ភ្ញៀវ “បិសាច” បានលេបត្របាក់ភោជនីយដ្ឋានប៊ូហ្វេទាំងមូលនៅជប៉ុន
ភ្ញៀវ “បិសាច” បានលេបត្របាក់ភោជនីយដ្ឋានប៊ូហ្វេទាំងមូលនៅជប៉ុន។
អាហារប៊ូហ្វេ – ជាទម្រង់អាជីវកម្មដែលយើងទាំងអស់គ្នាសុទ្ធតែស្គាល់នាពេលបច្ចុប្បន្ននេះ។ នៅភោជនីយដ្ឋានប៊ូហ្វេ ភ្ញៀវអាចជ្រើសរើសមុខម្ហូបដែលខ្លួនចូលចិត្ត និងបរិភោគដោយសេរី ដោយមិនមានការកំណត់បរិមាណអាហារនោះទេ។
ទម្រង់អាហារប៊ូហ្វេពេញនិយមនៅកន្លែងជាច្រើនជុំវិញពិភពលោក ហើយជប៉ុនក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភោជនីយដ្ឋានប៊ូហ្វេយ៉ាងច្រើនផងដែរ។
ដូចជាភោជនីយដ្ឋានសាច់អាំង ហាង sushi ហាងស្រា izakaya និងភោជនីយដ្ឋានសណ្ឋាគារ មានតាំងពីភោជនីយដ្ឋានលំដាប់ខ្ពស់រហូតដល់ភោជនីយដ្ឋានដែលមានតម្លៃសមរម្យ គ្រប់ទីកន្លែងមានកញ្ចប់អាហារច្រើនសម្បូរបែប។
មនុស្សជាច្រើនបានគិតថា៖
“ប្រសិនបើបានទៅបរិភោគអាហារប៊ូហ្វេ ត្រូវតែញ៉ាំរហូតដល់ឆ្អែត ញ៉ាំច្រើនរហូតដល់ថ្នាក់ធ្វើឲ្យភោជនីយដ្ឋានក្ស័យធនតែម្តង!”
ប៉ុន្តែយ៉ាងណាមិញ មិនថាយើងខំប្រឹងទទួលទានអាហារប៉ុណ្ណានោះទេ នៅតែមិនឃើញហាងប៊ូហ្វេក្ស័យធន។
មូលហេតុដោយសារតែភោជនីយដ្ឋានទាំងនេះមានយុទ្ធសាស្ត្រអាជីវកម្មដ៏ឆ្លាតវៃបំផុត។
ទោះជាយ៉ាងណា នៅតែមានករណីដ៏កម្រមួយចំនួន ខណៈពេលដែលភោជនីយដ្ឋានប៊ូហ្វេត្រូវលេប “ត្របាក់” ទាំងស្រុង។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងនឹងស្វែងយល់ពីយុទ្ធសាស្ត្រដែលបានជួយឲ្យភោជនីយដ្ឋានប៊ូហ្វេមិនងាយក្ស័យធន និងភ្ញៀវ “បិសាច” ដែលបានបំបែកយុទ្ធសាស្ត្រទាំងនោះ។
តើអាហារប៊ូហ្វេងាយនឹងខាតដែរទេ?
មនុស្សជាច្រើនប្រហែលជាគិតថា ប្រសិនបើភ្ញៀវម្នាក់ៗសុទ្ធតែបរិភោគច្រើន តម្លៃរបស់អាហារប្រាកដជាច្រើនជាងប្រាក់ចំណូល ដែលបណ្តាលឲ្យកើតមានហានិភ័យក្ស័យធន។
ប៉ុន្តែជាក់ស្តែង អត្រាតម្លៃដើមនៃភោជនីយដ្ឋានប៊ូហ្វេជាមធ្យមប្រហែល ៣០ ទៅ ៤០% ប៉ុណ្ណោះ ដែលខ្ពស់ជាងភោជនីយដ្ឋានធម្មតាបន្តិចប៉ុណ្ណោះ។
អាហារប៊ូហ្វេទាក់ទាញភ្ញៀវជាច្រើន ថែមទាំងមានការកំណត់ពេលវេលា ដូច្នេះក្នុងមួយថ្ងៃអាចបម្រើអតិថិជនជាច្រើនជាបន្តបន្ទាប់។
រហូតដល់ថ្នាក់មានករណីជាច្រើន អាហារប៊ូហ្វេរកប្រាក់ចំណេញបានច្រើនជាងភោជនីយដ្ឋានធម្មតាទៅទៀត។ ទាំងនេះផ្អែកលើយុទ្ធសាស្ត្រដែលបានគិតគូរយ៉ាងលម្អិត។
យុទ្ធសាស្ត្រទីមួយ៖ នាំចូលវត្ថុធាតុដើមក្នុងបរិមាណច្រើន
ជាទូទៅភោជនីយដ្ឋានប៊ូហ្វេ ជាពិសេសភោជនីយដ្ឋានដែលមានភ្ញៀវច្រើន តែងតែទិញគ្រឿងផ្សំដូចគ្នាក្នុងបរិមាណច្រើន ដូច្នេះទើបតម្លៃនាំចូលទាប។
នេះជារឿងដែលនរណាៗក៏គិតឃើញដែរ។
យុទ្ធសាស្ត្រទីពីរ៖ ធ្វើឲ្យភ្ញៀវឆ្អែតដោយប្រើអាហារថោកៗ
ចំណុចសំខាន់ស្ថិតនៅលើរបៀបធ្វើយ៉ាងណាឲ្យភ្ញៀវឆាប់ឆ្អែតដោយប្រើមុខម្ហូបដែលមានតម្លៃដើមទាប។
ហើយមុខម្ហូបដែលត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រនេះគឺមុខម្ហូបដែលធ្វើឲ្យឆ្អែត ដែលភាគច្រើនត្រូវបានផលិតពីម្សៅ ជាពិសេសបាយ មីគ្រប់ប្រភេទជាដើម។
ចំណុចសំខាន់មួយទៀតត្រង់ថា របៀបរៀបចំមុខម្ហូបទាំងនេះនៅក្នុងភោជនីយដ្ឋានក៏ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្នផងដែរ។ អាហារទាំងនេះមិនមែនត្រូវបានរៀបចំទុកដាក់ដោយចៃដន្យនោះទេ។
យុទ្ធសាស្ត្រទីបី៖ តម្លៃសម្រាប់កុមារ
មនុស្សធំ និងកុមារមានតម្លៃខុសគ្នា ទោះជាយ៉ាងណា កុមារញ៉ាំមិនច្រើននោះទេ។ តាមរយៈការគិតថ្លៃកុមារដែលញ៉ាំមិនច្រើន ភោជនីយដ្ឋាននេះអាចធ្វើឲ្យមានតុល្យភាពរវាងប្រាក់ចំណូលសរុប។
ដោយផ្អែកលើការគិតគូរដ៏ឆ្លាតវៃទាំងនេះ ភោជនីយដ្ឋានមិនងាយធ្លាក់ក្នុងស្ថានភាពខាតបង់នោះឡើយ។
ទោះជាយ៉ាងណា នៅតែមានហាង yakiniku មួយកន្លែងត្រូវ “លេបត្របាក់” ទាំងស្រុង។
ជាការពិតណាស់ ធ្លាប់មានភោជនីយដ្ឋានសាច់អាំងមួយកន្លែងនៅទីក្រុង Narashino ខេត្ត Chiba ត្រូវបិទទ្វារព្រោះតែលក់អាហារប៊ូហ្វេ។
ប្រសិនបើតែងតែតាមដាន JAPO ប្រិយមិត្តប្រាកដជានៅចាំកងពលតូចលោតឆ័ត្រយោងលេខ ១ – ដែលជាអង្គភាពមួយនៃកងកម្លាំងការពារខ្លួនជប៉ុន – ធ្លាប់ត្រូវបានលើកឡើងជាច្រើនដងមកហើយ។
Narashino គឺជាមូលដ្ឋានរបស់អង្គភាពនេះ។ ហើយពួកគេជាមូលហេតុដែលធ្វើឲ្យភោជនីយដ្ឋានសាច់អាំងនេះក្ស័យធន។
ទាហានទាំងនេះឆ្លងកាត់ការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដូច្នេះកម្លាំងនៃការទទួលទានអាហាររបស់ពួកគេក៏ច្រើនជាងមនុស្សធម្មតាដែរ។
ពួកគេស្លៀកពាក់ឯកសណ្ឋាន ប្រមូលផ្តុំគ្នាជាច្រើននាក់ទៅកាន់ភោជនីយដ្ឋាន មិនបង្កសំឡេងរំខាន គ្រាន់តែសម្ងំបរិភោគអាហារមិនឈប់ប៉ុណ្ណោះ។ ពួកគេបរិភោគច្រើនរហូតដល់ថ្នាក់យុទ្ធសាស្ត្រទាំងអស់របស់ហាងប្រែជាគ្មានន័យ។
នៅទីបំផុត ហាងនេះត្រូវបង្ខំចិត្តដាក់ផ្លាកសញ្ញាដែលសរសេរថា៖ “សូមបដិសេធការលក់អាហារប៊ូហ្វេសម្រាប់សមាជិកកងកម្លាំងការពារខ្លួន” ។
ប៉ុន្តែបន្ទាប់មក នៅថ្ងៃឈប់សម្រាក ពួកគេស្លៀកពាក់ឈុតអាវធំ លាក់បាំងអត្តសញ្ញាណ ហើយបន្តមកបរិភោគអាហារ។
លទ្ធផលទោះបីជាហាងតែងតែមានភ្ញៀវមកច្រើន ហាងនៅតែមិនអាចបន្ត និងត្រូវបិទទ្វារ។
នៅទូទាំងប្រទេសជប៉ុន មានភោជនីយដ្ឋានប៊ូហ្វេជាច្រើនដែលបើកនៅជិតមូលដ្ឋានកងកម្លាំងការពារខ្លួន ប៉ុន្តែដោយឡែកមានតែ Narashino ប៉ុណ្ណោះដែលត្រូវបរិភោគរហូតដល់ថ្នាក់បិទហាង។
អ្នកចំបាប់ sumo ដែលល្បីថាបរិភោគបានច្រើន ប៉ុន្តែបូកសរុបទាំងអស់មិនដល់ ៦០០ នាក់ផង។
ទន្ទឹមនឹងនោះ កងពលតូចលោតឆ័ត្រយោងលេខ ១ មានចំនួនប្រហែល ១.៩០០ នាក់ប្រមូលផ្តុំនៅក្នុងមូលដ្ឋានតែមួយ ដូច្នេះ “កម្លាំងបរិភោគ” របស់ពួកគេគឺមិននឹកស្មានដល់នោះទេ។
ទោះបីជាមានការតាំងចិត្តថា “ញ៉ាំរហូតដល់ហាងអាហារប៊ូហ្វេក្ស័យធន” មនុស្សធម្មតាប៉ុន្មាននាក់មិនអាចធ្វើបាននោះទេ ដូច្នេះនេះជាករណីពិសេស។
តាមពិតទៅ គោលបំណងរបស់អាហារប៊ូហ្វេគឺដើម្បីឲ្យភ្ញៀវអាចបរិភោគអាហារដែលខ្លួនចូលចិត្តក្នុងតម្លៃថេរ។ ចំណុចសំខាន់របស់អាហារប៊ូហ្វេគឺអារម្មណ៍រីករាយ មិនមែនភ្ញៀវបរិភោគបានប៉ុន្មាននោះទេ។
យ៉ាងណាមិញ ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន សូមកុំភ្លេចទៅកាន់ភោជនីយដ្ឋានប៊ូហ្វេ ហើយភ្លក់មុខម្ហូបទាំងនោះទាំងអស់គ្នា។
Abe Kengo
