មិនដឹងថា “ឆៃថាវ” បានក្លាយជាពាក្យដែលគេប្រើសម្រាប់មើលងាយអ្នកដទៃតាំងពីពេលណាទេ?
មិនដឹងថា “ឆៃថាវ” បានក្លាយជាពាក្យដែលគេប្រើសម្រាប់មើលងាយអ្នកដទៃតាំងពីពេលណាទេ?
សួស្តីប្រិយមិត្តទាំងអស់គ្នាដែលបាន និងកំពុងរៀនភាសាជប៉ុន ហើយតាមដានខ្លឹមសារអត្តបទថ្ងៃនេះ។
នេះប្រហែលជាពាក្យមួយដែលសាលាមិនបានបង្រៀនអ្នកនោះទេ ប៉ុន្តែតើអ្នកស្គាល់ពាក្យថា “大根脚 (daikon ashi)” ដែរទេ?
វាមានន័យថា “ជើងធំដូចជាមើមឆៃថាវស” ហើយភាគច្រើនត្រូវបានប្រើជាការរិះគន់ ឬប្រមាថស្រ្តី។
ដូច្នេះហើយ នេះជាពាក្យដែលមិនសមរម្យនោះទេ សូមកុំប្រើពាក្យនេះ។
ម្យ៉ាងវិញទៀត ពាក្យ “ashi” (ជើង) មានរបៀបសរសេរជាអក្សរ Han ចំនួនពីរ៖
- 足: មានន័យថាបាតជើង (Foot ជាភាសាអង់គ្លេស)
- 脚: មានន័យថាជើង (Leg ជាភាសាអង់គ្លេស)
ដូច្នេះអ្នកអាចចងចាំពីចំណុចនេះផងដែរ។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ត្រង់ថា កាលពីសម័យមុន ពាក្យនេះធ្លាប់ត្រូវបានគេប្រើដូចជាការសរសើរ។
កាលពីមុនវាមានន័យថា៖ “ជើងទាំងសងខាងស ស្រលូន និងស្អាត” ។
ដូច្នេះហេតុអ្វីបានជាវាប្រែទៅជាអត្ថន័យ “ជើងធំ” ទៅវិញ?
គេនិយាយថា មូលហេតុចម្បងដោយសារលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កសិករ។
កាលពីសម័យមុន មើមឆៃថាវតូច។ តាមរយៈការបង្កាត់ពូជជាច្រើនដង មនុស្សបង្កាត់បានប្រភេទមើមឆៃថាវធំ ឆ្ងាញ់ និងផ្អែមដូចដែលយើងមានសព្វថ្ងៃនេះ។
ជាពិសេស មើមឆៃថាវជប៉ុនមានទំហំធំ ផ្អែម និងមានជាតិទឹកច្រើន ដូច្នេះធ្វើឲ្យវាមានរសជាត់ឆ្ងាញ់។ ទាំងអស់នេះជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កសិករជប៉ុន។
ដូច្នេះមិនដឹងថាតាំងពីពេលណាពាក្យ “大根脚” ក្លាយជាពាក្យប្រមាថទៅវិញទេ?
ពាក្យនេះចាប់ផ្តើមត្រូវបានគេប្រើដូចជាការប្រមាថតាំងពីសម័យ Edo ដែលជាសម័យកាលរបស់សាមូរ៉ៃ។
ពិតជាគួរឲ្យងឿងឆ្ងល់ណាស់ ព្រោះជនជាតិជប៉ុនធ្លាប់បានបង្កាត់ពូជមើមឆៃថាវមុននោះទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ វាស្រាប់តែក្លាយជាពាក្យសម្ដីសើចចំអកអ្នកដទៃទៅវិញ។
សព្វថ្ងៃនេះ ជនជាតិជប៉ុនគ្មាននរណាគិតថាពាក្យ “大根脚” ជាការសរសើរទៀតទេ ដូច្នេះសូមកុំប្រើឃ្លានេះជាដាច់ខាត។
ម្យ៉ាងវិញទៀត នៅពេលដែលនិយាយពីមើមឆៃថាវ ខ្ញុំសូមចែករំលែកចំណេះដឹងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនដែលទាក់ទងនឹងប្រភេទមើមនេះ។
ជាទូទៅផ្នែកខាងលើមើម ពោលជាផ្នែកដែលនៅជិតស្លឹកគឺមានជាតិទឹកច្រើន និងផ្អែមជាង។ ផ្នែកពាក់កណ្តាលមើមរសជាតិមានតុល្យភាព។ រីឯផ្នែកខាងក្រោមមានជាតិទឹកតិចជាង មានរសជាតិហឹរ និងជាតិសរសៃខ្ពស់។
មើមឆៃថាវតែមួយ ប៉ុន្តែបែរជាមានបីស្រទាប់រសជាតិខុសគ្នា។ ដូច្នេះហើយ ប្រជាជនជប៉ុនច្រើនតែចម្អិនផ្នែកនីមួយៗដោយឡែកពីគ្នា។
ជាក់ស្តែងផ្នែកខាងលើមានរសជាតិផ្អែម និងជាតិទឹកច្រើន ដូច្នេះបរិភោគស្រស់ពិតជាឆ្ងាញ់ណាស់ ស័ក្តិសមសម្រាប់ធ្វើជាមួយសាឡាដ។ ផ្នែកកណ្តាលស័ក្តិសមសម្រាប់ធ្វើសម្ល និងម្ហូបស្ងោរ។ ហើយផ្នែកខាងក្រោមមានរសជាតិហឹរ ឈូសជាសរសៃរតូចៗបរិភោគជាមួយត្រីអាំងពិតជាឆ្ងាញ់ណាស់។
មិនត្រឹមតែមើមប៉ុណ្ណោះទេ សូម្បីតែស្លឹករបស់ឆៃថាវក៏ហូបបានដែរ។ អាចប្រើសម្រាប់ធ្វើជ្រក់ ឬឆាជាមួយត្រីសុទ្ធតែមានរសជាតិឆ្ងាញ់។
ភាគច្រើនអ្នកដែលបរិភោគមើមឆៃថាវតែងតែចោលសំបក ប៉ុន្តែតាមពិតទៅសំបកក៏អាចបរិភោគបានដែរ។ ហាន់ស្តើងៗ រួចឆាជាមួយប្រេងល្ង ឬទឹកប្រេងខ្យងសុទ្ធតែមានរសជាតិឆ្ងាញ់។
ការដែលប្រមាថស្រ្តីគឺជាសកម្មភាពអសីលធម៌ខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណឹង មើមឆៃថាវជាប្រភេទបន្លែដែលស្ទើរតែមិនចោលផ្នែកណានោះទេ។ ប្រភេទអាហារដ៏មានតម្លៃបែបនេះបែរជាយកទៅធ្វើជាពាក្យប្រមាថអ្នកដទៃគឺពិតជាហួសហេតុ និងមិនអាចទទួលយកបានឡើយ។
Abe Kengo
