ផ្លូវឆ្ពោះទៅរកភាពសុចរិតរបស់សាមូរ៉ៃ
ផ្លូវឆ្ពោះទៅរកភាពសុចរិតរបស់សាមូរ៉ៃ។
ជាធម្មតា នៅពេលដែលមនុស្សកាន់អំណាចនៅក្នុងដៃ ពួកគេអាចនឹងប្រើអំណាចទាំងនោះសម្រាប់គាបសង្កត់អ្នកដទៃ។ ទោះជាយ៉ាងណា សាមូរ៉ៃជប៉ុនបែរជាត្រូវបានគេស្គាល់ថាជាមនុស្សល្អ និងមិនគាបសង្កត់អ្នកដទៃ។
មូលហេតុមិនមែនដោយសារតែពួកគេជាជនជាតិជប៉ុនទើបមានបុគ្គលិកលក្ខណៈបែបនេះឡើយ ហើយក៏មិនទាក់ទងនឹង DNA នោះដែរ។
ដូច្នេះតើមូលហេតុដោយសារអ្វី?
គេនិយាយថា សាមូរ៉ៃជប៉ុនតែងតែការពារបុគ្គលទន់ខ្សោយ ដូចជាប្រជាជនធម្មតា ហើយប្រយុទ្ធប្រឆាំងនឹងសត្រូវដែលខ្លាំង។ ជាការពិតណាស់ មិនមែនសាមូរ៉ៃទាំងអស់សុទ្ធតែដូច្នេះនោះទេ ខ្ញុំកំពុងនិយាយអំពីសាមូរ៉ៃដែលមានភាពសុចរិត ស្រដៀងនឹងតួអង្គឯកក្នុងខ្សែភាពយន្ត និងសៀវភៅរឿងដែលយើងតែងតែឃើញ។
ហើយក្រៅពីនេះទៅទៀត មានរឿងពិតមួយគឺថា ពួកគេមិនប្រាកដថាជាមនុស្សល្អតាំងពីដំបូងនោះទេ។
ប្រវត្តិសាស្ត្រជប៉ុនចាប់ផ្តើមប្រហែលជា ២.៧០០ ឆ្នាំមុន នៅពេលដែលបុព្វបុរសរបស់អធិរាជបច្ចុប្បន្នកាន់អំណាច។ ក្នុងអំឡុងពេលជាយូរមកហើយចាប់តាំងពីពេលនោះមក គ្រួសាររាជវង្ស និងវណ្ណៈអភិជនដែលនៅជុំវិញពួកគេគឺជាអ្នកគ្រប់គ្រង។ នៅពេលនោះ សាមូរ៉ៃគ្រាន់តែជាកងកម្លាំងការពារពួកគេប៉ុណ្ណោះ។
រហូតដល់ចុងសតវត្សរ៍ទី ១២ សាមូរ៉ៃចាប់ផ្តើមដណ្តើមអំណាច។
រាជធានីជប៉ុននៅពេលនោះស្ទើរតែបែងចែកជាពីរគឺ៖ Kyoto ត្រូវបានគ្រប់គ្រងដោយព្រះចៅអធិរាជ ចំណែកឯ Kamakura ស្ថិតក្រោមការគ្រប់គ្រងរបស់សាមូរ៉ៃ (សព្វថ្ងៃនេះ Kamakura គឺជាទីក្រុងមួយក្នុងខេត្ត Kanagawa) ។
នៅពេលនោះ មានសាមូរ៉ៃជាច្រើនតាមពិតទៅជាមនុស្សអាក្រក់។ មិនត្រឹមតែបង្កជម្លោះនឹងគ្នាប៉ុណ្ណោះទេ ពួកគេថែមទាំងប្រើអំពើហិង្សាចំពោះប្រជាជនធម្មតាផងដែរ។
ឧទាហរណ៍ដូចជាហ្វឹកហាត់បាញ់ធ្នូ ពួកគេបាញ់ព្រួញទៅលើនរណាម្នាក់ដែលកំពុងដើរនៅតាមដងផ្លូវ ឆក់ប្លន់ ប្រើកម្លាំងដើម្បីគំរាមកំហែង ហើយថែមទាំងចាប់ជំរិតមនុស្សស្រីដែលស្អាតទៀតផង។ សកម្មភាពរបស់ពួកគេមិនខុសអ្វីពីពួកចោរប្លន់នោះទេ។
ក្រុមសាមូរ៉ៃទាំងនេះស្ទើរតែមិនទទួលបានការបណ្តុះបណ្តាលនោះទេ គ្រាន់តែពឹងផ្អែកទៅលើកម្លាំងដើម្បីរស់រានមានជីវិតប៉ុណ្ណោះ។
មនុស្សជាច្រើនធ្លាប់រស់នៅលើភ្នំ ប្រយុទ្ធជាមួយនឹងសត្វព្រៃប្រៀបដូចជារឿងធម្មតា។ ម្យ៉ាងវិញទៀត ពួកគេគ្រាន់តែជាចោរព្រៃដែលទទួលបានអំណាច ហើយនោះជាប្រភពរបស់សាមូរ៉ៃ។
ដំបូងឡើយ សាមូរ៉ៃដ៏ឃោរឃៅទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់។ នៅពេលនោះមេដឹកនាំសាមូរ៉ៃបានបង្កើតបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងបំផុត។ ដូច្នេះហើយ ទើបចំនួនសាមូរ៉ៃដែលប្រព្រឹត្តអំពើអាក្រក់បានថយចុះបន្តិចម្តងៗ។
ក្នុងពេលជាមួយគ្នានោះ ការអប់រំអំពី “សាមូរ៉ៃពិត” ត្រូវបានលើកកម្ពស់ ហើយចាប់តាំងពីពេលនោះមក ទើបរូបភាពរបស់សាមូរ៉ៃសុចរិតដូចដែលយើងស្រមៃគិតសព្វថ្ងៃនេះបានលេចឡើង។
អាចនិយាយបានថា សាមូរ៉ៃប្រែជាល្អមិនមែនដោយសារតែប្រជាជនជប៉ុនមានចិត្តល្អពីកំណើតនោះទេ ប៉ុន្តែដោយសារតែមានច្បាប់តឹងរ៉ឹង និងការអប់រំ។
មូលដ្ឋានអប់រំនេះបានឈានដល់កម្រិតកំពូលនៅសម័យ Edo – ដែលជាសម័យកាលចុងក្រោយរបស់រដ្ឋាភិបាលសាមូរ៉ៃ។
ទស្សនៈសំខាន់ៗដែលត្រូវបានបង្រៀនរួមមាន៖
- ភាពក្រីក្រជាឱកាសសម្រាប់ខ្ញុំហ្វឹកហាត់ស្មារតី
- ចំណុចសំខាន់បំផុតដែលសាមូរ៉ៃមិនត្រូវបាត់បង់គឺការគោរពខ្លួនឯង
- ជួយបុគ្គលទន់ខ្សោយ ដាក់ទណ្ឌកម្មមនុស្សអាក្រក់ ទាំងនោះជាគុណសម្បត្តិរបស់សាមូរ៉ៃ។
ប្រព័ន្ធអប់រំនេះកាន់តែប្រសើរឡើងបន្តិចម្តងៗ និងវិវត្តទៅជាទស្សនៈ Bushido (មាគ៌ារបស់អ្នកចម្បាំង) ។
នៅចុងសម័យ Edo សាមូរ៉ៃដែលមានឋានៈទាបបានធ្លាក់ក្នុងស្ថានភាពក្រីក្ររហូតដល់ថ្នាក់ខ្វះអាហារបរិភោគ។ ទន្ទឹមនឹងនោះ នៅទូទាំងប្រទេស វណ្ណៈពាណិជ្ជករកាន់តែមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងរស់នៅយ៉ាងហ៊ឺហា។
ទោះបីជាសាមូរ៉ៃតែងតែយកដាវតាមខ្លួន អាចវាយប្រហារគ្រប់ពេលវេលា យ៉ាងណាមិញ ពួកគេស្ទើរតែមិនដែលវាយប្រហារ ប្លន់អ្នកមាននោះឡើយ។
ក្នុងអំឡុងពេល ២៦០ ឆ្នាំនៃសម័យ Edo ស្ទើរតែមិនមានសង្គ្រាមនោះទេ ដូច្នេះសាមូរ៉ៃគ្មានឳកាសប្រយុទ្ធឡើយ។ ទោះជាយ៉ាងណា ក្នុងបរិបទដែលប្រជាជនធម្មតាកាន់តែមានទ្រព្យសម្បត្តិច្រើនឡើង ចំណែកឯសាមូរ៉ៃត្រូវគេបំភ្លេចចោល ពួកគេនៅតែបន្តហ្វឹកហាត់ស្មារតី និងរាងកាយ។
ប្រជាជនជាច្រើនបានចំអកឲ្យសាមូរ៉ៃថាជាបុគ្គលដែលហួសសម័យ ដើរថយក្រោយ។ ទោះជាយ៉ាងណា ការអប់រំសម្រាប់សាមូរ៉ៃនៅតែសង្កត់ធ្ងន់ថា ពួកគេត្រូវតែការពារប្រជាជនធម្មតា ជាអ្នកដែលខ្សោយជាងខ្លួន។
ប្រសិនបើអ្នកមានអំណាចប្រើអំពើហិង្សាដើម្បីត្រួតត្រា នឹងមិនអាចរក្សាសន្តិភាពនោះទេ។ ប៉ុន្តែចំពោះសាមូរ៉ៃជប៉ុន ពេលខ្លះពួកគេបានស៊ូទ្រាំយ៉ាងច្រើនព្រោះតែឥទ្ធិពលនៃការអប់រំមានភាពតឹងរ៉ឹងខ្លាំង។
យើងអាចមើលឃើញថា អំណាចនៃការអប់រំគឺធំធេងណាស់ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ អាចនឹងមានគ្រោះថ្នាក់យ៉ាងខ្លាំងប្រសិនបើប្រើប្រាស់មិនត្រឹមត្រូវ។
សូម្បីតែសព្វថ្ងៃនេះ ការអប់រំដែលយើងទទួលបានមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែយើងក៏គួរតែសួរខ្លួនឯងដែរថា តើអ្វីដែលយើងជឿពិតដែរឬទេ។ ព្រោះក្នុងករណីខ្លះ ប្រសិនបើយើងស្តាប់ និងជឿដោយងងឹតងងល់ មិនពិចារណា និងសាកសួរខ្លួនឯង យើងអាចនឹងវង្វេងផ្លូវ។
ចូរយើងប្រុងប្រយ័ត្នជានិច្ចចំពោះចំណុចនេះ។
Abe Kengo
