ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ជប៉ុន​កាល​ពី​សម័យ​មុន និង​បច្ចុប្បន្ននេះ។

ពិធីបុណ្យចូលឆ្នាំថ្មីនៅជប៉ុនកាលពីសម័យមុន និងបច្ចុប្បន្ននេះ។

មិនយូរប៉ុន្មាននោះទេ ពិធីបុណ្យចូលឆ្នាំចិនជិតមកដល់ហើយ។ 

ជារៀងរាល់ឆ្នាំ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី អ្នកនឹងស្តាប់ឮបទចម្រៀងអបអរសាទរឆ្នាំថ្មី ជាមួយនឹង​បទ​ភ្លេង​ស្រស់​ស្រាយ និងធ្វើឲ្យមនុស្សពោរពេញទៅដោយភាពរីករាយ ហើយទន្ទឹងរង់ចាំនិទាឃរដូវ​ថ្មី។

ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងនឹងស្វែងយល់ទាំងអស់គ្នាថា តើប្រជាជនជប៉ុននឹងធ្វើអ្វីក្នុង​ឳកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី? ភាពខុសគ្នារវាងថ្ងៃបុណ្យចូលឆ្នាំថ្មីកាលពីសម័យមុន និងបច្ចុប្បន្ន និង​មូល​ហេតុ​ដែលប្រទេសជប៉ុនឈប់ប្រើប្រាស់ប្រតិទិនចន្ទគតិ។

ថ្ងៃបុណ្យចូលឆ្នាំថ្មីសព្វថ្ងៃនេះ

បច្ចុប្បន្ននេះ ប្រទេសជប៉ុនប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមប្រតិទិនសុរិយគតិ។ ជាធម្មតាមនុស្សគ្រប់​គ្នា​ធ្វើការរហូតដល់ថ្ងៃទី ២៨ ខែធ្នូ ហើយបន្ទាប់មកចាប់ផ្តើមឈប់សម្រាកឆ្នាំថ្មី។

នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ក្រុមហ៊ុនទាំងអស់នឹងធ្វើការសម្អាតកន្លែងដើម្បីត្រៀមទទួលឆ្នាំថ្មី ហើយធ្វើ​ឲ្យ​បរិយាកាស​កន្លែង​ធ្វើការមានអនាម័យ និងមានក្លិនក្រអូបស្រស់ស្រាយ។

ហើយបន្ទាប់ពីបញ្ចប់ថ្ងៃធ្វើការចុងក្រោយ ក្នុងគ្រួសារនីមួយៗមនុស្សធំនឹងត្រៀមមុខម្ហូប osechi (អាហារថ្ងៃបុណ្យចូលឆ្នាំថ្មី) និងសម្អាតផ្ទះសម្បែង។

នៅថ្ងៃទី ៣១ ដែលជាថ្ងៃចុងឆ្នាំ អ្នកទាំងអស់គ្នាច្រើនតែបរិភោគអាហារពេលល្ងាចមុនម៉ោង ហើយបន្ទាប់មកសម្រាកនៅផ្ទះ។ បន្ទាប់ពីបរិភោគអាហារពេលល្ងាចរួច សមាជិកក្រុមគ្រួសារ​ជួប​ជុំ​គ្នា​ដើម្បីមើលទូរទស្សន៍ មើលកម្មវិធីទូរទស្សន៍ដែលពិសេសរហូតដល់យប់ជ្រៅ។

ប្រសិនបើមានអារម្មណ៍ថាឃ្លាន តាមទំនៀមទម្លាប់របស់ជប៉ុន គេនឹងបរិភោគមី soba ហើយមី soba ទាំងនេះត្រូវបានប្រជាជនជប៉ុនហៅថា toshikoshi soba – soba យប់ថ្ងៃបុណ្យឆ្លងឆ្នាំ។

ដោយសារតែសរសៃរមីតូចហើយវែង ដូច្នេះតំណាងឲ្យក្តីសង្ឃឹមថា ទោះបីជាជីវិតផុយស្រួយ ប៉ុន្តែនឹង​បន្ត​ទៅ​មុខ​យូរ​អង្វែង។

និយាយ​ឲ្យ​ចំ​ទៅសរសៃរមីទាំងអស់មានប្រវែងស្រដៀងគ្នា ប៉ុន្តែមូលហេតុដែលគេជ្រើសយកមី soba ធ្វើ​ជាមុខម្ហូបយប់ថ្ងៃឆ្លងឆ្នាំថ្មីគឺមានទាក់ទងនឹងអត្តន័យសំណាងល្អ។

កាលពីសម័យមុន ជាងធ្វើគ្រឿងអលង្ការប្រើ soba ដើម្បីប្រមូលបំណែកមាសដែលខ្ចាត់ខ្ចាយ។ ដូច្នេះ​ហើយ មី soba ត្រូវបានគេចាត់ទុកថាជាមុខម្ហូបដែលនាំមកនូវសំណាង។

បន្ទាប់មក នៅពេលដែលចូលដល់ឆ្នាំថ្មី នៅថ្ងៃទី ១ ខែមករា ភាគច្រើនអ្នកទាំងអស់គ្នានៅផ្ទះដើម្បី​សម្រាក និង​រីក​រាយ។

នៅខាងក្រៅ ភោជនីយដ្ឋាន និងហាងលក់ទំនិញនៅតែបើកធម្មតា ដូច្នេះអ្នកអាចសម្រាកបាន ដោយ​មិន​ចាំ​បាច់​រៀប​ចំអាហារ​ដោយ​ផ្ទាល់​នោះ​ទេ។

រហូតដល់ថ្ងៃទី ៣ ខែមករា មានព្រឹត្តិការណ៍មួយហៅថា hatsuri (ថ្ងៃលក់ទំនិញដើមឆ្នាំ) ។ ទំនិញពិសេស​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​គឺ​ថង់​សំណាង ក្នុង​​ភាសា​​ជប៉ុន​​ហៅ​​ថា fukubukuro ។

មនុស្សម្នានាំគ្នាទិញថង់សំណាងទាំងនោះដោយមិនដឹងថាក្នុងនោះមានអ្វីឡើយ ប៉ុន្តែជាទូទៅតម្លៃ​របស់​របរ​នៅ​ខាង​ក្នុង​មាន​តម្លៃខ្ពស់ជាងប្រាក់ដែលត្រូវចំណាយ ដូច្នេះថង់សំណាង​ទាំង​នេះពេញ​និយម​ខ្លាំង​ណាស់។

មនុស្សធំបើកថង់សំណាង កុមារទទួលបានអាំងប៉ាវ ប្រហែលនេះជាពេលវេលាដែលមនុស្សគ្រប់គ្នារីករាយបំផុតនៅថ្ងៃចូលឆ្នាំថ្មី។

ទោះជាយ៉ាងណា សម្រាប់ហាងមួយចំនួន នេះក៏ជាឱកាសល្អសម្រាប់លក់ទំនិញសល់ក្នុងស្តុកតាម​រយៈ​ការដាក់បញ្ចូលជាមួយទំនិញថ្មី ដាក់ក្នុងថង់សំណាង ដូច្នេះពេលខ្លះត្រូវប្រុងប្រយ័ត្នចំពោះគុណ​ភាព​មុខ​ទំនិញដែលអ្នកទទួលបាន។

ព្រឹត្តិការណ៍នេះកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយឥឡូវនេះសូម្បីតែម៉ាកល្បីៗដូចជា Apple ក៏មានលក់ថង់សំណាងផងដែរ។ សម្រាប់​ផលិត​ផល​របស់ Apple មុខទំនិញដែលមិនចាំ​បាច់ អ្នក​ទិញ​អាច​លក់​បន្ត​លើ​អុីនធឺណេត​បាន​យ៉ាង​ងាយ​ស្រួល។

ថ្ងៃបុណ្យចូលឆ្នាំថ្មីនៅសម័យ Edo

ជាមូលដ្ឋានទំនៀមទម្លាប់សម្រាប់ទទួលឆ្នាំថ្មីមិនមានការផ្លាស់ប្តូរច្រើននៅសម័យសាមូរ៉ៃនោះទេ ប៉ុន្តែចំណុចដែលខុសគ្នាធំបំផុតគឺថា នៅពេលនោះប្រជាជនជប៉ុនទទួលឆ្នាំថ្មីតាមប្រតិទិនចន្ទ​គតិ។

ក្រៅពីនេះ ក្នុងរយៈពេលឆ្នាំថ្មីចំនួន ៣ ថ្ងៃ ភោជនីយដ្ឋាន និងហាងជាច្រើនសុទ្ធតែបិទទ្វារ ដូច្នេះទើប​ប្រជាជន​បរិភោគ osechi – ដែល​ជា​មុខ​ម្ហូប​ប្រពៃណី និង​ជា​អាហារ​បម្រុង​ទុក។

បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំបញ្ចប់ មនុស្សគ្រប់គ្នាច្រើនតែចេញទៅក្រៅនៅថ្ងៃទី ៤ ដែលមុននោះស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​ចេញ​ទៅ​ក្រៅ​នោះ​ទេ។

ហេតុអ្វីបានជាប្រទេសជប៉ុនលែងប្រើប្រតិទិនចន្ទគតិ?

សេចក្តីជូនដំណឹងដែល​ថា​ជប៉ុន​លែង​ប្រើ​ប្រតិទិន​ចន្ទគតិ​ត្រូវ​បាន​ប្រកាស​នៅ​ចុងឆ្នាំ ១៨៧២ ។

មូលហេតុនៃការផ្លាស់ប្តូរនេះគឺដើម្បីគោលបំណងធ្វើទំនើបកម្ម និងធ្វើសមាហរណកម្មជាមួយប្រទេស​លោក​ខាង​លិច។

ប្រទេសជប៉ុនចង់ធ្វើស្របតាមបណ្តាប្រទេសនៅអឺរ៉ុបដែលទាក់ទងនឹងពាណិជ្ជកម្ម ការទូត ច្បាប់ និងពេលវេលា។ ប្រតិទិនសុរិយគតិគឺជាស្តង់ដារអន្តរជាតិ ដូច្នេះទើបជ្រើសយកដើម្បីធ្វើទំនើបកម្ម​ប្រទេស។

ក្រៅពីនេះ មានហេតុផលជាក់ស្តែងមួយទៀតគឺដើម្បីសន្សំសំចៃលើការចំណាយរដ្ឋបាល។

រដ្ឋាភិបាលយល់ឃើញថា ប្រតិទិនចន្ទគតិដែលមានខែបង្គ្រប់ត្រូវទូទាត់ប្រាក់ខែបន្ថែមសម្រាប់មន្ត្រី​រាជការ (១៣ ខែ/ឆ្នាំ) ដូច្នេះទើបផ្លាស់ប្តូរទៅ​ប្រើ​ប្រតិទិន​សុរិយគតិ​ដើម្បីជួយកាត់បន្ថយការចំណាយ​សម្រាប់​បើក​ប្រាក់​ខែ​មន្ត្រី​រាជ​ការ។

សេចក្តីជូនដំណឹងនេះត្រូវបានប្រកាសនៅចុងឆ្នាំ ១៨៧២ ហើយមិនយូរប៉ុន្មាន នៅថ្ងៃទី ៣ ខែធ្នូ តាម​ច័ន្ទ​គតិ​នៅ​ឆ្នាំ​នោះ​ត្រូវ​បាន​កំណត់​ថា​ជា​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ ១៨៧៣ ប្រតិទិន​សុរិយគតិ។

អាចនិយាយបានថា ដោយសារការផ្លាស់ប្តូរប្រតិទិនទាន់ពេលវេលានេះហើយ រដ្ឋាភិបាលបានសន្សំប្រាក់​បៀវត្សរ៍​មន្ត្រី​រាជ​ការ​បាន​រយៈ​ពេល​ពីរ​ខែ។

ហើយក៏មិនដឹងថាតើមន្ត្រីរាជការមានអារម្មណ៍អាក់អន់ចិត្តដែរអត់នោះទេ ប៉ុន្តែការផ្លាស់ប្តូរបាន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​ដោយ​គ្មាន​ការ​តវ៉ា ឬ​កុបកម្មណា​មួយ​ឡើយ។

ជប៉ុនជាប្រទេសដែលអស្ចារ្យណាស់មែនទេអ្នកទាំងអស់គ្នា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: