វប្បធម៌ “Omotenashi” – ធាតុពិតនៃទឹកចិត្តដ៏ល្អ
វប្បធម៌ “Omotenashi” – ធាតុពិតនៃទឹកចិត្តដ៏ល្អ។
តើអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យថា “omotenashi” ក្នុងភាសាជប៉ុនដែរទេ?
នោះគឺជាទស្សនវិជ្ជាដែលនិយាយពីការទទួលស្វាគមន៍ភ្ញៀវដោយមិនរំពឹងទុកការតបស្នង ការគិតដល់អ្នកដទៃដោយការគោរព និងយកចិត្តទុកដាក់បំផុត ទោះបីជាគ្មាននរណាម្នាក់មើលឃើញក៏ដោយ។
ក្នុងខ្លឹមសារអត្តបទនៅថ្ងៃនេះ យើងខ្ញុំសូមចែករំលែករឿងរ៉ាវដ៏ខ្លីមួយ ប៉ុន្តែធ្វើឲ្យយើងចងចាំបានយូរ។
នៅថ្ងៃមួយ គូស្វាមីភរិយាជនជាតិបារាំងវ័យចំណាស់មួយគូបានទៅកាន់ ryokan – ជាផ្ទះសំណាក់ប្រពៃណីដែលមានអាយុកាលយូរឆ្នាំ ស្ថិតនៅជ្រៅក្នុងតំបន់ភ្នំនៃប្រទេសជប៉ុន។
Ryokan ជាកន្លែងដែលភ្ញៀវទេសចរណ៍អាចត្រាំខ្លួនបន្ធូរអារម្មណ៍ក្នុងជ្រោះទឹកក្តៅ បរិភោគអាហារក្តៅៗ ហើយសម្រាកបន្ធូរអារម្មណ៍ក្នុងបរិយាកាសចាស់បុរាណ។ ជាកន្លែងដែលហាក់បីដូចជាពេលវេលាដើរយឺតជាងមុន។
នៅពេលអាហារពេលល្ងាច បរិយាកាសដ៏ស្ងប់ស្ងាត់មួយបានកើតឡើង។
នៅលើតុមានរៀបចំមុខម្ហូបជប៉ុនយ៉ាងស្រស់ស្អាត និងទាក់ទាញ។ ប៉ុន្តែស្រ្តីជាប្រពន្ធបែរជាមិនអាចកាន់ចង្កឹះបានទេ។
លោកស្រីកំពុងមានជំងឺមហារីកបំពង់អាហារដំណាក់កាលចុងក្រោយ។ ការបរិភោគអាហារឹងពិតជាពិបាកណាស់សម្រាប់គាត់។
ដោយសម្លឹងមើលតែមិនអាចប៉ះមុខម្ហូបទាំងនោះបាន លោកស្រីគ្រាន់តែឱនក្បាលយ៉ាងស្ងៀមស្ងាត់ ដូចជាកំពុងសុំទោស។
តាមពិតទៅ ដំណើរកម្សាន្តនេះជាបំណងប្រាថ្នារបស់បុរសជាប្តី។ ក្នុងអំឡុងពេលដ៏ខ្លីដែលនៅសល់ គាត់សង្ឃឹមថាលោកស្រីទទួលបានអារម្មណ៍កក់ក្តៅទាំងអស់ ទោះបីជាសាមញ្ញយ៉ាងណាក៏ដោយ។ នៅថ្ងៃនោះ កន្លែងនោះ បរិយាកាសនោះ…
ភាគីផ្ទះសំណាក់មិនទទួលបានដំណឹងទាក់ទងនឹងស្ថានភាពរបស់លោកស្រីនោះទេ។ ទោះជាយ៉ាងណា ដោយកត់សម្គាល់ឃើញចំណុចមិនប្រក្រតីនោះ បុគ្គលិកម្នាក់បានជូនដំណឹងដល់ចុងភៅដោយស្ងាត់ៗ។
មួយសន្ទុះក្រោយមក ចុងភៅបានបង្ហាញខ្លួន ឱនក្បាលនៅចំពោះភ្ញៀវទាំងពីរនាក់ រួចនិយាយប្រាប់ថា៖
- “យើងខ្ញុំសូមអភ័យទោសដោយចិត្តស្មោះព្រោះតែមិនបានដឹងចំពោះរឿងនេះ!”
ប៉ុន្មាននាទីក្រោយមក ម្ហូបមួយមុខដែលមិនមាននៅក្នុងម៉ឺនុយត្រូវបានលើកមក។ នោះគឺជាស៊ុបដែលធ្វើពីគ្រឿងផ្សំតាមរដូវ ដែលត្រូវបានកិនយ៉ាងម៉ដ្ឋរហូតដល់អាចផឹកបាន។ រសជាតិនៅតែឆ្ងាញ់ ប៉ុន្តែកាន់តែពិសេសជាងនេះ ហាក់បីដូចជាកំពុងរង់ចាំអ្នកបរិភោគភ្លក់មុខម្ហូប។
នៅព្រឹកបន្ទាប់ អាហារត្រូវបានផ្លាស់ប្តូរម្តងទៀត។ មុខម្ហូបទាំងអស់សុទ្ធតែត្រូវបានចិញ្ច្រាំតូចៗ បរិភោគជាមួយបបរ – ជាម៉ឺនុយពិសេសដាច់ដោយឡែក ដែលត្រូវបានរៀបចំដោយស្ងៀមស្ងាត់។
ស្រ្តីជាប្រពន្ធមានអារម្មណ៍រំភើប ហើយនិយាយថា៖
- “ឆ្ងាញ់ណាស់…”
នេះជាលើកដំបូងដែលលោកស្រីអាចបរិភោគអាហារយ៉ាងពេញលេញដូច្នេះអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីពេលដែលធ្លាក់ខ្លួនឈឺ។
នៅថ្ងៃចាកចេញ បុរសជាប្តីមិនអាចទប់ទឹកភ្នែកបានឡើយ។ គាត់បានឱនក្បាលដោយដឹងគុណចំពោះការលះបង់ និងការយកចិត្តទុកដាក់ដែលគាត់ និងភរិយារបស់គាត់បានទទួលនៅទីនោះ។
ដើម្បីជាការដឹងគុណដល់ភ្ញៀវវ័យចំណាស់ទាំងពីរនាក់ បុគ្គលិក ryokan គ្រាន់តែញញឹម ហើយឆ្លើយតបដោយស្រទន់ថា៖
- “ការដែលអ្នកទាំងពីរបរិភោគអាហារទាំងអស់ ហើយសល់ត្រឹមចានទទេ គឺជាការសរសើរដ៏ល្អបំផុតសម្រាប់យើងខ្ញុំ” ។
Omotenashi មិនមែនគ្រាន់តែជាសេវាកម្មដែលគួរសម ឬសកម្មភាពល្អឥតខ្ចោះនោះទេ។
ប៉ុន្តែអ្វីដែលសំខាន់គឺទឹកចិត្តសង្កេតមើល យល់ពីអារម្មណ៍របស់អ្នកដទៃ។ ជាចំណុចដែលមិនធ្លាប់ត្រូវបានសរសេរក្នុងសៀវភៅណែនាំវិជ្ជាជីវៈណាមួយឡើយ។
នៅប្រទេសជប៉ុន ស្មារតី Omotenashi ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់នៅតាមភោជនីយដ្ឋាន និង ryokan ផ្សេងទៀតផងដែរ។
ជាក់ស្តែង អ្នកដែលធ្វើការនៅកន្លែងទាំងនេះនឹងចាប់អារម្មណ៍មើលភ្ញៀវប្រើដៃខាងណា ហើយបន្ទាប់មករៀបចំអាហារ និងសម្ភារៈបរិភោគអាហារខាងដៃដែលផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវ។
នៅពេលដែលចាក់ស្រាឲ្យភ្ញៀវនឹងសង្កេតមើលល្បឿនផឹក និងកម្រិតដែលស្រវឹង ដើម្បីកែសម្រួលសេវាកម្មឲ្យសមស្រប។
ឬនៅកន្លែងបញ្ជរស៊ូស៊ី ចុងភៅនឹងបន្ថែមបន្ថយបរិមាណបាយដែលសមស្របសម្រាប់មនុស្សម្នាក់ៗ។
គ្រប់យ៉ាងផ្តើមចេញពីចំណុចដ៏សាមញ្ញមួយគឺគិតដល់អ្នកដទៃមុនពេលដែលពួកគេនិយាយចេញ។
សម្រាប់គូស្វាមីភរិយាជនជាតិបារាំង ការស្នាក់នៅ ryokan បានក្លាយជាការចងចាំដ៏ស្រស់ស្អាត និងមិនអាចបំភ្លេចបាន។
ដំបូងឡើយ ទោះបីជាការបម្រើដោយយកចិត្តទុកដាក់មិនផ្តើមចេញពីគោលបំណងអាជីវកម្មក៏ដោយ ប៉ុន្តែដោយសារការយកចិត្តទុកដាក់ទាំងនោះបាននាំមកនូវភាពជឿទុកចិត្ត ហើយធ្វើឲ្យអតិថិជនត្រឡប់មកវិញ។ ហើយនៅទីបំផុត បានធ្វើឲ្យអាជីវកម្មដំណើរការបានល្អ។
សព្វថ្ងៃនេះ នៅប្រទេសជប៉ុន ស្មារតី omotenashi កំពុងតែបាត់បង់បន្តិចម្តងៗ។ ប៉ុន្តែដោយសារភាពទន់ភ្លន់ទាំងនោះជាអ្វីដែលបានទាក់ទាញបេះដូងមនុស្សមិនថានៅទីណាក៏ដោយ។
ប្រសិនបើយើងអាចដាក់បញ្ចូលស្មារតីនោះក្នុងការងារ ជីវិត យើងអាចបង្កើតទំនាក់ទំនងដែលកាន់តែរឹងមាំ និងស៊ីជម្រៅ។
ខ្ញុំពិតជាសង្ឃឹមថា ស្មារតី omotenashi ត្រូវបានថែរក្សា និងផ្សព្វផ្សាយបន្ត ដើម្បីបង្កើតបានជាពិភពលោកមួយដែលមានមនុស្សជាច្រើនយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ជាកន្លែងដែលមនុស្សគ្រប់គ្នាមានបេះដូងទន់ភ្លន់ និងកក់ក្តៅ។
Abe Kengo
