ស្វែងយល់អំពីឧបករណ៍ដែល ninja បានប្រើប្រាស់
ស្វែងយល់អំពីឧបករណ៍ដែល ninja បានប្រើប្រាស់។
ក្នុងសម័យបច្ចុប្បន្ននេះ ដោយសារតែទទួលឥទ្ធិពលពីរឿងគំនូរជីវចល anime និងភាពយន្ត ninja តែងតែត្រូវបានគេស្រមៃគិតថាដូចជាវីរបុរសដ៏ក្លាហាន។
សូម្បីតែនៅសហរដ្ឋអាមេរិក ធ្លាប់មានករណីដ៏កម្រមួយកើតឡើង ប្រព័ន្ធប្រកាសអាសន្នបន្លឺឡើងនៅពេលដែលទទួលបានដំណឹងថា “ninja បង្ហាញខ្លួន” ហើយប្រជាជនទាំងអស់ត្រូវជម្លៀសចេញពីផ្ទះ។
ប៉ុន្តែតាមពិតទៅ…
ពួកគេគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ មិនអាចធ្វើរឿងដែលអស្ចារ្យនោះទេ។ ម្យ៉ាងវិញទៀត ជាមូលដ្ឋាន ninja គឺជាចារកម្ម ដូច្នេះមិនអាចប្រើជំនាញពិសេស ឬក្បាច់ដែលអស្ចារ្យពេកឡើយ។
ពិតជាគួរឲ្យសោកស្ដាយណាស់ សម្រាប់អ្នកដែលតែងតែចូលចិត្ត “ninja” ប្រហែលជាធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តហើយ។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងខ្ញុំសូមណែនាំឧបករណ៍ចំនួនប្រាំមួយដែល ninja បានប្រើប្រាស់។
មិនមានអ្វីពិសេសពេកនោះទេ ដូច្នេះសង្ឃឹមថាប្រិយមិត្តកុំរំពឹងទុកខ្ពស់ពេក។
ឧបករណ៍ទីមួយ៖ 打竹 (Uchitake) – បំពង់ឬស្សីបញ្ឆេះភ្លើង
នៅខាងក្នុងបំពង់ឫស្សីគេហៅថា uchitake មានផ្ទុកថ្មសម្រាប់បង្កាត់ភ្លើង ដែកថែបបង្កាត់ភ្លើង និងប្រឆេះចង្កៀង។
ទោះបីជាស្តាប់ទៅដូចជារបស់របរមានប្រយោជន៍សម្រាប់ការបោះជំរុំខាងក្រៅក៏ដោយ ប៉ុន្តែប្រសិនបើត្រូវបានប្រើដោយ ninja របស់របរទាំងនោះបែរជាអាចបង្កគ្រោះថ្នាក់ទៅវិញ។ ព្រោះភ្លើងដែលត្រូវបានបង្កាត់ចេញពីឧបករណ៍នេះអាចប្រើសម្រាប់បញ្ឆេះម្សៅកាំភ្លើង ឬដុតផ្ទះរបស់ភាគី។
ឧបករណ៍ទីពីរ៖ 三尺手拭 (3 shaku tenugui) – កន្សែង tenugui ប្រវែង ៣ shaku
“Shaku” គឺជាឯកតាប្រវែងរបស់ជប៉ុនកាលពីសម័យបុរាណ។ ប្រវែង ៣ shaku បើគិតតាមរង្វាស់ឯកតាសព្វថ្ងៃស្មើនឹង ៩០,៩ សង់ទីម៉ែត្រ។
នេះគ្រាន់តែជាកន្សែងក្រណាត់ធម្មតាមួយប៉ុណ្ណោះ ដូចជាកន្សែងជូតមុខ ឬក្រណាត់លាងសម្អាតជាដើម។
អាចស្តាប់ទៅគួរឲ្យធុញ ប៉ុន្តែសម្រាប់ ninja នេះជាកន្សែងដែលមានប្រយោជន៍បំផុត។
ជាក់ស្តែង កន្សែងនេះអាចប្រើសម្រាប់បិទបាំងមុខ រុំរបួស រឹតកសត្រូវ ប្រើជំនួសខ្សែពួរ តម្រងទឹកកខ្វក់សម្រាប់ផឹក ខ្ចប់ថ្មសម្រាប់ធ្វើជាអាវុធ ឬធ្វើឲ្យសើមហើយវាយទៅនឹងអ្វីមួយដើម្បីបង្កើតជាសំឡេង។
បើប្រៀបទៅនឹងការរំពឹងទុក សម្រាប់ ninja នេះជារបស់ដែលមានមុខងារច្រើន និងជាសម្ភារៈប្រើប្រាស់ដ៏មានប្រយោជន៍។
ឧបករណ៍ទីបី៖ 石筆 (Ishifude) – ប៊ិចថ្ម
“ប៊ិចថ្ម” ជាប្រភេទឧបករណ៍សរសេរ ឬសម្រាប់សម្គាល់មួយប្រភេទដែលផលិតចេញពីថ្មសិលាកម្ទេចកំណរទន់។ ជាទូទៅមានទម្រង់ជាបន្ទះវែង រាងស៊ីឡាំង ឬរាបស្មើអាស្រ័យលើគោលបំណងប្រើប្រាស់។
និយាយឲ្យសាមញ្ញទៅប៊ិចថ្មមានរូបរាង និងពណ៌ស្រដៀងទៅនឹងដីសដែលសរសេរលើក្ដារខៀននៅតាមថ្នាក់រៀននាសម័យនេះដែរ។ ហើយលក្ខណៈសម្បត្តិមានភាពស្រដៀងគ្នា អាចលុបចេញបានបន្ទាប់ពីសរសេរ។
Ninja អាចប្រើរបស់នេះសម្រាប់ទុកសារប្រាប់មិត្តរួមក្រុម អ្នកចុងក្រោយនឹងលុបសារទាំងនោះដើម្បីបិទបាំងដាន។ ពិតជាស័ក្តិសមបំផុតសម្រាប់សកម្មភាពចារកម្ម។
ឧបករណ៍ទីបួន៖ 鈎縄 (Kaginawa) – ខ្សែទំពក់
នៅទីបំផុតក៏មានឧបករណ៍មួយដែលស័ក្តិសមសម្រាប់ ninja ដែរហើយ។
នេះជាខ្សែបន្លាវែងដែលមានទំពក់ដែកភ្ជាប់នៅខាងចុងខ្សែ។
ខ្ញុំគិតថា ប្រហែលជាប្រិយមិត្តធ្លាប់បានឃើញខ្សែប្រភេទនេះ ដែលជាទូទៅយើងតែងតែមើលឃើញក្នុងខ្សែភាពយន្តសកម្មភាព។
ដោយរួមបញ្ចូលគ្នារវាងខ្សែពួរ សរសៃរបន្លា និងក្បាលទំពក់ដែក ខ្សែប្រភេទនេះមានប្រយោជន៍សម្រាប់ឡើងជញ្ជាំង ឡើងដើមឈើ រុំយកអាវុធរបស់ភាគី ឬគប់ភាគីដែលប្រៀបបីដូចជាអាវុធ។
ឧបករណ៍ទីប្រាំ៖ 忍薬 (Shinobigusuri) – ថ្នាំរបស់ ninja
ថ្នាំរបស់ ninja ត្រង់ចំណុចនេះមិនមែនជាថ្នាំដែល ninja ធ្វើ ឬប្រភេទថ្នាំពិសេសណាមួយឡើយ។ នោះគ្រាន់តែជាប្រភេទថ្នាំធម្មតា និងអាហារដែលត្រូវបាន ninja យកតាមខ្លួនប៉ុណ្ណោះ។
ជាក់ស្តែងគឺថ្នាំដែលបញ្ឈប់ការហូរឈាម ថ្នាំបន្សាបជាតិពុល ថ្នាំក្រពះ និងស្បៀងអាហារយកតាមខ្លួនទុកសម្រាប់ករណីត្រូវលាក់ខ្លួន ឬចាំវាយឆ្មក់ក្នុងរយៈពេលយូរ ដោយមិនអាចចេញទៅក្រៅបាន។
ទោះជាយ៉ាងណា នៅពេលខ្លះ ninja ក៏យកថ្នាំពុលតាមដែរ ដើម្បីបំពុលសត្រូវក្នុងស្ថានភាពមួយចំនួន។
ឧបករណ៍ទីប្រាំមួយ៖ 編笠 (Amigasa) – មួកត្បាញ
Amigasa គឺជាប្រភេទមួកប្រពៃណីជប៉ុន ដោយធ្វើឡើងតាមរយៈការត្បាញស្មៅស្ងួត ចំបើង ឬឫស្សីតូច។ មួកត្បាញនេះមានរាងស្រដៀងគ្នាទៅនឹងមួកស្លឹកត្នោតរបស់កម្ពុជាដែរ ដូច្នេះក៏អាចហៅមួកត្បាញថា “មួកស្លឹករបស់ជប៉ុន” ផងដែរ។
និយាយពីមុខងារ មិនត្រឹមតែប្រើសម្រាប់ពាក់ប៉ុណ្ណោះទេ មួកត្បាញត្រូវបានរចនាឡើងជាពិសេសសម្រាប់បិទបាំងមុខ ក្រៅពីនេះថែមទាំងអាចប្រើសម្រាប់ដាក់របស់របរ សម្រាប់អង្គុយ និងធ្វើជាខ្នើយផងដែរ
ប្រហែលជាប្រិយមិត្តឆ្ងល់ថា ហេតុអ្វីបានជាមិនមានដាវ ឬព្រួញសម្រាប់គប់ក្នុងបញ្ជីឧបករណ៍ទាំងនេះ ព្រោះព្រួញសម្រាប់គប់ត្រូវបានគេចាត់ទុកជាប្រភេទអាវុធដែលផ្សារភ្ជាប់នឹងរូបភាពរបស់ ninja ។
តាមពិតទៅ ninja យកដាវ និងព្រួញសម្រាប់គប់តាមនៅពេលដែលគិតទុកមុនថាមានការប្រយុទ្ធជាមួយសត្រូវប៉ុណ្ណោះ។ ដែលជាទូទៅយកតែរបស់របរទាំងប្រាំមួយមុខខាងលើជាចម្បងប៉ុណ្ណោះ។
លើកលែងតែថ្នាំពុល ក្រៅពីនេះរបស់របរផ្សេងទៀតដែល ninja ប្រើប្រាស់ ក្នុងចំណោមនោះសុទ្ធតែអាចរកទិញបានយ៉ាងងាយនៅតាមដងផ្លូវ។ ផ្ទុយទៅវិញ ninja បែរជាប្រើប្រាស់របស់របរធម្មតាទាំងនោះសម្រាប់បំពេញបេសកកម្មរបស់ខ្លួនទៅវិញ។
ប្រហែលជាដោយសារតែ ninja មួយរូបមានលក្ខណៈសាមញ្ញពេកហើយ ហើយដោយសារតែ “លក្ខណៈសាមញ្ញ” នេះ នៅពេលដែលត្រូវបានផលិតឡើងវិញក្នុងសិល្បៈ និងជាពិសេសក្នុងខ្សែភាពយន្ត ទើបគេបន្ថែមចំណុចជាច្រើនដើម្បីធ្វើឲ្យរូបភាពរបស់ ninja កាន់តែលេចធ្លោ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ក្នុងចិត្តទស្សនិកជន។
Abe Kengo
