យុទ្ធសាស្ត្រថ្មីរបស់ជប៉ុន – ឆ្ពោះទៅរកយុគសម័យថ្មី
យុទ្ធសាស្ត្រថ្មីរបស់ជប៉ុន – ឆ្ពោះទៅរកយុគសម័យថ្មី។
នៅឆ្នាំ ២០២៥ មានព្រឹត្តិការណ៍សំខាន់មួយបានកើតឡើងក្នុងពិភពនយោបាយជប៉ុន។
លោកស្រី Sanae Takaichi (高市早苗) បានក្លាយជានាយករដ្ឋមន្ត្រី ហើយនេះជានាយករដ្ឋមន្ត្រីស្រីដំបូងគេក្នុងប្រវត្តិសាស្ត្រជប៉ុន។
ដូច្នេះតើនឹងមានអ្វីផ្លាស់ប្តូរចាប់តាំងពីពេលដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះកើតឡើង? ចូរយើងស្វែងយល់លម្អិតព្រឹត្តិការណ៍ដែលពាក់ព័ន្ធតាមរយៈខ្លឹមសារអត្តបទខាងក្រោម។
យុទ្ធសាស្ត្រការទូតដែលមានលក្ខណៈពិសេសរបស់លោកស្រី Takaichi ។
ជាដំបូងគឺយុទ្ធសាស្ត្រការទូតដ៏ពិសេស មិនត្រឹមតែដោយសារតែលោកស្រីជាស្រ្តីប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែនោះជាបុគ្គលិកលក្ខណៈដោយឡែករបស់លោកស្រី Takaichi ។
នៅពេលដែលរំលឹកដល់ការទូត មនុស្សជាច្រើនតែងតែគិតដល់កិច្ចប្រជុំ និងមានទម្រង់ជាផ្លូវការ។ ជាការពិតណាស់ កិច្ចពិភាក្សាទាំងនេះតែងតែមានភាពម៉ឺងម៉ាត់ ពីព្រោះវាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងផលប្រយោជន៍ជាតិ។ ប៉ុន្តែយ៉ាងណាមិញ ថ្នាក់ដឹកនាំក៏ជាមនុស្សដែរ ដូច្នេះការបង្កើតទំនាក់ទំនងមិត្តភាពក៏មានសារៈសំខាន់ណាស់ដែរ។
លោកស្រី Takaichi បានចូលរួមសកម្មភាពការទូតដោយភាពរួសរាយរាក់ទាក់បំផុត។ ជាពិសេស លោកស្រីបានមើលកីឡាបេស្បលលើទូរទស្សន៍ជាមួយប្រធានាធិបតីអាមេរិក Trump លេងស្គរជាមួយប្រធានាធិបតីកូរ៉េខាងត្បូង នៅពេលដែលនាយករដ្ឋមន្ត្រីអុីតាលីបានទៅទស្សនកិច្ចនៅជប៉ុនក្នុងថ្ងៃខួបកំណើត លោកស្រីបានរៀបចំពិធីខួបកំណើត។
នៅក្នុងសន្និសីទអន្តរជាតិ លោកស្រីថែមទាំងបានឱបប្រមុខរដ្ឋផ្សេងទៀតផងដែរ ជាអ្វីដែលនាយករដ្ឋមន្ត្រីមុនៗមិនធ្លាប់ធ្វើ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថាប្រធានាធិបតីកូរ៉េខាងត្បូង ជាមនុស្សដែលតែងតែបង្ហាញខ្លួនជាមួយនឹងទឹកមុខម៉ឺងម៉ាត់ដោយសារតែទំនាក់ទំនងរវាងជប៉ុន – កូរ៉េខាងត្បូងមិនល្អ បែរជាញញឹមយ៉ាងស្រស់នៅពេលដែលកំពុងលេងស្គរជាមួយលោកស្រី Takaichi ។
ឥរិយាបថសុភាពរាបសារ ប៉ុន្តែមិនចុះញ៉មនោះទេ។
ទោះបីជាតែងតែញញឹមក៏ដោយ លោកស្រី Takaichi ដាច់ខាតមិនមានអាកប្បកិរិយាទន់ខ្សោយនោះទេ។ មិនដូចជានាយករដ្ឋមន្ត្រីជប៉ុនមុនៗនោះទេ លោកស្រីមិនដែលសម្របតាម ឬធ្វើសកម្មភាពមិនច្បាស់លាស់ក្នុងការចរចាជាមួយបរទេសឡើយ។
ទោះបីជាគោលជំហរម៉ឺងម៉ាត់របស់លោកស្រីបានធ្វើឲ្យប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្រនេះទទួលបានការវាយតម្លៃខ្ពស់ទាំងក្នុងស្រុក និងអន្តរជាតិ ព្រោះច្បាស់ណាស់វាល្អជាងវិធីសាស្រ្តស្រពេចស្រពិលពីមុន។
កំណែទម្រង់ក្នុងស្រុកក៏ត្រូវបានពន្លឿនផងដែរ។
មិនត្រឹមតែមិនធ្វេសប្រហែសប៉ុណ្ណោះទេ ផ្ទុយទៅវិញ ការអភិវឌ្ឍក្នុងស្រុកក៏ត្រូវបានលោកស្រីអនុវត្តយ៉ាងពេញលេញផងដែរ។
តាំងពីយូរណាស់មកហើយ មតិសាធារណៈជប៉ុនមានការយល់ឃើញថា មន្ត្រី និងមន្ត្រីរាជការធ្វើការតាមអំពើចិត្តរបស់ខ្លួន។ លោកស្រី Takaichi កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលុបបំបាត់រូបភាពអវិជ្ជមាននោះ និងបង្កើតទំនុកចិត្តក្នុងចិត្តរបស់ប្រជាជនឡើងវិញ។
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចអូសបន្លាយរយៈពេល ៣០ ឆ្នាំ ប្រហែលជាជប៉ុន – ជាប្រទេសដែល “ដេកលក់” អស់រយៈពេលយូរណាស់មកហើយ – នៅទីបំផុតដល់ពេលដែលត្រូវភ្ញាក់ហើយ។
ចូរយើងតាមដានជំហានបន្ទាប់របស់ជប៉ុននាពេលខាងមុខ។
Abe Kengo
