របៀប​ដែល​ជន​ជាតិ​ជប៉ុនតបតដោយ​ភាព​ស្ងៀម​ស្ងាត់

របៀបដែលជនជាតិជប៉ុនតបតដោយភាពស្ងៀមស្ងាត់។

ប្រជាជនជប៉ុនត្រូវបានគេស្គាល់ថាធម្មតាជាមនុស្សសុភាពរាបសារ។ ប៉ុន្តែតើប្រិយមិត្តដឹងទេថា ដើម្បីតបតទៅនឹងអ្នកដែលមិនគោរពបទប្បញ្ញត្តិ ច្បាប់ទម្លាប់ ពួកគេអាចនឹងក្លាយជាមនុស្សដែល​សោះ​កក្រោះ​គួរ​ឲ្យ​ខ្លាច​ដែរ​ទេ?

ឧទាហរណ៍ដូចជានៅលើរថភ្លើងនៅជប៉ុន ជាកន្លែងដែលធម្មតាត្រូវបានរក្សាភាពស្ងៀមស្ងាត់ ប្រសិនបើមានជនបរទេសនិយាយទូរស័ព្ទខ្លាំងៗ។ ក្នុងករណីបែបនេះ កម្រមានអ្នកបញ្ចេញមតិមិនពេញចិត្តខ្លាំងណាស់ ប៉ុន្តែពួកគេនឹងសម្លឹងមើលម្នាក់នោះដោយ​ក្រសែ​ភ្នែក​សោះ​កក្រោះ មិនចូល​ចិត្ត​យ៉ាង​ខ្លាំង។

ការសម្លឹងមើលបែបនោះបង្កើតបានជាសម្ពាធយ៉ាងខ្លាំង រហូតដល់ថ្នាក់ធ្វើឲ្យភាគីមានអារម្មណ៍​ថា​មិន​អាច​នៅ​ទី​នោះ​បន្ត​ទៀត។

នោះហើយជារបៀបដែលជនជាតិជប៉ុនបង្ហាញពីកំហឹងដោយភាពស្ងៀមស្ងាត់។

ប្រិយមិត្តប្រហែលជាគិតថាឲ្យតែកុំខ្វល់ទៅបានហើយ ប៉ុន្តែប្រសិនបើយើងឆ្លងកាត់ផ្ទាល់ អ្នកទាំង​អស់គ្នានឹងយល់។ មានអារម្មណ៍ពិបាកទ្រាំ និងសម្ពាធយ៉ាងខ្លាំង ជាបរិយាកាសដែលធ្វើឲ្យអ្នក​ដទៃ​ចង់​ចាក​ចេញ​ភ្លាមៗ។

យុទ្ធសាស្ត្រនេះក៏កំពុងត្រូវបានប្រើប្រាស់ក្នុងពិភពនយោបាយសព្វថ្ងៃនេះផងដែរ។ 

បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិន និងជប៉ុនកាន់តែអាក្រក់ទៅៗ។ រដ្ឋាភិបាលចិនបានចេញសេចក្តី​ថ្លែង​ការណ៍​រិះ​គន់​ជប៉ុន​ជា​បន្ត​បន្ទាប់ ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដើម្បីបង្កាច់បង្ខូចប្រទេស​ជប៉ុន​គ្រប់​ទី​កន្លែង។ ទន្ទឹម​នឹង​នោះ ជប៉ុនតែងតែរក្សាឥរិយាបថស្ងប់ស្ងាត់។

ប្រទេសចិនបានចេញបម្រាមជាបន្តបន្ទាប់លើការនាំចូលអាហារសមុទ្ររបស់ជប៉ុន ដោយអំពាវ​នាវ​ឲ្យ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ក្នុង​គោល​បំណង​ដាក់​សម្ពាធ។

ជាការឆ្លើយតបទៅនឹងសកម្មភាពទាំងនោះ ប្រទេសជប៉ុនមិនបានជំទាស់អ្វីទាំងអស់។

ប្រសិនបើប្រទេសចិនមិននាំចូលនឹងលក់ទៅឲ្យប្រទេសផ្សេងទៀត ប្រសិនបើភ្ញៀវទេសចរណ៍ចិនមិនមកលេងនឹងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ដែលមកពីប្រទេសផ្សេងទៀត។ ជប៉ុនគ្រាន់តែឆ្លើយ​​តប​ដោយ​ស្ងៀម​ស្ងាត់​តាម​របៀប​នេះ​ប៉ុណ្ណោះ។

ប្រទេសចិនក៏បានលើកឡើងពីការហាមឃាត់ការនាំចេញរ៉ែដីកម្រផងដែរ។

រ៉ែដីកម្រគឺជា​វត្ថុធាតុដើម​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ឧបករណ៍​អេឡិចត្រូនិក ថ្ម ម៉ាស៊ីនជាដើម។

ហើយប្រទេសចិនយល់ឃើញថា ចំណុចនេះនឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្ម​ជប៉ុន។

ទោះជាយ៉ាងណា ដោយសារតែប្រទេសចិនធ្លាប់បានដាក់ចេញការហាមឃាត់ស្រដៀងគ្នានេះពី​មុន​មក ដូច្នេះជប៉ុនបានរៀបចំការឆ្លើយតបអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ វិធានការ​ទប់​ទល់​​ជាក់ស្តែងរួមមានការនាំចូលពីប្រទេសដទៃទៀត និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដែលមិនត្រូវការប្រើប្រាស់រ៉ែដីកម្រ។ ក្រៅពីនេះ ប្រទេសជប៉ុនក៏កំពុងធ្វើប្រតិបត្តិការរុករករ៉ែដីកម្រក្រោមបាត់​សមុទ្រ​ជ្រៅ​ក្នុង​ដែន​ទឹក​របស់​ខ្លួន។

ដោយមិនវាយប្រហារ ឬរិះគន់ភាគីម្ខាងទៀតនោះទេ ជប៉ុនគ្រាន់តែបន្តអ្វីដែលខ្លួនអាចធ្វើបានដោយ​ស្ងៀម​ស្ងាត់​ប៉ុណ្ណោះ។

មិនបិទការសន្ទនានោះទេ តែងតែរក្សាឆន្ទៈក្នុងការទំនាក់ទំនង ហើយក៏មិនមិនត្អូញត្អែរ មិនស្រប​តាម ឬ​ប្រតិកម្ម​ចំពោះ​ការ​ញុះ​ញង់​នោះ​ឡើយ។

អាចនិយាយបានថា នោះជាការដែលមិនអើពើលក្ខណៈ​ទ្រង់​ទ្រាយ​ធំ។

ក្នុងបរិបទនោះ អាជីវកម្មជប៉ុនកាន់តែច្រើនឡើងៗកំពុងដកខ្លួនចេញពីប្រទេសចិន។

ជាងនេះទៅទៀត គ្រឿងចក្រសំខាន់ៗសម្រាប់ការផលិតសឺមីកុងឌុចទ័រ – ជាវិស័យដែលជប៉ុនកាន់កាប់ចំណែកទីផ្សារយ៉ាងធំ – គឺជា “សន្លឹកបៀដ៏មានឥទ្ធិពលបំផុត” ។ ប្រសិនបើប្រទេស​ជប៉ុន​ហាម​ឃាត់​ការ​នាំ​ចេញ ឧស្សាហកម្ម​ចិន​អាច​នឹង​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ។

យ៉ាងណាមិញ ជប៉ុនមិន​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ណាមួយ​ទាក់ទងនឹងចំណុចនេះនោះទេ។

ទន្ទឹមនឹងនោះ ប្រទេសចិនថែមទាំងប្រើប្រាស់ “ការទូតខ្លាឃ្មុំផេនដា” ដើម្បីដាក់សម្ពាធផងដែរ។

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា ខ្លាឃ្មុំផេនដាជាប្រភេទសត្វពិសេស ដែលមានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ប្រទេសជប៉ុនដាក់តាំងបង្ហាញខ្លាឃ្មុំផេនដាក្នុងសួនសត្វរបស់ខ្លួនក្រោម​ទម្រង់​ខ្ចី​ពី​ប្រទេស​ចិន។

ភាគីចិនបានប្រកាសថា៖

“ការដែលខ្លាឃ្មុំផេនដាបាត់ពីប្រទេសជប៉ុន គឺជាកំហុសរបស់រដ្ឋាភិបាលជប៉ុន!”

ប៉ុន្តែរដ្ឋាភិបាលជប៉ុនមិនឆ្លើយតបអ្វីទាំងអស់។

បើទោះបីជាមានការគំរាមកំហែងជាច្រើនត្រូវបានដាក់ចេញក៏ដោយ រដ្ឋាភិបាលជប៉ុនមិនបានឆ្លើយ​តប​នោះ​ទេ បង្កើតសម្ពាធដោយស្ងៀមស្ងាត់ប៉ុណ្ណោះ។

គ្រាន់តែធ្វើអ្វីដែលខ្លួនយល់ថាត្រូវ ហើយមិនឆ្លើយតបចំពោះការញុះញង់ណាមួយរបស់ភាគីនោះទេ។ តាម​របៀប​នេះ ជម្លោះ​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ។

ផ្ទុយទៅវិញ ប្រសិនបើប្រទេសចិនបង្ក​ជម្លោះ​នឹង​អាមេរិក ​សហរដ្ឋ​អាមេរិក​​ប្រហែល​ជា​បាន​​ចាត់វិធាន​ការ​​ឆ្លើយ​តបយ៉ាង​ខ្លាំង​ក្លា​ទៅ​ហើយ ប៉ុន្តែសម្រាប់ជប៉ុនបែរជាមិនមានប្រតិកម្ម​អ្វីទាំងអស់។ ហើយ​ប្រហែល​ជា​ប្រទេសចិនឥឡូវនេះ​កំពុង​តែ​មាន​អារម្មណ៍​អន្ទះ​សារ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ភាព​ស្ងៀម​ស្ងាត់​នេះ។

តើស្ថានភាពតានតឹងបច្ចុប្បន្នរវាង​ជប៉ុន និង​ចិននឹងទៅជាយ៉ាងណា ហើយ​តើ​អ្វី​អាច​នឹង​កើតឡើង​​នៅ​ពេល​​អនាគត?

ពេលខ្លះ ភាពស្ងប់ស្ងាត់គឺជាអ្វីដែលគួរឲ្យភ័យខ្លាចបំផុត ហើយនោះជាអ្វីដែលយើងអាចនឹងមើលឃើញ​តាម​រយៈ​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន។

មានសុជីវធម៌មិនមានន័យថាមិនចេះខឹងនោះទេ។ ក្នុងជីវិតនេះ យើងម្នាក់ៗសុទ្ធតែមានដែនកំណត់រៀងៗខ្លួន។ ដូច្នេះចូរយើងខិតខំប្រឹងប្រែងរស់នៅ​ជា​មួយ​គ្នា​ដោយ​សន្តិភាព ហើយ​កុំ​រំលង​ដែន​កំណត់​ទាំង​នោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: