ភាពជោគជ័យនៃការលើកកម្ពស់ស្តង់ដារម្ហូបអាហារនៅប្រទេសជប៉ុន
ភាពជោគជ័យនៃការលើកកម្ពស់ស្តង់ដារម្ហូបអាហារនៅប្រទេសជប៉ុន។
នៅពេលដែលរំលឹកដល់មុខម្ហូបជប៉ុន ប្រហែលជា sushi, ramen, tempura, yakiniku សុទ្ធតែជាមុខម្ហូបដែលអ្នកទាំងអស់គ្នាឃើញច្រើន។ ទោះជាយ៉ាងណា តើអ្នកទាំងអស់គ្នាដឹងទេថា តាមពិតទៅមុខម្ហូបទាំងបួនមុខនេះសុទ្ធតែមិនមានប្រភពដើមមកពីជប៉ុនដែរទេ?
ដូច្នេះហេតុអ្វីបានជាមុខម្ហូបទាំងនេះត្រូវគេយល់ច្រឡំថាជាម្ហូបជប៉ុន?
នោះក៏ព្រោះតែប្រជាជនជប៉ុនបានកែប្រែមុខម្ហូបទាំងនេះ រហូតដល់ថ្នាក់មើលទៅមិនដូចជាម្ហូបដើមនោះទេ។
ចូរយើងក្រឡេកមកមើលមុខម្ហូបនីមួយៗ ក៏ដូចជាប្រភពដើមរបស់មុខម្ហូប ការកែប្រែទម្រង់មុខម្ហូបរហូតក្លាយជាមុខម្ហូបជប៉ុនដូចសព្វថ្ងៃនេះទាំងអស់គ្នា។
Yakiniku (សាច់អាំង)
Yakiniku គឺជាសាច់អាំងដែលយើងតែងតែមើលឃើញក្នុងមុខម្ហូបជប៉ុនបច្ចុប្បន្ននេះ ប៉ុន្តែជាក់ស្តែង មុខម្ហូបនេះមិនមែនជាមុខម្ហូបប្រពៃណីជប៉ុនដែលមានអាយុកាលយូរណាស់មកហើយនោះទេ។
អស់រយៈពេលជាច្រើនសតវត្សមកហើយ ដោយសារតែឥទ្ធិពលយ៉ាងជ្រាលជ្រៅនៃព្រះពុទ្ធសាសនា ការបរិភោគសាច់សត្វជើងបួនធ្លាប់ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងប្រទេសជប៉ុន។ ដូច្នេះហើយ វប្បធម៌នៃការបរិភោគសាច់អាំងស្ទើរតែមិនមានក្នុងមុខម្ហូបប្រពៃណីជប៉ុននោះទេ។
ទោះជាយ៉ាងណា ជាមួយនឹងដំណើរការទំនើបកម្ម វប្បធម៌បរិភោគសាច់ត្រូវបាននាំចូលប្រទេសជប៉ុនបន្តិចម្តងៗ។ Yakiniku គឺជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែលធ្វើពីសាច់ត្រូវបាននាំចូលជប៉ុន។
យូរៗទៅ ប្រជាជនជប៉ុនបានបន្ថែមបន្ថយគ្រឿងទេស របៀបកាត់សាច់ និងរបៀបរៀបចំមុខម្ហូបបន្តិចម្តងៗក្លាយជាមុខម្ហូប yakiniku បែបជប៉ុន។
នៅឧបទ្វីបកូរ៉េខាងជើង មុខម្ហូបដូចជាសាច់អាំងភាគច្រើនប្រើសាច់ជ្រូក។
ចំណែកឯជប៉ុន សាច់គោជាប្រភេទសាច់ដែលត្រូវបានគេប្រើសម្រាប់ចម្អិនមុខម្ហូប yakiniku ។ ក្នុងចំណោមនោះ មិនអាចមិនរំលឹកដល់សាច់គោ Wagyu នោះទេ ជាប្រភេទសាច់ដែលត្រូវបានគេចាត់ទុកថាមានគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសនេះ។
Ramen
ទោះបីជាមានប្រភពដើមមកពីប្រទេសចិនក៏ដោយ ប៉ុន្តែសព្វថ្ងៃនេះ ramen ជប៉ុនបានក្លាយជាមុខម្ហូបដែលមានលក្ខណៈខុសគ្នាទាំងស្រុងបើប្រៀបនឹងម្ហូបដើម។ ម្យ៉ាងវិញទៀត ramen ជប៉ុនថែមទាំងជាប់ចំណាត់ថ្នាក់លេខ ៣ មុខម្ហូបដែលប្រជាជនចិនចូលចិត្តបរិភោគបំផុតពេលដែលទៅលេងជប៉ុនផងដែរ។
ដំបូងឡើយ នៅក្នុងប្រទេសចិនមិនមានហាងដែលជំនាញខាង ramen នោះទេ។ ពួកគេគ្រាន់តែដាក់មីចូលទៅក្នុងទឹកស៊ុបដែលចម្អិនស្រាប់ប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ ប្រជាជនជប៉ុនចំណាយពេលជាច្រើនម៉ោងគ្រាន់តែដើម្បីចម្អិនទឹកស៊ុបសម្រាប់ ramen ។ រសជាតិមានលក្ខណៈសម្បូរបែបដូចជា shoyu (ទឹកស៊ីអុីវ) shio (អំបិល) miso… និងប្រភេទ dashi (ទឹកស៊ុប) ផ្សេងទៀត។
ក្រៅពីឆ្អឹងជ្រូកដែលយើងតែងតែមើលឃើញ ថែមទាំងមានប្រភេទទឹកស៊ុបដែលរម្ងាស់ពីឆ្អឹងមាន់ ត្រី… រួមផ្សំជាមួយនឹងបច្ចេកទេសធ្វើម្ហូបបែបប្រពៃណីជប៉ុនមួយចំនួនផងដែរ។
ហាង ramen បែបជប៉ុនភាគច្រើនផ្តោតលើ ramen ប៉ុណ្ណោះ ប្រសិនបើមានមុខម្ហូបផ្សេងទៀតក្នុងម៉ឺនុយ ជាទូទៅគ្រាន់តែជាមុខម្ហូបសាមញ្ញមួយចំនួនដូចជា gyoza ឬបាយឆាប៉ុណ្ណោះ។ ពួកគេខិតខំប្រឹងអស់ពីកម្លាំងចិត្តគ្រាន់តែដើម្បីចម្អិន ramen រសជាតិជប៉ុនប៉ុណ្ណោះ។
Sushi
Sushi គឺជាមុខម្ហូបមួយប្រភេទដែលផ្សារភ្ជាប់នឹងរូបភាពរបស់ជប៉ុន ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ប្រភពដើមរបស់ sushi មិនមែនផ្តើមចេញពីជប៉ុននោះទេ។
ទម្រង់ដំបូងរបស់ sushi មានកាលពីជាងមួយពាន់ឆ្នាំមុននៅតំបន់អាស៊ីអាគ្នេយ៍។ នៅពេលនោះ មនុស្សផ្អាប់ត្រីជាមួយអំបិល និងបាយសម្រាប់រក្សាទុក។ បាយមិនប្រើសម្រាប់បរិភោគនោះទេ ប៉ុន្តែដើរតួនាទីដូចជាសារធាតុធ្វើឲ្យមានជាតិជូរ ជួយឲ្យត្រីអាចរក្សាទុកបានយូរ។ ក្រោយមកវិធីសាស្ត្រនេះត្រូវបាននាំចូលជប៉ុនប្រហែលជានៅសតវត្សរ៍ទីប្រាំបី។
នៅពេលដែលចូលដល់ជប៉ុន sushi ត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗឲ្យស្របតាមវប្បធម៌ និងរសជាតិក្នុងស្រុក។ ប្រជាជនជប៉ុនកាត់បន្ថយរយៈពេលឡើងជូរ ចាប់ផ្តើមបរិភោគត្រី និងបាយ។ យូរៗទៅ ទឹកខ្មេះត្រូវបានបន្ថែមក្នុងបាយ ដើម្បីបង្កើតរសជាតិជូរជំនួសដំណើរការឡើងជូរដែលចំណាយពេលរាប់ខែ។ ដូច្នេះហើយ sushi លែងក្លាយជាវិធីសាស្រ្តរក្សាទុកអាហារទៀតហើយ ប៉ុន្តែក្លាយជាមុខម្ហូបពិតប្រាកដមួយមុខ។
អាចនិយាយបានថា sushi មិនមែនត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុននោះទេ ប៉ុន្តែប្រជាជនជប៉ុនបានកែលម្អ ធ្វើឲ្យមានស្តង់ដារ និងធ្វើឲ្យ sushi ក្លាយជាតំណាងមុខម្ហូបដ៏ល្បីនៅលើពិភពលោក។
Tempura
Tempura គឺជាមុខម្ហូបដែលយើងតែងតែមើលឃើញក្នុងចំណោមមុខម្ហូបជប៉ុន ប៉ុន្តែប្រភពដើមរបស់មុខម្ហូបនេះបែរជាមិនមែនមកពីជប៉ុនទៅវិញ។ Tempura ត្រូវបាននាំចូលប្រទេសជប៉ុននៅសតវត្សរ៍ទី ១៦ ជាមួយអ្នកផ្សព្វផ្សាយសាសនា និងពាណិជ្ជករព័រទុយហ្គាល់។ នៅពេលនោះ ជនជាតិអឺរ៉ុបបាននាំយកជំនាញប្រឡាក់ម្សៅបំពងក្នុងប្រេង ដែលពេញនិយមខ្លាំងនៅប្រទេសលោកខាងលិច។
នៅពេលដែលនាំចូលប្រទេសជប៉ុន មុខម្ហូបនេះបានឆ្លងកាត់ការកែលម្អដែលគួរឲ្យកត់សម្គាល់។ ប្រជាជនជប៉ុនលាយម្សៅតិចជាងមុន បំពងលឿននៅសីតុណ្ហភាពខ្ពស់ដើម្បីបង្កើតបានជាស្រទាប់ម្សៅស្តើង ស្រាល និងក្រៀម មិនស្រូបយកប្រេងច្រើន។
ក្រៅពីនេះ ការដែលដាក់ឈ្មោះថា “tempura” ត្រូវបានគេចាត់ទុកថាមានប្រភពមកពីពាក្យ “tempora” ក្នុងភាសា Latin ។
ទោះបីជាមិនមានប្រភពមកពីជប៉ុនក៏ដោយ ប៉ុន្តែប្រជាជនជប៉ុនបានបំពេញបន្ថែម និងលើកកម្ពស់មុខម្ហូបទាំងនេះ ដោយបានធ្វើឲ្យមុខម្ហូបទាំងនេះក្លាយជាតំណាងនៃមុខម្ហូបជប៉ុននាពេលសព្វថ្ងៃ។
ទាំងនេះជាជោគជ័យដែលសមនឹងទទួលបានការទទួលស្គាល់។
Abe Kengo
