សេចក្តីសម្រេចបដិសេធដំឡើងប្រាក់ និង​ការ​លើក​លែង​ពន្ធ​របស់ព្រះ​ចៅ​អធិរាជ​ជប៉ុន

សេចក្តីសម្រេចបដិសេធដំឡើងប្រាក់ និងការលើកលែងពន្ធរបស់ព្រះចៅអធិរាជជប៉ុន។

នៅក្នុងខែធ្នូ ឆ្នាំ ២០២៥ ទីភ្នាក់ងារគ្រួសាររាជវង្ស (ទីភ្នាក់ងារគ្រួសារអធិរាជ – Kunaicho) ដែលជាទីភ្នាក់ងារគ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់ព្រះចៅអធិរាជ បានពិចារណាដំឡើងប្រាក់ឧបត្ថម្ភគ្រួសារ​អធិរាជ ពោល​ជា​ការ​ចំណាយ​លើ​ការ​រស់នៅរបស់គ្រួសារព្រះចៅអធិរាជ។

ទោះជាយ៉ាងណា មានព័ត៌មានបានឲ្យដឹងថា ព្រះចៅអធិរាជបានបដិសេធការដំឡើងនេះ។

ហេតុអ្វីបានជាព្រះចៅអធិរាជជប៉ុនសម្រេចព្រះទ័យដូច្នេះ? ចូរយើងស្វែងយល់បន្ថែមតាមរយៈខ្លឹម​សារអត្តបទ​ខាង​ក្រោម។

បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងទទួលរងផលប៉ះពាល់ដោយសារប្រាក់យ៉េនធ្លាក់ចុះ ជាមួយនឹងការ​ឡើង​ថ្លៃ​ទំនិញ។ ខណៈពេលដែលប្រាក់ខែមិនឡើង ប្រជាជនកំពុងធ្លាក់ក្នុងស្ថានភាពលំបាក។

ទោះបីជាប្រាក់ខែនៅក្នុងក្រុមហ៊ុនឯកជនភាគច្រើនមិនឡើងក៏ដោយ ប្រាក់ខែរបស់មន្ត្រីរាជ​ការ​ត្រូវ​បាន​កែ​តម្រូវ​ដំឡើង។

ដូច្នោះហើយ ទីភ្នាក់ងារគ្រួសារអធិរាជយល់ថា ការចំណាយលើការរស់នៅរបស់ព្រះចៅអធិរាជក៏គួរ​តែ​ត្រូវ​បាន​ដំឡើង​ផង​ដែរ។

បច្ចុប្បន្ននេះ ការចំណាយសម្រាប់រាជវង្សគឺ ៣២៤ លានយ៉េនក្នុងមួយឆ្នាំ។ ចំនួនទឹកប្រាក់នេះមិន​ផ្លាស់​ប្តូរ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៦ ។

ស្តាប់ទៅឃើញថានេះជាចំនួនទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទោះជាយ៉ាងណា ការចំណាយសម្រាប់រាជវង្សរួមមានការចំណាយសម្រាប់ពិធីនៅក្នុងព្រះបរមរាជវាំង ក៏ដូចជាប្រាក់សម្រាប់ទៅសួរសុខទុក្ខ ជួយដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ ដូច្នេះមិនអាចនិយាយបាន​ថា​គ្រប់​គ្រាន់ ឬ​ច្រើន​ពេក​នោះ​ទេ។

ប្រសិនបើគណនាតម្លៃសរុបសម្រាប់គ្រប់គ្រងប្រទេសជប៉ុនទាំងមូល ចំនួននេះត្រឹមតែ ០,០០២៦% ប៉ុណ្ណោះ។ ដោយពិចារណាលើបន្ទុកសរុបរបស់ប្រជាជនទាំងមូល ទោះបីជាកើនឡើងទ្វេ​ដង​ក៏​តួលេខ​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។

យ៉ាងណាមិញ ព្រះចៅអធិរាជនៅតែបដិសេធ។ ហេតុផលគឺថា ខណៈពេលដែលប្រជាជនកំពុងរងទុក្ខវេទនា មិនអាចដំឡើងសម្រាប់ទ្រង់ម្នាក់នោះទេ។

កាលពីមុន ធ្លាប់មានព្រះចៅអធិរាជមួយអង្គបានសម្រេចព្រះទ័យដ៏គួរឲ្យគោរពស្រដៀងគ្នានេះ។

ព្រះចៅអធិរាជ Nintoku ដែលជាព្រះចៅអធិរាជទី ១៦ ធ្លាប់បានផ្តល់ការលើកលែងពន្ធទាំងស្រុងក្នុងរយៈពេល ៦ ឆ្នាំ នៅពេលដែលប្រទេសជប៉ុនទាំងមូលបានធ្លាក់ក្នុងស្ថានភាពដំណាំមិនអំណោយ​ផល និង​ទុរ្ភិក្ស។

នៅថ្ងៃមួយក្នុងខែមីនា ឆ្នាំ ៣១៦ ព្រះចៅអធិរាជ Nintoku បានគង់នៅលើភ្នំខ្ពស់ក្រឡេកមើលទីក្រុង។

ពេលនោះមេឃចាប់ផ្តើមងងឹតទៅហើយ។

ជាទូទៅ នេះជាពេលវេលាដែលផ្សែងភាយចេញពីបំពង់ផ្សែងផ្ទះបាយលើដំបូល ប៉ុន្តែមិនថាព្រះ​ចៅ​អធិរាជ​មើល​ជិត​យ៉ាង​ណា​នោះ​ទេ ទ្រង់មើលមិនឃើញផ្សែងសូម្បីតែបន្តិច។

ខណៈពេលដែលឃ្លាំងស្តុកស្បៀងរបស់រាជវង្សមានស្បៀងអាហារពេញ ប្រជាជនបែរជាកំពុងរងទុក្ខ​ដោយ​សារ​ភាព​អត់​ឃ្លាន។

ដោយមើលឃើញពីចំណុចនេះ ព្រះចៅអធិរាជ​បាន​បញ្ជា​ឲ្យ​លើកលែង​ពន្ធ​ទាំងអស់​ក្នុងរយៈពេល ៣ ឆ្នាំ។

ក្រោយរយៈពេល ៣ ឆ្នាំ ដោយកត់សម្គាល់ឃើញថាចំនួនផ្ទះដែលមានផ្សែងចេញពីផ្ទះបាយនៅតែមិន​កើន​ឡើង​ច្រើន​ប៉ុន្មាន ទ្រង់បានបន្តការលើកលែងពន្ធរយៈពេលបីឆ្នាំទៀត។

សរុបពន្ធនេះត្រូវបានលើកលែងរយៈពេល ៦ ឆ្នាំ រហូតដល់ឆ្នាំ ៣២២ នៅពេលដែលស្ទើរតែគ្រប់គ្រួសារទាំងអស់សុទ្ធតែមានផ្សែងចេញផ្ទះបាយ ទើបព្រះចៅអធិរាជមានព្រះទ័យរីករាយ ហើយចាប់ផ្តើមប្រមូលពន្ធឡើងវិញ។

ក្នុងអំឡុងពេលនោះ ព្រះរាជវាំងរបស់ព្រះចៅអធិរាជមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង នៅលើដំបូល​មាន​ប្រហោង​ធំៗ​ដែលអាចមើលឃើញផ្ទៃមេឃពោរពេញទៅដោយផ្កាយ។

ទោះជាយ៉ាងណា ព្រះចៅអធិរាជមិនចង់ដំឡើងពន្ធលើប្រជាជនព្រោះតែការជួសជុលព្រះ​បរម​រាជ​វាំង​នោះ​ទេ។ ក្នុងស្ថានភាពនោះ ប្រជាជនបានប្រមូលផ្តុំគ្នាដោយស្ម័គ្រចិត្ត សាមគ្គីគ្នា​ជួស​ជុល​ព្រះ​បរម​រាជ​វាំង​ដោយ​មិន​យក​ប្រាក់ ដែលប្រៀបដូចជាការសងព្រះគុណរបស់ព្រះចៅអធិរាជ។

ទន្ទឹមនឹងនោះ ផ្នូរដែលគេជឿថាជាផ្នូររបស់ព្រះចៅអធិរាជ Nintoku បច្ចុប្បន្នជាវិមានប្រវត្តិ​សាស្ត្រ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភព​លោក។

ប្រហែលជា សំណង់នេះត្រូវបានសាងសង់ឡើងដោយប្រជាជនដែលមានចិត្តដឹងព្រះគុណចំពោះទ្រង់។

ក្នុងការគ្រប់គ្រងអាជីវកម្ម និងរដ្ឋបាលសព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ។

ក្រុមហ៊ុនមិនមែនរកប្រាក់បានច្រើនគ្រប់ពេលនោះទេ។

ក្នុងអំឡុងពេលដ៏លំបាក អ្នកគ្រប់គ្រងជាច្រើនបានកាត់បន្ថយបុគ្គលិក មិនដំឡើងប្រាក់ខែសម្រាប់​បុគ្គលិក ប៉ុន្តែ​បែរជាព្យាយាមរក្សាប្រាក់ចំណូលផ្ទាល់ខ្លួន។

ដោយមើលឃើញពីចំណុចនេះ តើបុគ្គលិកចង់បន្តដើរតាមអ្នកដឹកនាំបែបនេះដែរទេ?

ភាគច្រើនអាជីវកម្មមិនអាចដំណើរការបានទេប្រសិនបើខ្វះបុគ្គលិក។ ក្នុងគ្រាលំបាក ថ្នាក់ដឹក​នាំដែលបុគ្គលិកចង់បានជាមនុស្សដែលសុខចិត្តរងទុក្ខ ព្រមលះបង់ដើម្បីការពារ និងជួយមនុស្ស​គ្រប់​គ្នា ជម្នះ​បញ្ហា​ជា​មួយ​គ្នា។

នៅពេលដែលក្រុមហ៊ុនរកបានប្រាក់ចំណេញ ការទទួលបានប្រាក់ខែច្រើនគឺសមនឹងទទួលបាន។

ប៉ុន្តែនៅពេលដែលមានការលំបាក ចូរផ្តល់អាទិភាពដល់បុគ្គលិកជាមុនសិន។

អាជីវកម្មដែលអាចសម្រេចគោលដៅនេះបាន ឬមិនបាន នឹងកំណត់ថាអាជីវកម្មនោះអភិវឌ្ឍប្រកប​ដោយ​ចីរភាព​យូរ​អង្វែងដែរ​ឬ​អត់។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: