“ព្រះសង្ឃដែលកកកាយ” – ការអនុវត្តធម៌យ៉ាងតឹងរ៉ឹងបំផុតក្នុងព្រះពុទ្ធសាសនាជប៉ុន
“ព្រះសង្ឃដែលកកកាយ” – ការអនុវត្តធម៌យ៉ាងតឹងរ៉ឹងបំផុតក្នុងព្រះពុទ្ធសាសនាជប៉ុន។
តើអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យថា “ព្រះសង្ឃដែលកកកាយ” (即身仏 – sokushinbutsu) ឬ “ការត្រាស់ដឹងជាព្រះពុទ្ធ” (即身成仏) ដែរទេ?
នេះត្រូវបានគេចាត់ទុកជាការបួសដ៏លំបាកបំផុតក្នុងព្រះពុទ្ធសាសនាជប៉ុន។ សូត្រធម៌រហូតក្លាយជាព្រះ ឬអាចនិយាយម្យ៉ាងទៀតថា សូត្រធម៌ដើម្បីសម្រេចបាននូវការត្រាស់ដឹងក្នុងរូបកាយសាច់ឈាម។
ដោយគ្រាន់តែនិយាយថា “បួស” ក៏ជារឿងដ៏គួរឲ្យខ្លាចមួយទៅហើយ។
ជាធម្មតានៅពេលដែលមនុស្សស្លាប់ទៅ រាងកាយនឹងរលួយ ប៉ុន្តែព្រះសង្ឃដែលកកកាយមិនរលួយនោះទេ។
ចំណុចនេះមិនមែនដោយសារតែកម្លាំងខាងព្រលឹងវិញ្ញាណនោះទេ ប៉ុន្តែអាថ៌កំបាំងស្ថិតលើវិធីសាស្ត្របួស។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងនឹងនិយាយពីព្រះសង្ឃដែលកកកាយ។
ចាប់ផ្តើមការអនុវត្តធម៌ដោយរបបអាហារ
ជាដំបូង ដំណាក់កាលអនុវត្តធម៌ចាប់ផ្តើមដោយការតមអាហារ និងទឹក។
អ្នកដែលអនុវត្តមាគ៌ាក្លាយជាព្រះពុទ្ធមិនត្រឹមតែតមសាច់ និងត្រីប៉ុណ្ណោះទេ សូម្បីតែអង្ករ និងស្រូវសាលីក៏មិនបរិភោគនោះដែរ។ គ្រាន់តែបរិភោគគ្រាប់ធញ្ញជាតិ និងសំបកឈើបន្តិចបន្តួចប៉ុណ្ណោះ។
ការតមអាហារនេះមានរយៈពេលពី ១.០០០ ទៅ ៣.០០០ ថ្ងៃ។
បុគ្គលដែលមានរយៈពេលយូរបំផុតត្រូវបានកត់ស្គាល់ថាបួសរហូតដល់ទៅ ១៥.០០០ ថ្ងៃ។
នៅដំណាក់កាលនេះ អ្នកអនុវត្តធម៌មិនទាន់ស្លាប់នៅឡើយទេ ប៉ុន្តែមិនត្រឹមតែខ្លាញ់ប៉ុណ្ណោះទេ សូម្បីតែសាច់ដុំរបស់ពួកគេក៏នឹងបាត់បន្តិចម្តងៗដែរ។
ជំហានបន្ទាប់គឺការបួសដោយទឹក
ជំហានបន្ទាប់គឺការបួសដោយទឹក (នៅតំបន់មួយចំនួនអាចនឹងមិនមាន) ។
ដោយមិនត្រឹមតែត្រាំខ្លួនក្នុងទឹកប៉ុណ្ណោះទេ អ្នកបួសនឹងបំបែកស្រទាប់ទឹកកកនៅលើទន្លេក្នុងរដូវរងា ត្រាំខ្លួនក្នុងទឹកដែលត្រជាក់យ៉ាងខ្លាំង។ ត្រាំខ្លួនក្នុងទឹកផង សូត្រធម៌រហូតដល់ពេលដែលទៀនដាក់លើបាតដៃឆេះអស់។
ផឹកថ្នាំលាប
បន្ទាប់មកពួកគេផឹកថ្នាំលាប – ជាប្រភេទជ័រដែលប្រើសម្រាប់លាបលើសម្ភារៈ។
នេះជាសារធាតុដែលពុលខ្លាំង ត្រឹមតែភ្លក់បន្តិចក៏អាចធ្វើឲ្យអណ្តាតស្ពឹក និងបណ្តាលឲ្យមានបញ្ហាសុខភាពរាងកាយ ប៉ុន្តែពួកគេបានផឹកក្នុងបរិមាណច្រើនគួរសម។
ជ័រនេះប្រមូលផ្តុំក្នុងរាងកាយ ដែលបណ្តាលឲ្យទឹកត្រូវបញ្ចេញទៅក្រៅបន្តិចម្តងៗ។
ការបួសនៅក្រោមដី
ជាចុងក្រោយគឺជំហានបួសនៅក្រោមដី។
រូងតូចមួយត្រូវបានជីកនៅក្រោមដី ពួកគេចូលទៅក្នុងនោះសូត្រធម៌ និងរោទ៍កណ្តឹង។
ការតភ្ជាប់តែមួយគត់ទៅកាន់ពិភពខាងក្រៅដោយប្រើបំពង់ឫស្សីដែលភ្ជាប់សម្រាប់ស្រូបយកខ្យល់។
ជាចុងក្រោយ បញ្ចប់ដំណាក់កាលនេះ ពួកគេស្លាប់ក្នុងសភាពនោះ ហើយត្រូវបានគេជឿថាបានក្លាយជាព្រះពុទ្ធ។
បីឆ្នាំក្រោយមក សាកសពត្រូវបានគេជីកឡើង ហើយដាក់នៅក្នុងវត្ត។
ហេតុអ្វីបានជាមិនរលួយ?
ខណៈពេលដែលម៉ាំមីនៅក្នុងប្រទេសអេហ្ស៊ីបត្រូវបានគេរក្សាទុកសាកសពបន្ទាប់ពីស្លាប់ ចំណែកឯព្រះសង្ឃដែលកកកាយឆ្លងកាត់ “ដំណាក់កាលការពារមិនឲ្យស្អុយរលួយ” ទាំងដែលនៅរស់ ដូច្នេះសាកសពមិនរលួយនោះឡើយ។
បច្ចុប្បន្ននេះ នៅប្រទេសជប៉ុនមានព្រះសង្ឃដែលកកកាយចំនួន ២៤ អង្គ ប៉ុន្តែយោងតាមច្បាប់បច្ចុប្បន្ន រឿងនេះត្រូវបានហាមឃាត់។
អ្នកដែលជ្រើសយកផ្លូវបួសយ៉ាងលំបាកបំផុត មិនអាចត្រឡប់វិញ រហូតដល់ថ្នាក់បោះបង់ចោលរូបកាយ ត្រូវបានគេជឿថាបានក្លាយជាព្រះសង្ឃដែលកកកាយ។
ប្រហែលជាការបួងសួងដ៏អស់កល្បរបស់ពួកគេកំពុងរក្សាសន្តិភាពរបស់ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ។
សព្វថ្ងៃនេះ នៅប្រទេសជប៉ុន វត្តអារាមមួយចំនួននៅតែអនុញ្ញាតឲ្យមានការគោរពបូជាចំពោះព្រះសង្ឃដែលកកកាយទាំងនេះ។
អាស្រ័យលើទស្សនៈរបស់មនុស្សម្នាក់ៗ ព្រះសង្ឃដែលកកកាយអាចជារឿងរ៉ាវដ៏គួរឲ្យខ្លាច ប៉ុន្តែក៏អាចជារឿងដ៏រំជួលចិត្ត និងពិសិដ្ឋមួយផងដែរ។
Abe Kengo
