តើព្រួញដែលធ្លាប់ត្រូវបានប្រើដោយសាមូរ៉ៃនឹងធ្វើយ៉ាងណា?
តើព្រួញដែលធ្លាប់ត្រូវបានប្រើដោយសាមូរ៉ៃនឹងធ្វើយ៉ាងណា?
នៅពេលដែលរំលឹកដល់សាមូរ៉ៃ គ្រប់គ្នាច្រើនតែស្រមៃគិតដល់ទិដ្ឋភាពប្រយុទ្ធដោយប្រើដាវជប៉ុនដ៏មុតស្រួចនៅលើដៃ។ ទោះជាយ៉ាងណា តាមពិតទៅដាវជប៉ុនត្រូវបានប្រើជាចម្បងក្នុងការប្រយុទ្ធមួយទល់នឹងមួយ។
មុនសម័យ Edo ក្នុងការប្រយុទ្ធទ្រង់ទ្រាយធំ អាវុធដែលសំខាន់គឺធ្នូ និងព្រួញ។
ព្រួញជាច្រើនត្រូវបានបាញ់ក្នុងពេលដំណាលគ្នា គ្រាន់តែគិតដល់ទិដ្ឋភាពនេះក៏យល់ឃើញថាគួរឲ្យខ្លាចណាស់ទៅហើយ យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថាព្រួញទាំងនោះបន្ទាប់ពីបាញ់នឹងយកទៅណាដែរទេ?
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ចូរយើងស្វែងយល់អំពី “ការចាត់ចែងក្រោយសង្គ្រាម” នាសម័យនោះ។
តើព្រួញទាំងនោះមានតម្លៃប៉ុណ្ណា?
ក្នុងការប្រយុទ្ធនីមួយៗ ព្រួញដែលបានបាញ់ចេញក្នុងបរិមាណច្រើន ហើយតម្លៃរបស់វាថ្លៃជាងអ្វីដែលយើងគិតទៅទៀត។
តួព្រួញធ្វើពីឫស្សីត្រង់ ក្បាលព្រួញធ្វើពីដែក ចំណែកឯកន្ទុយព្រួញដាក់រោមសត្វស្លាបដែលកម្រ។ គ្រាន់តែស្តាប់ឮដូច្នេះក៏ដឹងដែលថានោះមិនមែនជារបស់ថោកនោះទេ។
បើគិតតាមតម្លៃសព្វថ្ងៃ សូម្បីតែប្រភេទដែលថោកបំផុតក៏មានតម្លៃរាប់ពាន់យ៉េនក្នុងមួយដើមដែរ។ ម្យ៉ាងវិញទៀត ការដែលបាញ់ព្រួញនៅសមរភូមិប្រៀបដូចជាការដែលយកក្រដាសប្រាក់ដប់ដុល្លារបោះទៅលើមេឃដែរ។
ភាគច្រើនព្រួយញដែលបាញ់ចេញមិនចំគោលដៅនោះទេ ប៉ុន្តែធ្លាក់នៅលើដី ដើមឈើ ឬកន្លែងផ្សេងទៀត។ ហើយក្នុងអំឡុងពេលប្រយុទ្ធ គ្មាននរណាម្នាក់មានពេលទៅរើសព្រួញនោះទេ។
ដូច្នេះតើអ្នកណានឹងរើសព្រួញទាំងនោះ?
ក្រោយសង្គ្រាម មានមនុស្សមួយចំនួនទៅប្រមូលព្រួញ។ ពួកគេប្រមូលព្រួញ ហើយយកទៅឲ្យមេដឹកនាំសាមូរ៉ៃ (ស្តេចក្រាញ់ មេទ័ព) សម្រាប់លក់បន្ត។
មិនត្រឹមតែព្រួញប៉ុណ្ណោះទេ សូម្បីតែអាវក្រោះ ដាវសុទ្ធតែអាចលក់តាមរបៀបស្រដៀងគ្នានេះ។
សម្រាប់ប្រជាជនក្នុងតំបន់ ការប្រយុទ្ធគ្នាប្រៀបបីដូចជាគ្រោះមហន្តរាយកើតឡើង ពីព្រោះសាកសពទាហានស្លាប់មាននៅគ្រប់ទីកន្លែង ដែលបង្កបញ្ហាយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ផ្ទុយទៅវិញ អ្វីដែលនៅសល់ក្រោយសង្គ្រាម ជាពិសេសអាវុធបានក្លាយជាប្រភពចំណូលចិញ្ចឹមជីវិតសម្រាប់ប្រជាជនទាំងនេះ។
ប្រភេទព្រួញពិសេសនៅសម័យកាលរដ្ឋសង្គ្រាម
ទោះបីជាធ្នូ និងព្រួញជាអាវុធដែលមានប្រវត្តិយូរអង្វែងក៏ដោយ ប៉ុន្តែក្នុងសម័យរដ្ឋសង្គ្រាម ព្រួញបានឆ្លងកាត់ការកែលម្អជាច្រើន។
ប្រភេទពិសេសមួយចំនួនមានដូចខាងក្រោម៖
🏹 鏑矢 (Kaburaya – ព្រួញបញ្ចេញសំឡេង)
ជាប្រភេទព្រួញពិសេសដែលត្រូវបានរចនាឡើងដើម្បីបញ្ចេញសំឡេងនៅពេលដែលហោះ។
ប្រភេទព្រួញនេះប្រើជាសញ្ញាចាប់ផ្តើមការប្រយុទ្ធ ឬសញ្ញាដកថយ ស្រដៀងទៅនឹងផាវបញ្ចេញសញ្ញានៃប្រភេទអាវុធទំនើបដែរ។
🏹 噂矢 (Uwasa-ya – ព្រួញប្រកាសសង្រ្គាម)
នេះជាព្រួញដែលបាញ់ទៅកាន់ភាគីសត្រូវនៅពេលដែលចាប់ផ្តើមការប្រយុទ្ធ ហើយឈ្មោះរបស់មេទ័ពត្រូវបានឆ្លាក់នៅលើនោះ។
បាញ់ទៅរកភាគីសត្រូវ ប៉ុន្តែមិនមែនដើម្បីសម្លាប់សត្រូវនោះទេ តែមានន័យថាប្រកាសសង្គ្រាម ហើយជាវិធីសាស្រ្តដែលបង្ហាញពីកេរ្តិ៍ឈ្មោះ។
ក្នុងករណីជាច្រើន សំបុត្រត្រូវបានចងភ្ជាប់នឹងព្រួញ បន្ទាប់មកបាញ់ទៅកាន់ភាគីសត្រូវ។
ព្រួញប្រភេទនេះមិនត្រូវបានផលិតក្នុងបរិមាណច្រើននោះទេ ដូច្នេះសព្វថ្ងៃប្រសិនបើរកឃើញព្រួញប្រភេទនេះមួយប្រៀបបីដូចជារកឃើញកំណប់ទ្រព្យ។
🏹 手突矢 (Tetsukiya – ព្រួញកាន់ដៃ)
ទោះបីជាគេហៅថា “ព្រួញ” ក៏ដោយ ប៉ុន្តែមិនប្រើសម្រាប់បាញ់នោះទេ តែប្រើសម្រាប់កាន់ចាក់សត្រូវដោយផ្ទាល់។ របៀបប្រើស្រដៀងទៅនឹងលំពែងដែរ។
លក្ខណៈពិសេសនៃធ្នូរបស់ជប៉ុន
ជាប្រភេទអាវុធដែលមនុស្សគ្រប់គ្នាស្គាល់តាំងពីសម័យបុរាណ ធ្នូ និងព្រួញត្រូវបានប្រើប្រាស់លើសមរភូមិនៅជុំវិញពិភពលោក ប៉ុន្តែធ្នូរបស់ជប៉ុនហាក់បីដូចជាមានលក្ខណៈពិសេសជាង។
ដោយមានប្រវែងជាង ២ ម៉ែត្រ វាជាប្រភេទធ្នូ និងព្រួញធំជាងគេនៅលើពិភពលោក ហើយអាចបាញ់បានចម្ងាយរហូតដល់ ៤០០ ម៉ែត្រ។
ហាក់បីដូចជាធ្នូទាំងនេះអាចបាញ់បានឆ្ងាយ និងមានកម្លាំងវាយប្រហារខ្លាំងជាងបើប្រៀបធៀបទៅនឹងធ្នូរបស់ប្រទេសលោកខាងលិច។
ចំណុចនេះមិនមែនព្រោះតែជនជាតិជប៉ុនពូកែ ឬធ្នូជប៉ុនល្អជាងនោះទេ ប៉ុន្តែដោយសារតែនៅពេលដែលផលិតអាវុធ ប្រទេសលោកខាងលិចផ្តោតលើកម្រិតជាក់លាក់ ខណៈដែលជប៉ុនផ្តោតសំខាន់លើចម្ងាយវាយប្រហារ និងកម្លាំង។
ចំពោះប្រភេទព្រួញបែបនេះ ប្រសិនបើត្រូវបាញ់ចំពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះសាមូរ៉ៃនៅសម័យរដ្ឋសង្គ្រាមបានប្រើខែលសម្រាប់ការពារខ្លួន។
ការពិតដែលទាក់ទងនឹងសាមូរ៉ៃ
ប្រសិនបើអ្នកតែងតែគិតថា សាមូរ៉ៃសម្រុកទៅរកសត្រូវ ហើយប្រយុទ្ធដោយប្រើតែដាវមួយក្នុងដៃ ដោយមិនប្រើខែល – ជារបៀបប្រយុទ្ធដែលពិតជាឡូយខ្លាំងណាស់ – គួរឲ្យស្តាយ តាមពិតទៅ សាមូរ៉ៃក៏ប្រើខែលផងដែរ។
នៅពេលដែលជប៉ុនឈានចូលសម័យ Edo ប្រទេសជាតិមានសន្តិភាព លែងមានសង្គ្រាមស៊ីវិលទៀតហើយ។ ការប្រយុទ្ធធំៗលែងមាន ដូច្នេះការប្រើប្រាស់ធ្នូ និងព្រួញត្រូវបានកាត់បន្ថយ។
ចាប់តាំងពីពេលនោះទើបសាមូរ៉ៃប្តូរមកប្រើដាវសម្រាប់ប្រយុទ្ធបន្តិចម្តងៗវិញ។
ដានសង្គ្រាមដែលបន្សល់ទុករហូតមកដល់សព្វថ្ងៃ
ព្រួញទាំងអស់ដែលត្រូវបានប្រើក្នុងសម័យសង្គ្រាម ទោះបីជាត្រូវបានប្រជាជនក្នុងតំបន់ប្រមូលក៏ដោយ ប៉ុន្តែមិនមែនព្រួញទាំងអស់សុទ្ធតែត្រូវបានរកឃើញនោះទេ។
សូម្បីតែឥឡូវនេះ នៅក្នុងព្រៃភ្នំជប៉ុនអាចនឹងបន្សល់ទុកក្បាលព្រួញជាច្រើនដែលបង្ហាញពីដានរបស់សង្គ្រាម។
ព្រួញទាំងនេះអាចប្រៀបប្រដូចទៅនឹង “កំណប់ទ្រព្យ” ដែលមិនត្រឹមតែស្ថិតលើតម្លៃរបស់វាប៉ុណ្ណោះទេ ថែមទាំងមានតម្លៃប្រវត្តិសាស្ត្ររបស់ជប៉ុនផងដែរ។
Abe Kengo
