អតីតកាលចោរសមុទ្ររបស់សាជីវកម្មផ្គត់ផ្គង់ប្រេង – Idemitsu

អតីតកាលចោរសមុទ្ររបស់សាជីវកម្មផ្គត់ផ្គង់ប្រេង – Idemitsu ។

រឿង Anime ដ៏ល្បីឈ្មោះ One Piece គឺជារឿងដែលនិយាយពីក្តីស្រមៃចង់ក្លាយជាស្តេចចោរសមុទ្រ​។ ចំណែកឯរឿងនៅថ្ងៃនេះនិយាយពី​បុរស​ដ៏​ល្បី​ម្នាក់ ដោយ​​ផ្តើម​​ពី “ចោរ​សមុទ្រ” ក្លាយ​ជា​​សាជីវកម្ម​ផ្គត់​ផ្គង់​​ប្រេង។

នេះជារឿងដែលមានពិត និងគួរឲ្យចាប់អារម្មណ៍រហូតដល់ថ្នាក់អ្នកអាចនឹងគិតថា “ហេតុអ្វី​មិន​យក​ទៅ​​ផលិត​​ជា​​ភាព​យន្ត?” 

ចូរយើងតាមដានទាំងអស់គ្នា។

តើអ្នកទាំងអស់គ្នាស្គាល់សាជីវកម្មប្រេងឧស្ម័នដែលមានឈ្មោះថា Idemitsu Kosan ដែរទេ?

បច្ចុប្បន្នសាជីវកម្មនេះកំពុងដំណើរការស្ថានីយប្រេងឥន្ធនៈប្រមាណ ៦០០០ កន្លែងនៅទូទាំងប្រទេស​ជប៉ុន។

ដោយមានការប្រកួតប្រជែងយ៉ាងខ្លាំងខាងវិស័យឧស្សាហកម្មប្រេង បណ្តាក្រុមហ៊ុនដាក់បញ្ចូលគ្នា​ជាបន្តបន្ទាប់ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយឥឡូវនេះ Idemitsu គឺជាសាជីវកម្មធំទីពីរនៅ​ក្នុង​ប្រទេស​ជប៉ុនខាងវិស័យឧស្សាហកម្មនេះ។

ជាប់ចំណាត់ថ្នាក់លេខមួយនៅប្រទេសជប៉ុនខាងផ្នែកលក់ប្រេងរំអិល អាច​និយាយ​បាន​ថា​ សាជីវកម្ម​នេះកំពុងកាន់តំណែងជា “ស្តេច” ខាងវិស័យ​ឧស្សាហកម្ម​ប្រេង។

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យដ៏ល្បីរន្ទឺនេះមានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយ។

ក្រោយសង្គ្រាមលោកលើកទីពីរ ប្រទេសជប៉ុនទទួលរងកង្វះខាតទំនិញគ្រប់ប្រភេទ។ ក្នុងចំណោម​​នោះ​ទំនិញ​ដែល​ខ្វះ​ខាត​​គួរ​​ឲ្យ​កត់​សម្គាល់​បំផុត​គឺ​ប្រេង។

កង្វះខាតប្រេងសាំង យានយន្តទាំងអស់មិនអាចធ្វើដំណើរបាន ម៉ាសុីនគ្រប់ប្រភេទមិនអាចដំណើរ​ការដោយគ្មានប្រេងនោះទេ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។

ក្នុងដំណាក់កាលនោះ សហរដ្ឋអាមេរិក និងអង់គ្លេសជាប្រទេសទាំងពីរដែលគ្រប់គ្រងធនធានប្រេងនៅលើពិភពលោក។

គេ​និយាយ​ថា ការគ្រប់គ្រងប្រេងក្នុងគោលបំណងទប់ស្កាត់ មិនអនុញ្ញាតឲ្យប្រេងទៅដល់ដៃជប៉ុន ជា​​ប្រទេស​មួយ​ដែល​បាន​ចាញ់​សង្គ្រាម។

ទន្ទឹមនឹងនោះ ជប៉ុនបានដឹងថា នៅប្រទេសអុីរ៉ង់មានផ្ទុកបរិមាណប្រេង។

ប៉ុន្តែដែនទឹកនៅជុំវិញ​អុីរ៉ង់ត្រូវបាន​យាម​ដោយ​នាវាចម្បាំង​អង់គ្លេស គ្មាន​នរណាហ៊ាន​ចូលទៅជិត​ឡើយ។

ទោះជាយ៉ាងណា ប្រជាជនជប៉ុនភាគច្រើនសុទ្ធតែជឿថា ប្រសិនបើអាចបញ្ជូនប្រេងពីអុីរ៉ង់ទៅជប៉ុនបាន សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងងើបឡើងវិញ។

ក្រោមស្ថានភាពនោះ បុរសម្នាក់បានក្រោកឈរឡើង ដោយផ្តួចផ្តើមឆ្លងកាត់សមុទ្រដើម្បីនាំប្រេង​ត្រឡប់​ទៅ​ប្រទេស​វិញ នៅលើកប៉ាល់តូច និងចាស់មួយ។

ដោយផ្អែកលើព័ត៌មានដែលមានជាសាធារណៈ លោកបានដឹងអំពីការឡោមព័ទ្ធរបស់កងទ័ពជើង​ទឹក​អង់គ្លេស ហើយបន្ទាប់មកធ្វើដំណើរតាមបណ្តោយផ្លូវដែលនៅជិតព្រំដែនអន្តរជាតិឆ្ពោះទៅ​កាន់​ប្រទេស​​អុីរ៉ង់។

នៅតំបន់សមុទ្រដែលមានហានិភ័យត្រូវរកឃើញ កប៉ាល់ធ្វើដំណើរត្រឹមតែពេលយប់ប៉ុណ្ណោះ។

ប្រសិនបើសំណាងអាក្រក់ត្រូវកងទ័ពជើងទឹកអង់គ្លេសរកឃើញ អ្នកដែលនៅលើកប៉ាល់នឹងត្រូវចាប់ខ្លួនភ្លាមៗ ហើយក្នុងករណីអាក្រក់បំផុត កប៉ាល់អាចនឹងត្រូវវាយពន្លិច។

យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់លោក កប៉ាល់បានធ្វើដំណើរឆ្លងកាត់ដែនទឹកដ៏គ្រោះថ្នាក់ ហើយ​បាន​ទៅ​ដល់​ប្រទេស​អុីរ៉ង់​ដោយ​សុវត្ថិភាព។

គម្រោងទទួលបានជោគជ័យ កប៉ាល់បានត្រឡប់ទៅប្រទេសជប៉ុនវិញ ដោយ​មាន​ប្រេង​ពេញ​នៅ​ក្នុង​​កប៉ាល់។

ហើយតួអង្គសំខាន់របស់យើងមានឈ្មោះថា 出光佐三 – Idemitsu Sazo ជាស្ថាបនិកសាជីវកម្ម Idemitsu Kosan ដែល​ជា​សាជីវកម្ម​ផ្គត់​ផ្គង់​ប្រេង​ម្នាក់​នៃ​ប្រទេស​ជប៉ុន។

ដោយពឹងលើសកម្មភាពមិនខ្វល់ពីគ្រោះថ្នាក់ទាំងអស់របស់លោក ទើបប្រេងត្រូវបានចែកចាយនៅ​ទូទាំង​ប្រទេស​ជប៉ុន ហើយ​សេដ្ឋកិច្ច​បាន​ចាប់​ផ្តើម​ងើប​ឡើង​វិញ។

ក្រោយមកព្រឹត្តិការណ៍នេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោកចុះផ្សាយយ៉ាងច្រើន។ មនុស្ស​ជា​ច្រើន​ថែម​ទាំងបានប្រៀបធៀបលោក​ទៅ​នឹង​ចោរ​សមុទ្រ​ដោយ​សារ​តែ​សកម្មភាព និងការប្រថុយរបស់លោក។

បន្ទាប់មក Idemitsu Sazo ត្រូវអង់គ្លេសប្តឹងពីបទប្លន់។

ទោះជាយ៉ាងណា ការវាយតម្លៃរបស់ពិភពលោកបែរជាបង្ហាញថា៖

“ប្រទេសកោះតូចមួយបែរជាហ៊ានប្រកួតប្រជែងនឹង​មហា​អំណោច​ពិភព​លោក ហើយ​ថែម​ទាំងទទួល​បាន​ជ័យ​ជម្នះ” ។

សូម្បីតែប្រជាជនអង់គ្លេសក៏មានទស្សនៈដូចគ្នាដែរ ពួកគេកោតសរសើរចំពោះភាពក្លាហាន និង​ការ​ប្រថុយ​របស់​លោក។ ហើយនៅទីបំផុត Idemitsu បានឈ្នះក្តីនេះ។

ក្នុងជីវិតរបស់ខ្លួន លោក Idemitsu តែងតែនិយាយថា៖ “បុគ្គលិកគឺជាក្រុមគ្រួសារ” ។ ហើយលោក​​មិន​​ធ្លាប់​​បណ្តេញ​​បុគ្គលិក​​ណា​​ម្នាក់​​ក្នុង​​អាជីព​របស់​ខ្លួន​នោះ​ទេ។

ស្មារតីឲ្យតម្លៃចំពោះមិត្តភាពរបស់លោកធ្វើឲ្យអ្នកទាំងអស់គ្នាគិតភ្លាមដល់ចោរសមុទ្រក្នុងរឿង anime One Piece ។

ដោយផ្តើមពីចោរសមុទ្រក្លាយជាលោកបងធំខាងវិស័យប្រេង រឿងរ៉ាវដែលហាក់បីដូចជាមានតែនៅក្នុងរឿង anime ឬប្រលោមលោក ប៉ុន្តែបែរជាមានពិត។

ប្រសិនបើជាអ្នក តើប្រិយមិត្តទាំងអស់គ្នាមានភាពក្លាហានប្រឈមមុខនឹងមហាអំណោចពិភព​លោក​ដូច​ជា​បុរស​ម្នាក់​នេះ​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: