មេរៀនជីវិតដែលដកស្រង់ចេញពីការបង្កើតហ្គេម Super Mario Brothers
មេរៀនជីវិតដែលដកស្រង់ចេញពីការបង្កើតហ្គេម Super Mario Brothers ។
Super Mario Brothers – ឬយើងហៅកាត់ថា Game Mario – គឺជាហ្គេមវីដេអូដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន Nintendo ។
នៅក្នុងហ្គេមនេះ តួអង្គសំខាន់គឺ Mario – ជាបុរសម្នាក់ដែលស្លៀកពាក់ឈុតពណ៌ក្រហមទៅជួយសង្គ្រោះព្រះនាង។ អំឡុងពេលធ្វើដំណើរ ដើម្បីជួយសង្គ្រោះព្រះនាង តួអង្គ Mario ត្រូវឆ្លងកាត់ឧបសគ្គ កម្ចាត់សត្វចម្លែក ប្រមូលយកកាក់មាស និងសុីផ្សិតដើម្បីបង្កើនកម្លាំង។ ទោះបីជាអ្នកមិនធ្លាប់លេងហ្គេមនេះក៏ដោយ ខ្ញុំប្រាកដថាមានមនុស្សជាច្រើនស្គាល់ហ្គេមដ៏ល្បីនេះ។
Game Mario គឺជា series ហ្គេមដែលមានច្រើនកំណែ ប៉ុន្តែកំណែដែលលក់ដាច់បំផុតគឺកំណែដំបូង។
នៅប្រទេសជប៉ុន កំណែនេះត្រូវបានដាក់សម្រាប់ឧបករណ៍ដែលមានឈ្មោះថា Family Computer (កំណែអន្តរជាតិ៖ NES) ជាមួយនឹងការលក់សរុបចំនួន ៤០.០២៤.០០០ ច្បាប់។
ហ្គេមចេញផ្សាយនៅឆ្នាំ ១៩៨៣ នៅពេលដែលដំណើរការម៉ាស៊ីនហ្គេមមានកម្រិតនៅឡើយ។ ក្នុងលក្ខខណ្ឌមានកម្រិតបែបនេះបែរជាអាចបង្កើតបានហ្គេមដ៏ល្បីឈ្មោះ ពិតជាអស្ចារ្យណាស់។
ចូរយើងមកស្វែងយល់អំពីបច្ចេកទេសដ៏លេចធ្លោរបស់ហ្គេមតាមរយៈខ្លឹមសារអត្តបទខាងក្រោមទាំងអស់គ្នា។
ចំណុចដំបូងដែលត្រូវលើកឡើងគឺសមត្ថភាពដែលអាចផ្ទុកបាន។
ហ្គេម Mario ប្រើប្រាស់ទំហំត្រឹមតែ ៤០KB ប៉ុណ្ណោះ។
មនុស្សជាច្រើនប្រហែលជាមិនសូវស្គាល់ឯកតា KB នោះទេ។ និយាយឲ្យសាមញ្ញ រូបថតមួយសន្លឹកដែលថតដោយស្មាតហ្វូនទំនើបសព្វថ្ងៃ (អាស្រ័យលើទូរស័ព្ទ) មានទំហំជាមធ្យមប្រហែល ២MB ក្នុងមួយរូបភាព។
ខណៈពេលដែល ២MB ស្មើនឹង ២.០៤៨KB ។
ដែលមានន័យថា ហ្គេមដ៏ល្បីនេះត្រូវបានបង្កើតឡើងដោយប្រើទំហំត្រឹមតែ ១/៥០ នៃរូបថតមួយសន្លឹកដែលយើងថតប៉ុណ្ណោះ។
បន្ទាប់មកគឺការរចនាឆ្លាតវៃដើម្បីសន្សំសំចៃទិន្នន័យ។
តួអង្គ Mario ត្រូវបានរចនាឡើងពាក់មួកពណ៌ក្រហម អៀមខោជើងវែង និងអាវពណ៌ក្រហម ដោយមើលទៅងាយស្រួលកត់សម្គាល់ព្រោះពណ៌តែមួយ។
ក្រៅពីនេះ ពពក និងភ្នំនៅផ្ទៃខាងក្រោយ តាមពិតទៅគឺជារូបភាពតែមួយដែលត្រូវបានប្តូរពណ៌ ហើយប្រើឡើងវិញ។
បច្ចេកទេសប្រើប្រាស់ឡើងវិញទាំងនេះត្រូវបានយកមកអនុវត្តជាច្រើនដង ប៉ុន្តែអ្នកលេងមិនដឹងនោះទេ។
ឥទ្ធិពលសំឡេងក៏ដូចគ្នាដែរ។
សំឡេងនៅពេលដែល Mario កាន់តែធំឡើង និងនៅពេលដែលត្រូវអ្វីម្យ៉ាងហើយរួញតូច មានសំឡេងដូចគ្នាបេះបិទទៅនឹងសំឡេងនៅពេលដែលដើរចូល និងធ្វើចលនាក្នុងបំពង់។
មានសំឡេងមួយចំនួនគ្រាន់តែផ្លាស់ប្តូរល្បឿនគឺបង្កើតបានជាអារម្មណ៍ខុសគ្នាទៅហើយ។
Mario គឺជាហ្គេមដែលពិបាកទៅដល់ទីខ្លាំងណាស់ ប៉ុន្តែប្រហែលជាអ្នកដែលចំណាយពេលច្រើនបំផុតគឺជាក្រុមអភិវឌ្ឍហ្គេម។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា ទោះបីជាគ្មានការណែនាំអ្វីទាំងអស់ក៏ដោយ ប៉ុន្តែនរណាក៏ដឹងពីរបៀបលេងដែរ។
ហ្គេមចាប់ផ្តើមនៅកម្រិត ១-១ ។
ម៉ាសុីនលេងហ្គេមនៅសម័យនោះមានតែប៊ូតុងស្វែងរកទិសសញ្ញាបូកមួយ ប៊ូតុង A ចំនួនពីរ និង B ប៉ុណ្ណោះ។
សព្វថ្ងៃនេះ ជាទូទៅនៅក្នុងហ្គេមតែងតែមានការណែនាំសាច់រឿង និងបង្រៀនលេងហ្គេម ប៉ុន្តែកាលពីមុន ដោយសារតែទំហំផ្ទុកមានកំណត់ ដូច្នេះក្នុងហ្គេម Mario មិនមានចំណុចទាំងនេះឡើយ។
ដូច្នេះហើយ វគ្គ ១-១ ត្រូវបានរចនាឡើងដើម្បីឲ្យអ្នកទាំងអស់គ្នាអាចរៀនពីរបៀបលេងហ្គេមដោយផ្ទាល់។
ចំពោះការរចនារបៀបលេង តួអង្គបង្ហាញខ្លួននៅខាងឆ្វេងអេក្រង់ មុខបែរទៅខាងស្តាំ។ ក្នុងស្ថានភាពបែបនេះគ្រប់គ្នានឹងបញ្ជាតួអង្គទៅខាងស្តាំដោយមិនចាំបាច់គិត។ ហើយបន្ទាប់មកនឹងយល់ភ្លាមៗថា នេះជាហ្គេមដែលផ្តោតលើការផ្លាស់ទីតួអង្គឆ្ពោះទៅមុខ។
បន្ទាប់មក ផ្សិតដែលមានទឹកមុខកាចសាហាវបានបង្ហាញខ្លួន។ គ្រាន់តែឃើញភ្លាមដឹងថានោះជាសត្រូវទៅហើយ។ ប្រសិនបើបន្តដើរទៅមុខបែបនេះនឹងប៉ះសត្រូវ ដូច្នេះដោយមិនដឹងខ្លួន អ្នកលេងនឹងដឹងថាខ្លួនត្រូវធ្វើអ្វីម្យ៉ាង។
មានប៊ូតុងតែពីរប៉ុណ្ណោះ ដូច្នេះអ្នកនឹងសាកល្បងចុចប៊ូតុងទាំងពីរ។ ហើយនៅទីបំផុតក៏ទទួលបានជោគជ័យ ដែលជួយឲ្យតួអង្គអាចលោតឡើងរំលងសត្រូវ។ ចាប់ពីពេលនេះទៅ អ្នកលេងចាប់ផ្តើមរៀនពីរបៀបកម្ចាត់សត្រូវ។
បន្តទៅមុខទៀត អ្នកនឹងឃើញគូបភ្លឺចែងចាំងដែលមានសញ្ញា “?” នៅលើនោះ។ មនុស្សគ្រប់គ្នានឹងគិតថា ប្រាកដជាមានអ្វីម្យ៉ាងក្នុងនោះ។ ព្រោះតែដឹងពីរបៀបលោត អ្នកលេងនឹងព្យាយាមលោតឡើងដើម្បីប៉ះរូបគូបនោះ។ នៅពេលនោះ មានកាក់ ឬរបស់របរដូចជាផ្សិតធំចេញមក។
ផ្សិតនេះខិតមកជិត ប៉ុន្តែមើលទៅមិនគួរឲ្យខ្លាចដូចផ្សិតមុនៗទេ ដូច្នេះអ្នកលេងនឹងសន្មតថាវាមិនមែនជាសត្រូវនោះទេ ដូច្នេះមិនចាំបាច់ព្យាយាមរំលងឡើយ។ ហើយជាការពិតណាស់ នៅពេលដែលប៉ះផ្សិតនោះ កម្លាំងរបស់ Mario ស្រាប់តែកើនឡើង។
ដូច្នេះ ដោយគ្រាន់តែលេងវគ្គ ១-១ អ្នកលេងនឹងយល់ពីរបៀបលេងមូលដ្ឋានដោយមិនចាំបាច់មានការពន្យល់អ្វីឡើយ។
នៅសម័យនោះ ប្រសិនបើម៉ាស៊ីនហ្គេមខ្លាំងល្មម ប្រហែលជាពួកគេ – ក្រុមអ្នកផលិត – មិនចាំបាច់គិតច្រើនដល់ថ្នាក់នេះនោះទេ។
ប៉ុន្តែដោយសារតែដែនកំណត់ទាំងនោះហើយ ដែលជាការផ្តួចផ្តើមនូវគំនិតថ្មីៗ ហើយធ្វើឲ្យហ្គេមនេះក្លាយជាហ្គេមដែលពេញនិយមមានអ្នកចូលចិត្តច្រើន។
➡️មេរៀនជីវិត៖
សារនេះសូមផ្ញើទៅកាន់ប្រិយមិត្តដែលកំពុងមានអារម្មណ៍បាក់ទឹកចិត្តក្នុងជីវិតដោយសារតែការលំបាក និងបញ្ហា។
ជីវិតពោរពេញដោយកង្វល់ ហើយពេលខ្លះគ្រប់យ៉ាងមិនដូចបំណង។ ប៉ុន្តែមិនថាយើងព្រួយបារម្ភ ឬត្អូញត្អែរប៉ុណ្ណាទេ ក៏មិនអាចផ្លាស់ប្តូរអ្វីបានដែរ។ អ្វីដែលត្រូវពិចារណាគឺថា អំឡុងពេលដ៏លំបាកបែបនេះ តើយើងអាចធ្វើអ្វីបាន?
ប្រហែលជា Super Mario Brothers គឺជាឧទាហរណ៍ដ៏សំខាន់មួយដែលជួយឲ្យយើងយល់អំពីសារនេះ។ ផ្លាស់ប្តូរជីវិតតាមរយៈការគិតអំពីអ្វីដែលអ្នកអាចធ្វើបាននៅពេលប្រឈមមុខនឹងដែនកំណត់។
សូមកុំភ្លេចថា “ដែកត្រូវបានលត់នៅក្នុងភ្លើង” – សម្ពាធកាន់តែច្រើន កាន់តែរីកចម្រើន។ បើប្រៀបធៀបទៅនឹងផ្លូវដែលរលូន ការលំបាក និងបញ្ហាប្រឈមគឺជាឱកាសសម្រាប់អ្នករីកចម្រើនជាងអ្នកដទៃ។
Abe Kengo
