បញ្ហាពេស្យាចារ​លើកុមារ​ដែល​ប្រព្រឹត្ត​ដោយ​ជន​ជាតិ​ជប៉ុន​នៅ​ក្នុង​​ប្រទេស​​ឡាវ​​បច្ចុប្បន្ន

បញ្ហាពេស្យាចារលើ​កុមារដែល​ប្រព្រឹត្ត​ដោយ​ជន​ជាតិ​ជប៉ុន​នៅ​ក្នុង​ប្រទេស​ឡាវ​បច្ចុប្បន្ន។

ប្រទេសឡាវត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមិនមានប៉ុន្មានទេ ហើយសព្វថ្ងៃនេះ ប្រជា​ជន​ក្រីក្រ​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​លំបាក​យ៉ាង​ខ្លាំង។

ក្នុងស្ថានភាពនោះ ស្ត្រីជាច្រើននៅទីនោះត្រូវបានគេលក់ឲ្យធ្វើជាស្រីពេស្យា ហើយអ្នកទិញភាគច្រើន​ជា​ជន​ជាតិ​ជប៉ុន។ ពួកគេទិញក្មេងស្រី និងសូម្បីតែក្មេងស្រីដែលមិនទាន់គ្រប់អាយុសម្រាប់គោលបំណង​បំពេញ​តម្រូវ​ការ​ផ្លូវ​ភេទ។

គេ​និយាយ​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​កុមារ​អាយុ​ទើបតែ ៩ ឆ្នាំ​ប៉ុណ្ណោះ។

ហេតុអ្វីបានជាជនខិលខូចជប៉ុនទាំងនោះបែរជាសម្រុកទៅប្រទេសឡាវដូច្នេះ?

នៅខែសីហា ឆ្នាំ ២០២៥ បុរសអាយុ ៦៥ ឆ្នាំម្នាក់ដែលរស់នៅ Nagoya ត្រូវបានចាប់ខ្លួន។

ដោយសារតែសកម្មភាពពេស្យាចារកើតឡើងនៅក្រៅប្រទេស ដូច្នេះមិនអាចចោទប្រកាន់ដោយផ្ទាល់​​ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​ជប៉ុន​បាន​ទេ។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​បាន​រក​ឃើញ​រូបភាព និង​វីដេអូ​ជា​​ច្រើន​​ដែល​​ថត​​សកម្មភាព​រួម​ភេទ​របស់​លោក​ជា​មួយ​ក្មេង​ស្រី​នៅ​ប្រទេស​ឡាវ។

នៅផ្ទះរបស់គាត់ អាជ្ញាធរបានរឹបអូសសៀវភៅកត់ត្រាចំនួន ១៧ ក្បាល។ ក្នុងនោះមានកត់ត្រាយ៉ាងលម្អិតទាក់ទងនឹងក្មេងស្រីនៅប្រទេសឡាវដែលគាត់បានរួមភេទ រួមមានឈ្មោះ អាយុ ទីតាំង​ជួប​គ្នា និង​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ចំណាយ។

ចំនួនជនរងគ្រោះសរុបដែលត្រូវបានកត់ត្រាមានជាង ១៤០ នាក់ ហើយជនរងគ្រោះដែលក្មេងជាង​គេ​មាន​អាយុ​ត្រឹម​តែ ៩ ឆ្នាំ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរជាងនោះគឺថា មិនត្រឹមតែបុរសម្នាក់នេះត្រូវចាប់ខ្លួនប៉ុណ្ណោះទេ។ បច្ចុប្បន្ននេះ បុរសជប៉ុនជាច្រើនទៀតក៏ទៅកាន់ប្រទេសឡាវដើម្បីទិញក្មេងស្រី និង​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​ផង​ដែរ។

ហេតុអ្វីជាប្រទេសឡាវ?

និយាយពីចំណុចនេះ មិនដឹងថាមានប្រភពមកពីណានោះទេ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១០ មក មានពាក្យចចាមអារ៉ាមមួយដែលមានខ្លឹមសារបែបនេះ​បាន​លេច​ឡើង និង​ផ្សព្វ​ផ្សាយ​នៅប្រទេស​ជប៉ុន​ថា៖

  • “ប្រសិនបើនៅប្រទេសឡាវប្រហែលជាមិនត្រូវចាប់ខ្លួននោះទេ។”

ពាក្យចចាមអារ៉ាមនេះរីកផ្សព្វផ្សាយ និងក្លាយជាប្រភពបញ្ហាបន្តិចម្តងៗ ដែលបណ្តាលឲ្យ​ជន​ខិល​ខូច​ជា​ច្រើន​បាន​សម្រុក​ទៅ​ប្រទេស​ឡាវ។

តាមពិតទៅ ប្រទេសឡាវមិនមែនជាប្រទេសដំបូងដែលជនជាតិជប៉ុនកំណត់គោលដៅចំពោះអំពើពេស្យាចារនោះទេ។

មានព័ត៌មានបង្ហាញថាមុនប្រទេសឡាវ ជនជាតិជប៉ុនជាច្រើនក៏បានធ្វើដំណើរទៅកាន់ប្រទេស​ថៃ ហើយ​បន្ទាប់​មក​ទៅ​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ភ្ញៀវ​ទិញ​សេវាកម្ម​ផ្លូវ​ភេទ​ពី​អនីតិជន។

ក្នុងនាមខ្ញុំជាជនជាតិជប៉ុនម្នាក់ ខ្ញុំ​មាន​អារម្មណ៍​អាម៉ាស់​យ៉ាង​ខ្លាំងចំពោះបញ្ហាសង្គមដែលបង្កឡើង​ដោយ​ជន​ជាតិ​ជប៉ុន ជា​ពិសេស​បញ្ហា​នេះ។

នៅក្នុងស្រុក ក្នុងចំណោមបុរសដែលទិញសេវាកម្មផ្លូវភេទពីក្មេងស្រី ជនជាតិចិនមានចំនួនច្រើន​បំផុត បន្ទាប់​មក​គឺ​ជន​ជាតិ​កូរ៉េ។

ទោះបីជាជនជាតិជប៉ុនមានចំនួនតិចជាងក៏ដោយ ប៉ុន្តែស្ថានភាពនៅកម្រិតដែលគួរឲ្យព្រួយបារម្ភ។

ស្ត្រីឡាវជាច្រើនដែលលក់ឲ្យធ្វើជាស្រីពេស្យាត្រូវបានគេចាត់ទុកថាមកពីក្រុមជនជាតិភាគតិចក្រី​ក្រ​នៅ​​តំបន់​ជន​បទ។

ពួកគេត្រូវបានបញ្ជូនទៅកាន់ទីក្រុងដោយប្រើមូលហេតុថារកប្រាក់ជួយគ្រួសារ ហើយត្រូវបង្ខំឲ្យធ្វើ​​សកម្មភាព​ពេស្យាចារ។

ឈ្មួញកណ្តាលដែលបានរៀបចំរឿងនេះ ក៏ដូចជាម្ចាស់សណ្ឋាគារជាច្រើនដែលបានបិទបាំង និងគ្រប់​គ្រង​ពួក​គេ ភាគ​ច្រើន​ជា​ជន​ជាតិ​ឡាវ។

ជាការពិតណាស់ ពួកគេជាអ្នកដែលមានកំហុស ហើយ​ម្យ៉ាង​វិញ​ទៀត ក៏​ត្រូវ​ទទួល​ស្គាល់​ផង​ដែរ​ថា ប្រសិន​បើ​មិន​មាន​អ្នក​ទិញ នោះ​ទម្រង់​អាជីវកម្ម​ប្រភេទ​នេះ​ក៏​មិន​មាន​ដែរ។

សព្វថ្ងៃនេះ នៅក្នុងប្រទេសមួយចំនួន ពេស្យាចារជាសកម្មភាពស្របច្បាប់។

ទោះជាយ៉ាងណា ប្រសិនបើជាការព្រមព្រៀងគ្នារវាងភាគីទាំងពីរអាចយល់បានខ្លះ។ ប៉ុន្តែការដែល​កំណត់​គោល​ដៅ​លើកុមារដែលមិនដឹងអ្វីទាំងអស់ ខ្ញុំគិតថានោះជាអ្វីដែលមនុស្សមិនគួរធ្វើនោះ​ទេ។

ប្រហែលជាអ្នកដែលទិញសេវាផ្លូវភេទពីកុមារមើលស្រាលរឿងទាំងនេះពេកហើយ ដោយចាត់ទុកដូចជារឿងធម្មតា មិនធ្ងន់ធ្ងរទាល់តែសោះ។ បន្ទាប់មក ពួកគេធ្វើរឿងដែលពួកគេមិនធ្លាប់ធ្វើក្នុង​ជីវិតប្រចាំថ្ងៃដើម្បីបំពេញចិត្តខ្លួនឯង ថែមទាំងរក្សាទុករូបភាព និងវីដេអូដើម្បីអួតទៀត​ផង។

ប្រសិនបើពួកគេឈានទៅមួយជំហានទៀតគិតអំពីអនាគតរបស់ក្មេងស្រីទាំងនោះ ប្រហែលជាពួកគេមិនធ្វើរឿងទាំងនេះឡើយ។

ក្នុងនាមជាជនជាតិជប៉ុនម្នាក់ ខ្ញុំពិតជាមានអំណរគុណយ៉ាងជ្រាលជ្រៅដែលគ្រប់គ្នាតែងតែគិត​ថា​ជន​ជាតិ​ជប៉ុន​ជា​មនុស្ស​ល្អ។ ប៉ុន្តែ​តាម​ពិត​ទៅ មិនមែនជនជាតិជប៉ុនទាំងអស់សុទ្ធតែល្អនោះទេ ដូច្នេះសូមប្រុងប្រយ័ត្នផង។

ការកេងប្រវ័ញ្ចរាងកាយកុមារ រំលោភបំពានលើកុមារ គឺជារឿងដែលមិនអាចទទួលយកបាន ហើយ​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម​យ៉ាង​ធ្ងន់​ធ្ងរ និង​លុប​បំបាត់​ចេញ​ពី​សង្គម។

សូមកុំចូលរួមទម្រង់អាជីវកម្មប្រភេទនេះឲ្យសោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: