កីឡាករជនជាតិជប៉ុនដែលបាន​ផ្លាស់​ប្តូរ​ទស្សនៈ​ប្រពៃណី​ទាក់​ទង​នឹង​កីឡា​បេស្បល​នៅ​សហរដ្ឋ​​អាមេរិក

កីឡាករជនជាតិជប៉ុន​ដែល​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ប្រពៃណី​ទាក់​ទង​នឹង​កីឡា​បេស្បល​នៅ​សហរដ្ឋ​អាមេរិក។

កីឡាបេស្បលត្រូវបានប៉ាន់ប្រមាណថាមានកីឡាករប្រហែល ៣៥ លាននាក់នៅទូទាំងពិភព​លោក។

នៅលើពិភពលោក កីឡាបេស្បលមិនមានប្រជាប្រិយភាពដូចកីឡាដទៃទៀតនោះទេ ប៉ុន្តែនៅ​តាម​​បណ្តា​​ប្រទេស​មួយ​ចំនួន កីឡា​បេស្បល​មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង។ កម្រិតកំពូលនៃកីឡា​នេះ​គឺ​រង្វាន់ MLB – រង្វាន់​កីឡា​បេស្បល​អាជីព​ដែល​ខ្ពស់​បំផុត​នៅ​សហរដ្ឋ​អាមេរិក។

មិនត្រឹមតែត្រូវបានគេស្គាល់ថាជាកន្លែងដែលទទួលបានប្រាក់ខែខ្ពស់ប៉ុណ្ណោះ MLB ថែមទាំងជា​ក្តី​ស្រមៃ​របស់​កុមារ​ដែលស្រឡាញ់​ចូល​​ចិត្ត​​កីឡា​​​បេស្បល​​​​​នៅ​​​ជុំវិញ​​ពិភព​​លោក ហើយ​ជា​មោទនភាពរបស់​សហរដ្ឋ​អាមេរិក​ផង​​ដែរ។ អាច​និយាយ​បាន​ថា MLB គឺ​ជា​ឈ្មោះ​ដ៏​ល្បី​ដែល​ស្ទើរ​តែ​គ្រប់​គ្នាស្គាល់។

បន្ទាប់​មក​មាន​កីឡាករ​ម្នាក់​បាន​បង្ហាញ​ខ្លួន និង​កំពុង​តែ​ផ្លាស់​ប្តូរទស្សនៈ​ប្រពៃណី​របស់ MLB បន្តិច​ម្តងៗ។

នោះគឺជា Ohtani Shohei ជាកីឡាករជនជាតិជប៉ុនម្នាក់ ត្រឹមវត្តមានរបស់គាត់ក៏បានធ្វើឲ្យ MLB មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ផង​ដែរ។

ក្នុងពិភពកីឡាបេស្បលអាជីពមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដូច្នេះកីឡាករដែលបោះបាល់ – ហៅថា pitcher – ត្រូវបានគេចាត់ទុកថាត្រូវផ្តោតអារម្មណ៍ទាំងស្រុងលើការបោះបាល់ ចំណែក​ឯ batter – ពោល​គឺ​កីឡាករ​វាយ​បាល់ – ផ្តោតទៅលើការវាយបាល់ដើម្បីទទួលបានពិន្ទុ។

គេតែងតែជឿថា ការបែងចែកតួនាទីច្បាស់លាស់ពិតជាសំខាន់ខ្លាំងណាស់ ហើយចាំបាច់ត្រូវតែមាន​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​កីឡា​នេះ។

ទោះជាយ៉ាងណា កីឡាករ Ohtani បែរជាបំពេញតួនាទីទាំងពីរនេះបានយ៉ាងល្អឥតខ្ចោះ។

មិនត្រឹមតែធ្វើបានប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានបំពេញតួនាទីទាំងពីរនេះយ៉ាងជំនាញបើប្រៀប​​នឹង​​កីឡាករ​​កំពូល​​ផ្សេង​​ទៀត។

គាត់ត្រូវបានប្រៀបប្រដូចទៅនឹងសាមូរ៉ៃដែលកាន់ដាវពីរ ដូច្នេះត្រូវបានគេដាក់រហស្សនាមថា “ក្បាច់​ដាវ​ទាំង​ពីរ” ហើយ​ជា​កីឡាករ​ដែល​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង MLB ។

កីឡាករ Ohtani បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៧០០ លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំ ជាតួលេខដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ MLB ។

ទោះជាយ៉ាងណា ក្នុងអំឡុងពេលប្រកួត គាត់ទទួលបានត្រឹមតែ ២ លានដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ​។ នេះ​ជាសំណើផ្ទាល់របស់ Ohtani ហើយ​ដំបូង​ឡើយ មនុស្ស​ជា​ច្រើន​មិន​យល់​ពី​សកម្មភាព​នេះនោះ​ទេ។

តាមពិតទៅ សកម្មភាពរបស់ Ohtani គ្រាន់តែផ្តើមចេញពីគំនិតយោគយល់របស់គាត់ប៉ុណ្ណោះ។

គាត់យល់ឃើញថា ប្រសិនបើប្រគល់ប្រាក់ទាំងនេះឲ្យគាត់ភ្លាមៗ ក្រុមកីឡានឹងពិបាកបើកប្រាក់​ខែ​ដល់​កីឡាករ​ផ្សេង​ទៀត។ បេស្បលជាកីឡាដែលមានលក្ខណៈជាក្រុម ដូច្នេះការពង្រឹងក្រុមពិត​ជា​សំខាន់​ខ្លាំង​ណាស់។

សម្រាប់គាត់យកឈ្នះសំខាន់ជាងប្រាក់ទៅទៀត ដូច្នេះគាត់ចង់ឲ្យក្រុមកីឡាប្រើថវិកាទាំងនោះសម្រាប់​ពង្រឹង​ក្រុម​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង។

ស្មារតីផ្តល់អាទិភាពលើការយកឈ្នះទទួលបានការគាំទ្រយ៉ាងខ្លាំងពីកីឡាករ MLB ហើយក្រោយ​មក តារា​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ក៏​ចាប់​ផ្តើម​អនុវត្ត​តាម​កិច្ច​សន្យា​ស្រដៀង​គ្នា​ដែរ។

នេះជាវិធីសាស្រ្តថ្មីទាំងស្រុង ដែល​មិនធ្លាប់មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ MLB ។

មិនថាទទួលបានសមិទ្ធផលល្អ ឬទទួលបានការវាយតម្លៃខ្ពស់ប៉ុណ្ណានោះទេ Ohtani មិនដែលផ្លាស់​ប្តូរ​អាកប្បកិរិយា​ឡើយ។ គាត់តែងតែបង្ហាញពីស្នាមញញឹមយ៉ាងស្រស់។

ការដែលត្រូវបំពេញតួនាទីចំនួនពីរក្នុងកីឡាបេស្បល​ទាមទារ​ឲ្យ​មាន​ពេលវេលា​ហ្វឹកហាត់​ទ្វេដង ប៉ុន្តែ​គាត់​មិន​ដែល​បង្ហាញ​ថា​ខ្លួន​នឿយ​ហត់​នោះ​ទេ។

សូម្បីតែនៅពេលខ្លះប្រឈមនឹងការសម្រេចចិត្តដោយអយុត្តិធម៌របស់អាជ្ញាកណ្តាល ឬត្រូវបាល់​ប៉ះ​ចំក៏​ដោយ គាត់​នៅ​តែ​ញញឹម​បាន​យ៉ាង​ស្រទន់។

នេះក៏ជាចំណុចមួយក្នុងចំណោមចំណុចដែលធ្វើឲ្យគាត់ទទួលបានការស្រលាញ់ចូលចិត្តកាន់តែច្រើនពីទស្សនិកជន ជាពិសេសអ្នកគាំទ្រកីឡាបេស្បលផងដែរ។

Ohtani កំពុងដាក់ខ្លួនស្ថិតក្រោមស្ថានភាពដ៏លំបាកបំផុតនៅក្នុង MLB ។ មានម្តង ដើម្បីបំបាត់​​ភាព​​នឿយ​​ហត់ កាមេរ៉ា​​បាន​ថតទិដ្ឋភាព​​ដែល​​គាត់​​បិទ​​ភ្នែក​​នៅ​​លើ​​កៅ​អី​បម្រុង ហើយមនុស្ស​មួយ​ចំនួនបានរិះ​គន់​គាត់​ថា៖

  • “កុំដេកក្នុងអំឡុងពេលប្រកួត។”

យ៉ាងណាមិញ ចំពោះមតិយោបល់ទាំងនោះ កីឡាករ MLB ផ្សេងទៀតបានឆ្លើយតបទៅវិញ និងចេញមុខការពារគាត់។

មិនត្រឹមតែប៉ុណ្ណឹង ដោយសារតែគាត់ត្រូវប្តូរពីការវាយទៅជាការបោះបាល់យ៉ាងលឿន ពេលខ្លះ Ohtani ត្រូវ​ការ​ពេល​វេលាបន្ថែមសម្រាប់ត្រៀមខ្លួន។ ក្នុងស្ថានភាពបែបនោះ អាជ្ញាកណ្តាល ក្រុមភាគី និងអ្នកដទៃទៀតសុទ្ធតែរង់ចាំគាត់ត្រៀមខ្លួន។ នេះជាទិដ្ឋភាពដ៏កម្រនៅលើទីលាន​បេស្បល។

ទោះបីជាសហរដ្ឋអាមេរិកជាប្រទេសមួយដែលនៅតែមានបញ្ហារើសអើងជាតិសាសន៍ក៏ដោយ ហើយ​ជន​ជាតិជប៉ុនក៏មិនមែនតែងតែទទួលបានការគាំទ្រនោះដែរ ដោយឡែក Ohtani គឺជាករណី​ពិសេស​ទាំង​ស្រុង។

គាត់ទទួលបានការស្រលាញ់ចូលចិត្តពីមនុស្សគ្រប់គ្នាមិនមែនព្រោះតែលទ្ធផលប្រកួតនោះទេ ប៉ុន្តែស្ថិតលើអត្តចរិតរបស់គាត់ផងដែរ។ ហើយគាត់ជាអ្នកដែលបានផ្លាស់ប្តូររឿងជាច្រើននៅក្នុង MLB ។

នៅខែមីនា ឆ្នាំ ២០២៦ ការប្រកួត WBC នឹងត្រូវបានប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីក្រុម​នានា​ដែល​មក​ពី ២០ ប្រទេស រួម​ទាំង​សហរដ្ឋ​អាមេរិក និង​ជប៉ុន​ផង​ដែរ។

មានកីឡាករជប៉ុនជាច្រើនកំពុងប្រកួតប្រជែងក្នុង MLB ក្នុងនោះមាន Ohtani ដែលត្រូវបានគេ​រំពឹង​ថា​នឹង​ចូល​រួម ហើយអ្នកគាំទ្រអាមេរិកក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះក្រុមជប៉ុន​ផង​ដែរ។

ក្នុងការប្រកួត WBC លើកមុន ជប៉ុនបានយកឈ្នះជើងឯក។ តើលើកនេះពួកគេអាចបន្តទទួលបាន​ជោគជ័យ និង​ការ​ពារ​តំណែង​ជើងឯក​របស់​ខ្លួន​បាន​ទេ?

សូមកុំភ្លេចចូលរួមទស្សនា និងលើកទឹកចិត្តក្រុមដែល​អ្នក​ចូល​ចិត្ត​ទាំង​អស់​គ្នា!

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: