រឿងដែលទាក់ទងនឹងឆ្មាត្រូវសួរឆ្មាទើបដឹង
រឿងដែលទាក់ទងនឹងឆ្មាត្រូវសួរឆ្មាទើបដឹង។
“រឿងដែលទាក់ទងនឹងឆ្មាត្រូវសួរឆ្មាទើបដឹង” – សូមកុំប្រញាប់វាយតម្លៃថានេះជារឿងអត់ប្រយោជន៍ ចូរយើងអានដល់ចប់ទាំងអស់គ្នា។
ឆ្មាដែលមានរោមច្រើនជាប្រភេទសត្វចិញ្ចឹមដែលមានមនុស្សជាច្រើនស្រលាញ់ចូលចិត្ត និងមើលថែ។ នៅពេលខ្លះមិនត្រឹមតែជាសត្វចិញ្ចឹមប៉ុណ្ណោះទេ សត្វឆ្មាថែមទាំងជាសមាជិកដ៏សំខាន់មួយក្នុងគ្រួសារ។
អ្នកដែលធ្លាប់ចិញ្ចឹមឆ្មាប្រាកដជាយល់ ឆ្មាជាប្រភេទសត្វដែលចូលចិត្តសេរីភាព។ ពួកវាតែងតែទៅខាងក្រៅដោយខ្លួនឯង ពេលខ្លះថែមទាំងមិនមកផ្ទះទៀត។
ក្នុងស្ថានភាពបែបនេះ ម្ចាស់របស់វាតែងតែមានអារម្មណ៍មិនស្ងប់ចិត្ត។ នៅពេលនោះ ដើម្បីស្វែងរកសត្វឆ្មាដែលកំពុង “បាត់” របស់ខ្លួន ប្រជាជនជប៉ុននឹងទៅសួរនាំ… សត្វឆ្មាដទៃទៀត។
ឆ្មាចូលចិត្តចេញទៅក្រៅលេង ប៉ុន្តែពេលខ្លះ ប្រសិនបើពួកវាទៅឆ្ងាយពេក ឆ្មាអាចនឹងវង្វេងផ្លូវ ហើយរកផ្លូវត្រឡប់មកផ្ទះវិញមិនឃើញ។ ក្នុងស្ថានភាពបែបនេះ បណ្តាញរបស់ឆ្មាពិតជាមានសារៈសំខាន់ខ្លាំងណាស់។
ត្រូវហើយ បើចង់ដឹងអំពីឆ្មា ត្រូវសួរសត្វឆ្មា! ជាប្រយោគដែលស្របតាមន័យត្រង់។
តាមបណ្តាទីក្រុងនៅប្រទេសជប៉ុន មានឆ្មាអនាថាច្រើន។ គេនឹងទៅជិតពួកវា ប្រាប់ឈ្មោះដោយយកចិត្តទុកដាក់ លក្ខណៈពិសេសរបស់ឆ្មាដែលជាសត្វចិញ្ចឹមរបស់ខ្លួន និងពឹងឲ្យពួកវាជួយស្វែងរក ដោយនិយាយថាម្ចាស់កំពុងទន្ទឹងរង់ចាំឆ្មាត្រលប់មកផ្ទះវិញ។
ជាការពិតណាស់ ពួកគេនិយាយជាភាសាជប៉ុន ពីព្រោះពួកគេមិនចេះភាសារបស់ឆ្មានោះទេ។
ជាការឆ្លើយតប នៅពេលដែលមាននរណាម្នាក់មកសួរនាំ ក្នុងចំណោមសត្វឆ្មាទាំងនោះ ប្រាកដជាមានសត្វឆ្មាមួយចំនួនស្តាប់ដោយយកចិត្តទុកដាក់។
និយាយពីប្រសិទ្ធភាព ធ្លាប់មានករណីជាច្រើនត្រូវបានកត់សម្គាល់។ ម្ចាស់សត្វចិញ្ចឹមបានឲ្យដឹងថា បន្ទាប់ពីសាកល្បងវិធីសាស្ត្រនេះត្រឹមរយៈពេល ១ ទៅ ២ ថ្ងៃ ឆ្មារបស់ខ្លួននឹងត្រឡប់មកផ្ទះវិញ ទាំងដែលមុននោះរកយ៉ាងណាក៏មិនឃើញ។
ប្រសិនបើអ្នកទាំងអស់គ្នាសង្ស័យរឿងនេះ អ្នកទាំងអស់គ្នាអាចពិនិត្យមើលនៅលើអុីនធឺណេត។ ទោះបីជាព័ត៌មាននេះត្រូវបានបង្ហោះជាភាសាជប៉ុនក៏ដោយ ប៉ុន្តែមានអត្តបទជាច្រើនចែករំលែកនិយាយពីរឿងនេះ។
លឺថាមានតារាភាពយន្តជនជាតិអាមេរិកម្នាក់បានបាត់ឆ្មាដែលជាសត្វចិញ្ចឹមរបស់ខ្លួន។ គាត់បានសាកល្បងអនុវត្តវិធីសាស្រ្តនេះ។
ទោះបីជាដំបូងមិនជឿជាក់ប៉ុន្មានក៏ដោយ ប៉ុន្តែដោយសារតែគ្មានជម្រើសអ្វី ដូច្នេះក៏សាកល្បងមើល។
ហើយបន្ទាប់មក នៅថ្ងៃបន្ទាប់ សត្វឆ្មាជាទីស្រឡាញ់ពិតជាបានត្រឡប់មកផ្ទះវិញមែន។
ហាក់បីដូចជាសត្វឆ្មារស់នៅទីណានឹងយល់ភាសាដែលមនុស្សនៅទីនោះនិយាយ។ សត្វឆ្មានៅអាមេរិកហាក់បីដូចជាយល់ភាសាអង់គ្លេស។
នៅពេលដែលសង្កេតមើលឆ្មាអនាថា យើងតែងតែឃើញថាពួកវាប្រមូលផ្តុំគ្នា។ ចំណុចនេះបង្ហាញថាឆ្មាមានសហគមន៍ជិតស្និទ្ធគ្នា។ ខ្ញុំជឿថាមនុស្សគ្រប់គ្នាអាចមើលឃើញ និងដឹងពីចំណុចនេះ។
ដូច្នេះសរុបទៅ ឆ្មាប្រាកដជាយល់ច្បាស់អំពីឆ្មាបំផុត។
ទាក់ទងនឹងរាងកាយ ឆ្មាមិនអាចនិយាយភាសារបស់មនុស្សបានទេ ប៉ុន្តែប្រហែលជាពួកវាមានសមត្ថភាពស្តាប់ និងយល់។
ជាការពិតណាស់ នេះមិនមែនជារឿងដែលត្រូវបានបញ្ជាក់ដោយវិទ្យាសាស្ត្រនោះទេ។ ប៉ុន្តែតើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាពួកវាហាក់បីដូចជាយល់ដូចខ្ញុំដែរមែនទេ?
ដូច្នេះចុះសត្វឆ្កែវិញ?
មិនទាន់មានច្រើនករណីដូចជាឆ្មាត្រូវបានកត់សម្គាល់ថាកើតឡើងចំពោះឆ្កែនោះទេ ដូច្នេះបច្ចុប្បន្នមិនអាចនិយាយពីបញ្ហានេះច្បាស់បានឡើយ។
កាលពីមុនចិញ្ចឹមឆ្មា ឥឡូវនេះចិញ្ចឹមឆ្កែ។ ខ្ញុំយល់ឃើញថា បើប្រៀបធៀបទៅនឹងឆ្មា ប្រហែលជាសត្វឆ្កែជាមិត្តភក្តិដ៏កក់ក្តៅ និងស្មោះត្រង់ជាង។ ប៉ុន្តែផ្ទុយទៅវិញ បើប្រៀបធៀបទៅនឹងឆ្មាដែលខ្ញុំធ្លាប់ចិញ្ចឹមពីមុន ខ្ញុំមានអារម្មណ៍ថាឆ្មាឆ្លាតជាង។
ទោះបីជាមិនដឹងថាសត្វឆ្កែនៅផ្ទះយល់បានប៉ុន្មានក៏ដោយ យ៉ាងណាមិញ ខ្ញុំនៅតែនិយាយជាមួយពួកវាយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ។ ខ្ញុំសង្ឃឹមថាដោយសារការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅថ្ងៃណាមួយមិត្តភក្តិទាំងនេះអាចនឹងមានភាពឆ្លាតវៃលើសពីសត្វឆ្មាទៅទៀត ដោយអាចយល់អ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយ។ ហើយដឹងថាខ្ញុំស្រលាញ់ពួកវាច្រើនប៉ុណ្ណា…
Abe Kengo
