ការអភិវឌ្ឍនៃសេវាកម្មដឹកជញ្ជូនដល់ផ្ទះនៅប្រទេសជប៉ុននាពេលបច្ចុប្បន្ន និងអតីតកាល
ការអភិវឌ្ឍនៃសេវាកម្មដឹកជញ្ជូនដល់ផ្ទះនៅប្រទេសជប៉ុននាពេលបច្ចុប្បន្ន និងអតីតកាល។
ស្រដៀងនឹងប្រទេសជប៉ុនដែរ បច្ចុប្បន្ននេះ ការទិញទំនិញអនឡាញក៏កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាផងដែរ។
ចូរយើងក្រឡេកមកមើលប្រព័ន្ធដឹកជញ្ជូនដែលមានការអភិវឌ្ឍខ្ពស់របស់ជប៉ុនតាមរយៈខ្លឹមសារអត្តបទខាងក្រោម។
ជាដំបូង ត្រូវនិយាយពីល្បឿនដឹកជញ្ជូនទំនិញពិតជាលឿនមិនគួរឲ្យជឿនោះទេ។
គេហទំព័រលក់ទំនិញអនឡាញសំខាន់ៗនៅក្នុងប្រទេសជប៉ុនគឺ Amazon របស់សហរដ្ឋអាមេរិក និង Rakuten របស់ជប៉ុន។
ក្រៅពី Hokkaido, Okinawa និងកោះដាច់ស្រយាលមួយចំនួនទៀត តំបន់ផ្សេងទៀតនៅប្រទេសជប៉ុនសុទ្ធតែសម្រេចបានល្បឿននេះ។
ជាទូទៅ កញ្ចប់ទំនិញនឹងទៅដល់កន្លែងក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃ។
ដើម្បីធ្វើបានដូច្នេះ ពួកគេបានសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងធនធាននៅទូទាំងប្រទេសជប៉ុន។
មិនត្រឹមតែប៉ុណ្ណឹង អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតត្រង់ថា អាចកំណត់ពេលវេលាដឹកជញ្ជូនទំនិញលម្អិត រួមទាំងកាលបរិច្ឆេទ។ អតិថិជនអាចកំណត់ពេលវេលាដឹកជញ្ជូនក្នុងរយៈពេល ២-៣ ម៉ោង (ចាប់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន)។
ម្យ៉ាងវិញទៀត ការចំណាយពេលវេលានៅផ្ទះដើម្បីរង់ចាំទទួលទំនិញត្រូវបានកាត់បន្ថយ។
ប្រសិនបើអតិថិជនទិញមិនអាចទទួលទំនិញ បុគ្គលិកដឹកជញ្ជូននឹងទុកក្រដាសជូនដំណឹង។
គ្រាន់តែទូរស័ព្ទ ឬចូលទៅកាន់ URL ដែលកត់ចំណាំនៅលើនោះ ដើម្បីកំណត់ពេលវេលាដឹកជញ្ជូនទំនិញឡើងវិញបានយ៉ាងងាយស្រួល។
ទម្រង់នៃការទទួលទំនិញក៏មានភាពបត់បែនផងដែរ។
អតិថិជនអាចស្នើឲ្យបុគ្គលិកដឹកជញ្ជូនទុកកញ្ចប់ទំនិញនៅមុខផ្ទះ។ ម្យ៉ាងវិញទៀត អាចកំណត់ការទទួលទំនិញនៅហាងលក់ទំនិញដែលនៅក្បែរនោះ។
នៅពេលនេះ ការដែលទៅកាន់ហាងដើម្បីទិញទំនិញដោយផ្ទាល់លែងចាំបាច់ទៀតហើយ ដូច្នេះជីវិតកាន់តែមានភាពងាយស្រួល។
ដូច្នេះតើប្រទេសជប៉ុនកាលពីអតីតកាលមានលក្ខណៈបែបណា?
ប្រហែលជា ២០០ ឆ្នាំមុន នៅសម័យ Edo ជាសម័យកាលដែលនៅមានវត្តមានរបស់សាមូរ៉ៃ ការដឹកជញ្ជូននៅជប៉ុនមានភាពស្មុគស្មាញណាស់។
នៅពេលនោះ សេវាកម្មដឹកជញ្ជូនទំនិញត្រូវបានទទួលខុសត្រូវដោយ “hikyaku” – ជាបុគ្គលដែលលើកទំនិញ ហើយរត់ទៅប្រគល់ទំនិញ។
សម្រាប់ចម្ងាយផ្លូវដែលជិត មានសេវាកម្មមួយហៅថា “machi hikyaku” ។ ប៉ុន្តែនេះជាវិធីសាស្រ្តីដឹកជញ្ជូនដែលមានហានិភ័យខ្ពស់។
កញ្ចប់ដែលមានតម្លៃថោកបំផុតមានតម្លៃប្រហែល ៥០០ យ៉េនបច្ចុប្បន្ន ដោយធានាការដឹកជញ្ជូនក្នុងរយៈពេល ១០ ថ្ងៃ។ តម្លៃសមរម្យ ប៉ុន្តែនិយាយពីពេលវេលាដឹកជញ្ជូនស្ទើរតែមិនដែលសម្រេចដូចសន្យាឡើយ។
ហាក់បីដូចជាពួកគេប្រើវិធីសាស្ត្រដាក់បញ្ចូលទំនិញ ដែលមានន័យថាប្រមូលទំនិញក្នុងតំបន់តែមួយ ហើយដឹកជញ្ជូនក្នុងពេលតែមួយ ដូច្នេះរង់ចាំចាប់ពី ២០ ថ្ងៃទៅមួយខែទើបទទួលបានទំនិញក៏ជារឿងធម្មតាដែរ។
ការប្រមូលផ្តុំទំនិញអាចបណ្តាលឲ្យមានការភាន់ច្រឡំ និងបាត់បង់ទំនិញ។ មិនមានការធានា ហើយនៅពេលដែលទំនិញបាត់ ក៏មិនទទួលបានសំណងនោះដែរ។
ជម្រើសដែលមានតម្លៃថ្លៃជាងបន្តិចគឺកញ្ចប់តម្លៃ ៣.៣០០ យ៉េន ដែលត្រូវបានគេរំពឹងថាដឹកជញ្ជូនក្នុងរយៈពេល ៦ ថ្ងៃ។
ប៉ុន្តែជាក់ស្តែងនៅតែត្រូវចំណាយពេលពី ៩-១០ ថ្ងៃ។
ហើយបន្ទាប់មក ប្រហែល ១២០ ឆ្នាំមុន នៅចុងសម័យ Edo សេវាកម្មដឹកជញ្ជូនរហ័សបានចាប់ផ្តើមដំណើរការជាផ្លូវការ។
ទោះបីជាទំនិញនឹងត្រូវបានដឹកជញ្ជូនក្នុងរយៈពេល ៣ ថ្ងៃក៏ដោយ ប៉ុន្តែតម្លៃខ្ពស់រហូតដល់ទៅ ១.១៦០.០០០ យ៉េន តម្លៃនេះរួមបញ្ចូលទាំងការធានារ៉ាប់រងការបាត់បង់ ជាទម្រង់នៃការធានាដែលមិនធ្លាប់មានពីមុនមក។ ទោះជាយ៉ាងណា សេវាកម្មនេះនៅតែថ្លៃខ្លាំងណាស់។
ជាមួយនឹងការចំណាយខ្ពស់បែបនេះ ជាការពិតណាស់ កញ្ចប់ទំនិញនឹងត្រូវបានដឹកជញ្ជូនទាន់ពេលវេលា។
ទន្ទឹមនឹងនោះ នៅមានសេវាកម្មដឹកជញ្ជូនលំដាប់ខ្ពស់ជាងនេះទៅទៀត។ ប៉ុន្តែសេវាកម្មនេះសម្រាប់តែរដ្ឋាភិបាលប៉ុណ្ណោះ។
ឯកសារដែលត្រូវដឹកជញ្ជូនមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះល្បឿនគឺជាអាទិភាពចម្បង។
ចម្ងាយពីប្រាសាទ Edo (បច្ចុប្បន្នគឺ Tokyo) ទៅកាន់ទីក្រុង Kyoto គឺ ៥០០ គីឡូម៉ែត្រ ដែលមានតំបន់ភ្នំជាច្រើន ប៉ុន្តែក្រោមទម្រង់រត់បញ្ជូនបន្ត ការដឹកជញ្ជូនត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ ៦០ ម៉ោងប៉ុណ្ណោះ។ នៅសម័យនោះ ល្បឿននេះលឿនជាងសេវាកម្មដឹកជញ្ជូនឯកជនផ្សេងទៀត។
ដោយឆ្លងកាត់សម័យកាលបែបនេះ ប្រទេសជប៉ុនសព្វថ្ងៃនេះសម្រេចបាននូវសេវាកម្មដឹកជញ្ជូនយ៉ាងងាយស្រួលដែលអ្នកណាក៏អាចប្រើប្រាស់បាន ដូចដែលខ្ញុំបានលើកឡើងមុននោះ។
សង្ឃឹមថានៅថ្ងៃណាមួយ កម្ពុជាអាចបង្កើតប្រព័ន្ធដឹកជញ្ជូនដែលមានគុណភាពដូចជាប្រទេសជប៉ុន ដើម្បីធ្វើឲ្យជីវិតនៅសម័យបច្ចុប្បន្នកាន់តែមានភាពងាយស្រួល។
Abe Kengo
