​ជប៉ុនបច្ចុប្បន្ន​។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: