Edo wazurai – ជំងឺនៃភាពស្រណុកសុខស្រួល
Edo wazurai – ជំងឺនៃភាពស្រណុកសុខស្រួល។
កាលពីបុរាណ នៅសម័យ Edo ជាសម័យកាលចុងក្រោយដែលសាមូរ៉ៃគ្រប់គ្រងអំណោច ប្រទេសជប៉ុនឆ្លងកាត់រយៈពេលសន្តិភាពយូរអង្វែង។ លែងមានសង្គ្រាមឥតឈប់ឈរ ប្រជាជនចាប់ផ្តើមយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះជីវិតប្រចាំថ្ងៃ ជាពិសេសគឺការបរិភោគអាហារ។ វប្បធម៌ម្ហូបអាហារក៏ចាប់ផ្តើមរីកចម្រើនផងដែរ។
នៅពេលនោះកន្លែងដែលប្រមូលផ្តុំគឺ Edo ជាតំបន់ដែលស្ថិតនៅភាគខាងកើតទីក្រុងតូក្យូសព្វថ្ងៃ។ ហើយនៅកន្លែងដែលមានភាពរីកចម្រើននោះ មនុស្សម្នានិយាយតៗគ្នាទាក់ទងនឹងជំងឺចម្លែកមួយ។
គេហៅថា Edo wazurai – ជំងឺដែលមានតែនៅ Edo ប៉ុណ្ណោះ។
ដំបូងអ្នកជំងឺគ្រាន់តែមានអារម្មណ៍ថាដៃជើងធ្ងន់ ហើមប៉ុណ្ណោះ។ ប៉ុន្តែយូរៗទៅ បេះដូងខ្សោយទៅៗ ដង្ហើមខ្លី និងនៅទីបំផុតបណ្តាលឲ្យស្លាប់។ ជារៀងរាល់ឆ្នាំ នៅ Edo មានមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតដោយសារជំងឺដែលមិនដឹងពីមូលហេតុ។
ទោះជាយ៉ាងណា អ្វីដែលចម្លែកជាងនេះទៅទៀតនោះគឺមានតែអ្នកដែលរស់នៅសុខស្រួលទើបកើតជំងឺ។
មនុស្សនៅសម័យនោះបាននិយាយថា អ្នកដែលកើតជំងឺគ្រាន់តែចាកចេញពី Edo ត្រឡប់ទៅសុ្រកកំណើតរស់នៅមួយរយៈនឹងជាសះស្បើយ។ ដូច្នេះហើយ យូរៗទៅទើប Edo wazurai ត្រូវបានគេចាត់ទុកដូចជាជំងឺរបស់អ្នកមាន ថែមទាំងមានអ្នកចាត់ទុកថានោះជាបណ្តាសាសម្រាប់អ្នកដែលរស់នៅក្នុងភាពសុខស្រួល។
អស់រយៈពេលជិតពីររយឆ្នាំ គ្មាននរណាម្នាក់ដឹងពីមូលហេតុពិតប្រាកដនៃជំងឺនេះឡើយ។ អ្នកខ្លះយល់ឃើញថា ខ្យល់នៅ Edo ពុល ប៉ុន្តែរឿងនេះហាក់ដូចជាមិនសមហេតុផលនោះទេ ព្រោះបើទោះបីជាដកដង្ហើមក្នុងបរិយាកាសដូចគ្នាក៏ដោយ ប៉ុន្តែប្រជាជនក្រីក្របែរជាមិនកើតជំងឺទៅវិញ។
រហូតដល់ពេលដែលសម័យកាលសាមូរ៉ៃបានបញ្ចប់ ប្រទេសជប៉ុនបានចាប់ផ្តើមដំណើរការទំនើបកម្ម ហើយកសាងយោធាតាមបែបប្រទេសលោកខាងលិច រួមទាំងការចូលរួមសង្គ្រាមជាមួយនឹងរុស្ស៊ី ទើបការពិតបានលេចចេញជារូបរាងបន្តិចម្តងៗ។
នៅពេលនោះ មិនត្រឹមតែសម្រាប់វណ្ណៈអ្នកមានប៉ុណ្ណោះទេ Edo wazurai ថែមទាំងចាប់ផ្តើមរីករាលដាលនៅក្នុងជួរកងទ័ពទៀតផង។
ហើយបន្ទាប់មកមនុស្សប្រទះឃើញថា មូលហេតុពិតប្រាកដមិនមែនបណ្តាលមកពីបរិយាកាស ឬបណ្តាសានោះទេ។
ប៉ុន្តែបណ្តាលមកពី… បាយស។
អាហាររបស់ប្រជាជនជប៉ុនកាលពីសម័យបុរាណមានលក្ខណៈសាមញ្ញ ដែលភាគច្រើនហូបបាយ ម្ហូបគ្រាន់តែជាអាហារបន្ទាប់បន្សំប៉ុណ្ណោះ មិនថានៅទីណាក៏ដោយ។ ទោះជាយ៉ាងណា បាយដែលអ្នកមាននៅ Edo និងទាហាននៅក្នុងជួរកងទ័ពបរិភោគបែរជាខុសគ្នាបើប្រៀបនឹងអ្នកក្រ។
ជាក់ស្តែងអ្នកមានបរិភោគបាយដែលដាំពីអង្ករស ជាប្រភេទអង្ករដែលកិនយ៉ាងស្អាត ភ្លឺរលោង និងទាក់ទាញភ្នែកដូចអង្ករដែលយើងបរិភោគសព្វថ្ងៃនេះដែរ។ នៅសម័យនោះ ប្រជាជន Edo ហៅបាយសដែលទើបនឹងដាំថា “ginshari” – បាយប្រាក់ ដោយចាត់ទុកនោះជានិមិត្តរូបនៃអាហារដ៏បរិបូណ៍ គួរឲ្យមានមោទនភាព។
ទោះជាយ៉ាងណា ស្រទាប់ខាងក្រៅ និងពន្លកអង្ករដែលកិនចោលបែរជាមានផ្ទុកសារធាតុសំខាន់គឺវីតាមីន B1 ។ នៅពេលដែលបរិភោគបាយសខ្វះបន្លែ សាច់ និងគ្រាប់ធញ្ញជាតិផ្សេងទៀត រាងកាយចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗដោយមិនដឹងខ្លួន។
ទន្ទឹមនឹងនោះ ប្រជាជនជនបទ និងវណ្ណៈប្រជាជនធម្មតាច្រើនតែមិនមានប្រាក់ ដូច្នេះបរិភោគអង្ករសំរូប ឬពេលខ្លះបាយលាយជាមួយស្រូវសាលី និងគ្រាប់ធញ្ញជាតិផ្សេងទៀត។ ដូច្នេះហើយ ពួកគេកម្រនឹងកើតជំងឺដែលបណ្តាលឲ្យស្លាប់នេះណាស់។
សូម្បីតែ លោកមេទ័ពទី ១៤ នៃរបប Edo ក៏ត្រូវបានគេចាត់ទុកថាទទួលមរណភាពនៅអាយុ ២១ ឆ្នាំដោយសារជំងឺ Edo wazurai ផងដែរ។
នៅក្នុងជួរកងទ័ព ផ្នត់គំនិតដែលថា “យ៉ាងហោចណាស់ទាហានគួរតែបានហូបបាយស” បានបង្កផលប៉ះពាល់ដោយអចេតនា ដែលបណ្តាលឲ្យជំងឺកាន់តែរីករាលដាលបន្ថែមទៀត។
ភាពសុខស្រួល នៅទីបំផុតបែរជាក្លាយទៅជាអាវុធសម្លាប់មនុស្ស។
សព្វថ្ងៃនេះ សម្រាប់ប្រជាជនអាស៊ី និងជាពិសេសប្រជាជនជប៉ុន អង្ករនៅតែជាអាហារចម្បង។ បាយសក្តៅក្រអូបឈ្ងុយមួយចានហាក់បីដូចជាមិនអាចខ្វះបានសម្រាប់គ្រួសារនីមួយៗ។ ប៉ុន្តែ Edo wazurai លែងមានទៀតហើយ ពីព្រោះអាហាររបស់មនុស្សកាន់តែសម្បូរបែប និងច្រើនជាងមុន។
រឿងរ៉ាវកាលពីសម័យនោះរំលឹកដល់យើងទាំងអស់គ្នាថា មនុស្សរស់នៅមិនមែនព្រោះតែភាពស្រស់ស្អាតខាងក្រៅប៉ុណ្ណោះទេ ហើយក៏កុំរត់តាមភាពហ៊ឺហាឥតឈប់ឈរ។
ប្រសិនបើចង់រស់នៅប្រកបដោយសុខភាពល្អ អ្នកត្រូវតែបរិភោគអាហារឲ្យបានគ្រប់គ្រាន់។
ប្រសិនបើចង់រស់ឲ្យបានយូរ ត្រូវរក្សាតុល្យភាព។
កុំបរិភោគឲ្យតែបានៗ ចូរយើងទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ និងធានាបាននូវជីវជាតិទាំងអស់គ្នា។
Abe Kengo
