Riku-Ryu” – ជាដៃគូរាំដ៏ល្អឥតខ្ចោះដែលបានយកឈ្នះមេដាយមាសក្នុងកីឡាអូឡាំពិករដូវរងា
“Riku-Ryu” – ជាដៃគូរាំដ៏ល្អឥតខ្ចោះដែលបានយកឈ្នះមេដាយមាសក្នុងកីឡាអូឡាំពិករដូវរងា។
ថ្មីៗនេះ ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលបានប្រារព្ធឡើងនៅទីក្រុង Milan (ប្រទេសអុីតាលី) ការប្រកួតជិះស្គីលើទឹកកកជាគូរួមមាន Miura Riku និង Kihara Ryuichi បានយកឈ្នះមេដាយមាសដ៏អស្ចារ្យ។
អ្នកទាំងពីរត្រូវបានប្រព័ន្ធផ្សព្វផ្សាយជប៉ុនហៅឈ្មោះពួកគេយ៉ាងគួរឲ្យស្រលាញ់ថា “Riku-Ryu” ។ បន្ទាប់ពីទទួលបានជ័យជម្នះ អត្តពលិកទាំងពីរនាក់នេះកាន់តែល្បីឈ្មោះ និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រ។
យើងនឹងស្វែងយល់បន្ថែមអំពីអត្តពលិកទាំងពីរនាក់នេះ និងរឿងរ៉ាវដ៏គួរឲ្យស្រលាញ់របស់ពួកគេតាមរយៈខ្លឹមសារអត្តបទខាងក្រោម។
Riku តែងតែបានបីជានិច្ច
ក្នុងការសម្តែងជិះស្គីលើទឹកកករបស់ពួកគេ មានចលនាលើកបីដៃគូសម្តែង។ ប៉ុន្តែចំពោះ Riku មិនត្រឹមតែក្នុងអំឡុងពេលសម្តែងប៉ុណ្ណោះទេ សូម្បីតែធម្មតានាងតែងតែត្រូវបាន Ryuichi បីជានិច្ច។
បន្ទាប់ពីការប្រកួតបញ្ចប់ សូម្បីតែនៅពេលដែលឡើងវេទិកាដើម្បីទទួលមេដាយ ទិដ្ឋភាពដែលនាងត្រូវបានលើកបីស្ទើរតែធ្វើឲ្យបេះដូងរបស់ទស្សនិកជន “រំភើប” យ៉ាងខ្លាំង។
ឮថា Riku ងាយនឹងជំពប់ជើងណាស់ ដូច្នេះដើម្បីជៀសវាងរបួស Ryuichi តែងតែបីនាងដូច្នេះ។
សកម្មភាពស្របគ្នាយ៉ាងខ្លាំង
ប្រសិនបើចាប់អារម្មណ៍នឹងឃើញថា Riku និង Ryuichi តែងតែមានកាយវិការស្របគ្នាដ៏គួរឲ្យភ្ញាក់ផ្អើល។ ឧទាហរណ៍ដូចជានៅពេលដែលម្នាក់ប៉ះមេដាយ ម្នាក់ទៀតនឹងប៉ះក្នុងពេលតែមួយ។ ឬនៅពេលដែលម្នាក់យកដៃស្ទាបសក់ ម្នាក់ទៀតក៏ធ្វើដូចគ្នាដែរ។
ក្នុងការជិះស្គីលើទឹកកក សកម្មភាពស្របគ្នាពិតជាសំខាន់ខ្លាំងណាស់។ ប៉ុន្តែទោះបីជាពួកគេមិនសម្តែងក៏ដោយ កម្រិតសកម្មភាព “sync” របស់ពួកគេនៅតែធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។
អំឡុងពេលសម្តែង នៅពេលដែលបំបែកគ្នាបង្វិល ល្បឿនបង្វិលរបស់ពួកគេដូចគ្នាបេះបិទ ចំណុចនេះបានរួមចំណែកជួយឲ្យពួកគេទទួលបានពិន្ទុខ្ពស់។
សកម្មភាពស្របគ្នាបែបនេះមិនអាចធ្វើបាននោះទេប្រសិនបើមិនមានទំនាក់ទំនងយូរអង្វែង។
យកឈ្នះបរាជ័យ
ក្នុងការប្រកួតជិះស្គីលើទឹកកកជាគូ អត្តពលិកនឹងសម្តែងវិញ្ញាសាចំនួនពីររួមមាន៖ ការសម្តែងខ្លី (SP) និងការសម្តែងសេរី (FS) ពិន្ទុសរុបទាំងពីរលើកនឹងកំណត់ចំណាត់ថ្នាក់។
ក្នុងអំឡុងពេលសម្តែងខ្លី Riku-Ryu បានធ្វើខុស ដូច្នេះឱកាសឡើងវេទិកាហាក់បីដូចជាបានរលាយបាត់ទៅហើយ។
Riku បានយំព្រោះតែសម្ពាធ និងអារម្មណ៍សោកស្ដាយ។ នៅពេលនោះ Ryuichi បានឱបនាងយ៉ាងណែន ហើយព្យាយាមលួងលោមនាង។
ដូច្នេះហើយ Riku បានពង្រឹងស្មារតីឡើងវិញ ហើយពួកគេបានបញ្ចប់ការសម្តែង FS យ៉ាងល្អឥតខ្ចោះ។
ប្រហែលជាដោយសារតែការលើកទឹកចិត្តនោះហើយដែលបានជួយឲ្យពួកគេសម្រេចបាននូវអព្ភូតហេតុនេះ។
សកម្មភាពតូចៗពោរពេញដោយក្តីស្រលាញ់
នៅពេលដែលទទួលទានអាហារជាមួយគ្នា ប្រសិនបើមើលឃើញមាត់របស់ភាគីជាប់អាហារ ម្នាក់ទៀតនឹងជូតចេញ។ មិនត្រឹមតែប៉ុណ្ណឹង ពួកគេទាំងពីរតែងតែបង្ហាញខ្លួនជាមួយនឹងស្នាមញញឹមយ៉ាងស្រស់នៅលើមុខ។
ដោយសារតែចំណុចដ៏គួរឲ្យស្រលាញ់ និងភាពរួសរាយរាក់ទាក់ទាំងនេះក្នុងជីវិតប្រចាំថ្ងៃ ដែលបានជួយធ្វើឲ្យ Riku-Ryu ទទួលបានការចាប់អារម្មណ៍ និងការស្រលាញ់គាំទ្រពីសាធារណជន។
ទោះបីជាពួកគេចុះសម្រុងគ្នាយ៉ាងណាក៏ដោយ នៅពេលខ្លះពួកគេក៏ខ្វែងគំនិតគ្នាដែរ។ ប៉ុន្តែសម្រាប់មនុស្សនៅជុំវិញ ភាពតានតឹងរបស់ពួកគេមិនខុសអ្វីពី “ប្តីប្រពន្ធឈ្លោះប្រកែកគ្នា” នោះទេ – ប៉ុន្មាននាទីមុនខឹង ប៉ុន្មាននាទីក្រោយត្រូវគ្នា។
បន្ទាប់ពីនិយាយរឿងក្នុងចិត្ត អ្នកទាំងពីរផ្សះផ្សាគ្នាយ៉ាងឆាប់រហ័ស ហើយស្និទ្ធស្នាលគ្នាឡើងវិញ។
តើ Riku-Ryu ជាគូស្នេហ៍ដែលកំពុងស្រលាញ់គ្នាមែនទេ?
នៅប្រទេសជប៉ុន ទំនាក់ទំនងស្នេហាច្រើនតែត្រូវបានរក្សាសម្ងាត់ ហើយការដែលមិនសាកសួរស៊ីជម្រៅពេកក៏ជាសុជីវធម៌ផងដែរ។
ក្នុងពិភពអ្នកសម្តែងស្គីលើទឹកកក មានដៃគូជាច្រើនកំពុងស្រលាញ់គ្នា ឬខ្លះទៀតជាប្តីប្រពន្ធ។
ដោយឡែកចំពោះ Riku- Ryu មិនថាភាពស៊ីសង្វាក់គ្នានៅលើឆាក និងសកម្មភាពស្និទ្ធស្នាលក្នុងជីវិតប្រចាំថ្ងៃ ជៀសមិនផុតទេដែលមនុស្សជាច្រើនសួរថា តើពួកគេកំពុងស្រលាញ់គ្នាមែនទេ?
យោងតាមការចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ទោះបីជាបានបង្ហាញពីភាពស្និទ្ធស្នាលគ្នាយ៉ាងណា ប៉ុន្តែ Riku-Ryu មិនមែនជាគូស្នេហ៍ ឬជាប្តីប្រពន្ធនោះទេ។
ពួកគេជាមិត្តរួមក្រុមដែលបានតស៊ូជាមួយគ្នាអស់រយៈពេល ៧ ឆ្នាំ។
មុនពេលប្រកួត ពួកគេតែងតែលេងហ្គេមជាមួយគ្នា ដើម្បីពង្រឹងស្មារតីមុនពេលដែលឡើងឆាក។
បច្ចុប្បន្ន Riku មានអាយុ ២៤ ឆ្នាំ ចំណែកឯ Ryuichi មានអាយុ ៣៣ ឆ្នាំ អាយុរបស់អ្នកទាំងពីរខុសគ្នា ៩ ឆ្នាំ។
តើអនាគតពួកគេអាចនឹងក្លាយជាគូស្នេហ៍ពិតប្រាកដដែរទេ? នេះជាអ្វីដែលគ្មាននរណាម្នាក់អាចទាយដឹងមុននោះទេ។ ប៉ុន្តែក្នុងក្រសែភ្នែករបស់សាធារណជន និងជាពិសេសអ្នកគាំទ្ររបស់ពួកគេ ពួកគេគឺជា “គូស្នេហ៍ដ៏ល្អឥតខ្ចោះ” ។
គំរូគូស្នេហ៍ដ៏ល្អឥតខ្ចោះ
អ្នកអត្ថាធិប្បាយស្គីលើទឹកកកម្នាក់ធ្លាប់បាននិយាយថា៖
– “នេះជាដៃគូរាំដែលអ្នកជិះស្គីលើទឹកកកគ្រប់រូបគួរតែយកតម្រាប់តាម” ។
ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹង ខ្ញុំផ្ទាល់គិតថាពួកគេក៏ជាគំរូសម្រាប់គូស្នេហ៍ និងប្តីប្រពន្ធនៅលើពិភពលោកផងដែរ។
ការឈ្នះមេដាយមាសនៅកីឡាអូឡាំពិកមិនមែនជារឿងងាយស្រួលនោះទេ។ ការដែលសម្រេចបានជ័យជម្នះដូចសព្វថ្ងៃនេះគឺជាដំណើរការនៃការខិតខំប្រឹងប្រែង ហ្វឹកហាត់យ៉ាងលំបាក។ ក្នុងអំឡុងពេលហ្វឹកហាត់ ប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ខ្ញុំប្រាកដថា ពួកគេអាចនឹងមិនចុះសម្រុងជាច្រើនដង។ ប៉ុន្តែការយកឈ្នះលើឧបសគ្គទាំងអស់ ពួកគេបានរក្សាទំនាក់ទំនងដ៏ល្អនោះ ហើយរួមគ្នាបង្កើតអព្ភូតហេតុទាំងនេះ។
ជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរដោយស្មោះចំពោះជ័យជម្នះដ៏គួរឲ្យមានមោទនភាពរបស់អ្នកទាំងពីរ។
ជាគំរូដ៏ល្អដែលគួរតែទទួលបានការកោតសរសើរ ហើយក៏ជាកម្លាំងចិត្តសម្រាប់មនុស្សជាច្រើនដែលកំពុងខិតខំក្នុងជីវិតដើម្បីសម្រេចក្តីស្រមៃ។
Abe Kengo



