ចុងបញ្ចប់នៃរឿង ONE PIECE – កំណប់​ទ្រព្យ​ក្រោម​បាត​សមុទ្រ​ជ្រៅ

ចុង​បញ្ចប់​នៃ​រឿង ONE PIECE – កំណប់​ទ្រព្យ​ក្រោម​បាត​សមុទ្រ​ជ្រៅ។

ONE PIECE – គឺជារឿង anime និង manga ដ៏ពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោក។

ទោះបីជាច្រើនឆ្នាំបានកន្លងផុតទៅចាប់តាំងពីពេលដែលប្រកាសថា រឿងនេះជិតដល់ទីបញ្ចប់ក៏​ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ដំណើររឿងនៅតែបន្ត។

នៅពេលដែលចំណុចលម្អិតកាលពីអតីតកាលចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នា រឿងកាន់តែមាន​ភាព​ទាក់​ទាញ​ជាង​មុន ដែលធ្វើឲ្យអ្នកទស្សនាជាច្រើន​រឹត​តែ​ជក់​អារម្មណ៍។

តើចុងបញ្ចប់រឿងនឹងទៅជាយ៉ាងណា? នេះជាសំណួរទូទៅដែលអ្នកគាំទ្រទាំងអស់កំពុងតែឆ្ងល់។

ប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺថា “ចុងបញ្ចប់” ដែលមនុស្សគ្រប់គ្នាកំពុងងឿងឆ្ងល់បែរជាស្ថិតនៅក្រោមបាតសមុទ្រទៅវិញ។

ក្នុង anime រឿងរ៉ាវចាប់ផ្តើមនៅពេលដែលបុរសម្នាក់ត្រូវបានគេហៅថាស្តេចចោរសមុទ្រ មុនពេល​ដែល​ត្រូវ​ប្រហារ​ជីវិត លោកបានប្រកាសថាខ្លួនបានលាក់កំណប់ទ្រព្យដែលមានឈ្មោះថា ONE PIECE នៅ​កន្លែង​ណា​មួយ។

  • “កំណប់ទ្រព្យរបស់យើងឬ? យើងនឹងប្រគល់ទៅឲ្យអ្នកទាំងអស់គ្នា ប្រសិនបើអ្នកទាំងអស់គ្នា​ចង់​បាន។ ចូរ​ទៅ​រកចុះ!

យើងបានបន្សល់ទុកគ្រប់យ៉ាងនៅលើពិភពលោកនេះនៅទីនោះ។”

នេះប្រហែលជាប្រយោគសន្ទនាដែលល្បីបំផុតហើយមើលទៅ សូម្បីតែអ្នកដែលមិនធ្លាប់មើលរឿង anime នេះក៏ប្រហែលជាធ្លាប់ឮពីមុនមកដែរ។

ហើយក្នុងដំណើរផ្សងព្រេងស្វែងរកកំណប់នោះ មិនត្រឹមតែតួអង្គឯកក្នុងរឿងប៉ុណ្ណោះទេ ប៉ុន្តែមាន​មនុស្សជា​ច្រើន​ផ្សេង​ទៀត​បាន​ក្លាយ​ជា​ចោរ​សមុទ្រ ដែល​បង្ហាញ​ពី “សម័យកាលដ៏អស្ចារ្យរបស់​ចោរ​សមុទ្រ” ។

កាលពីពេលថ្មីៗនេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់របស់ manga ដែលលក់ដាច់ជាង ៦០០ លាន​ច្បាប់​ទូទាំង​ពិភព​លោក វីដេអូមួយត្រូវបានបង្ហោះនៅលើគេហទំព័រ YouTube ផ្លូវការរបស់ ONE PIECE ។

ក្នុងវីដេអូនេះ អ្នកនិពន្ធ Eiichiro Oda បានសរសេរចម្លើយចំពោះអាថ៌កំបាំងដ៏ធំបំផុតនៃរឿង – “តើ ONE PIECE ជាអ្វី?” – បន្ទាប់មកដាក់​ក្រដាស​នៅ​ក្នុង​ហិប​តូចមួយ ហើយទម្លាប់នៅតំបន់​សមុទ្រ​ដែល​មិន​ច្បាស់ពីទីតាំងជាមួយនឹងជម្រៅប្រហែល ៦៥១ ម៉ែត្រ។

ភ្លាមៗនោះ អ្នកគាំទ្រ ONE PIECE ដែលនៅជុំវិញពិភពលោកបានសហការគ្នាដើម្បីកំណត់ទីតាំង​នោះ។

តាមរយៈទិសដៅនៃពន្លឺព្រះអាទិត្យ និងពេលវេលាដែលបង្ហាញក្នុងវីដេអូ ពួកគេបានគណនា​កូអរដោនេ​បាន​យ៉ាង​ច្បាស់​លាស់។

លទ្ធផលបានបង្ហាញថាទីតាំងនោះស្ថិតនៅជិតតំបន់សមុទ្រជប៉ុន។

ក្នុងវីដេអូបង្ហាញថាហិប​កំណប់​ដែល​មាន​ចម្លើយ​ត្រូវ​បាន​​ដាក់​​ក្នុង​ស្វ៊ែរ​ដែលមានសម្ពាធ បន្ទាប់​មក​​ត្រូវ​​បាន​​ទម្លាក់​​ក្រោម​​បាត​សមុទ្រ។

ក្រឡេកទៅមើលស្រទាប់ខ្សាច់ក្រោមបាតសមុទ្រ គេអាចសន្និដ្ឋានបានថា នេះជាតំបន់ដែលមាន​ចរន្ត​ទឹក​សមុទ្រ​មិន​ខ្លាំង​ប៉ុន្មាន​ទេ។

ទីតាំងត្រូវបានចាត់គេទុកថានៅខាងក្រៅខេត្ត Shizuoka ។

កន្លែងនេះស្ថិតនៅជិតទីក្រុង Tokyo ដូច្នេះសម្រាប់មនុស្សដែលមមាញឹកដូចជាអ្នកនិពន្ធ ការដែលទៅដល់ទីនោះនៅតែអាច​នឹង​កើត​ឡើង។

ដោយចាកឆ្ងាយពីពិភពប្រឌិត ONE PIECE គឺជារឿង anime ដែលបានបង្កើតការចាប់អារម្មណ៍​ក្នុង​ពិភព​ពិត។ ហើយប្រហែលនេះជារឿង anime ដំបូងក្នុងប្រវត្តិសាស្ត្រដែលសម្រេចបាន​នូវ​ឥទ្ធិពល​ដ៏​ធំ​បែប​នេះ។

ទោះបីជាមានមនុស្សជាច្រើនចង់ស្វែងរកហិបកំណប់នេះដើម្បីស្វែងរកចម្លើយចំពោះអាថ៌កំបាំង​ដែល​ទាក់​ទង​នឹង ONE PIECE ក៏ដោយ ប៉ុន្តែជាមួយនឹងជម្រៅបាតសមុទ្រ ៦៥១ ម៉ែត្រ នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ។ នេះជាជម្រៅដែលលើសពីដែនកំណត់មនុស្សអាចមុជទឹកបានដោយប្រើ​ឧបករណ៍​ធម្មតា។

ទោះបីជាប្រើបច្ចេកទេសមុជទឹកជំនាញកម្រិតខ្ពស់ (saturation diving) ក៏ដោយ ជាធម្មតា​មនុស្ស​មុជ​ទឹក​ដល់​ជម្រៅ​ប្រហែល ១២០ ទៅ ៣០០ ម៉ែត្រ​ប៉ុណ្ណោះ។

សូម្បីតែអង្គភាពយោធាដែលទទួលបានការបណ្តុះបណ្តាលពិសេសក៏ដោយ ដែនកំណត់សុវត្ថិភាពប្រហែល​ជា ៤៥០ ម៉ែត្រ​ប៉ុណ្ណោះ។

អាចនិយាយបានថា ដើម្បីយកបានហិបនេះ ត្រឹមតែអាចប្រើនាវាមុជទឹក​គ្មាន​មនុស្ស​បើក ឬ​ឧបករណ៍​​ស្រដៀង​​គ្នា​​​ប៉ុណ្ណោះ​។

ហើយចំណុចនេះមានន័យថាត្រូវចំណាយច្រើន។

បច្ចុប្បន្នកូអរដោនេត្រូវបានកំណត់ ហើយដោយសារតែចរន្តទឹកសមុទ្រនៅក្នុងតំបន់នេះមានសភាពខ្សោយ ដូច្នេះហិបប្រហែលជាមិនទាន់រសាត់ទៅឆ្ងាយនៅឡើយទេ។

ប្រសិនបើនរណាម្នាក់រកឃើញវា ម្នាក់នោះនឹងក្លាយជាវីរបុរស… ឬអាចនិយាយបានថាជាស្តេច​ចោរ​សមុទ្រ។

ដូច្នេះហើយ ប្រសិនបើអ្នកជាអ្នកគាំទ្រ ONE PIECE ដ៏ស្មោះមួយរូប ហើយមានលទ្ធភាពផ្នែក​ហិរញ្ញវត្ថុ តើ​ប្រិយ​មិត្ត​ចង់​ចេញ​ដំណើរ​ទៅ​ស្វែង​រក​កំណប់​ទ្រព្យ​ដ៏​អាថ៌កំបាំង​នេះ​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: