ភ្លេងជាតិដែលបានធ្វើឲ្យពិភពលោកទាំងមូលស្ងៀមស្ងាត់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក
ភ្លេងជាតិដែលបានធ្វើឲ្យពិភពលោកទាំងមូលស្ងៀមស្ងាត់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
តើអ្នកទាំងអស់គ្នាស្គាល់ភ្លេងជាតិជប៉ុនទេ ជាបទចម្រៀងដែលមានចំណងជើងថា 君が代 (Kimigayo) ដែរទេ?
សម្រាប់អ្នកដែលបានស្តាប់បទចម្រៀងនេះ តើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍យ៉ាងណាចំពោះបទចម្រៀងនេះ?
ទោះបីជាច្រៀងបទចម្រៀងនេះមានរយៈពេលប្រមាណមួយនាទីប៉ុណ្ណោះ។
និយាយពីភ្លេងជាតិដែលខ្លីជាងគេនៅលើពិភពលោកគឺ Uganda ប៉ុន្តែប្រសិនបើគិតតាមលំដាប់លំដោយតួអក្សរ Kimigayo គឺជាភ្លេងជាតិដែលខ្លីជាងគេនៅលើពិភពលោក ដោយមានត្រឹមតែ ៣២ ពាក្យប៉ុណ្ណោះ។
ចង្វាក់ភ្លេងរបស់បទចម្រៀងនេះមានភាពស្រងូតស្រងាត់ និងសោកសៅបន្តិច។ ដូច្នេះហើយ មនុស្សជាច្រើនយល់ឃើញថាវាមិនសមនឹងបរិយាកាសអបអរសាទរនៃពិធីប្រគល់មេដាយកីឡាអូឡាំពិកនោះទេ។
ទោះជាយ៉ាងណា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ ដែលប្រារព្ធធ្វើឡើងនៅ Milan គេនិយាយថា នៅពេលដែលភ្លេងជាតិជប៉ុនបន្លឺឡើង សាលទាំងមូលស្ងៀមស្ងាត់ទាំងស្រុង។
មូលហេតុដែលធ្វើឲ្យអ្នកទាំងអស់គ្នាស្ងៀមស្ងាត់ដោយសារតែគំនិតផ្តួចផ្តើមថ្មីមួយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក៖
នៅពេលដែលភ្លេងជាតិត្រូវបានបន្លឺឡើង ទំនុកច្រៀងត្រូវបានបកប្រែជាភាសាអុីតាលី និងអង់គ្លេស។
ជាដំបូង សូមក្រឡេកមកមើលទំនុកច្រៀងដើមនៃភ្លេងជាតិ៖
“君が代は
千代に八千代に
さざれ石の
巌となりて
苔のむすまで”
ទំនុកច្រៀងប្រើភាសាជប៉ុនបុរាណ ដូច្នេះអាចនឹងពិបាកយល់ សូម្បីតែអ្នកដែលយល់ភាសាជប៉ុនក៏ដោយ។ ដូច្នេះ ខ្ញុំសូមពន្យល់ដូចតទៅ ប្រសិនបើបង្ហាញដោយប្រើពាក្យពេចន៍នាសម័យនេះទំនុកច្រៀងមានន័យថា៖
“あなたが生きているこの時代が
千年も万年もの間
それは小さな石が大きく丈夫な石となるまで
そしてそこに苔が生えるまで長く栄えていきますように”
ប្រែថា៖
“សង្ឃឹមថាសម័យកាលដែលអ្នកកំពុងរស់នៅ
នឹងមានរយៈពេលរាប់ពាន់រាប់ម៉ឺនឆ្នាំ។
រហូតដល់ពេលដែលគ្រាប់ថ្មតូចៗផ្សារភ្ជាប់គ្នាបង្កើតបានជាផ្ទាំងថ្មធំដ៏រឹងមាំ
ហើយស្លែគ្របដណ្តប់នៅលើនោះ –
សង្ឃឹមថា វិបុលភាពនោះនឹងស្ថិតស្ថេរជារៀងរហូត។”
បទចម្រៀងនេះត្រូវបាននិពន្ធឡើងជាយូរណាស់មកហើយ រហូតដល់ថ្នាក់មិនច្បាស់ពីអ្នកនិពន្ធ ប៉ុន្តែទំនុកច្រៀងត្រូវបានគេចាត់ទុកថា គឺជាការជូនពរសម្រាប់មនុស្សដែលខ្លួនស្រលាញ់ – ស្រដៀងទៅនឹងសំបុត្រស្នេហា។
ទោះបីជាមានត្រឹមតែ ៣២ ពាក្យក៏ដោយ យើងអាចមើលឃើញពីក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះភាគី។
នៅប្រទេសដទៃទៀត ភ្លេងជាតិច្រើនតែជាបទចម្រៀងវីរភាពនិយាយពីប្រវត្តិសាស្ត្រសង្គ្រាម និងឯករាជ្យ។ ដូច្នេះបទភ្លេងមានភាពអស្ចារ្យ និងឥទ្ធិពលយ៉ាងខ្លាំង ដែលស័ក្តិសមបំផុតសម្រាប់ពិធីប្រគល់មេដាយកីឡាអូឡាំពិក។
ទន្ទឹមនឹងនោះ ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដ៏កម្រដែលប្រើ “សំបុត្រស្នេហា” ធ្វើជាភ្លេងជាតិ។
ប្រសិនបើមិនយល់ពីអត្តន័យទំនុកច្រៀង មនុស្សជាច្រើននឹងបញ្ចេញមតិដូចជា “ហេតុអ្វីបានជាបទចម្រៀងនេះសោកសៅម្ល៉េះ?” “ហេតុអ្វីបានជាសាមញ្ញម្ល៉េះ?” “ហេតុអ្វីបានជាខ្លីដូច្នេះ?” ជាដើម។
ប៉ុន្តែលើកនេះ នៅពេលដែលយល់ពីអត្តន័យតាមរយៈការបកប្រែ ទស្សនិកជនស្ងាត់ស្ងៀម និងរំជួលចិត្តយ៉ាងខ្លាំង។
ប្រសិនបើមិនធ្លាប់បានឮភ្លេងជាតិដ៏មានអត្ថន័យនេះ ប្រិយមិត្តអាចស្វែងរកនៅលើ YouTube ឬគេហទំព័រផ្សេងទៀត។
ចូរយើងស្តាប់បទចម្រៀងនេះដើម្បីទទួលបានអារម្មណ៍កាន់តែស៊ីជម្រៅទាំងអស់គ្នា។
ចំណេះដឹងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួននិយាយពីបទចម្រៀងនេះ ខ្ញុំសូមចែករំលែកបន្ថែមដូចខាងក្រោម។
តាមពិតទៅ បទ Kimigayo ទើបតែត្រូវបានអនុម័តជាផ្លូវការជាភ្លេងជាតិនៅឆ្នាំ ១៩៩៩ ប៉ុណ្ណោះ។
ទោះបីជាមុននោះធ្លាប់ត្រូវបានប្រើយូរមកហើយក៏ដោយ ប៉ុន្តែមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយច្បាប់នៅឡើយទេ។ ដូច្នេះហើយ បទចម្រៀងនេះទើបតែក្លាយជាភ្លេងជាតិផ្លូវការកាលពី ២៧ ឆ្នាំមុនប៉ុណ្ណោះ។
បទភ្លេងពេញលេញត្រូវបានបញ្ចប់នៅឆ្នាំ ១៨៨០ ដោយជនជាតិជប៉ុនម្នាក់។ ប៉ុន្តែជាក់ស្តែង បទភ្លេងដំបូងបែរជាត្រូវបាននិពន្ធដោយជនជាតិអង់គ្លេសម្នាក់នៅឆ្នាំ ១៨៦៩ បន្ទាប់មកត្រូវបានកែសម្រួលបញ្ចប់ដោយជនជាតិជប៉ុន។
មិនដឹងថាអ្នកនិពន្ធសរសេរបទចម្រៀងនេះក្នុងបរិបទបែបណានោះទេ ប៉ុន្តែប្រហែលជាម្នាក់នោះបានដាក់បញ្ចូលចិត្តគំនិត និងអារម្មណ៍ក្នុងបទចម្រៀងនេះ។ ហើយប្រទេសជប៉ុនរាប់ពាន់ រាប់ម៉ឺនឆ្នាំក្រោយមកលេចឡើងក្នុងក្រសែភ្នែករបស់ម្នាក់នោះ ប្រហែលនោះជាបរិបទនៃប្រទេសជប៉ុនសព្វថ្ងៃនេះ។
ភ្លេងជាតិជប៉ុន – ជាពាក្យជូនពរដ៏ពិសេសពោរពេញដោយក្ដីស្រឡាញ់។
ឥឡូវនេះ នៅពេលដែលបានយល់ពីអត្តន័យនៃទំនុកច្រៀងនីមួយៗ ចូរយើងស្តាប់ឡើងវិញ ដើម្បីយល់ពីអារម្មណ៍ទាំងនោះទាំងអស់គ្នា។ អ្នកប្រាកដជាទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងមានអារម្មណ៍ថាវាខុសពីមុនទាំងស្រុង។
Abe Kengo
