បំណងប្រាថ្នានៅយប់ថ្ងៃបុណ្យណូអែល🎄
បំណងប្រាថ្នានៅយប់ថ្ងៃបុណ្យណូអែល🎄
សំឡេងនាឡិការោទិ៍នៅលើទូរស័ព្ទបន្លឺឡើងបានដាស់ឲ្យខ្ញុំភ្ញាក់ពីសុបិនល្អ… ដូច្នេះថ្ងៃថ្មីត្រូវបានចាប់ផ្តើម។
អាកាសធាតុចុងឆ្នាំចាប់ផ្តើមត្រជាក់ នៅលើគ្រែមានពូកទន់ល្មើយជាមួយនឹងតុក្កតាដ៏គួរឲ្យស្រលាញ់ជាច្រើន អារម្មណ៍កក់ក្តៅបែបនេះធ្វើឲ្យខ្ញុំចង់ដណ្តប់ភួយគេងពេលមួយថ្ងៃ។
នៅពេលដែលក្រោកពីគេង ខ្ញុំបើកវាំងននបង្អួច ហើយពន្លឺព្រះអាទិត្យពីខាងក្រៅបានបំភ្លឺបន្ទប់ទាំងមូល។ ដូចសព្វមួយដង ខ្ញុំបើកភ្លេងស្តាប់ និងចាប់ផ្តើមរៀបចំសម្រាប់ថ្ងៃថ្មី។ នេះជារដូវបុណ្យណូអែល ដូច្នេះបទចម្រៀងបុណ្យណូអែលជាជម្រើសដែលល្អបំផុត។ ហេតុនេះ ខ្ញុំស្តាប់ចម្រៀងផង សម្លឹងមើលខ្លួនក្នុងកញ្ចក់ពេលកំពុងដុសធ្មេញផង។
លើកដំបូងនៅពេលដែលខ្ញុំបានដឹងពីបុណ្យណូអែល ហើយមើលឃើញសាន់តាក្លូសប្រហែលជាកាលនៅរៀនបឋមសិក្សា។ នៅពេលនោះ មិត្តរួមថ្នាក់របស់ខ្ញុំតែងតែជូនកាតបុណ្យណូអែល និងឆ្នាំថ្មី។ ទោះជាយ៉ាងណា ខ្ញុំគ្រាន់តែអាចជូនកាតដែលគូរដោយដៃ ប្រើក្រដាសសៀវភៅ និងផាត់ពណ៌ប៉ុណ្ណោះ ព្រោះគ្រួសារខ្ញុំមិនមានប្រាក់នោះទេ។
ឥឡូវនេះ នៅពេលដែលនឹកឃើញឡើងវិញ ធ្វើឲ្យខ្ញុំមានអារម្មណ៍ដឹងគុណ និងមានសុភមង្គលយ៉ាងខ្លាំង។
នៅពេលនោះ ខ្ញុំបានឮរឿងរ៉ាវជាច្រើនដែលនិយាយពីសាន់តាក្លូសតាមរយៈមិត្តភក្តិរបស់ខ្ញុំ ដូចជារឿងសាន់តាក្លូសជូនអំណោយបុណ្យណូអែលដល់កុមារដែលល្អ និងរឿងសរសេរបំណងប្រាថ្នាដាក់ក្នុងស្រោមជើងព្យួរឡើង ដើម្បីឲ្យលោកតាសាន់តាក្លូសបានអាន និងរឿងរ៉ាវជាច្រើនផ្សេងទៀត… រឿងរ៉ាវទាំងអស់នោះបានជម្រុញឲ្យកុមារដូចជាខ្ញុំមានក្តីស្រមៃ និងសង្ឃឹម… ហើយក៏ធ្លាប់ខកចិត្តជាច្រើនដងផងដែរ។
មិនថាប្រើវិធីអ្វីនោះទេ មិនបានជួបលោតាសាន់តាក្លូសឡើយ។ បន្ទាប់ពីយប់បុណ្យណូកន្លងផុតទៅ មិត្តភក្តិរបស់ខ្ញុំទៅសាលាជាមួយនឹងទឹកមុខខឹងសម្បារ។ ចំពោះខ្ញុំវិញ ខ្ញុំគ្រាន់តែគិតថាប្រហែលជាខ្ញុំមិនទាន់ល្អគ្រប់គ្រាន់ប៉ុណ្ណោះ ហើយខំប្រឹងល្អបន្ថែមទៀតនៅឆ្នាំក្រោយ ដូច្នេះបានកន្លងផុតជាច្រើនឆ្នាំមកហើយ។
តាមពិតទៅ កាលពីក្មេងខ្ញុំជាកុមារល្អម្នាក់ ប៉ុន្តែមិនដែលទទួលបានអំណោយពីលោកតាសាន់តាក្លូសនោះទេ ហើយក៏មិនធ្លាប់ជួបគាត់នោះដែរ។ នៅពេលដែលធំដឹងក្តី ទើបខ្ញុំដឹងថា សាន់តាក្លូសមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះ ហើយបើទោះបីជាបានជួបនៅខាងក្រៅក៏ដោយ នោះគ្រាន់តែជាការស្លៀកពាក់ដូចសាន់តាក្លូសដើម្បីនាំមកនូវភាពរីករាយដល់កុមារប៉ុណ្ណោះ។
ធំដឹងក្តីហើយទើបដឹងថា អ្វីគ្រប់យ៉ាងដែលខ្លួនចង់បានត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង ព្យាយាមដោយប្រើកម្លាំងរបស់ខ្លួនមិនមែនផ្អែកលើបំណងប្រាថ្នានោះទេ។ ហើយនៅពេលដែលធំដឹងក្តីទើបដឹងថា ទោះបីជាមិនបានឃើញសាន់តាក្លូសក៏ដោយ ខ្លួននៅតែអាចក្លាយជាសាន់តាក្លូសបាន – ជាសាន់តាក្លូសដែលនាំមកនូវសុភមង្គលដល់អ្នកដទៃ និងខ្លួនឯង។
មនុស្សដែលពេញវ័យម្នាក់អាចរកឃើញសុភមង្គលពិតលុះត្រាតែពួកគេស្គាល់តម្លៃពិតក្នុងជីវិត។ នៅពេលដែលយើងមានគំនិតសុទិដ្ឋិនិយម ហើយដោះស្រាយបញ្ហា នៅពេលដែលយើងដឹងថា សុភមង្គលរបស់ខ្លួនត្រូវបានបង្កើតឡើងដោយខ្លួនឯងផ្ទាល់ មិនមែនដោយសារអ្នកដទៃនោះទេ។ កុំចាំអ្នកដទៃធ្វើឲ្យអ្នកមានសុភមង្គល ហេតុអ្វីបានជាមិនធ្វើឲ្យខ្លួនឯងមានសុភមង្គល ហើយចែករំលែកសុភមង្គលនោះដល់មនុស្សដែលអ្នកស្រលាញ់?
ពេលវេលាកន្លងផុតទៅយ៉ាងលឿន ទោះបីជាកាលពីនៅតូចធ្លាប់ខកចិត្តព្រោះតែមិនបានជួបសាន់តាក្លូសក៏ដោយ ឥឡូវនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំមានសំណាងណាស់ដែលធ្លាប់ជាក្មេងល្អម្នាក់ ហើយពេលនេះក្លាយជាមនុស្សពេញវ័យដែលល្អម្នាក់។
ខ្ញុំចង់ជួបជុំជាមួយមិត្តភក្តិចាស់ៗពីមុន រំលឹកពីអតីតកាល ជូនអំណោយដ៏ស្រស់ស្អាតដល់ពួកគេ ដើម្បីអរគុណពួកគេចំពោះកាតបុណ្យណូអែលដែលខ្ញុំបានទទួលកាលពីមុន។ ខ្ញុំចង់អង្គុយជាមួយពួកគេ ផឹកតែក្តៅៗក្រោមអាកាសធាតុត្រជាក់ សម្លឹងមើលភ្លើងទីក្រុងនៅពេលយប់។ ខ្ញុំចង់ដឹងថា តើពួកគេកំពុងជ្រើសរើសផ្លូវ និងទិសដៅដែលត្រឹមត្រូវដែរទេ? ខ្ញុំចង់ប្រាប់ពួកគេថា ខ្ញុំ – ជាក្មេងម្នាក់ដែលបានធំដឹងក្តី ហើយឥឡូវនេះកំពុងសម្រេចបំណងប្រាថ្នា និងក្តីស្រមៃម្តងមួយៗ?
ចែករំលែកក្តីស្រលាញ់ទៅគ្រប់ទីកន្លែង បង្កើតទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដើម្បីកសាងពិភពលោកមួយដែលពោរពេញទៅដោយក្តីស្រលាញ់ នោះជាគោលដៅដែលខ្ញុំតែងតែខិតខំប្រឹងប្រែង។ ហើយនោះក៏ជាបំណងប្រាថ្នានៅថ្ងៃបុណ្យណូអែលរបស់ខ្ញុំនៅឆ្នាំនេះផងដែរ។
Abe Kengo
