ទង់​ជាតិ​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម​នៅ​លើ​កោះ Iwo Jima

ទង់ជាតិ​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម​នៅ​លើ​កោះ Iwo Jima ។

កោះ 硫黄島 ​ក្នុងភាសាជប៉ុនមានរបៀបអានពីរគឺ Iwoto ឬ Iwo Jima ។

ទោះបីជាកោះតូចមួយក៏ដោយ ប៉ុន្តែទីនេះជាកន្លែងដែលបន្សល់ទុកនូវការចងចាំដ៏សោកសៅ។ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ នៅលើកោះនេះមានទាហានជប៉ុនប្រមាណ ២១.៩០០ នាក់ និង​ទាហាន​អាមេរិក ៦.៨០០ នាក់​បាន​បាត់​បង់​ជីវិត។

ដូចដែលបានបង្ហាញក្នុងខ្សែភាពយន្តអាមេរិកមួយ ទង់ជាតិដែលប្រឡាក់ទៅដោយឈាមធ្លាប់ត្រូវ​បាន​លើក​ឡើង​នៅ​ទីនេះ។

ហើយនេះជារឿងរ៉ាវនិយាយពីមូលហេតុដែលកោះនេះមានសារៈសំខាន់ និងការការពារដោយប្រើ​ជីវិតរបស់​ទាហាន​ជប៉ុន។ ចូរ​យើង​តាម​ដាន​អត្តបទ​​ខាង​​ក្រោម​​ទាំង​​អស់​​គ្នា។

កោះ Iwo Jima មានចម្ងាយពីដីគោកនៃប្រទេសជប៉ុនប្រហែល ១២០០ គីឡូម៉ែត្រ។

ក្លិនស្ពាន់ធ័រដែលលេចធ្លាយចេញពីភ្នំភ្លើងហ៊ុមព័ទ្ធជុំវិញកោះ បរិស្ថានអាក្រក់យ៉ាងខ្លាំង ស្ទើរតែមិន​ស័ក្តិសម​សម្រាប់​មនុស្ស​រស់​នៅ​នោះ​ទេ។

ទោះបីជាមានទំហំតូចក៏ដោយ ប៉ុន្តែកោះនេះមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាអាចក្លាយជាមូល​ដ្ឋាន​សម្រាប់​វាយ​ប្រហារ​លើ​ដីគោក​របស់​ជប៉ុន។

ប្រសិនបើសហរដ្ឋអាមេរិកយកបាន ហើយសាងសង់អាកាសយានដ្ឋាននៅទីនេះ ពួកគេអាចអនុញ្ញាតឲ្យយន្តហោះទម្លាក់គ្រាប់បែកដើម្បីវាយប្រហារដោយផ្ទាល់ ជប៉ុននឹងត្រូវលេបត្របាក់ក្រោម​អណ្តាត​ភ្លើង។

ដូច្នេះហើយ សហរដ្ឋអាមេរិកសម្រេចចិត្តដណ្តើមយក ខណៈដែលជប៉ុនត្រូវបានបង្ខំចិត្តការពារមិន​ថា​ប្រើ​មធ្យោបាយ​អ្វី​នោះ​ទេ។

នៅពេលនោះជាដំណាក់កាលចុងក្រោយនៃសង្គ្រាម។

កងទ័ពជប៉ុនស្ទើរតែលែងមានអាវុធដែលខ្លាំង ស្បៀងអាហារ និងទឹកក៏ខ្វះខាតយ៉ាងខ្លាំងផង​ដែរ។

គេនិយាយថា ទាហាន​ជប៉ុន​ថែមទាំងបរិភោគដង្កូវក្នុងមុខរបួសដើម្បី​រស់រានមានជីវិត។

ពួកគេបានជីកប្រព័ន្ធផ្លូវរូងក្រោមដី ដោយប្រើជាទីជម្រក និងសម្រាប់ប្រយុទ្ធ។

ក្នុងប្រព័ន្ធផ្លូវរូងក្រោមដីតែងតែមានក្លិនស្ពាន់ធ័រ មិនអាចឡើងលើផ្ទៃដីបានទេ ព្រោះទាហានអាមេរិក​វាយប្រហារឥតឈប់ឈរ។ នៅខាងក្នុងពោរពេញទៅ​ដោយ​ក្លិន​ស្អុយ​របស់​កាក​សំណល់ និង​សាក​សព​រលួយ​របស់​មិត្ត​រួម​ក្រុម។

ទង់ជាតិជប៉ុនធ្លាប់ត្រូវបានដាក់នៅលើកោះនេះ ប៉ុន្តែត្រូវបានជំនួសដោយទង់ជាតិអាមេរិក។ ក្រោយ​មក ទាហាន​ជប៉ុន​លួច​ប្តូរ​ឡើង​វិញ​ជា​ច្រើន​ដង – សរុបចំនួនបីដង។

លើកចុងក្រោយ ដោយសារតែលែងមានទង់ជាតិ ពួកគេបានប្រើក្រណាត់ពណ៌ស និងលាបពណ៌ក្រហមដោយប្រើឈាមរបស់ខ្លួនដើម្បីធ្វើទង់ជាតិ។ ប្រៀបដូចជាពាក្យសន្យាថានឹងការពារកោះនេះដោយប្តូរទាំងជីវិត។

ក្រោយការប្រយុទ្ធ ក្នុងចំណោមទាហានជប៉ុនសរុបនៅលើកោះ មានប្រហែល ១០០០ នាក់ប៉ុណ្ណោះដែល​នៅ​រស់​រាន​មាន​ជីវិត​ត្រឡប់​ទៅ​វិញ។

តើពួកគេប្រយុទ្ធព្រោះតែអ្វីទាំងដែលដឹងច្បាស់ថាមិនអាចយកឈ្នះបាន?

ដំបូងឡើយ យោធាអាមេរិកបានអះអាងថា ចំណាយពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះដើម្បីដណ្តើមយកកោះនេះ។​ ទោះជាយ៉ាងណា ដោយសារតែការតស៊ូយ៉ាងខ្លាំងរបស់ទាហានជប៉ុន ពួកគេត្រូវចំណាយ​ពេល​ដល់​ទៅ ៨០ ថ្ងៃ។

គ្មាននរណាម្នាក់ក្នុងចំណោមទាហានជប៉ុនជឿថាពួកគេអាចរក្សាកោះបាននោះទេ។ ដូច្នេះហេតុអ្វីបានជាពួកគេនៅតែប្តេជ្ញាប្រយុទ្ធរហូតដល់ទីបញ្ចប់?

ប្រសិនបើព្រោះតែបញ្ជា ពួកគេអាចចុះចាញ់ដើម្បីរក្សាជីវិត។ ប៉ុន្តែពួកគេនៅតែបន្តប្រយុទ្ធ ដោយ​គ្រាន់​តែ​មាន​គោល​ដៅ​តស៊ូ​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ពីព្រោះពួកគេដឹងថា ប្រសិនបើកោះនេះធ្លាក់ទៅក្នុងដៃអាមេរិក អាកាសយានដ្ឋាននឹងត្រូវបាន​សាង​សង់ ហើយគ្រាប់បែកនឹងធ្លាក់មកលើស្រុកកំណើត ជាកន្លែងដែលសមាជិកគ្រួសាររបស់ពួក​គេ​កំពុង​រស់​នៅ។

ប្រសិនបើខំប្រឹងអូសបន្លាយបន្ថែម ត្រឹមរយៈពេលមួយថ្ងៃក៏ដោយ សាច់ញាតិដែលនៅលើដីគោកអាច​មាន​ពេល​ច្រើនដើម្បី​ជម្លៀស​ចេញ ឬ​មាន​ទីជម្រក​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​សាងសង់។

មិនមែនព្រោះតែប្រទេសជាតិ ឬព្រះចៅអធិរាជនោះទេ មិនមែនព្រោះតែឧត្តមគតិដ៏ខ្ពង់ខ្ពស់​ណា​មួយឡើយ ពួកគេគ្រាន់តែកំពុងប្រថុយជីវិតជារៀងរាល់ថ្ងៃ ដើម្បី​ការ​ពារ​មនុស្ស​ជា​ទីស្រលាញ់ប៉ុណ្ណោះ។

ពួកគេព្រមប្រយុទ្ធក្នុងសមរភូមិដែលពួកគេដឹងថាមិនអាចឈ្នះបាន គ្រាន់តែដើម្បីអូសបន្លាយពេល​វេលា។

បន្ទាប់ពីកាន់កាប់កោះនេះ កងកម្លាំងអាមេរិកប្រញាប់ប្រញាល់សាងសង់អាកាសយានដ្ឋាន ដូច្នេះសាកសពទាហានជប៉ុនជាច្រើននៅតែស្ថិតនៅក្រោមផ្លូវយន្តហោះរហូតមកដល់សព្វថ្ងៃនេះ។

បច្ចុប្បន្នរដ្ឋាភិបាលជប៉ុននៅតែដំណើរការស្វែងរកធាតុទាំងនោះ ប៉ុន្តែដំណើរការមានភាពយឺតយ៉ាវ។

សព្វថ្ងៃនេះ ជនស៊ីវិលត្រូវបានហាមឃាត់មិនឲ្យចូលកោះនេះនោះទេ។ មានតែកងកម្លាំងស្វ័យការ​ពារ​ជប៉ុនដែលមកទីនេះម្តងម្កាលប៉ុណ្ណោះ ហើយមនុស្សជាច្រើនបាននិយាយថា ពួកគេបានជួបខ្មោច ឬ​ជួប​ប្រទះ​នឹង​បាតុភូត​ចម្លែកៗ។

អ្នកចម្បាំងដ៏ក្លាហានទាំងនេះបានពលីជីវិតដើម្បីការពារប្រទេសជប៉ុន។ ខ្ញុំសូមរំលឹកដល់វិញ្ញាណក្ខន្ធ​របស់ទាហានទាំងនោះ ដោយ​ទឹក​ចិត្តដឹងគុណយ៉ាង​ជ្រាល​ជ្រៅ ហើយ​សង្ឃឹម​ថា​ព្រលឹងរបស់​ពួក​គេ​អាច​ទៅ​កាន់​សុគតិភព។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: