​ទីក្រុង​តូក្យូ​នា​ពេល​សព្វ​ថ្ងៃ​នេះ​ធ្លាប់​ជា​តំបន់​វាល​ភក់កាល​ពី​អតីតកាល

​ទីក្រុង​តូក្យូ​នា​ពេល​សព្វ​ថ្ងៃ​នេះ​ធ្លាប់​ជា​តំបន់​វាល​ភក់កាល​ពី​អតីតកាល។

គ្មាននរណានឹកស្មានថា Tokyo – ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុង​ឈាន​មុខ​គេ​នៅ​លើពិភព​លោក​នា​ពេល​បច្ចុប្បន្ន​នេះ ធ្លាប់​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​លើ​ផ្ទៃដីដែលមានលក្ខខណ្ឌមិន​អំណោយ​ផល​យ៉ាង​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង។

ហេតុអ្វីបានជាគេសាងសង់ទីក្រុងនៅទីនេះ? ហើយធ្វើយ៉ាងណាបានជាកន្លែងនេះក្លាយជាទីក្រុងដ៏​ធំ​នៅ​លើ​ពិភព​លោក?

ចូរយើងមកស្រាយអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍នេះតាមរយៈអត្ថបទខាងក្រោមទាំងអស់គ្នា។

នៅខែសីហា ឆ្នាំ ១៥៩០ Tokugawa Ieyasu – នៃត្រកូល Tokugawa ជាត្រកកូលដែលបានគ្រប់គ្រងប្រទេសជប៉ុន​អស់​រយៈ​ពេល​ប្រហែល ២៦០ ឆ្នាំ – បាន​ផ្លាស់​ទៅ Edo ដែល​ក្រោយ​មក​បានក្លាយ​ជា​ទីក្រុង Tokyo ។

ហើយអ្វីដែលមិននឹកស្មានដល់ ការផ្លាស់ប្តូរនេះផ្តើមចេញពី… រឿងបត់ជើងតូច។

នៅពេលនោះ បុគ្គលដែលកាន់អំណោចធំបំផុតនៅជប៉ុនគឺ Toyotomi Hideyoshi ចំណែកឯ Ieyasu គ្រាន់តែជាអ្នកក្រោមបង្គាប់ប៉ុណ្ណោះ។

គេ​និយាយ​ថានៅថ្ងៃមួយ នៅពេលដែល Hideyoshi និង Tokugawa Ieyasu ទៅបត់ជើងតូច​ជិតគ្នា នៅពេលនោះ Hideyoshi បានចេញបញ្ជាដ៏គួរឲ្យភ្ញាក់ផ្អើលថា៖

  • “ចូរផ្លាស់ទៅកាន់ Edo ហើយសាងសង់ទីក្រុងមួយនៅទីនោះ” ។

បញ្ជាដែលមិននឹកស្មានត្រូវបានដាក់ចេញខណៈពេលដែលទៅបត់ជើងតូច ប៉ុន្តែ Ieyasu គ្មានជម្រើសអ្វីក្រៅពីផ្លាស់ទៅ Edo ឡើយ។

នៅពេលនោះ Ieyasu កំពុងឈរជើងនៅ Mikawa ជាតំបន់មានទ្រព្យសម្បត្តិច្រើន ដែលឥឡូវនេះជាផ្នែកមួយនៃខេត្ត Aichi ។ ការផ្លាស់ប្តូរភ្លាមៗនេះ តាមពិតទៅជាគម្រោងដែល Hideyoshi បានគ្រោងទុក ដើម្បីកុំឲ្យ Ieyasu ប្រមូលផ្តុំអំណោចបន្ថែមទៀត។

នៅពេលដែល Ieyasu ទៅដល់ Edo គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

នៅចំពោះមុខលោកជាតំបន់វាលភក់ដ៏ធំមួយដែល​តែង​តែ​លិច​ទឹក។ គ្រាន់​តែ​ធ្វើ​ស្រែ​ចម្ការ​ក៏ពិបាក​​ណាស់​​ទៅ​​ហើយ ធ្វើ​យ៉ាង​ណា​អាច​សាង​សង់​ទីក្រុង​នៅ​ទី​នេះ​បាន។

ការផ្លាស់ប្តូរផ្ទៃដីដ៏អាក្រក់បែបនេះទៅជាទីក្រុងធំពិតជាគួរឲ្យសរសើរណាស់ ប៉ុន្តែត្រូវនិយាយថាការ​ចាប់​ផ្តើម​របស់ Edo គឺជាការ “សងសឹក” នយោបាយ។

បញ្ហាដំបូងដែលត្រូវដោះស្រាយគឺទឹកជំនន់ Ieyasu បានកត់សម្គាល់ឃើញទន្លេ Tone – ដែលជាទន្លេ​ធំ​មួយ​ហូរ​ចូល Edo និងបង្កទឹកជំនន់។ លោកបានសម្រេចចិត្តបង្វែរលំហូរទន្លេចេញពីទឹកដី Edo ។

គម្រោងដ៏ធំមួយត្រូវបានសាងសង់ ក្រោយពេល ៥០ ឆ្នាំ គម្រោងនេះទទួលបានជោគជ័យ ទន្លេ Tone ត្រូវ​បាន​បង្វែរ​ទិស​ដៅ លែងហូរចូល Edo ទៀត​ហើយ ប៉ុន្តែ​ហូរ​ចូល​សមុទ្រ​ដោយ​ផ្ទាល់។

ទន្ទឹមនឹងនេះ Edo នាំទឹកចូលតាមផ្លូវផ្សេងទៀតក្នុងបរិមាណដែលអាចគ្រប់គ្រងបាន ដូច្នេះអាច​ការ​ពារ​ទឹក​ជំនន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

នៅពេលដែលទឹកជំនន់ត្រូវបានគ្រប់គ្រង វាលភក់រលាយបាត់ ហើយកសិកម្មបានចាប់ផ្តើមអភិវឌ្ឍ។

ក្រោយមក កូនចៅត្រកូល Tokugawa – ដែលជាអ្នកស្នងតំណែង​ពី Ieyasu ក៏បានក្លាយជាអ្នកជំនាញ​ខាង​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ទឹក​ផង​ដែរ។

ទីក្រុង Edo បន្តពង្រីក ចំនួនប្រជាជនច្រើនកុះករ ចំនួនផ្ទះសម្បែងក៏កើនឡើងតាមនោះដែរ។ ទោះ​ជា​យ៉ាង​ណា នៅ​សម័យនោះ ផ្ទះភាគច្រើនត្រូវ​បាន​សាង​សង់​ពីឈើ។

នៅរដូវរងា Edo មានអាកាសធាតុស្ងួតខ្លាំង ដែលងាយនឹងធ្វើឲ្យអគ្គីភ័យកើតឡើង។ ក្នុងទីក្រុងដែល​មាន​ផ្ទះ​ឈើ​នៅ​ក្បែរ​គ្នា គ្រាន់តែមានអគ្គីភ័យតំបន់ទាំងមូលនឹងឆេះអស់។

ដើម្បីទប់ទល់នឹងស្ថានភាពនេះ ពួកគេបានជីកប្រឡាយតូចៗដើម្បីបែងចែកដីតាមតំបន់ ក្នុង​គោល​បំណង​ទប់​ស្កាត់​ភ្លើងឆេះរាល​​ដាល។

ដូច្នេះហើយ ក្នុងសម័យ Edo ទីក្រុងនេះបានរីកចម្រើនក្លាយជាទីក្រុងធំបំផុតនៅលើពិភពលោក ជាមួយនឹងចំនួនប្រជាជនច្រើនជាង Paris និង London ទៅទៀត។

ការពង្រីកទីក្រុងនៅតែបន្ត។

ទោះបីជា Edo ជាទីក្រុងមួយដែលមានបរិមាណកាកសំណល់តិចជាងបើប្រៀបនឹងទីក្រុងដទៃទៀតនៅជុំវិញពិភពលោក ប៉ុន្តែកាកសំណល់នៅតែមានបរិមាណច្រើន។ ទោះជាយ៉ាងណា ប្រជា​ជន​អេដូ​បាន​ប្រើប្រាស់កាកសំណល់ដើម្បីទប់សមុទ្រ ដោយបង្កើតបានជា​ទឹក​ដី​ថ្មី។

សព្វថ្ងៃនេះភាគច្រើនដីនៅក្នុងសង្កាត់ Koto និង Minato ត្រូវបានបង្កើតឡើងតាមរបៀបនេះ។ តាមពិតទៅ នេះ​​ជា​​ឧទាហរណ៍​​មួយ​ផ្សេង​​ទៀត​ដែល​និយាយ​ពី​ការ​​ពង្រីក​ទឹក​ដី។

ពេល​វេលា​កន្លង​ផុត​ទៅ Edo បានក្លាយជាទីក្រុង Tokyo ។ សព្វថ្ងៃនេះដីនៅតំបន់ដែលធ្លាប់​យក​ពី​សមុទ្រ​មាន​ស្ថេរភាព និង​អភិវឌ្ឍ​យ៉ាង​ខ្លាំង។

សូម្បីតែកន្លែងដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម Shimbashi ឬ​សព្វ​​ថ្ងៃ​អគារ​អាផាត​មិន​ខ្ពស់ៗ Toyosu ​ពី​មុន​សុទ្ធ​តែ​ជា​តំបន់​សមុទ្រ។

Tokyo គឺជាទីក្រុងមួយដែលរីកចម្រើនដោយផ្អែកលើការគ្រប់គ្រងប្រភពទឹក។ នៅពេលដែលគិតៗ​ទៅ បញ្ហា​ទាំង​អស់ផ្តើម​ចេញ​ពី​រឿង​បត់​ជើង​តូច ហើយ​ក៏​ទាក់​ទង​នឹង “ទឹក” ផង​ដែរ។

ដូច្នេះប្រហែលនោះជាវាសនាដែលបានកំណត់ទុកសម្រាប់តំបន់ និង​បុគ្គល​ប្រវត្តិ​សាស្ត្រ​ដែល​ជាប់ទាក់​ទង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: