ជប៉ុនក្រោមសង្គ្រាមឈ្លានពានរបស់កងទ័ពម៉ុងហ្គោល
ជប៉ុនក្រោមសង្គ្រាមឈ្លានពានរបស់កងទ័ពម៉ុងហ្គោល។
ក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនធ្លាប់ទទួលរងការឈ្លានពានពីកងទ័ពម៉ុងហ្គោលចំនួនពីរដង។
នៅពេលដែលកងទ័ពម៉ុងហ្គោលវាយលុកយ៉ាងខ្លាំងក្លា តើក្រុមសាមូរ៉ៃជប៉ុនបានប្រយុទ្ធកម្ចាត់សត្រូវដោយរបៀបណា?
នៅពីក្រោយនោះ ជាអាថ៌កំបាំងដែលកម្រនឹងរំលឹកដល់របស់សាមូរ៉ៃនាសម័យនោះ។
ដំបូងឡើយ ម៉ុងហ្គោលមិនវាយប្រហារជប៉ុនភ្លាមៗនោះទេ។
ព្រោះតែការឈ្លានពានតាមសមុទ្រមានការលំបាកយ៉ាងខ្លាំង ដូច្នេះពួកគេបានបញ្ជូនអ្នកនាំសារទៅ ជាមួយនឹងគោលបំណងបង្ខំឲ្យជប៉ុនចុះចូលដោយមិនចាំបាច់ចេញទ័ព។
នៅពេលនោះ រឿងរ៉ាវនិយាយពីភាពឃោរឃៅរបស់កងទ័ពម៉ុងហ្គោលបានផ្សព្វផ្សាយទៅដល់ប្រទេសជប៉ុន។ ដូច្នេះហើយ ជប៉ុនមិនចង់បង្កើតទំនាក់ទំនងការទូតនោះទេ ហើយបានសម្រេចចិត្តមិនអើពើនឹងស្ថានភាពនេះទាំងស្រុង។
ទោះបីជាបានបញ្ជូនបេសកជនសរុបចំនួនប្រាំមួយដងក៏ដោយ ជប៉ុននៅតែបដិសេធមិនព្រមចុះញ៉ម។ ថែមទាំងមានឯកសារបង្ហាញថា ជប៉ុនបានសម្លាប់បេសកជនដែលត្រូវបានបញ្ជូនទៅ ដើម្បីបង្ហាញពីការតាំងចិត្តរបស់ខ្លួន ដែលធ្វើឲ្យប្រទេសម៉ុងហ្គោលមានការខឹងសម្បារយ៉ាងខ្លាំង។
នៅឆ្នាំ ១២៧៤ កងទ័ពម៉ុងហ្គោលចាប់ផ្តើមការឈ្លានពានកោះ Tsushima ដែលសព្វថ្ងៃជាកោះមួយនៅឆ្នេរសមុទ្រខេត្ត Nagasaki ។ នៅទីនេះ ការសម្លាប់រង្គាលជនស៊ីវិលបានកើតឡើង។
បន្ទាប់មក កងទ័ពម៉ុងហ្គោលបានបន្តដំណើរឆ្ពោះទៅកាន់កោះផ្សេងទៀត ហើយដំណឹងនេះត្រូវបានផ្សព្វផ្សាយទៅកាន់ដីគោកជប៉ុនយ៉ាងឆាប់រហ័ស។
ដើម្បីទប់ទល់នឹងកងទ័ពឈ្លានពាន ជប៉ុនបានប្រមូលផ្តុំអ្នកចម្បាំងសាមូរ៉ៃនៅ Fukuoka ដើម្បីត្រៀមខ្លួនសម្រាប់ប្រយុទ្ធ។
កងទ័ពម៉ុងហ្គោលសម្រុកចូលដោយប្រើទូក។
នៅពេលនោះ ព្យុះដ៏ខ្លាំងមួយបានបោកបក់ចូល ដែលបង្ខំឲ្យកងទ័ពម៉ុងហ្គោលត្រូវដកថយ។
ពិតជាចម្លែកណាស់ កងទ័ពម៉ុងហ្គោលវាយប្រហារជប៉ុនទាំងពីរលើកសុទ្ធតែមានព្យុះយ៉ាងខ្លាំងកើតឡើង។ ហើយព្រឹត្តិការណ៍នេះក៏ត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រជប៉ុនផងដែរ ដោយបញ្ជាក់ថា ប្រទេសជប៉ុនទទួលបានជោគជ័យដោយសារតែព្យុះ។
ជប៉ុនសរសើរខ្លួនថាជាប្រទេសដែលទទួលបានការការពារពីអាទិទេព។
នៅពេលដែលត្រូវវាយប្រហារដោយកម្លាំងកងទ័ពយ៉ាងច្រើន “អាទិទេពខ្យល់” បានបង្ហាញខ្លួនដើម្បីជួយសង្គ្រោះ។
ប៉ុន្តែតាមពិតទៅ ប្រវត្តិសាស្ត្រមិនសាមញ្ញដូច្នេះនោះទេ។ ព្រោះប្រសិនបើព្រោះតែព្យុះ ដូច្នេះកងទ័ពម៉ុងហ្គោលគ្រាន់តែជ្រើសរើសរដូវដែលគ្មានព្យុះដើម្បីវាយប្រហារទៅបានហើយមែនទេ?
តំណាលរឿងបាននិយាយថា ការប្រយុទ្ធនៅសម័យនោះសាហាវយ៉ាងខ្លាំង។
នៅសម័យនោះ សាមូរ៉ៃមិនទាន់ជាប្រព័ន្ធដែលត្រូវបានបង្កើតឡើងយ៉ាងរឹងមាំនៅឡើយទេ ហើយក៏មិនមានប្រព័ន្ធច្បាប់ពេញលេញដែរ។ ហើយពួកគេក៏មិនមែនជាវីរបុរសដូចដែលអ្នកទាំងអស់គ្នាគិតដូចសព្វថ្ងៃនេះដែរ។
អ្វីដែលខ្លួនចង់បានគឺប្លន់ មិនពេញចិត្តនឹងសម្លាប់ នោះជាសារជាតិពិតរបស់សាមូរ៉ៃភាគច្រើននាពេលនោះ។
ជាមួយនឹងអត្តចរិតបែបនេះ សាមូរ៉ៃជប៉ុនបានប្រយុទ្ធតាមរបៀបដែលធ្វើឲ្យកងទ័ពម៉ុងហ្គោលភ័យខ្លាច ដោយមិនអាចដឹងមុន។
ពួកគេប្រើសាកសពមិត្តរួមក្រុមដែលបានស្លាប់ធ្វើជាខែល ឆ្ពោះទៅមុខ និងវាយប្រហារ។ តម្រៀបសាកសពរបស់កងទ័ពម៉ុងហ្គោលដែលបានសម្លាប់ទៅជាជញ្ជាំងបាំង។ នៅពេលយប់ ពួកគេលួចហែលទៅកាន់នាវារបស់សត្រូវ ហើយបោះសាកសពមនុស្ស សត្វពាហនៈ និងសេះប្រយុទ្ធឡើងនាវា។ សាកសពទាំងនោះចាប់ផ្តើមរលួយបន្តិចម្តងៗ បណ្តាលឲ្យមានការបំពុល ហើយជំងឺបានចាប់ផ្តើមរីករាលដាលក្នុងចំណោមកងទ័ពសត្រូវ ដែលបណ្តាលឲ្យកងទ័ពម៉ុងហ្គោលភ័យខ្លាច និងស្លន់ស្លោយ៉ាងខ្លាំង។
ក្នុងបរិបទកងទ័ពចុះខ្សោយ ជំងឺបានរាតត្បាត ស្មារតីធ្លាក់ចុះ នៅពេលដែលព្យុះដ៏ធំវាយប្រហារ កងទ័ពម៉ុងហ្គោលគ្មានជម្រើសអ្វីក្រៅពីដកថយឡើយ។
ទាំងនេះត្រូវបានចាត់ទុកជាភាពជាក់ស្តែងស្របនឹងប្រវត្តិសាស្ត្រ។
ដូច្នេះហេតុអ្វីបានជាជប៉ុនមិននិយាយថាជ័យជម្នះដែលទទួលបានដោយសារតែការខិតខំប្រឹងប្រែងរបស់សាមូរ៉ៃ?
ប្រសិនបើប្រកាសថាឈ្នះដោយសារតែសាមូរ៉ៃ នោះអ្នកដែលសាងគុណសម្បត្តិគួរតែទទួលបានរង្វាន់។
ប៉ុន្តែរដ្ឋាភិបាលនៅពេលនោះគ្មានលទ្ធភាពផ្តល់រង្វាន់បែបនេះនោះទេ។ ដូច្នេះ ពួកគេបាននិយាយថា គុណបំណាច់ធំបំផុតគឺ “អាទិទេព” ។
ហើយបន្ទាប់ពីការប្រយុទ្ធនេះ គេបានដឹងថា មិនអាចទុកឲ្យសាមូរ៉ៃទាំងនេះធ្វើសកម្មភាពដោយសេរីជាមួយនឹងអត្តចិរតឆ្កួតលីលាបែបនេះបានទេ។ ដូច្នេះហើយ ច្បាប់ជាច្រើនត្រូវបានបង្កើតឡើង ហើយការអប់រំត្រូវបានលើកកម្ពស់ អំណាចរបស់សាមូរ៉ៃត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងជាងមុន ដើម្បីការពារសាមូរ៉ៃដែលមានអំណោចបង្កភាពវឹកវរក្នុងប្រទេស។
នៅពេលដែលក្រឡេកមើលឡើងវិញ ប្រសិនបើមិនផ្អែកលើការអប់រំ និងច្បាប់ ដោយទុកឲ្យសាមូរ៉ៃនៅសម័យនោះបង្ហាញពីភាពឃោរឃៅ និងកាន់អំណោច ដូច្នេះមិនដឹងថាប្រទេសជប៉ុនសព្វថ្ងៃនឹងទៅជាយ៉ាងណានោះទេ?
សព្វថ្ងៃនេះ ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសសន្តិភាព ដែលមានប្រជាជនរួសរាយរាក់ទាក់ និងស្និទ្ធស្នាល។ ប៉ុន្តែគ្មាននរណាដឹងនោះទេ ប្រសិនបើត្រូវបង្ខំហួសហេតុពេក វិញ្ញាណរបស់សាមូរ៉ៃនៅសម័យនោះអាចនឹងវិលត្រឡប់មកវិញ ហើយលទ្ធផលប្រហែលជាមិនអាចជួយសង្គ្រោះបានទេ…?
Abe Kengo
