ទឹក​ដោះ​ម្តាយ​ដែល​ទេពធីតាបន្សល់​ទុក​សម្រាប់​កូន

ទឹកដោះម្តាយដែលទេពធីតាបន្សល់ទុកសម្រាប់កូន។

ក្នុងសាសនាស៊ីនតូរបស់ជប៉ុនមានអាទិទេពជាច្រើន អាទិទេពទាំងនេះត្រូវបានគេហៅថា Yaoyorozu no kami (八百万の神 – ប្រាំបីលានអាទិទេព) ដែលចំនួនប្រាំបីលាននេះមិនមែនសំដៅ​លើ​ន័យ​ត្រង់​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា (ច្រើន​រាប់​មិន​អស់) ។

នៅប្រទេសជប៉ុនមានអាទិទេពជាច្រើនដែលត្រូវបានគោរពបូជានៅតាមទីសក្ការៈខុសៗគ្នា ប៉ុន្តែ​​តើ​ប្រិយ​មិត្ត​​ដឹង​​ទេ​​ថា​​មាន​​ទីសក្ការៈ​​​​មួយ​គោរព​បូជា… ដើម​ទ្រូង​របស់​អាទិទេព​ដែរ​ទេ?

ដើម្បីឲ្យប្រិយមិត្តទាំងអស់គ្នាកាន់តែយល់ច្បាស់អំពីរឿងនេះ ខ្ញុំ​សូម​ពន្យល់​ដោយ​សង្ខេប​ដូច​ខាង​ក្រោម៖

រឿងតំណាលថា Ninigi no Mikoto – ចៅប្រុសរបស់ទេពធីតាព្រះអាទិត្យ Amaterasu – បាន​យាង​ចុះផែន​ដី។

នៅទីនោះ ទ្រង់បានជួបនឹងទេពធីតាដ៏ស្រស់ស្អាត Konohana Sakuya-hime ហើយអ្នកទាំងពីរមានកូនជាមួយគ្នា។ ទោះជាយ៉ាងណា មិនខុសអ្វីពីមនុស្សធម្មតាម្នាក់នោះ​ទេ ទ្រង់បាននិយាយស្តី​បង្ហាញ​ពី​ការ​សង្ស័យ ដោយនិយាយ​ថា​កូន​ក្នុងផ្ទៃរបស់ទេពធីតាមិន​មែន​ជា​កូន​របស់​ខ្លួន​នោះទេ។ 

ប្រឈមមុខនឹងពាក្យសម្តីដ៏ឃោរឃៅទាំងនោះ ទេពធីតាបានឆ្លើយតបថា ទ្រង់នឹងប្រសូត្របុត្រក្នុងភ្នក់ភ្លើងដើម្បីបង្ហាញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធរបស់ខ្លួន។ ពីព្រោះទារកដែលមាន​ឈាម​ជ័រ​របស់​អាទិទេព​ព្រះ​អាទិត្យ​នឹង​មិនខ្លាចភ្លើងដុតនោះឡើយ។

នៅទីបំផុត ក្នុងអណ្តាតភ្លើងដែលកំពុងឆាបឆេះ ទារកទាំងបីត្រូវបានសម្រាលដោយសុវត្ថិភាព។

ក្នុងចំណោមបងប្អូនទាំងបីនាក់ មាន​ម្នាក់​មាន​ឈ្មោះថា Hoori ។ នៅថ្ងៃមួយ Hoori បានខ្ចីផ្លែសន្ទូចរបស់បងប្រុសដើម្បីទៅស្ទូចត្រី ប៉ុន្តែបែរជាធ្វើឲ្យបាត់ផ្លែសន្ទូចទៅវិញ។

ដោយខ្លាចថាអាចនឹងត្រូវបងប្រុសស្តីបន្ទោស Hoori បានមុជចូលទៅក្នុងសមុទ្រដើម្បីស្វែងរក ហើយ​ស្រាប់​តែ​ប្រទះ​ឃើញ​ទីក្រុង​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ក្រោម​បាត​មហា​សមុទ្រ​ដោយ​ចៃដន្យ។

នៅទីនោះ ទ្រង់បានជួបនឹងទេពធីតាដ៏ស្រស់ស្អាត Toyotama-hime ហើយបានលង់ស្រលាញ់នាង។

បន្ទាប់ពីនោះមក Hoori បានលិចលង់ក្នុងក្តីស្រឡាញ់នោះ ហើយក៏លែងចាំថាត្រូវរកផ្លែសន្ទូចដើម្បី​យក​ទៅ​សង​បង​ប្រុស​វិញ។

រហូតដល់ពេលដែល Toyotama-hime មានផ្ទៃពោះ ទើបនាងបានសារភាពប្រាប់ Hoori ថា ដើមឡើយនាង​ជា​ប្រភេទ​សត្វ​សមុទ្រ ដូច្នេះ​ត្រូវប្រែទៅជារូបរាងពិតទើបអាចសម្រាលកូនបាន។ នាងមិន​ចង់​ឲ្យ Hoori មើលឃើញរូបរាងរបស់​នាង​នៅ​ពេល​នោះ​ទេ ហើយ​អង្វរ​ឲ្យ Hoori កុំ​មើល។

ទោះបីជា Hoori បានយល់ព្រមតាមសំណើរបស់នាងក៏ដោយ ប៉ុន្តែដោយសារចរិតចង់ដឹងចង់ឃើញ​បានធ្វើឲ្យគាត់លួចមើលដោយសម្ងាត់។ ហើយ​នៅ​ទី​បំផុត ទោះ​បី​ជា​ដឹង​មុន​ក៏​ដោយ ប៉ុន្តែទិដ្ឋភាព​ដែលបានកើតឡើងនៅចំពោះមុខនៅតែធ្វើឲ្យគាត់មិនអាចលាក់បាំងពីអារម្មណ៍ខកចិត្ត​របស់ខ្លួន។ ទេពធីតាដ៏ស្រស់ស្អាតដែលគាត់ស្រឡាញ់អស់រយៈពេលយូរមកហើយនោះ បានប្រែក្លាយ​ទៅ​ជា​រូប​រាង​ដ៏​អាក្រក់​របស់​ក្រពើ​មួយ​ក្បាល។

នៅពេលដែល Hoori កំពុងតែស្រឡាំងកាំង ទេពធីតាក៏បានឃើញគាត់លួចមើលខ្លួនផងដែរ។

ឈឺចិត្តយ៉ាងខ្លាំងនៅពេលដែលមនុស្សដែលខ្លួនជឿទុកចិត្តទាំងស្រុងបែរជាមិនរក្សាពាក្យសន្យា ឥឡូវ​នេះ​រូបរាងពិតក៏ត្រូវមើលឃើញទៅហើយ ទេពធីតាមិនអាចបន្តរស់នៅក្នុងពិភពមនុស្សបាន​ទៀត​ទេ។ នាងបានលេបទឹកភ្នែក ហើយ​ទុក​កូន​នៅ​លើ​ផ្ទៃ​ដី រួចត្រឡប់ទៅសមុទ្រជ្រៅវិញ។

ប៉ុន្តែទារកទើបនឹងកើតត្រូវការទឹកដោះម្តាយដើម្បីរស់រានមានជីវិត ដូច្នេះនាងគ្មានជម្រើសអ្វីក្រៅពីយកដើមទ្រូងរបស់ខ្លួនចេញនោះទេ ហើយដាក់នៅលើផ្ទាំងថ្មមួយទុកសម្រាប់កូន។

ផ្ទាំងថ្មដែលទេពធីតាបានបន្សល់ទុកដើមទ្រូងត្រូវបានគេហៅថា “Ochichi-iwa” (ថ្មទឹកដោះ) នៅ​តែ​មាន​រហូតមកដល់សព្វថ្ងៃនេះនៅទីសក្ការបូជា Udo (鵜戸神社) ខេត្ត Miyazaki ។

គេ​និយាយ​ថា រហូតមកដល់ពេលនេះនៅតែមានសារធាតុ​រាវ​ស្រក់​ចេញ​ពីនោះ។

ទារកដែលត្រូវបានចិញ្ចឹមដោយ “ទឹកដោះនៅលើថ្ម” នោះក្រោយមកធំដឹងក្តី បង្កើតកូន។

ហើយ​ពូជពង្ស​នោះ​បាន​ក្លាយ​ជា​ព្រះចៅអធិរាជ​ដំបូង​គេ​នៃ​ប្រទេស​ជប៉ុន។

នេះជាចំណុចដ៏គួរឲ្យភ្ញាក់ផ្អើលនៅពេលដែលទេវកថាជប៉ុន និងប្រវត្តិសាស្ត្ររួមបញ្ចូលគ្នាក្នុងទេវកថា​ជប៉ុន។

ទោះជាយ៉ាងណា តាមរយៈការនិយាយពាក្យសម្តីដែលមិនមានទំនួលខុសត្រូវដូចជាមនុស្សធម្មតា និងការមិនគោរពពាក្យសន្យា សុទ្ធតែជាចំណុចដែលបង្ហាញឲ្យឃើញថាអាទិទេពទាំងនេះមានលក្ខណៈ​ដូច​មនុស្ស​ពេក​ហើយ។

សាសនាស៊ីនតូគឺជាសាសនាដែលជឿលើធម្មជាតិ ចំពោះជំនឿនេះ បាតុភូតធម្មជាតិទាំងអស់ដែល​មនុស្ស​មិន​អាច​គ្រប់​គ្រង​បាន​សុទ្ធ​តែ​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិទេព ឬ​បណ្តាសា។

អាទិទេពមិនដឹងអ្វីៗទាំងអស់នោះទេ ហើយ​ក៏​មិន​មាន​ឫទ្ធានុភាព​ទាំង​ស្រុង​ឡើយ ហើយទ្រង់ក៏មិន​ចាំ​បាច់​ជួយ​មនុស្ស​លោក​ដែរ។

គ្រប់យ៉ាងដែលនិយាយពីអាទិទេពគ្រាន់តែជាការគំរាមកំហែងដ៏ធំដែលមនុស្សលោកមិនអាច​ទប់​ទល់​បាន។

សូម្បីតែខ្សែបន្ទាត់រវាងពាក្យ “ពរជ័យ” និង “បណ្តាសា” ក៏ស្រពេចស្រពិលដែរ ហើយនោះជាចំណុចដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៃ​សាសនា​ស៊ីនតូ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: