ក្រឡេកមកមើលគោល​គំនិត​កសាង​ប្រទេស​ជាតិ​របស់​ជប៉ុន​កាល​ពី​ជាង ២៦០០ ឆ្នាំ​មុន

ក្រឡេកមកមើលគោលគំនិត​កសាង​ប្រទេស​ជាតិ​របស់​ជប៉ុន​កាល​ពី​ជាង ២៦០០ ឆ្នាំមុន។

នៅពេលដែលប្រទេសជប៉ុនត្រូវបានបង្កើតឡើង គោលគំនិតកសាងប្រទេសជាតិដែលព្រះចៅ​អធិរាធ​ដំបូង​បាន​បន្សល់​ទុក​គឺ “八紘一宇” (Hakko ichiu) ។

គេ​និយាយ​ថា ឃ្លានេះគឺជាចំណុចសំខាន់នៃគោលគំនិតកសាងប្រទេសជាតិ។

ទោះជាយ៉ាងណា សព្វថ្ងៃនេះ មិនមែនប្រជាជនជប៉ុនទាំងអស់សុទ្ធតែបានដឹង ឬអានឃ្លាមួយនេះ​នោះ​​ទេ។ តើ​ឃ្លា​នេះ​មាន​អត្តន័យ​យ៉ាង​ណា? ហើយហេតុអ្វីបានជាសព្វថ្ងៃនេះលែងប្រើទៀត? ចូរយើង​ស្វែង​យល់ទាំងអស់គ្នាតាម​រយៈ​ខ្លឹមសារ​អត្តបទ​ខាង​ក្រោម។

“八紘” មានន័យថា ទិសទាំងប្រាំបី ឬអាចនិយាយម្យ៉ាងទៀតថាពិភពលោកទាំងមូល។

“ 一宇” មានន័យថាដំបូលផ្ទះតែមួយ គ្រួសារតែមួយ។

បើរួម​បញ្ចូល​គ្នា “八紘一宇”  មានន័យថា ពិភពលោកក្លាយជាគ្រួសារតែមួយ ឆ្ពោះទៅរកសន្តិភាព​សកល​លោក។

សូមកត់ចំណាំថា ចំណុចនេះមិនបង្កប់អត្តន័យនៃទស្សនៈដណ្តើមយក ឬឈ្លានពានពិភពលោកនោះ​ទេ។

ព្រោះរហូតដល់ពេលដែល​ប្រទេសជប៉ុន​ធ្វើ​ទំនើបកម្ម តំបន់​នា​នា​នៅ​ក្នុង​ប្រទេស​ធ្លាប់​ដំណើរការប្រៀប​បីដូចជារដ្ឋតូចៗ។ នៅតំបន់នីមួយៗសុទ្ធតែមានអ្នកគ្រប់គ្រង ចំណែកឯព្រះចៅអធិរាជ​ដើរតួនាទីប្រមូលផ្តុំ សម្របសម្រួល។ រចនាសម្ព័ន្ធប្រទេសបែបនេះធ្លាប់មាននៅជប៉ុន ដូច្នេះ​មិន​មាន​ន័យ​ថា​ជា​ការ​ឈ្លាន​ពាន​ហើយ​ដាក់​បញ្ចូល​នោះ​ទេ។

នៅប្រទេសជប៉ុន មានគោលគំនិតមួយហៅថា “ស្លាប់រស់ជាមួយគ្នា” ដែលមានន័យថា រស់នៅជា​មួយ​គ្នា និង​អភិវឌ្ឍ​ជា​មួយ​គ្នា។ នេះក៏​ជា​ស្មារតី​ដែល​ស្រដៀង​ទៅ​នឹង “八紘一宇” ផង​ដែរ។

ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ជប៉ុន​បាន​បង្ហាញ​ពី​ពាក្យ​ស្លោក​របស់​ខ្លួន​ថា “ស្លាប់រស់ជាមួយគ្នា” ហើយ​​ប្រយុទ្ធ​​ជា​​មួយ​​នឹង​ពិភព​​លោក។ ជាមួយនឹង​ឧត្តម​គតិ​ទប់​​ស្កាត់​ការ​ឈ្លាន​ពាន​របស់​ប្រទេសលោក​ខាង​លិច និង​បង្រួប​បង្រួម​អាស៊ី។

ជាការពិតណាស់ សង្គ្រាមមិនមែនជារឿងល្អនោះទេ ហើយជាការពិតដែលថា ប្រជាជនជប៉ុនមួយចំនួន​បាន​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម។

ទោះជាយ៉ាងណា ខ្ញុំជឿថា ជប៉ុនជាប្រទេសតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែលបានចូលរួមសង្គ្រាមជាមួយបណ្តាប្រទេសមហាអំណាចដោយផ្អែកលើទស្សនៈ “ស្លាប់រស់ជាមួយគ្នា” ។ មូលដ្ឋានគ្រឹះនៃទស្សនៈនោះមានប្រភពមកពីការបង្រៀនរបស់ព្រះចៅអធិរាជដំបូង “八紘一宇” ។

យ៉ាងណាមិញ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ឃ្លានេះស្រាប់តែលែងប្រើទៀត។

ហេតុអ្វីបានជាពាក្យ​សម្ដី និង​គោល​គំនិត​ដែល​ធ្លាប់​មាន​វត្តមាន​ទាំង​នេះ​​ស្រាប់​តែ​បាត់​​ទៅ​​វិញដូច្នេះ?

មូលហេតុដោយសារតែគោលនយោបាយរបស់សហរដ្ឋអាមេរិក ជាប្រទេសដែលបានគ្រប់គ្រងជប៉ុន​បន្ទាប់​ពី​សង្គ្រាម។

សហរដ្ឋអាមេរិកបានហាមឃាត់ការប្រើប្រាស់ឃ្លានេះ។ ឃ្លានេះត្រូវបានលុបចេញពីសៀវភៅបង្រៀន សៀវ​ភៅ​ទស្សន​វិជ្ជា​អាជីវកម្ម ហើយអស់រយៈពេល ៨០ ឆ្នាំកន្លងមកនេះ បច្ចុប្បន្ននេះប្រជាជន​ជប៉ុន​ភាគ​ច្រើន​មិន​ស្គាល់​ឃ្លា “八紘一宇” នេះ​នោះ​ទេ។

សហរដ្ឋអាមេរិកចាត់ទុកពាក្យស្លោកនេះជាពាក្យស្លោកយោធានិយម ហើយបានហាមឃាត់ការប្រើ​ប្រាស់ ប៉ុន្តែ​ឃ្លា​នេះមិនបង្កប់ទស្សនៈយោធានិយម ឬ​លើក​តម្កើង​សង្គ្រាម​នោះ​ទេ។

ដូច្នេះហេតុអ្វីបានជាឃ្លានេះនៅតែត្រូវបានហាមឃាត់?

មានសម្មតិកម្មមួយលើកឡើងថា ដោយមានគោលបំណងធ្វើឲ្យជប៉ុនចុះខ្សោយ ប៉ុន្តែនេះគ្រាន់​តែ​ជា​សម្មតិកម្ម​ប៉ុណ្ណោះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ទោះជាយ៉ាងណា តើនេះជាពាក្យ ជាទស្សនវិជ្ជាមួយដែលពិភពលោកសព្វថ្ងៃនៅតែត្រូវការមែន​ទេ?

ក្នុងគ្រួសារមួយមានកូនៗ ហើយកូនម្នាក់ៗនឹងបង្កើតគ្រួសារផ្ទាល់ខ្លួន។ គ្រួសារទាំងនោះរស់នៅដោយ​ឯករាជ្យ​ខាងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែនៅតែមានភាពស្និទ្ធស្នាលនឹងគ្នាដោយសារក្តីស្រលាញ់ និង​រស់​នៅ​ជា​មួយគ្នាដោយ​ចុះ​សម្រុង។

ចំណុចនេះស្រដៀងនឹងបណ្តាប្រទេសនានាផងដែរ។ ការដែលមានប្រទេសជាច្រើននៅលើពិភព​លោក​ជារឿងធម្មតា ដែលប្រទេសនីមួយៗមានភាសា និងវប្បធម៌ផ្ទាល់ខ្លួន។ ប៉ុន្តែយើងនៅតែអាច​រស់​នៅ​ជា​មួយ​គ្នា​ដោយសុខដុមរមនាដូចជាក្រុមគ្រួសារតែមួយ។

រហូតមកដល់ពេលនេះ មនុស្សជាតិនៅតែមិនទាន់អាចបញ្ចប់សង្គ្រាមបាន។ បច្ចុប្បន្ននេះ ជម្លោះនៅ​តែ​កើត​មាន​នៅ​ទូទាំង​ពិភព​លោក។ មនុស្សមិនព្រមយល់ថានោះជារឿងខុសឆ្គងព្រោះ​តែ​មូល​​ហេតុផ្ទាល់ខ្លួន។ ឬ​ដោយ​សារ​តែ​ចង់បាន​ផលប្រយោជន៍ទើបធ្វើសង្គ្រាមនឹង​​ប្រទេស​ជិតខាង។

ខ្ញុំជឿជាក់ថា ការចែករំលែកស្មារតី “八紘一宇” ទៅកាន់ពិភពលោកទាំងមូល នឹងរួមចំណែកដល់​​ការ​​នាំ​មក​នូវ​សន្តិភាព​សម្រាប់​មនុស្ស​ជាតិ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: