សកម្មភាព​ស៊ើប​អង្កេត​ខុស​ច្បាប់​របស់​ប៉ូលិស​ជប៉ុន​បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ

សកម្មភាព​ស៊ើប​អង្កេត​ខុស​ច្បាប់​របស់​ប៉ូលិស​ជប៉ុន​បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ។

ជប៉ុនជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ដូច្នេះមនុស្សជាច្រើនតែង​តែ​គិត​ថា​ប៉ូលិស​នឹង​មិនធ្វើសកម្មភាពហួស​ហេតុ​ពេក​ទេ។ ទោះ​ជា​យ៉ាង​ណា មាន​ហេតុ​ការណ៍​មួយបានកើត​ឡើង​ដែលបង្ហាញ​ថា​ចំណុច​នេះ​មិន​ប្រាកដ​ថា​តែង​តែ​ត្រូវ​នោះ​ទេ។

ហេតុការណ៍នេះបានកើតឡើងនៅហាងសាក់រូបមួយកន្លែងនៅ Shibuya ។ ជនរងគ្រោះគឺ Kevin ដែល​​ជា​​បុគ្គលិក​​ជន​បរទេស​ម្នាក់​កំពុង​​ធ្វើ​​ការ​​នៅ​​ទីនោះ។

ដើមឡើយជប៉ុនជាប្រទេសដែលមិនសូវជាចូលចិត្តរូបសាក។ ទន្ទឹងនឹងនោះ ថ្មីៗនេះករណីបទល្មើស​​ដែល​​បង្ក​​ឡើង​ដោយ​ជន​បរទេស​កំពុង​កើន​ឡើង ដូច្នេះ​​ប៉ូលិស​បាន​​និយាយ​​ថា ពួក​គេ​​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត។ ទោះជាយ៉ាងណា ក្នុងករណីលើកនេះ ច្បាស់ណាស់គឺថាប៉ូលិសហួស​ហេតុ​​ពេក​​ហើយ។

ចូរយើងតាមដានហេតុការណ៍នេះតាមរយៈខ្លឹមសារអត្តបទខាងក្រោមទាំងអស់គ្នា។

ក្នុងអំឡុងពេលកំពុងធ្វើការ Kevin ត្រូវប៉ូលិសស្នើសុំឲ្យធ្វើការសួរដេញដោលផ្នែករដ្ឋបាល។

ការសួរដេញដោលផ្នែករដ្ឋបាលគឺជាសកម្មភាពដែលប៉ូលិសចូលទៅជិតបុគ្គលដែលមានអាកប្បកិរិយា​គួរ​ឲ្យ​សង្ស័យ ឬហាក់បីដូចជាកំពុងយកតាមសម្ភារៈដែលគួរឲ្យសង្ស័យ ដើម្បីពិនិត្យមើលរបស់​របរ ឬ​សួរ​សំណួរ។

យោងតាមច្បាប់ជប៉ុន ការសួរដេញដោលផ្នែករដ្ឋបាលគឺជាសំណើដែលមានលក្ខណៈស្ម័គ្រចិត្ត មិន​មែន​ជា​ការ​បង្ខិត​បង្ខំ​ស៊ើប​អង្កេត​នោះ​ទេ។

អាចនិយាយបានថា ប្រជាជនមានសិទ្ធិបដិសេធ។

ជាការពិតណាស់ ការបដិសេធអាចនឹងធ្វើឲ្យប៉ូលិសកាន់តែមានការសង្ស័យ ហើយពួកគេអាចនឹង​​ដេញ​តាម​មិន​ឈប់ ប៉ុន្តែ Kevin កំពុងស្ថិតក្នុងម៉ោងធ្វើការ ដូច្នេះការបដិសេធរបស់គាត់គឺអាច​ទទួល​យក​បាន។

Kevin បានសហការជាមួយប៉ូលិសក្នុងអំឡុងពេលឆែកឆេររបស់របរ ថែមទាំងបានបើកសោទូរស័ព្ទ​ដៃ​ផ្ទាល់​ខ្លួន ហើយឲ្យប៉ូលិសមើលខ្លឹមសារ​ក្នុង​ទូរស័ព្ទ​ទៀត​ផង។ នេះជាសកម្មភាពសហការក្នុង​អំឡុង​ពេលដែល​សួរ​ដេញ​ដោល។

នៅពេលនោះ មិនមានសញ្ញាអ្វីដែលគួរឲ្យសង្ស័យនោះទេ។

យ៉ាងណាមិញ ប៉ូលិសនៅតែបន្តស្នើសុំឲ្យធ្វើតេស្តទឹកនោមដើម្បីត្រួតពិនិត្យសារធាតុញៀន។

ដោយសារតែរឿងនេះចំណាយពេលច្រើន ហើយ Kevin កំពុងធ្វើការ ដូច្នេះគាត់បានបដិសេធ។ ទោះ​ជា​យ៉ាង​ណា ភាគី​ប៉ូលិស​មិន​ព្រម​បញ្ឈប់​នោះ​ទេ។

ប៉ូលិសយល់ឃើញថា ការដែល Kevin បដិសេធមិនព្រមធ្វើតេស្តប្រាកដជាដោយសារតែគាត់មានបញ្ហា។ ហើយការឈ្លោះប្រកែកគ្នាបានកើតឡើងរវាងភាគីទាំងពីរ។

សូមរំលឹកម្តងទៀតថា នេះជាការសហការស៊ើបអង្កេតដោយស្ម័គ្រចិត្ត មិនមែនជាការបង្ខិតបង្ខំនោះ​ទេ។

បុគ្គលិកនៅហាងសាក់រូបដែល Kevin ធ្វើការក៏បានរត់ចេញមក ដោយនិយាយថាហាងកំពុងរវល់ខ្លាំង ហើយ​បាន​ស្នើ​សុំឲ្យប៉ូលិសបញ្ឈប់ ប៉ុន្តែ​ប៉ូលិស​នៅ​តែ​មិន​ព្រម​លើក​លែង។

នៅទីបំផុត ប៉ូលិសបានទាក់ទងទៅតុលាការ ហើយសុំដីកាចាប់ខ្លួន Kevin ។

នៅពេលដែលមានដីកាចាប់ខ្លួន ករណីនេះនឹងក្លាយជាការស៊ើបអង្កេតដោយកាតព្វកិច្ច ហើយប៉ូលិស​អាច​បង្ខំ​ឲ្យ​អនុវត្ត​ការ​ធ្វើ​តេស្ត​ទឹក​នោម។

ទោះជាយ៉ាងណា ជាគោលការណ៍ ដីកាចាប់ខ្លួនត្រូវបានចេញលុះត្រាតែមានអត្រាខ្ពស់បុគ្គលនោះជា​ជន​ល្មើស។

Kevin បានអនុញ្ញាតឲ្យត្រួតពិនិត្យអីវ៉ាន់ ថែមទាំងបើកសារនៅលើទូរស័ព្ទ ប៉ុន្តែនៅតែទទួលបានដីកាចាប់ខ្លួន ជាក់ស្តែង នេះជាការសម្រេចចិត្តដែលមិនសមហេតុផល។

ដោយមានដីកាចាប់ខ្លួនក្នុងដៃ ប៉ូលិសបាននាំ Kevin ទៅ ហើយបង្ខំឲ្យអនុវត្តការធ្វើតេស្តទឹក​នោម។

រហូតមកដល់ពេលនេះ Kevin លែងមានបំណងចង់សហការជាមួយនឹងប៉ូលិសទៀតហើយ។

ទោះបីជាគាត់ប្រឆាំង និងមិនយល់ព្រមក៏ដោយ ប៉ូលិសនៅតែឃាត់គាត់ ហើយដើម្បីយកទឹក​នោម ពួក​គេ​បាន​ដាក់​បំពង់​មួយ​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​របស់​គាត់។

សកម្មភាពនេះបានធ្វើឲ្យប្រដាប់ភេទរបស់ Kevin រងរបួស។

ហើយលទ្ធផលពុំមានសារធាតុហាមឃាត់ណាមួយត្រូវបានរកឃើញក្នុងការធ្វើតេស្តទឹកនោមនោះទេ។

Kevin ត្រូវបានដោះលែង។

ប៉ូលិសចាប់មនុស្សច្រឡំ បង្ខំឲ្យធ្វើតេស្ត បណ្តាលឲ្យមានរបួស ប៉ុន្តែបែរជាមិនបានសុំទោសអ្វីទាំងអស់។

ទន្ទឹមនឹងនោះ តុលាការមិនគួរចេញ​ដីកា​ចាប់​ខ្លួន​ក្នុង​ស្ថានភាព​បែប​នេះ​នោះ​ទេ ប៉ុន្តែ​នៅ​តែធ្វើ។

ច្បាស់ណាស់ នេះជាសកម្មភាពរំលោភបំពានអំណាច​ហួសហេតុរបស់ប៉ូលិស និង​តុលាការ។

ការការពារសន្តិសុខដល់ប្រទេសជប៉ុនជាតួនាទីរបស់ប៉ូលិស ខ្ញុំយល់ពីចំណុចទាំងនេះ។ ប៉ុន្តែចំពោះ​​ករណី​​លើក​​នេះ មិនថានិយាយយ៉ាងណានោះទេពិតជាហួសហេតុណាស់។

តើប៉ូលិសអាចធ្វើអ្វីតាមចិត្តមែនទេ?

មិនមែនព្រោះតែពួកគេជាជនបរទេស មិនមានសិទ្ធិអំណោច ឬព្រោះតែគេជាបុគ្គលិកហាងសាក់​រូប​បាន​ជា​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បែប​នេះ​នោះ​ទេ។

កាលពីមុន ហេតុការណ៍ដូចនេះកម្រនឹងត្រូវបានបំភ្លឺណាស់។ ប៉ុន្តែនៅក្នុងសម័យកាលដែលបណ្តាញ​សង្គម​ពេញ​និយម​ដូច​សព្វ​ថ្ងៃ គ្រប់​យ៉ាង​បាន​ផ្លាស់​ប្តូរ។

ប៉ូលិសដែលប្រើអំពើហិង្សាត្រូវថតវីដេអូ និងបង្ហោះនៅលើបណ្តាញសង្គម។

ទោះបីជាមិនត្រូវបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ឬកាសែតក៏ដោយ ប៉ុន្តែនៅលើបណ្តាញសង្គមហេតុការណ៍នេះកំពុងត្រូវបានផ្សាព្វផ្សាយយ៉ាងឆាប់រហ័ស។

ជាការពិតណាស់ មិនមែនប៉ូលិសទាំងអស់សុទ្ធតែដូច្នេះនោះទេ ប៉ុន្តែជប៉ុនក៏មានមនុស្សបែបនេះ​ដែរ។

ហើយជាការពិតណាស់ ប្រសិនបើគិតថា ព្រោះតែខ្លួនជាបុគ្គលិករបស់រដ្ឋាភិបាលអាចបិទបាំងអ្វីៗ​គ្រប់​យ៉ាង​បាន នោះ​ជា​កំហុស​ធ្ងន់​ធ្ងរ​ណាស់។

ចំពោះ Kevin ដែលបានរងរបួស និងជាជនរងគ្រោះនៃហេតុការណ៍នេះ ខ្ញុំពិតជាមានអារម្មណ៍​សោក​ស្តាយ​ណាស់​ដែល​គាត់​ត្រូវ​ឆ្លង​កាត់​រឿង​បែប​នេះ​នៅ​ប្រទេស​ជប៉ុន។

ក្នុងនាមខ្ញុំជាពលរដ្ឋជប៉ុនម្នាក់ ខ្ញុំចង់ផ្ញើទៅកាន់គាត់ពាក្យសុំទោស។

ពិតជាមិនអាចទទួលយកបានចំពោះប៉ូលិស និងតុលាការប្រភេទនេះនោះទេ។

តើអ្នកទាំងអស់គ្នាគិតយ៉ាងណាចំពោះហេតុការណ៍លើកនេះ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: