នំ Takoyaki និងរឿងរ៉ាវនិយាយពីអ្នកនេសាទដែលបានបង្កើតអព្ភូតហេតុនៅតំបន់វាលខ្សាច់អាហ្វ្រិក
នំ Takoyaki និងរឿងរ៉ាវនិយាយពីអ្នកនេសាទដែលបានបង្កើតអព្ភូតហេតុនៅតំបន់វាលខ្សាច់អាហ្វ្រិក។
ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលតែងតែផ្តល់ជំនួយដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។
លើកនេះ យើងនឹងនិយាយអំពីប្រទេស Mauritania នៅអាហ្វ្រិក និងជំនួយរបស់ប្រជាជនជប៉ុននៅតំបន់ដែលមានដីស្ងួត។
ប្រទេស Mauritania មានទីតាំងស្ថិតនៅភាគពាយ័ព្យនៃទ្វីបអាហ្វ្រិក ហើយជាប្រទេសដែលផ្សារភ្ជាប់នឹងទិដ្ឋភាពវាលខ្សាច់។
ប្រាក់ចំណូលជាមធ្យមប្រចាំខែរបស់ប្រជាជននៅទីនេះប្រហែល ៥០ ដុល្លារអាមេរិកប៉ុណ្ណោះ។ នេះជាតំបន់ដែលក្រីក្រខ្វះខាតយ៉ាងខ្លាំង។
មិនមែនមិនមានសមុទ្រនោះទេ ប៉ុន្តែដោយសារតែទឹកដីភាគច្រើនជាវាលខ្សាច់ ដូច្នេះហើយ ជាទូទៅគេជឿថា ប្រសិនបើចង់ជួយប្រទេសនេះត្រូវដាំដើមឈើនៅលើវាលខ្សាច់។
ទោះជាយ៉ាងណា បុគ្គលដែលជប៉ុនបានបញ្ជូនទៅកាន់កន្លែងនេះដើម្បីផ្តល់ជំនួយគឺជាអ្នកនេសាទម្នាក់ លោក Nakamura Masaaki ។
នៅពេលដែលឃើញវត្តមានរបស់លោក Nakamura អ្នកស្រុកទទួលស្វាគមន៍លោកដោយការសើចចំអក។ ដោយគិតថា អ្នកនេសាទម្នាក់អាចធ្វើអ្វីបាននៅលើវាលខ្សាច់ ពួកគេបានចំអកឲ្យលោក ដោយនិយាយថា៖
– “នៅប្រទេសនេះគ្មាននរណាទិញត្រីនោះទេ!”
ដោយមិនព្រមចុះចាញ់ ពីមួយថ្ងៃទៅមួយថ្ងៃ លោក Nakamura តែងតែគិតមិនឈប់ថា ខ្លួនគួរតែធ្វើអ្វីនៅលើទឹកដីនេះ។
ហើយនៅថ្ងៃមួយ លោកប្រទះឃើញថាសំបកកង់ឡានចាស់រសាត់ចូលឆ្នេរសមុទ្រ។ នៅពេលដែលក្រឡេកមើលខាងក្នុង លោកមានការភ្ញាក់ផ្អើលពេលឃើញមឹកធំមួយក្បាលកំពុងលាក់ខ្លួន។ នោះគឺជាត្រីមឹកធំ Madako ជាប្រភេទមឹកដែលពេញនិយមបំផុតនៅប្រទេសជប៉ុន។
លោក Nakamura បានពន្យល់ដល់អ្នកស្រុកថា នេះជាប្រភេទសត្វសមុទ្រ ដែលប្រសិនបើចាប់បានគឺអាចរកបានប្រាក់។
ផ្ទុយទៅវិញ ក្នុងក្រសែភ្នែករបស់អ្នកស្រុក នេះជាប្រភេទសត្វដែលមានលក្ខណៈចម្លែកបន្តិច ហើយមានរូបរាងគួរឲ្យខ្លាច។
ប៉ុន្តែ បើទោះបីជាមានការសង្ស័យក៏ដោយ នៅទីបំផុត ពួកគេនៅតែសម្រេចចិត្តសហការ។
ក្រោមការណែនាំរបស់លោក Nakamura ពួកគេបានប្រមូលពាង ក្រឡចាស់ៗនៅក្នុងភូមិ បន្ទាប់មកទម្លាក់ចូលសមុទ្រ ហើយរង់ចាំមួយថ្ងៃ។
លទ្ធផលពាងស្ទើរតែទាំងអស់សុទ្ធតែមានមឹក ដូច្នេះប្រមូលផលបានយ៉ាងច្រើន។
នៅពេលដែលបែងចែកប្រាក់ដែលរកបាននៅថ្ងៃនោះ មនុស្សម្នាក់ៗទទួលបានប្រហែល ២០០ ដុល្លារអាមេរិក។ បើប្រៀបធៀបទៅនឹងប្រាក់ចំណូលពីមុនត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ពួកគេរកបានប្រាក់ចំណូលស្មើនឹងបួនខែ។
បន្ទាប់ពីទទួលបានជោគជ័យ ចំនួនមនុស្សចូលរួមនេសាទមឹកកើនឡើងយ៉ាងច្រើន។
ប៉ុន្មានឆ្នាំក្រោយមក ការនេសាទត្រីមឹកបានក្លាយជាឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងប្រទេសនេះ។
សម្រាប់អ្នកស្រុក មឹកធ្លាប់ត្រូវបានគេចាត់ទុកជាប្រភេទសត្វដែលគួរឲ្យខ្លាច គ្មានតម្លៃ។ ប៉ុន្តែនៅប្រទេសជប៉ុន នេះជាប្រភេទអាហារសមុទ្រដែលពេញនិយមយ៉ាងខ្លាំង។
ជនជាតិជប៉ុនចូលចិត្តជាពិសេសមុខម្ហូបដែលធ្វើពីមឹក។ ក្នុងចំណោមនោះមានដូចជានំ takoyaki (មឹកអាំងបែបជប៉ុន) ។
សព្វថ្ងៃនេះ ទោះបីជាកន្លែងខ្លះប្រើមឹកសម្រាប់ជំនួស ប៉ុន្តែតាមពិតទៅ ដំបូងនំ takoyaki ត្រូវបានធ្វើពីប្រភេទត្រីមឹកធំ Madako ។
ប្រហែលជា ៧០% បរិមាណមឹកនៅប្រទេសជប៉ុនត្រូវបាននាំចូល ហើយពាក់កណ្តាលក្នុងចំណោមនោះមកពីប្រទេស Mauritania ។
ប្រហែលជានំ takoyaki ដ៏ឈ្ងុយឆ្ងាញ់នេះត្រូវបានបង្កើតឡើង និងបន្តរហូតមកដល់សព្វថ្ងៃនេះ ដោយផ្អែកលើត្រីមឹកធំដែលផ្គត់ផ្គង់ដោយប្រទេស Mauritania ។
វិធីសាស្រ្តផ្តល់ជំនួយរបស់ជប៉ុនមិនមែនជាការបរិច្ចាគរបស់របរមានតម្លៃនោះទេ ប៉ុន្តែបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនមានលទ្ធភាពចិញ្ចឹមខ្លួនឯង។
ប្រជាជននៅប្រទេស Mauritania រកបានការងារធ្វើ និងរកប្រាក់ចំណូល។ ទន្ទឹមនឹងនោះ ប្រជាជនជប៉ុនអាចរីករាយជាមួយនឹងនំ takoyaki ដ៏ឈ្ងុយឆ្ងាញ់ក្នុងតម្លៃសមរម្យ។
ជាប្រភេទជំនួយដែលភាគីទាំងពីរសុទ្ធតែពេញចិត្ត។
Abe Kengo
