រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​និយាយ​ពី “លោក​បិសាច” នៅ​ជប៉ុន

រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​និយាយ​ពី “លោក​បិសាច” នៅ​ជប៉ុន។

នៅប្រទេសជប៉ុនមានបុរសម្នាក់តែងតែនិយាយថាខ្លួនជាបិសាច។ នោះគឺជាបុរសនៅក្នុងរូបភាព​នេះ – លោក Demon Kogure (デーモン小暮) ។ លោកជាអ្នកចម្រៀងនាំមុខគេនៃក្រុមតន្រ្តី Seikima-II (聖飢魔Ⅱ) ។

មិនត្រឹមតែបង្ហាញខ្លួននៅចំពោះមុខសាធារណៈជនជាមួយនឹងការតុបតែងខ្លួនដូច “បិសាច” ប៉ុណ្ណោះ​ទេ ប៉ុន្តែគាត់ថែមទាំងប្រើពាក្យពេចន៍ដូចជាតួអង្គ “បិសាចកំណាច” យ៉ាងគួរឲ្យចាប់អារម្មណ៍​ផង​ដែរ។

ខ្ញុំសូមចែករំលែករឿងរ៉ាវរបស់លោកតាមរយៈខ្លឹមសារអត្តបទខាងក្រោម។

ធ្លាប់មានអ្នកសួរថា៖

– ប្រសិនបើមានកូន តើលោកនឹងដាក់ឈ្មោះកូនជាបិសាចដែរទេ?

គាត់​​បាន​​ឆ្លើយថា

– “តើមនុស្សលោកដាក់ឈ្មោះកូនរបស់ខ្លួនថា ‘មនុស្ស’ ដែរទេ?”

ជាការពិតណាស់ ប្រាកដជាមិនដាក់ឈ្មោះបែបនេះនោះទេ។ ចម្លើយពិតជាសមហេតុផលរហូតដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់គ្នាត្រូវកោតសរសើរចំពោះសមត្ថភាពឆ្លើយតបរបស់លោក។

Demon Kogure ក៏ធ្លាប់ប្រកាសថាខ្លួនមកពីពិភពបិសាច ដែលមានអាយុជាង ១០ ម៉ឺនឆ្នាំមកហើយ។ ប៉ុន្តែតាមពិតទៅ គាត់កើតនៅ​ថ្ងៃ​ទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៦២ ដែល​គិត​រហូត​ដល់​ឆ្នាំ ២០២៦ គាត់​​អាយុ ៦៣ ឆ្នាំ​ហើយ។

តាមសម្តីរបស់លោក អាយុកាលរបស់បិសាចប្រហែលជា ៥ ពាន់ ៦៧០ លានឆ្នាំ ដូច្នេះហើយ ក្នុងពិភព​បិសាច​លោក​ប្រៀប​បី​ដូច​ជា​ក្មេង​ម្នាក់​ប៉ុណ្ណោះ។

លោកធ្លាប់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Waseda – ដែលជាសាលាល្បីឈ្មោះ។

ឮគេនិយាយថា នៅពេលដែលចូលរួមពិធីប្រគល់សញ្ញាបត្រ គាត់បានទៅសាលាទាំងដែលស្លៀកពាក់ និង​តុប​តែង​មុខ​មាត់​មើល​ទៅ​ដូច​ជា​បិសាច។

ជាការពិតណាស់ ប្រាកដជាត្រូវសន្តិសុខឃាត់ ហើយគាត់បាននិយាយថា៖

– “មើលទៅ មនុស្សគ្រប់គ្នានៅទីនេះស្លៀកពាក់សមរម្យដើម្បីឈានជើងចូលសង្គម។ នេះជាមូលហេតុដែលពួកគេស្លៀកឈុតអាវធំ

ចំណែកឯខ្ញុំ ខ្ញុំជាបិសាច ហើយនេះជារូបរាងដែលសមរម្យសម្រាប់ខ្ញុំឈានជើងចូលសង្គម។”

ហេតុផលស្តាប់ទៅល្អណាស់ ប៉ុន្តែនៅទីបំផុត នៅតែត្រូវបណ្តេញចេញទៅវិញ។

ដោយសារតែគាត់មានអាយុរាងច្រើន ដូច្នេះគាត់យកចិត្តទុកដាក់ចំពោះសុខភាពខ្លាំងណាស់។ គាត់​ថែមទាំងបានបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សព្វផ្សាយ​សម្រាប់​ក្រសួង​សុខាភិបាល ការងារ និង​សុខុមាលភាព​របស់​ជប៉ុន​ទៀត​ផង។

ជាបិសាចដែលចេះថែរក្សាសុខភាព ស្តាប់ទៅក៏គួរឲ្យស្រលាញ់ណាស់ដែរ មែនទេអ្នកទាំងអស់គ្នា?

ក្រៅពីនេះ គាត់ចូលចិត្តកីឡា sumo ខ្លាំងណាស់។ ជាមួយនឹងចំណេះដឹងទាក់ទងនឹងប្រភេទកីឡានេះ លោកថែមទាំងធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយ​សម្រាប់​កម្មវិធី sumo ដែលចាក់ផ្សាយតាមទូរ​ទស្សន៍​ជាតិ​ទៀត​ផង។

និយាយពីការយល់ដឹងនេះ លោកបាននិយាយថា៖

– “យើងបានមើល sumo តាំងពីពេលដែលកីឡានេះទើបបង្កើតដំបូងមកម្ល៉េះ!”

ដោយសារតែកម្មវិធីនេះត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ ដូច្នេះគាត់បានធ្វើការប្រកប​ដោយ​វិជ្ជាជីវៈ ដោយបញ្ចេញមតិយ៉ាងម៉ឺងម៉ាត់។ ទោះជាយ៉ាងណា ការតុបតែងបែបបិសាចរបស់​លោក​នៅ​តែ​មិន​ផ្លាស់​ប្តូរ។

ចំណុចផ្ទុយគ្នាទាំងនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។

ម្យ៉ាងវិញទៀត Demon Kogure ថែមទាំងបានបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីចុងឆ្នាំដ៏ធំមួយ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ ដែល​ជាកម្មវិធីផ្សាយបន្តផ្ទាល់សម្រាប់តែតារាចម្រៀងល្បីៗប៉ុណ្ណោះ។

ជាទូទៅគាត់ច្រៀងចម្រៀងសរសើរដល់បិសាច ក្នុងកម្មវិធីនេះលោក​បាន​សម្តែង​បទ​ចម្រៀង​ថ្មី​មួយ​​ដែល​​មាន​​ទំនុក​ច្រៀង​​ដ៏​ពីរោះ​។

យ៉ាងណាមិញ ពីមុនក្នុងកម្មវិធីប្រចាំឆ្នាំនេះតែងតែណែនាំស្រុកកំណើតរបស់សិល្បករ ប៉ុន្តែដោយ​សារ​តែគាត់ទទូចថា គាត់មកពីឋាននរក ដូច្នេះ​កម្មវិធី​បាន​បញ្ឈប់​ការ​បង្ហាញ​ពី​ស្រុក​កំណើតចាប់​តាំង​​ពី​​ពេល​​នោះ​​មក ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​មិន​មាន។

តើយើងអាចនឹងចាត់ទុកថានោះជាពេលដែល “បិសាច” បានបំបែកក្បួនច្បាប់របស់មនុស្សលោក​ដែរ​ទេ?

ទោះបីជារូបរាងមើលទៅរាងចម្លែកបន្តិចក៏ដោយ ប៉ុន្តែបើនិយាយពីបច្ចេកទេស និងទេពកោសល្យ​របស់ក្រុមតន្រ្តី Seikima-II ហើយគាត់ជាអ្នកចម្រៀងនាំមុខគេ ពិតជាលេចធ្លោខ្លាំងណាស់។

សមាជិកក្រុមទាំងអស់សុទ្ធតែតុបតែងដូចជាបិសាច​ ប៉ុន្តែក្រុមទាំងមូលជាសិល្បករលំដាប់​កំពូល។

ក្នុងនោះ Demon Kogure មានសំឡេងបង្កប់ទៅដោយថាមពល ប្រិយមិត្តទាំងអស់គ្នាអាចរក​មើល​នៅលើ YouTube ដើម្បីស្តាប់បទចម្រៀងរបស់លោក។ ខ្ញុំជឿថា ទោះបីជាមិនយល់ភាសា​ជប៉ុន​ក៏​ដោយ អ្នក​នៅ​តែ​អាច​មាន​អារម្មណ៍​ថា​មាន​លក្ខណៈ​ពិសេស។

“លោក​បិសាច” Demon Kogure – ជាបិសាចដ៏​គួរ​ឲ្យ​ស្រលាញ់​ មានមនុស្សជាច្រើនស្រលាញ់ចូលចិត្ត។

សង្ឃឹមថាលោកនឹងមានភាពរីករាយ សុទិដ្ឋិនិយម និងអំណរក្នុងជីវិតនេះ – ជាមួយនឹងអាយុកាល​ជាង ៥ ពាន់​លាន​ឆ្នាំ​ទៀត។

ទោះបីជានៅពេលនោះ… មិន​ដឹង​ថា​ផែន​ដី​នេះ​នៅ​មាន​ទៀ​តអត់​ទេ។

Abe Kengo

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: