រវាង​ជន​ជាតិ​វៀតណាម និង​ជន​ជាតិ​ជប៉ុន តើនរណា​មាន​ចរិត​ឆេវ​ឆាវជាង

រវាង​ជន​ជាតិ​វៀតណាម និង​ជន​ជាតិ​ជប៉ុន តើ​នរណា​មាន​ចរិត​ឆេវ​ឆាវ​ជាង?

បន្ទាប់ពីរស់នៅតំបន់ជាយក្រុងតូក្យូអស់រយៈពេល ៣៥ ឆ្នាំ និងនៅទីក្រុងហូជីមិញអស់រយៈពេល ១៥ ឆ្នាំ ខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៏គួរឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ ហើយឥឡូវនេះ ខ្ញុំមានភាព​ជឿ​ជាក់​ដែល​និយាយ​ថា ខ្លួនបានដឹងខ្លះៗទាក់ទងនឹងបុគ្គលិកលក្ខណៈរបស់ប្រជាជននៅក្នុងប្រទេស​វៀត​ណាម និង​ជប៉ុន ហើយ​អាច​កំណត់​បានថាភាគី​ណា​មួយ​មាន​អត្តចរិត “អាក្រក់” ជាង។

ជាការពិតណាស់ មិនថានៅទីណាក៏ដោយតែងតែមានមនុស្សល្អមនុស្សអាក្រក់ ដូច្នេះយើងមិនអាចបូកសរុបទាំងអស់នោះទេ។

ដូច្នេះហើយ ខ្លឹមសារអត្តបទដែលទាក់ទងនឹងការប្រៀបធៀបលើកនេះគ្រាន់តែជាទស្សនៈ និងគំនិត​ផ្ទាល់​របស់​លោក Abe ដែល​ជា​និពន្ធ​នាយក​របស់ JAPO ប៉ុណ្ណោះ។

នេះមិនមែនជាព័ត៌មានដែលទទួលបានការត្រួតពិនិត្យ ផ្អែកលើទិន្នន័យ ឬស្ថិតិណាមួយនោះឡើយ។ ដូច្នេះ​ប្រសិន​បើ​មាន​មតិយោបល់ ឬ​គំនិត​ណា​មួយ អ្នក​ទាំង​អស់​គ្នា​អាច​ចែក​រំលែក​មតិយោបល់​របស់​ខ្លួន​ខាង​ក្រោម។

ខ្លឹមសារអត្តបទដែលទាក់ទងនឹងការប្រៀបធៀបសូមចាប់ផ្តើម។

ទៀងពេលដែរទេ?

នៅពេលដែលនិយាយពីរឿងគោរពពេលវេលា ប្រាកដណាស់ជនជាតិជប៉ុនជាអ្នកដែលគោរពពេល​វេលា​ជាង​នរណាៗ​ទាំង​អស់។

នៅប្រទេសជប៉ុនរថភ្លើងតែងតែដំណើរការទាន់ពេលវេលា ហើយប្រសិនបើណាត់ជួប ភាគ​ច្រើនមនុស្ស​គ្រប់​គ្នា​តែង​តែ​មក​ដល់​មុន ៥ នាទី កម្រ​នឹង​មក​យឺត​ខ្លាំង​ណាស់។

ជាពិសេសនៅតំបន់ជាយក្រុងតូក្យូ ជាកន្លែងដែលបណ្តាញដឹកជញ្ជូនមមាញឹក របៀបរស់នៅបែប​នេះ​កាន់​តែ​មើល​ឃើញ​យ៉ាង​ច្បាស់។

តាមពិតទៅ ជនជាតិជប៉ុនច្រើនតែផ្តោតសំខាន់ទៅលើការគោរពពេលវេលាបើប្រៀបធៀបទៅ​នឹង​កន្លែង​ផ្សេង​ទៀត។ ប៉ុន្តែ​ប្រសិន​បើ​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​បែរ​ជា​មិន​មក​ទាន់ពេលវេលា អាច​នឹង​ទទួល​ការ​វាយ​តម្លៃ​ដែលទាក់ទងនឹងអាកប្បកិរិយា ក៏ដូចជាវិជ្ជាជីវៈ ហើយអាចប៉ះពាល់ដល់ទំនាក់ទំនង ដូច្នេះ​សូម​ចង​ចាំ​ពី​ចំណុច​នេះ ប្រសិនបើអ្នកមានគម្រោងរស់នៅប្រទេស​ជប៉ុន។

តើប្រជាជនប្រទេសណាមានចិត្តល្អជាង?

នេះ​ជា​ការ​ប្រៀបធៀប​ដ៏​លំបាក​មួយ ប៉ុន្តែ​ខ្ញុំផ្ទាល់យល់​ថា​ជនជាតិ​វៀតណាម​មាន​ចិត្ត​ល្អ​ជាង។

នៅប្រទេសវៀតណាម ខ្ញុំមានអារម្មណ៍ថា មនុស្សជាច្រើនតែងតែនិយាយ និងជួយនៅពេលដែលបាន​ឃើញ​អ្នក​ដទៃ​ជួប​ការ​លំបាក។

ប៉ុន្តែនៅប្រទេសជប៉ុន ជាពិសេសនៅទីក្រុងតូក្យូ គឺផ្ទុយទៅវិញ។

យូរៗទៅ ចំនួនមនុស្សដែលព្រងើយកន្តើយ ឬមានគំនិតថាមិនចង់ពាក់ព័ន្ធនឹងរឿងរបស់អ្នកដទៃ​កាន់​តែ​ច្រើន​ឡើង។

ទីក្រុងតូក្យូកាលពីខ្ញុំនៅតូចមិនមែនដូច្នេះនោះទេ… ឬយ៉ាងហោចណាស់នោះជាការចងចាំរបស់ខ្ញុំ។

តើបានប្រគល់សងរបស់របរដែលអ្នកដទៃធ្វើបាត់ដែរទេ?

នៅប្រទេសជប៉ុនល្បីថា ជាកន្លែងដែលមានអត្រារបស់របរធ្លាក់អាចរកឃើញម្ចាស់វិញ ប៉ុន្តែខ្ញុំផ្ទាល់ក៏ធ្លាប់ទទួលបានជំនួយនៅពេលដែលភ្លេចរបស់នៅប្រទេសវៀតណាមផងដែរ។

មានម្តងខ្ញុំធ្លាប់ភ្លេចកាបូបលុយនៅភោជនីយដ្ឋាន KFC មួយកន្លែង ក្នុងនោះមានលុយសុទ្ធប្រហែល ៣០ លានដុង។ ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ ប៉ុន្តែនៅពេលដែលត្រឡប់ទៅរកវិញ បុគ្គលិក​ហាង​បាន​រក្សាទុក ហើយប្រគល់សងខ្ញុំវិញ។

ប្រហែលជាអាចនិយាយបានថាលើកនោះខ្ញុំមានសំណាង ទើបមិនបាត់បង់អ្វីទាំងអស់ មិនដឹង​ថា​អ្នក​ដទៃ​សំណាង​ដូច​ជា​ខ្ញុំ​ដែរ​អត់​ទេ ប៉ុន្តែយ៉ាងហោចណាស់នេះជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតមួយ​ដែល​ខ្ញុំ​មាន​ចំពោះ​ប្រទេស​វៀតណាម។

នៅប្រទេសជប៉ុន មានប្រព័ន្ធមួយហៅថា “okihai” នេះជាទម្រង់សេវាកម្មដឹកជញ្ជូន ដែលទំនិញត្រូវ​បាន​ដាក់​នៅ​មុខ​ផ្ទះ​តាម​ការ​កំណត់​របស់​អតិថិជន។

ដូច្នេះហើយ ទំនិញដែលទិញអនឡាញអាចទុកនៅមុខផ្ទះដោយមិនចាំបាច់មានហត្ថលេខា។

និយាយឲ្យត្រង់ទៅ នៅប្រទេសវៀតណាម ខ្ញុំគ្រាន់តែ​សង្ឃឹម​ថា​អាច​ទទួល​បាន​ទំនិញ​ដល់​ដៃ ដោយ​​មិន​​ហ៊ាន​​ទទួល​​ទំនិញ​​តាម​​វិធី​នេះ​នោះ​ទេ ជាពិសេស​របស់​របរ​ដែល​មាន​តម្លៃ​ខ្ពស់។

កាលពីមុន ខ្ញុំធ្លាប់កក់ដើមសាគូរ៉ាសិប្បនិម្មិតពីរដើមសម្រាប់តាំងនៅមុខការិយាល័យក្រុមហ៊ុន ហើយបន្ទាប់មកត្រូវចោរលួចយកទៅទាំងយប់។

គ្រាន់តែជាផ្កាដែលប្រើសម្រាប់តុបតែងក៏បាត់ដែរ ដូច្នេះ​ប្រសិន​បើ​ទំនិញ​បញ្ជា​ទិញ​អន​ឡាញ​ទុកនៅ​មុខ​​ផ្ទះ​​ប្រហែល​ជា​មិន​នៅ​ទេ។

ធ្វើអាជីវកម្មជាមួយភាគីណាមួយស្រួលជាង?

ជាការពិតណាស់ ជនជាតិវៀតណាមបំពេញការងារបានលឿនល្អ មិនចាំបាច់ចំណាយពេលច្រើនសម្រាប់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​សំខាន់​នោះ​ទេ។

ផ្ទុយទៅវិញ ជនជាតិជប៉ុនបែរជាមានភាពហ្មត់ចត់ខ្លាំង ដូច្នេះត្រូវការពេលវេលាច្រើនសម្រាប់ពិចារណា និង​សម្រេច​ចិត្ត​លើ​កិច្ច​ព្រម​ព្រៀង​មួយ។

ប៉ុន្តែនៅពេលដែលជនជាតិជប៉ុនបានធ្វើការសម្រេចចិត្តរួចហើយ ពួកគេនឹងធ្វើរហូតដល់ទីបញ្ចប់។ មិន​ថា​កាលៈ​ទេសៈ​ផ្លាស់​ប្តូរ​យ៉ាង​ណា ពួកគេនៅតែខិតខំប្រឹងប្រែងបញ្ចប់ និងរក្សាសន្យា។

ដូច្នេះបើនិយាយថាភាគីមួយណាស្រួលធ្វើអាជីវកម្មជាង… តាមពិតទៅពិបាកនិយាយណាស់។

តើនរណាឆាប់ខឹងជាង?

និយាយពីចំណុចនេះ ខ្ញុំយល់ឃើញថា ជនជាតិវៀតណាមងាយនឹងខឹងសម្បារជាងប្រជាជនជប៉ុន។

រហូតដល់ថ្នាក់ ពេលខ្លះខ្ញុំរំពឹងថា ពួកគេអាចនឹងស្ងប់ស្ងាត់ជាងនេះក្នុងអំឡុងពេលសន្ទនា។

ប៉ុន្តែចំណុចល្អត្រង់ថា នៅពេលដែលជនជាតិវៀតណាមខឹង ពួកគេនឹងបង្ហាញចេញមកក្រៅ ដោយ​មើល​ឃើញ​ពី​ចំណុច​នេះ ភាគី​នឹង​យល់​កាន់​តែ​ឆាប់ ហើយស្វែង​រក​វិធី​ឆ្លើយ​តប​ដែល​សមស្រប។

ប្រជាជនជប៉ុនគ្រោះថ្នាក់ត្រង់ថាពូកែលាក់អារម្មណ៍ពិត ពិបាកនឹងដឹងណាស់ ទោះបីជាពេលដែល​ពួក​គេ​កំពុង​ខឹង ឬ​ពិបាក​ទ្រាំ​ក៏​ដោយ។

ខឹងសម្បារ ហើយនិយាយចេញប្រសើរជាងធ្វើពុតថាមិនអី ប៉ុន្តែក្នុងចិត្តបែរជាចងចាំ។

មិនបង្ហាញនៅចំពោះមុខ ប៉ុន្តែក្រោយមកបែរជាវាយបក់នៅពីក្រោយខ្នង រកវិធីសាស្រ្តសងសឹកដោយ​សម្ងាត់។

អាចនិយាយបានថា ប្រជាជនវៀតណាមងាយនឹងខឹង ប៉ុន្តែ​កំហឹង​របស់​ជន​ជាតិ​ជប៉ុន​ទើប​គ្រោះ​ថ្នាក់។

គេ​និយាយ​ថា ពិបាក​នឹង​ដឹង​ថា​ជនជាតិ​ជប៉ុន​កំពុង​គិត​អ្វី​ឲ្យ​​ប្រាកដណាស់ ដូច្នេះទើបគួរឲ្យខ្លាច។

តើភាគីមួយណាខ្វះការយល់ដឹង និងសុជីវធម៌ជាង?

ត្រង់ចំណុចនេះ ប្រជាជនវៀតណាមមិនអាចប្រៀបនឹងប្រជាជនជប៉ុនបានឡើយ។

ជប៉ុនជាប្រទេសដែលផ្តោតសំខាន់លើសុជីវធម៌ ឧទាហរណ៍ដូចជាច្បាប់ទម្លាប់ពេលបរិភោគអាហារ និង​តែង​តែ​ខិត​ខំប្រឹង​ប្រែង​មិន​រំខាន់​អ្នក​ដទៃ។

ទោះជាយ៉ាងណា និយាយឲ្យត្រង់ទៅ ពេលខ្លះខ្ញុំមានអារម្មណ៍ថា ច្បាប់ទម្លាប់កំពុងតែត្រូវបានបំផ្លើសហួសហេតុ។

ទោះបីជាខ្ញុំជាជនជាតិជប៉ុនក៏ដោយ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍មិនស្រួលចិត្តព្រោះតែបរិយាកាស​ដែលមិនអាចនិយាយគ្នានៅលើរថភ្លើង ឬត្រូវបានស្នើឲ្យ “បរិភោគអាហារដោយស្ងៀម​ស្ងាត់” នៅ​ភោជនីយដ្ឋាន​រ៉ាមេន​មួយ​ចំនួន។

សុជីវធម៌ពិតជាសំខាន់ណាស់នៅក្នុងប្រទេសជប៉ុន ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ច្បាប់ទម្លាប់ហាក់បីដូចជាតឹងរ៉ឹងពេក ហើយធ្វើឲ្យជីវិតនៅក្នុងស្រុកកំណើតរបស់ខ្ញុំកាន់តែតានតឹង។

តើកន្លែងណាមានមនុស្សស្អាតច្រើនជាង?

ក្នុងនាមជាបុរស ជាការពិតណាស់ ខ្ញុំនឹងសង្កេតមើលស្រីស្អាតដែលបង្ហាញខ្លួននៅចំពោះមុខខ្ញុំ។ ហើយខ្ញុំបានកត់សម្គាល់ឃើញថា ប្រទេសទាំងពីរ​សុទ្ធ​តែ​មាន​ស្រី​ស្អាត​ច្រើន។

ទោះជាយ៉ាងណា ខ្ញុំសរសើរជនជាតិជប៉ុនត្រង់ថាពួកគេតែងតែថែរក្សាខ្លួនឯង។ មិនថារបៀបតុបតែងមុខមាត់ ឬការស្លៀកពាក់នោះទេ ពួកគេវិនិយោគច្រើនលើរូបភាពរបស់ខ្លួន។

មិនត្រឹមតែស្រ្តីជប៉ុនប៉ុណ្ណោះទេ សូម្បីតែបុរសជប៉ុនក៏ឲ្យតម្លៃទៅលើរូបរាងខាងក្រៅផងដែរ។

ខ្ញុំមិនសូវជាយកចិត្តទុកដាក់ចំពោះរូបរាងខាងក្រៅពេកនោះទេ ប៉ុន្តែត្រូវទទួលស្គាល់ថា ភាគច្រើន​បុរស​ជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសម្លៀកបំពាក់ និងស្ទីលម៉ូដសក់របស់ខ្លួន។

តើភាគីខាងណាខ្វះផែនការច្រើនជាង?

អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនៅពេលដែលទៅរស់នៅប្រទេសវៀតណាមគឺប្រហែលជាចំណុចនេះ។

នៅប្រទេសជប៉ុន គេរៀបចំផែនការសម្រាប់រឿងគ្រប់យ៉ាង មិនថាការងារ ឬជីវិតផ្ទាល់ខ្លួននោះទេ។ ប៉ុន្តែ​នៅ​ប្រទេស​វៀត​ណាម ខ្ញុំ​​កម្រ​​ឃើញ​​មាន​​អ្នក​​រៀប​ចំ​​ផែន​​ការ​​រយៈ​​ពេល​​វែង​​ខ្លាំង​​ណាស់។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណា? តើអ្នកធ្លាប់គិត ឬរៀបចំផែនការសម្រាប់ខ្លួនឯងក្នុងរយៈពេល ១០ ឆ្នាំ​ខាង​មុខ ឬ​គ្រាន់​តែ​រស់​នៅ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ?

និយាយដោយស្មោះត្រង់ទៅ ខ្ញុំក៏មិនច្បាស់ដែលថារវាងការរស់នៅដោយមានផែនការត្រឹមត្រូវ ឬគ្មាន​ផែន​ការ មួយណាល្អជាងនោះទេ។

មិនរៀបចំផែនការសម្រាប់អនាគតហាក់បីដូចជាមានហានិភ័យបន្តិច ប៉ុន្តែការរៀបចំផែនការទុកមុន ហើយរស់នៅដោយផ្អែកលើផែនការនោះអាច​នឹង​ធ្វើ​ឲ្យ​ជីវិត​​តាន​តឹង​ពេក បាត់​បង់​ភាព​បត់​​បែន និង​​សេរីភាព​​ក្នុង​​ជីវិត។

តើកន្លែងណាមានឧក្រិដ្ឋកម្មច្រើនជាង?

ខ្ញុំគិតថា ចំនួនបទល្មើសច្រើន ឬតិចមិនគ្រោះថ្នាក់ជាងពួកគេជាប្រភេទឧក្រិដ្ឋជនអ្វីនោះទេ។

នៅប្រទេសវៀតណាម ខ្ញុំឃើញថា បទល្មើសជាច្រើនកើតឡើងដោយមិនដឹងខ្លួន ដែលបណ្តាល​មក​​ពីការគិត​មួយ​ពេល។ ចំណែកឯនៅជប៉ុន ឧក្រិដ្ឋជនច្រើនតែមានគម្រោង ពិបាកទប់ស្កាត់ នេះ​ជា​ចំណុច​ដែល​គ្រោះថ្នាក់​យ៉ាង​ខ្លាំង។

ជាការពិតណាស់ គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកតែងតែមានភាពខុសគ្នាខាងវប្បធម៌។ ដូច្នេះ មនុស្ស​នៅកន្លែងនីមួយៗ​នឹង​មាន​បុគ្គលិក​លក្ខណៈ របៀប​រស់​នៅ និងរបៀបគិតខុសៗគ្នា។ គ្មាន​កន្លែង​ណា​ល្អ​ទាំង​អស់ ឬ​អាក្រក់​ទាំង​ស្រុង​នោះ​ទេ។

ទោះជាយ៉ាងណា តាមគំនិតផ្ទាល់របស់ខ្ញុំ កន្លែងដែលមនុស្សអាចបង្ហាញពីអារម្មណ៍ពិត ជាកន្លែង​ដែល​ងាយ​ស្រួល​រស់​នៅ​ជាង ព្រោះមនុស្សអាចភ្ជាប់ទំនាក់ទំនង និងកាន់តែមានភាពស្និទ្ធស្នាល​គ្នា។

ប្រសិនបើសួរខ្ញុំថាខ្ញុំចូលចិត្តប្រទេសមួយណាជាង ខ្ញុំនឹងរើស​ប្រជាជន​វៀត​ណាម ហើយ​នោះ​ជាមូល​ហេតុ​ដែល​ខ្ញុំជ្រើសរើសរស់នៅ​ក្នុង​ប្រទេស​វៀត​ណាម។

តើអ្នកទាំងអស់គ្នាគិតយ៉ាងណាចំពោះអត្តបទនេះ? JAPO តែងតែទន្ទឹងរង់ចាំទទួលយកមតិយោបល់​របស់​ប្រិយ​មិត្ត​ទាំង​អស់​គ្នា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: