អាថ៌កំបាំងនៃការរក្សាសន្តិភាពរបស់បុរសម្នាក់ដែលមិនគិតពីច្បាប់របស់សាមូរ៉ៃ
អាថ៌កំបាំងនៃការរក្សាសន្តិភាពរបស់បុរសម្នាក់ដែលមិនគិតពីច្បាប់របស់សាមូរ៉ៃ។
កាលពីអតីតកាល សមរភូមិរបស់សាមូរ៉ៃពិតជាសាហាវឃោរឃៅខ្លាំងណាស់។ អ្នកចាញ់នឹងត្រូវសម្លាប់ ហើយសូម្បីតែសមាជិកក្នុងគ្រួសារក៏មិនអាចរស់រានមានជីវិតបានដែរ។ ព្រោះតែអ្នកឈ្នះនឹងសម្លាប់សមាជិកគ្រួសាររបស់សត្រូវទាំងអស់ ដើម្បីការពារផលវិបាកនៅពេលក្រោយ។
ទោះជាយ៉ាងណា មានបុរសម្នាក់បែរជាធ្វើផ្ទុយនឹងគោលការណ៍ទាំងនោះ ដោយមិនខ្វល់ពីគ្រោះថ្នាក់។ លោកមានឈ្មោះថា Chosokabe Motochika (長曾我部元親) ។
នៅពេលនោះ Motochika មិនទាន់មានអំណាចច្រើននៅឡើយទេ។ ក្រោយពេលទទួលបានជោគជ័យ លោកប្រទះឃើញថាមានក្មេងប្រុសម្នាក់នៅមានជីវិត។ នោះគឺជាកូនប្រុសរបស់លោកមេទ័ពខាងសត្រូវ។
យោងតាមច្បាប់ដែលមិនបានចែងទុក ក្មេងម្នាក់នោះគួរតែត្រូវប្រហារជីវិត ប៉ុន្តែ Motochika បានឱបក្រសោបក្មេងម្នាក់នោះ។
មនុស្សនៅជុំវិញប្រឆាំងយ៉ាងខ្លាំង ដោយអះអាងថា ការសម្រេចចិត្តរបស់លោកនឹងបង្កគ្រោះមហន្តរាយនាពេលក្រោយ។
ទោះជាយ៉ាងណា រវាងសំឡេងស្រែក និងកំហឹងទាំងនោះ Motochika បែរជាសម្លឹងមើលក្មេងម្នាក់នោះដោយក្តីមេតា ហើយនិយាយថា៖
- “ក្តីស្រលាញ់ឪពុកមិនមែនជាកំហុសរបស់កូននោះទេ។”
និយាយរួច លោកបានងាកទៅមើលមនុស្សនៅជុំវិញ ហើយនិយាយយ៉ាងម៉ឺងម៉ាត់ថា៖
- “ក្មេងម្នាក់នេះខ្ញុំនឹងការពារ!”
Motochika ផ្តល់អាហារឲ្យក្មេងម្នាក់នោះ ប្តូរសម្លៀកបំពាក់ ហើយបន្ទាប់មកបានបញ្ជូនទៅដល់ភូមិដែលមានសុវត្ថិភាព ដើម្បីស្វែងរកអ្នកទទួលចិញ្ចឹម។
ជាច្រើនឆ្នាំក្រោយមក ក្មេងម្នាក់នោះបានធំដឹងក្តី។ ក្មេងប្រុសម្នាក់នោះតែងតែចងចាំអ្នកមានគុណដែលបានការពារខ្លួន ហើយនិយាយថា ដោយសារការការពាររបស់ Motochika នៅឆ្នាំនោះ ទើបខ្ញុំអាចនៅរស់រហូតមកដល់សព្វថ្ងៃនេះ។
ព្រោះតែធំដឹងក្តីដោយមានចិត្តដឹងគុណ ទើបក្មេងម្នាក់នោះមិនចងកំហឹងក្នុងចិត្ត ហើយក៏មិនគិតថាត្រឡប់ទៅសងសឹកនោះដែរ។
ក្រោយមក ក្តីស្រលាញ់មេតារបស់ Motochika កាន់តែផ្សព្វផ្សាយទៅកាន់មនុស្សជាច្រើនផ្សេងទៀត លោកទទួលបានការគោរពពីមនុស្សជាច្រើន ហើយជាមួយនឹងទេពកោសល្យ និងគុណធម៌របស់គាត់ នៅទីបំផុតលោកបានបង្រួបបង្រួមតំបន់ Shikoku ទាំងមូល។
ក្រឡេកមកមើលសម័យបច្ចុប្បន្ននេះ ការប្រឈមមុខដាក់គ្នារវាងពិភពអុីស្លាម និងសហរដ្ឋអាមេរិកបានក្លាយជាការសងសឹកដែលគ្មានទីបញ្ចប់។
សហរដ្ឋអាមេរិកបានវាយប្រហារប្រទេសមូស្លីម ដែលបណ្តាលឲ្យកើតមានករណីវាយប្រហារភេរវកម្មនៅថ្ងៃទី ១១ ខែកញ្ញានៅសហរដ្ឋអាមេរិកជាការសងសឹក។
បន្ទាប់មកអាមេរិកបានឆ្លើយតបដោយសង្គ្រាម។
ការសងសឹកនោះគ្រាន់តែធ្វើឲ្យសោកនាដកម្មកាន់តែធ្ងន់ធ្ងរឡើងប៉ុណ្ណោះ។
ខ្ញុំដឹងថា យើងនឹងមានកំហឹងនៅពេលដែលបានឃើញមនុស្សជាទីស្រលាញ់ត្រូវគេសម្លាប់ម្តងម្នាក់ៗ។ ប៉ុន្តែទោះបីជាយើងសងសឹកហើយក៏ដោយ មនុស្សស្លាប់នៅតែស្លាប់ដដែល មិនអាចរស់ឡើងវិញបានឡើយ។
ប្រសិនបើការសងសឹកនៅតែបន្ត មនុស្សដែលត្រូវលះបង់ជីវិតកាន់តែច្រើនឡើងៗ ក្នុងនោះមានទាំងមនុស្សជាទីស្រលាញ់ដែលនៅជិតយើងផងដែរ។
យើងជាមនុស្ស ហើយអ្នកដទៃទៀតក៏ជាមនុស្សដែរ។ យើងមានហេតុផលរបស់យើង ហើយអ្នកដទៃក៏មានហេតុផលរបស់ពួកគេផងដែរ។ រវាងមនុស្ស និងមនុស្ស ការមិនចុះសម្រុងគ្នា និងជម្លោះជារឿងដែលមិនអាចជៀសផុតបាន។ អ្វីដែលសំខាន់គឺថា នៅពេលដែលជម្លោះកើតឡើង យើងត្រូវស្តាប់ដើម្បីយល់ពីភាគី ហើយព្យាយាមនិយាយដើម្បីឲ្យភាគីយល់អំពីយើង។ ប្រសិនបើការសន្ទនាមានទំនោរកាន់តែតានតឹង សូមទុកឲ្យភាគីទីបីចូលមកសម្របសម្រួល។
មិនត្រឹមតែបញ្ហាជាតិប៉ុណ្ណោះទេ សូម្បីតែរឿងការងារ ឬជីវិតប្រចាំថ្ងៃក៏ដូច្នេះដែរ មិនគួរគិតដល់រឿងសងសឹកនោះទេ។
ព្រោះថា “ផ្លែស្អុយនៅលើដើមឈើនឹងជ្រុះដោយខ្លួនឯង” ។ ដូចជាផ្លែឈើដែលខូច ហើយក្រៀមស្វិត នឹងធ្លាក់ចុះដោយខ្លួនឯង រឿងអាក្រក់ និងខុសឆ្គងក្នុងជីវិតនឹងរលាយបាត់ទៅ យើងមិនចាំបាច់ខំប្រឹងកម្ចាត់ចោលនោះទេ។
កុំទុកក្នុងចិត្តការចងកំហឹង ចូរយើងអធ្យាស្រ័យដើម្បីឲ្យចិត្តមានភាពសុខសាន្ត ហើយផ្តោតទៅលើភាពវិជ្ជមាន។
សរុបទៅ នៅពេលដែលប្រឈមនឹងជម្លោះក្នុងជីវិត ចំណុចដំបូងដែលយើងគួរធ្វើគឺចាប់ផ្តើមការសន្ទនាដោយផ្ទាល់ជាមួយភាគីម្ខាងទៀត ដើម្បីដោះស្រាយបញ្ហា និងជៀសវាងជម្លោះដែលមិនចាំបាច់។ ប្រសិនបើមិនអាចឈានទៅដល់លទ្ធផលវិជ្ជមានបានទេ ចូរបញ្ឈប់ការសន្ទនា ហើយកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបង្កើនភាពតានតឹង។
និយាយងាយទេ តាមពិតទៅ ទ្រឹស្តីមានភាពងាយស្រួល ប៉ុន្តែអនុវត្តទើបពិបាក។ មានមនុស្សតិចណាស់ដែលអាចរក្សាភាពស្ងប់ស្ងាត់ ហើយគ្រប់គ្រងចិត្តចង់ឈ្នះនៅពេលដែលកើតមានជម្លោះយ៉ាងខ្លាំង សូម្បីតែខ្ញុំក៏ដូចគ្នាដែរ។
ដូច្នេះហើយ យើងគួរតែរំលឹកខ្លួនឯងជារៀងរាល់ថ្ងៃ អនុវត្តបន្តិចម្តងៗ ព្រោះប្រសិនបើនៅថ្ងៃណាមួយមានរឿងអាក្រក់កើតឡើង យើងអាចរក្សាចិត្តស្ងប់ស្ងាត់ដើម្បីដោះស្រាយ។
Abe Kengo
