លែងពឹង​​ផ្អែក​​​ទៅលើ​​ប្រទេស​​ចិន​ទៀត ហើយ​​​ងាក​​​មក​​សង្ឃឹម​​​​​លើ​​​​​​ប្រទេស​​​​វៀត​​​​ណាម​​​វិញ

លែងពឹង​​ផ្អែក​​​ទៅលើ​​ប្រទេស​​ចិន​ទៀត ហើយ​​​ងាក​​​មក​​សង្ឃឹម​​​​លើ​​​​ប្រទេស​​​វៀត​​​ណាម​​វិញ។

ប្រហែលជាប្រិយមិត្តដឹងហើយថា ទំនាក់ទំនងរវាងប្រទេសជប៉ុន និងចិនកាន់តែអាក្រក់ទៅៗ។

ភាគីប្រទេសចិនកំពុងប្រើយុទ្ធសាស្រ្តក្នុងគោលបំណងបង្កការខាតបង់ដល់ប្រទេសជប៉ុន។ ក្នុងបរិបទ​នោះ ទន្ទឹមនឹងការខាតបង់មួយចំនួនដែលបានកើតឡើង វិធានការមួយចំនួនហាក់បី​ដូច​ជាលែង​មាន​ប្រសិទ្ធភាព។

ដើម្បីជៀសវាងហានិភ័យដោយសារតែការពឹងផ្អែកជាច្រើនទៅលើប្រទេសចិន ប្រទេសវៀតណាមកំពុង​ក្លាយ​ជា​ដៃ​គូ​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេស​ជប៉ុន។

ចំនួនភ្ញៀវទេសចរណ៍ចិនបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍សរុបនៅតែកើនឡើង

រដ្ឋាភិបាលចិនបានដាក់បញ្ចូលជប៉ុនជាប្រទេសដែលមានគ្រោះថ្នាក់ និងកំពុងណែនាំប្រជាពល​រដ្ឋ​កុំ​ឲ្យ​ទៅ​កាន់​ទីនោះ ទន្ទឹម​នឹង​នោះ​កាត់​បន្ថយ​ជើង​ហោះ​ហើរ​ផង​ដែរ។

ជាលទ្ធផលចំនួនភ្ញៀវទេសចរណ៍ដែលមកពីប្រទេសចិនទៅកាន់ប្រទេសជប៉ុនបានធ្លាក់ចុះប្រហែល ៤០% ។

ទោះជាយ៉ាងណា ភ្ញៀវទេសចរណ៍ដែលមកពីសហរដ្ឋអាមេរិក អឺរ៉ុប និងជាពិសេសប្រទេស​វៀត​ណាម​បែរជាកើនឡើងយ៉ាងខ្លាំង ដូច្នេះហើយ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិសរុបដែលទៅកាន់ប្រទេស​ជប៉ុន​នៅ​តែ​កើន​ឡើង។

និយាយឲ្យត្រង់ទៅ ភ្ញៀវទេសចរណ៍ចិនច្រើនតែបង្កបញ្ហាជាច្រើននៅក្នុងប្រទេសជប៉ុន ដូច្នេះការដែលពួកគេកាត់បន្ថយការធ្វើដំណើរ ហើយ​ភ្ញៀវ​ទេស​ចរណ៍​​ដែល​​មក​​ពី​​បណ្តា​​ប្រទេស​ផ្សេង​ទៀត​កើន​ឡើង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ប្រទេសជប៉ុន។

ច្បាប់ហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន

ប្រទេសចិនបានរិះគន់ទៅលើការដោះស្រាយរបស់ជប៉ុនចំពោះផលវិបាកនៃគ្រោះថ្នាក់រោងចក្រថាមពល​នុយក្លេអ៊ែរ Fukushima ក្នុងឆ្នាំ ២០១១ និងបានដាក់បម្រាមចំពោះការនាំចូលអាហារសមុទ្រ​របស់​ប្រទេស​ជប៉ុន។

តាមពិតទៅ នេះមិនមែនជាលើកទីមួយនោះទេ ប្រទេសចិនក៏ធ្លាប់បានធ្វើរឿងស្រដៀងគ្នានេះកាល​ពី​មុន​មក​ដែរ។

ប៉ុន្តែក្នុងស្ថានភាពទាំងនោះ ប្រទេសជប៉ុនបានពង្រីកការនាំចេញទៅកាន់សហរដ្ឋអាមេរិក តៃ​វ៉ាន់ និង​ទីផ្សារ​ផ្សេង​ទៀត ដូច្នេះ​ការ​ខូច​ខាត​ត្រូវ​បាន​ចាត់​ទុក​ថា​ស្ទើរ​តែ​មិន​ច្រើន​នោះ​ឡើយ។

រឹតត្បិតការនាំចេញធាតុកម្រ

ធាតុកម្រគឺជា​វត្ថុធាតុដើម​ដែលមិនអាចខ្វះបាន​នៅក្នុង​បច្ចេកវិទ្យា​ទំនើប។ ឧទាហរណ៍ដូចជាប្រើសម្រាប់ផលិត​ទូរស័ព្ទ កុំព្យូទ័រ យាន​យន្ត​​អគ្គិសនី​​ជា​ដើម ហើយសព្វថ្ងៃការផលិតភាគច្រើនត្រូវ​បាន​​គ្រប់​គ្រង​​ដោយ​​ប្រទេស​​ចិន។

ទោះជាយ៉ាងណា ប្រទេសចិនធ្លាប់បានអនុវត្តវិធានការរឹតត្បិតនេះពីមុនមក ហើយចាប់ពីពេលនោះមក ប្រទេសជប៉ុនបានបន្តកែលម្អវិធានការទប់ទល់ជាបន្តបន្ទាប់។

វិធានការ​ទប់ទល់​រួមមាន ការកែច្នៃ​ដើម្បីប្រើប្រាស់ធាតុកម្រឡើងវិញ ការអភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​មិនត្រូវការប្រើធាតុកម្រ ជីកយករ៉ែ ផលិត​ធាតុ​កម្រនៅក្នុង​ស្រុក និង​ពី​ប្រទេស​ផ្សេងទៀត។

បច្ចុប្បន្ននេះ ជប៉ុនកំពុងស្រាវជ្រាវជាបន្ទាន់វិធីសាស្រ្តជីកយកភក់នៅជម្រៅ ៦.០០០ ម៉ែត្រក្រោមបាតសមុទ្រ ដើម្បីចម្រាញ់ធាតុកម្រដែលមាននៅក្នុងនោះ។

យ៉ាងណាមិញ បច្ចេកវិទ្យានេះត្រូវចំណាយពេលពីរបីឆ្នាំទៀតទើបអាចសម្រេចបាន។

តួនាទីដ៏សំខាន់របស់វៀតណាម

ហើយ​នៅពេលនេះ​ វៀតណាមបានក្លាយជាប្រទេសដែលសំខាន់យ៉ាងខ្លាំង។

សព្វថ្ងៃនេះ បរិមាណធាតុកម្រដែលជប៉ុននាំចូលពីប្រទេសវៀតណាមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែមានចំណុចមួយត្រង់ថា តម្លៃធាតុកម្រពីប្រទេសវៀតណាមខ្ពស់ជាងប្រទេសចិនដល់ទៅបួនដង។

ទោះជាយ៉ាងណា នេះជាតម្លៃដែលបានឆ្លុះបញ្ចាំងថាវៀតណាមកំពុងចាត់វិធានការត្រឹមត្រូវ។

ជាទូទៅនៅពេលដែលជីកដីដែលមានផ្ទុកធាតុកម្រតែងតែមាន​កម្រិត​វិទ្យុសកម្ម​ខ្ពស់។ ប្រទេស​ចិន​មិន​បាន​ចាត់​វិធាន​ការ​ត្រឹម​ត្រូវ​ចំពោះ​​វិទ្យុសកម្ម​​ទាំង​នេះ​នោះ​ទេ ប៉ុន្តែយកទៅចោលនៅតំបន់ដែលមិនមានមនុស្សរស់នៅ។ 

ផ្ទុយទៅវិញ ប្រទេសវៀតណាមបានចាត់វិធានការយ៉ាងម៉ត់ចត់ និងស្របតាមនីតិវិធីត្រឹមត្រូវ ដូច្នេះថ្លៃចំណាយទៅលើការចាត់ចែងត្រូវបានបូកបញ្ចូលក្នុងតម្លៃ។ ដូច្នេះហើយ មានតម្លៃខ្ពស់ជាងក៏អាចយល់បានដែរ។

មិនអាចនិយាយថា ព្រោះតែគ្មានមនុស្សរស់នៅ ហើយចាក់ចោលសារធាតុវិទ្យុសកម្ម ដោយចាត់ទុកដូចជាគ្មានបញ្ហា​អ្វី​នោះទេ។

មិនយូរមិនឆាប់ សកម្មភាពដែលមិនមានទំនួលខុសត្រូវនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ភព​ផែន​ដី​ទាំង​មូល។

ពិភពលោកមិនចង់ពឹងផ្អែកទៅលើប្រទេសចិនទៀតឡើយ

ប្រទេសចិនបានប្រើប្រាស់ធាតុកម្រដើម្បីជាការចរចាជាមួយប្រទេសដទៃទៀត។

ប៉ុន្តែបច្ចុប្បន្ននេះ ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបសុទ្ធតែកំពុងបង្កើតគម្លាតជាមួយប្រទេស​ចិន។

ទោះបីជាតម្លៃធាតុកម្រទាបមានភាពទាក់ទាញក៏ដោយ ប៉ុន្តែហានិភ័យនៃការបំពុលបរិស្ថានក្នុង​ទ្រង់​ទ្រាយ​សកល​គឺ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ដែល​មិន​អាច​មើល​រំលង​បាន។

ម្យ៉ាងវិញទៀត គ្មានប្រទេសណាមួយចង់បន្តទំនាក់ទំនងការទូតដែលឱនលំទោន ស្តាប់តាមប្រទេសចិនដោយសារតែធាតុកម្រនោះទេ។

ទន្ទឹមនឹងនេះ ប្រទេសវៀតណាមជាប្រទេសដែលមានទំនុកបម្រុងធាតុកម្រធំជាងគេទីពីរនៅ​លើ​​ពិភព​​លោក។

ហើយបច្ចុប្បន្ននេះ ប្រទេសវៀតណាមកំពុងសហការជាមួយអាជីវកម្មជប៉ុន និង​កូរ៉េ​ដើម្បី​អនុវត្តដំណើរ​ការ​ចម្រាញ់​ប្រកប​ដោយ​សុវត្ថិភាព។

សម័យកាលរបស់វៀតណាម

សព្វថ្ងៃនេះ ពិភពលោកលែងចង់ពឹងផ្អែកលើប្រទេសចិនទៀតហើយ។ នៅក្នុងបរិបទនោះ តួនាទី​​របស់​​វៀត​​ណាម​​កាន់​​តែ​សំខាន់​ឡើងៗ។

អាចនិយាយបានថា ដោយសារកំហុសឆ្គងដែលចិនកំពុងធ្វើបានបើកយុគសម័យថ្មីសម្រាប់​វៀត​ណាម។

បរិមាណធាតុកម្រនៅក្នុងភក់សមុទ្រជ្រៅរបស់ប្រទេសជប៉ុនក៏ត្រូវបានគេចាត់ទុកថាមានច្រើនណាស់​ដែរ ហើយ​ជា​ពិសេស សារ​ធាតុ​វិទ្យុសកម្ម​មាន​កម្រិត​ទាប​យ៉ាង​ខ្លាំង។

អ្នកណាទៅដឹងថា នៅពេលអនាគត ជប៉ុន និងវៀតណាមចាប់ដៃគ្នាពង្រឹងដល់សេដ្ឋកិច្ចពិភព​លោក។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: